អានតួអត្ថបទ
កូរ៉ូណាវីរុស ចិន សហរដ្ឋអាមេរិក

ប្រមុខការទូតអាមេរិក​អះអាង​ថាមាន ភស្តុតាង​បញ្ជាក់​ថាមេរោគ​​កូរ៉ូណាវីរុស​​ថ្មី ចេញពី​​មន្ទីរ​​ពិសោធន៍​​វូហាន

លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក POOL/AFP/File
ដោយ៖ ម៉ម ពិសី
1 នាទី

ទាក់ទិននឹង​ប្រភពផ្ទុះចេញនៃកូរ៉ូណាវីរុសប្រភេទថ្មី នៅ​ទីក្រុងវូហានប្រទេសចិន លោករដ្ឋមន្ត្រីការ​បរទេស​អាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ ទី​៣ឧសភា ដោយបានអះអាងថា គេមានភស្តុតាងជាក់ច្បាស់ជាច្រើន ដែលបញ្ជាក់ថា មេរោគនេះ បានធ្លាយចេញពីមន្ទីរពិសោធន៍សិក្សាមេរោគរបស់ចិន នៅទីក្រុងវូហាន។

ផ្សាយពាណិជ្ជកម្ម

តើមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ដែលបង្កជម្ងឺកូវីដ១៩​ ពិតជាបានបែកធ្លាយចេញពីមន្ទីរពិសោធន៍មួយកន្លែង នៅទីក្រុងវូហានមែនឬ? រហូតមកទល់ពេលនេះ គឺគ្មានអ្វីមកបញ្ជាក់នោះទេ។​ គឺមានតែពាក្យចចាមអារ៉ាម។

តែយ៉ាងណា លោកMike Pompeo ប្រមុខការទូតអាមេរិក បានថ្លែងនៅថ្ងៃអាទិត្យ ទី៣ឧសភា នៅតាមបណ្តាញទូរទស្សន៍ ABC ដោយអះអាងចំៗថា គេមានភស្តុតាងយ៉ាងច្បាស់ និងដ៏ច្រើន​​ ដែលបញ្ជាក់ថា មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ពិតជាបានឆ្លងចេញពី​មន្ទីរពិសោធន៍នៅក្រុងវូហាន។ តែយ៉ាងណា រដ្ឋមន្ត្រីអាមេរិករូបនេះ បានបដិសេធ មិនឆ្លើយទេ ថាភស្តុតាងទាំងនោះ បញ្ជាក់ថា វាជាការទំលាយមេរោគចេញដោយចេតនា​ ឬដោយអចេទនា។

លោក Mike Pompeo បានបន្ថែមថា៖ កន្លងមកនរណាក៏ដឹងដែរ ថាចិនគឺជាអ្នកដើរចម្លងមេរោគ​ នៅទូទាំងពិភពលោក ហើយ​មន្ទីរពិសោធមន៍ស្រាវជ្រាវមេរោគនៅចិន ពុំមានគោរពលក្ខខណ្ឌសុវត្ថិភាព​ ឲ្យ​បាន​ត្រឹមត្រូវម៉ដ្ឋចត់ឡើយ។ ហើយវាក៏មិនមែនជាលើកទីមួយដែរ ដែល​ពិភពលោកយើង ត្រូវបាន​ចិនបង្កគ្រោះថ្នាក់ ដោយសារតែមេរោគបែកធ្លាយចេញពីមន្ទីរពិសោធន៍ចិន។

បន្ទាប់មកទៀត លោកប្រមុខការទូតអាមេរិករូបនេះ បានលើកឡើងថា រដ្ឋាភិបាល​ចិនគ្មានការសហការ​ជាមួយអ្នកដ៏ទៃ ក្នុងការ​ស្រាវជ្រាវវែកញែក រកការពិតជាក់ច្បាស់ ស្តីពីប្រភពនៃមេរោគនេះឡើយ។ លោកបន្ថែមថា អាជ្ញាធរចិន នៅតែរឹងទទឹង បន្តរារាំងក្រុមអ្នកជំនាញអន្តរជាតិ និងក្រុមស្រាវជ្រាវវិជ្ជសាស្ត្រ មិនឲ្យចូលទៅដល់តំបន់​ដែលផ្ទុះការឆ្លងជំងឺកូវីដ១៩នេះទេ។ លោកអះអាងថា រហូតមកទល់ពេលនេះ អ្នកជំនាញអន្តរជាតិ នៅតែមិនទាន់ទទួលបាន​ គំរូមេរោគកូរ៉ូណាប្រភេទថ្មី ដែលចិនស្រង់បាន​ពេលដំបូងៗនោះទេ។

គួរបញ្ជាក់ថា ទាក់ទិនទៅនឹងប្រភពនៃការចម្លងជំងឺកូវីដ១៩នេះនៅវូហាន បើផ្អែកតាមដំណឹងនិងទិន្នន័យផ្តល់ឲ្យដោយអាជ្ញាធរចិន អ្នកជំនាញបរទេសជាច្រើនអះអាងថា មេរោគនេះ បានឆ្លងចេញពីសត្វ តែមិនដឹងថាសត្វអ្វីឲ្យ​ពិតប្រាដក ហើយបានឆ្លងមកមនុស្ស​ ដោយរៀបណានោះទេ។ កាលពីប៉ុន្មានថ្ងៃមុន​នេះ អង្គការសុខភាពពិភពលោក បានសំដែងការខកចិត្ត​ ដោយឃើញអាជ្ញាធរចិន បើកការស្រាវជ្រាស្តីពីប្រភពនៃការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះ តែដោយមិនបានអញ្ជើញអង្គការសុខភាពពិភពលោក ឲ្យ​ចូលរួមជាមួយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ