ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តម្លៃ​​ប្រេងឆៅ​អាមេរិក​ធ្លាក់​ដាំក្បាលចុះ​ក្រោមសូន្យ ​មិនធ្លាប់​​មាន​ក្នុង​ប្រវត្តិសាស្ត្រ

សំឡេង ០៦:៤៧
ទីតាំងស្តុកប្រេងឆៅ Cushing oil hub ក្នុងរដ្ឋ Oklahoma ដែលជាទីតាំងដ៏ធំជាងគេនៅសហរដ្ឋអាមេរិក ហើយដែលលែងអាចមានលទ្ធភាពស្តុកបន្ថែមបាន។ ថ្ងៃទី២៤ មីនា ២០២០
ទីតាំងស្តុកប្រេងឆៅ Cushing oil hub ក្នុងរដ្ឋ Oklahoma ដែលជាទីតាំងដ៏ធំជាងគេនៅសហរដ្ឋអាមេរិក ហើយដែលលែងអាចមានលទ្ធភាពស្តុកបន្ថែមបាន។ ថ្ងៃទី២៤ មីនា ២០២០ REUTERS - Nick Oxford

មេរោគកូវីដ១៩ កំពុងអង្រួនសេដ្ឋកិច្ចពិភពលោក ឲ្យរញ្ជួយគ្រប់វិស័យ។ តម្លៃប្រេងឆៅបានធ្លាក់ចុះថោកជាបន្តបន្ទាប់ ដោយសារតែគ្មានតម្រូវការ។ កាលពីល្ងាចថ្ងៃចន្ទទី២០មេសា តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក នៅលើទីផ្សារក្រុងញូយ៉ក បានធ្លាក់ដាំក្បាលចុះ ក្រោមសូន្យ ក្នុងមួយធុងបារីល។ នេះជាលើកទីមួយហើយ ដែលប្រេងឆៅរបស់អាមេរិក ត្រូវធ្លាក់ថ្លៃខ្លាំងបែបនេះ។ វិបត្តិសេដ្ឋកិច្ចបង្កឡើងដោយកូវីដ១៩ កំពុងស្តែងឲ្យឃើញនូវភាពផុយស្រួយ របស់ទីផ្សេងប្រេងឆៅ នៅលើពិភពលោក។

ផ្សាយពាណិជ្ជកម្ម

-៣៧ដុល្លារ ក្នុងមួយធុងបារីល

តម្លៃប្រេងឆៅដែលធ្លាក់ ដាំក្បាលចុះ កាលពីល្ងាច​ថ្ងៃទី២០មេសា គឺជាប្រេងឆៅ​ផលិតនៅសហរដ្ឋ​អាមេរិក ដែលគេហៅថា WTI (West Texas Intermediate)។ សម្រាប់ប្រេងឆៅផ្សេងទៀត វាមានតម្លៃគោលផ្សេងៗគ្នា នៅលើទៅផ្សារហិរញ្ញវត្ថុ ដូចជាប្រេងឆៅ Brent ដែលសំដៅលើប្រេងផលិត​នៅតំបន់សមុទ្រភាគខាងជើងអឺរ៉ុប និងប្រេងឆៅ Arabian light ដែលតំណាងឲ្យ​ប្រេងឆៅ​ផលិតក្នុងតំបន់ដើមបូព៌ា។

នៅល្ងាចថ្ងៃចន្ទ ទី២០មេសា នៅពេលបិទទ្វារផ្សារហ៊ុនក្រុងញូយ៉ក តម្លៃប្រេងឆៅ WTI របស់អាមេរិក​​ បានធ្លាក់ចុះដល់ទៅ -៣៧ដុល្លារ។ តម្លៃធ្លាក់ចុះនេះ គឺជាតម្លៃលក់ចេញ សម្រាប់ការផ្គត់ផ្គង់ នៅក្នុងខែឧសភា។ ថ្ងៃអង្គារនេះ ជាថ្ងៃចុងក្រោយ ដែលអ្នកលក់និងអ្នកទិញ ត្រូវសន្មត់គ្នា លើតម្លៃនិងការប្រគល់ទំនិញ សម្រាប់ខែឧសភា។ ហេតុដូច្នេះ បានថ្ងៃចន្ទ អ្នកលក់បានប្រញ៉េបប្រញ៉ាប់​លក់បញ្ចេញស្តុករបស់ខ្លួន។

គ្មានអ្នកទិញ និង​គ្មានទីតាំងស្តុកទុក

ដូចយើងដឹងហើយ ជាមួយនឹងវិបត្តិកូវីដ១៩នេះ តម្រូវការ​ប្រេងឥន្ធនៈបានធ្លាក់ចុះខ្លាំងណាស់។ ដូច្នេះគេពិបាករកអ្នកទិញខ្លាំងណាស់។ បញ្ហាចោទគឺត្រូវរកទីតាំង ដើម្បី​ស្តុងប្រេងឆៅ រាប់លានធុងបារីលទាំងនោះ។ ដោយសារតែគ្មានតម្រូវការ ប្រេងឆៅនៅកកកុញពេញឃ្លាំងស្តុក។

ប្រភពបញ្ហាមួយទៀត គឺមកពីអ្នកលក់ភាគហ៊ុនតែម្តង។​ លោក Roger Diwan អគ្គនាយក IHS Markit បានលើកឡើងថា ពួកអ្នកលក់ចេញទិញចូល នៅលើទីផ្សារហ៊ុនប្រេងឆៅនេះ គ្មានការទទួលខុសត្រូវ នាំគ្នាទិញស្តុកច្រើន ដល់ទៅចាល់ គ្មានកន្លែងស្តុក ហើយគ្មានអ្នកទិញដល់ថ្ងៃចុងក្រោយនៃកិច្ចសន្យា ក៏នំាំគ្នាសម្រុកឡៃឡុងចោលទាំងខាត។

នៅក្នុងការកំណត់ត្រាមួយរបស់ធនាគារ ANZ បានពន្យល់ថា ក្នុងកាលៈទេសៈ ដែលស្តុកកាន់តែចាល់ខ្លាំង អ្នកលក់ត្រូវរកអ្នកទិញណា ដែលហា៊នទិញហើយ ហើយ​មានលទ្ធភាព អាចទទួលយកប្រេងឆៅយកទៅស្តុកទុកបាន។ អ្នកលក់ បានឡៃឡុងចោល ព្រោះគ្មានកន្លែងស្តុក ហើយ​ថែមទាំងបានចំណាយប្រាក់ ឲ្យអ្នកទិញថែមទៀត ដើម្បីឲ្យអ្នកទិញ រំដោះយកប្រេងទៅស្តុកនៅកន្លែងគេ។ ហេតុដូច្នេះបានជាប្រេងចុះថោក ដល់ទៅ​-៣៧ដុល្លារ ក្នុងមួយធុងបារីល។

ប៉ុន្តែនៅព្រឹកថ្ងៃអង្គារ ទី២១មេសា តម្លៃនៅទីផ្សារអាស៊ី បានឡើងបន្តិចមកវិញហើយ មកត្រឹម ១ដុល្លារ​៦៣សេន ក្នុងមួយធុងបារីល។ តែយ៉ាងណា ក៏វានៅតែថោក​ហៅមិនឮដែរ ព្រោះតាំងពីណាពីណីមក តម្លៃប្រេង WTI របស់អាមេរិកនេះ មិនដែលធ្លាក់ក្រោម១០ដុល្លារទេ។

វិធានកាត់បន្ថយការផលិត ទូទាំងពិភពលោក នៅតែមិនគ្រប់គ្រាន់

កាលពីសប្តាហ៍មុននេះ ក្រុមប្រទេសផលិតប្រេងទាំងអស់ បានព្រមព្រៀងគ្នា កាត់បន្ថយការផលិត ប្រមាណ​ជិត១០លានធុងបារីលក្នុងមួយថ្ងៃ ដើម្បីទប់តម្លៃប្រេងកុំឲ្យធ្លាក់ចុះខ្លាំង។ វិធានការកាត់បន្ថយការផលិត ដើម្បី​បន្ថយស្តុកនេះ គឺគេអនុវត្ត ច​ាប់ពីខែ​ឧសភា ដល់ចុងខែមិថុនា។ ដូច្នេះ វាមិនពាក់ព័ន្ធ និងបញ្ហានា​ពេលនេះទេ។ វិបត្តិពេលនេះ គឺវាទាក់ទង នឹង​ប្រេងឆៅ ដែល​ត្រូវ​បានផលិតបានរួចទៅហើយ ហើយដែលមិនអាចរកអ្នកទិញ និងរកកន្លែងស្តុកទុកបាន។

លោក Jasper Lawler អ្នកវិភាគទីផ្សារប្រេង នៅ London Capital Group បានលើកឡើងថា ទីផ្សារប្រេងនៅអាេមរិក ជាទីផ្សារដែលមានលក្ខណៈបិទជិត ផលិតខ្លួនឯង ប្រើខ្លួនឯង ហើយប្រឈមនឹងបញ្ហាស្តុកទុក។ ដោយសារតែសកម្មភាពសេដ្ឋកិច្ចត្រូវរាំងស្ទះ គ្មានចរាចរណ៍ធ្វើដំណើរ ប្រេងឆៅបានចាល់ក្នុងស្តុកដល់ទៅ៨០% នៃសមត្ថភាពស្តុកទុកទាំងស្រុង រួចទៅហើយ។ ទីភ្នាក់ងារ​ព័ត៌មានស្តីពីថាមពល បានបញ្ជាក់ថាចាប់ពីពាក់កណ្តាលខែមករាមក ស្តុកប្រេងឆៅនៅអាមេរិក បានឡើងរហូត ចាល់ដល់ទៅ​ប្រមាណ​៥០០លានធុងបារីល។ ហើយទន​្ទឹមគ្នានេះ ការផលិតបូមប្រេងបន្ថែម ក៏នៅតែបន្ត។ ទោះកាត់បន្ថយខ្លះតែមិនអាចឈប់ទាំងស្រុងបានដែរ ពុំនោះទេស្ថានីយអណ្តូងប្រេង អាចជួបបញ្ហាបច្ចេកទេស។

ដោយសារតែបញ្ហានេះហើយ បានជាលោកដូណាល់ ត្រាំ បានស្ទុះស្ទារ អូសទាញប្រទេសផលិត​ប្រេងផ្សេងទៀត ឲ្យរួមគ្នាកាត់បន្ថយការផលិតទាំងអស់គ្នា ចាប់ពីខែឧសភាទៅ។ តែយ៉ាងណា វិធានការកាត់បន្ថយប្រមាណជិត១០លានធុងបារីលក្នុងមួយថ្ងៃនេះ ទំនងប្រហែលជាមិនគ្រប់គ្រាន់​ទេ។ អ្នកវិភាគជាច្រើននាក់ លើកឡើងថា តម្រូវការពិភពលោក នៅទាបខ្លាំងណាស់។

មហិច្ឆិតារបស់​លោកដូណាល់ត្រាំ ចង់ឲ្យអាមេរិកក្លាយជា​ប្រទេស​ផលិតប្រេង​ធំជាងគេ ត្រូវរលាយ

សហរដ្ឋអាមេរិក បានក្លាយជា​ប្រទេសផលិតប្រេង ច្រើនជាគេលើពិភពលោករួចទៅហើយ គិតចាប់ពីឆ្នាំ២០១៨មក ដោយផលិតបាន​១២លានធុងបារីល ក្នុងមួយថ្ងៃ។ នេះគឺដោយសារតែគោលនយោបាយ​​ជំរុញ បើកផ្លូវ លប់ចោលនូវលក្ខខណ្ឌការពារបរិស្ថាន ដើម្បីបើកសិទ្ធិឲ្យឧស្សាហកម្មប្រេងរបស់អាមេរិក។ មហិច្ឆិតារបស់លោកដូណាល់ ត្រាំ មិនមែនត្រឹមតែ​ចង់ឃើញអាមេរិក ក្លាយជាប្រទេសផលិតប្រេងច្រើន ដើម្បីប្រើប្រាស់ខ្លួនឯងទេ តែត្រូវអាចនាំចេញទៅក្រៅ ឲ្យ​បានច្រើនទៀតផង។

ត្រង់ចំណុចនេះហើយ បានជារុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំប្រេងចេញដ៏ធំដែរ មាន​ការព្រួយបារម្ភ។ ឧស្សាហកម្មបូមប្រេង ចេញពីស្រទាប់រ៉ែ Schiste នៅក្នុងរដ្ឋតិចសាស់ គឺជាគូប្រជែងដ៏គ្រោះថ្នាក់ សម្រាប់រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត។ ហេតុដូច្នេះហើយ បានជានៅដើមឆ្នាំនេះ រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បាន​ប្រជែងគ្នា បង្ហូរស្តុកប្រេងឆៅក្នុងទីផ្សារ ធ្វើយ៉ាងណាដណ្តើមយកទីផ្សារឲ្យបាន​ ពីប្រេងរបស់អាមេរិក ទោះក្នុងតម្លៃថោកយ៉ាងណាក៏ដោយ។

វិបត្តិតម្លៃប្រេង​ ដែលសហរដ្ឋអាមេរិក ជួបនាពេលនេះ វាអាចជាលទ្ធផលមួយផ្នែក នៃយុទ្ធសាស្ត្ររបស់រុស្ស៊ី និងអារ៉ាប៊ីសាអូឌីតដែរ។ កាលពីថ្ងៃចន្ទ លោកដូណាល់ ត្រាំ បាន​និយាយថា រដ្ឋាភិបាល​អាចទិញស្តុកប្រមាណ​៧៥លានធុងបារីល បញ្ចូលទៅក្នុង​ស្តុងបំរុងជាតិ បើសិនជា​សភាខុសហ្ក្រេស​អនុញ្ញាត ឬក៏អាចលក់បន្តទៅប្រទេសផ្សេង។

អ្នកវិភាគលើកឡើងថា ជាមួយវិបត្តិសេដ្ឋកិច្ចដ៏ធំមហិមានាពេលនេះ ការផលិតប្រេងនៅសហរដ្ឋអាមេរិក អាចនឹងចុះថយខ្លាំង នៅរវាងប៉ុន្មានខែខាងមុខ។ ទីភ្នាក់ងារព័ត៌មាន​ស្តីពីថាមពល ព្យាករថា ក្នុងឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក នឹងត្រលប់មកជាប្រទេស​នាំប្រេងចូល និងលែងជាប្រទេសនាំប្រេងចេញទៀតហើយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI