ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖លោកអូបាម៉ាចេញមុខវាយប្រហារលោកត្រាំក្នុងរឿងគ្រប់គ្រងវិបត្តិកូវីដ-១៩ មិនបានល្អ

សំឡេង ០៥:៥៣
អតីតប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា
អតីតប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា © AFP

នៅ​សហរដ្ឋអាមេរិក អតីត​ប្រធានាធិបតី​លោក​បារ៉ាក់ អូបាម៉ា​បាន​ចេញ​មុខ​វាយប្រហារ​លោក​ដូណាល់ ត្រាំ​ក្នុង​រឿង​គ្រប់គ្រង​វិបត្តិ​ជំងឺ​កូវីដ-១៩។ លោក​អូបាម៉ា​មិន​ញញើត​ចាត់​ទុក​ការ​គ្រប់គ្រង​របស់​លោកត្រាំ​ជា​ភយន្តរាយ និង​មាន​ភាព​ច្របូកច្របល់​ខ្លាំង។ អន្តរាគមន៍​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ស្បែកខ្មៅ​រូប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អតីត​ក្រុម​ការងារ​របស់​លោក​នា​ថ្ងៃ​សៅរ៍ ទី៩ ឧសភា។ អ្នក​នំា​ពាក្យ​របស់​លោក​អូបាម៉ា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ហើយ​លោក​ត្រាំ​ដែល​ជា​អ្នក​រង​ការ​ស្តីបន្ទោស​ផ្ទាល់​ពី​លោក​អូបាម៉ា​ក៏​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​អ្វី​ដែរ។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​អាមេរិក​ជួប​វិបត្តិ​កូវីដ-១៩ មក នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​លោក​អូបាម៉ា​បាន​បញ្ចេញ​ប្រតិកម្ម។ តែ​នេះ​ជា​លើកទី១ ដែល​អតីត​ប្រធានាធិបតី​អាមេរិក​ស្បែក​ខ្មៅ​រូប​នេះ​បាន​វាយប្រហារ​ដោយ​ចំហ និង​មិន​សំចៃ​មាត់​លើ​ការ​គ្រប់គ្រង​វិបត្តិ​កូវីដ-១៩ របស់​លោក​ដូណាល់ ត្រាំ។ គួរ​បញ្ជាក់​ថា ប្រតិកម្ម​របស់​លោក​អូបាម៉ា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អតីត​ក្រុម​ការងារ​របស់​លោក​នា​ថ្ងៃ​សៅរ៍ ទី៩ ឧសភា។ សូរស័ព្ទ​សម្លេង​នៃ​កិច្ចសន្ទនា​ត្រូវ​បាន​ទម្លាយ​ដោយ​គេហទំព័រ​ព័ត៌មាន Yahoo News និង​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​យក​ទៅ​ចុះ​ផ្សាយ​បន្ត​យ៉ាង​ព្រោងព្រាត។ នៅ​ក្នុង​សូរស័ព្ទ​សម្លេង​រយៈ​ពេល ៣០នាទី គេ​បាន​ឮ​លោក​អូបាម៉ា​ចាត់​ទុក​វិធានការ​ប្រឆាំង​កូវីដ-១៩ របស់​លោក​ត្រាំ​ជា​វិធានការ​ស្ទើរភ្លើង និង​រដិបរដុប។

លោក​អូបាម៉ា​បាន​ទទួល​ស្គាល់​ថា ស្ថានការណ៍​បង្ក​ឡើង​ដោយ​វិបត្តិ​កូវីដ-១៩ អាច​ជា​ស្ថានការណ៍​ពិបាក​ដោះស្រាយ​សម្រាប់​រដ្ឋាភិបាល​ពូកែៗ។ តែ​លោក​អូបាម៉ា​បាន​សម្លឹង​ឃើញ និង​វាយ​តម្លៃ​លើ​ការ​គ្រប់គ្រង​របស់​លោក​ត្រាំ​ថា​ជា​ភយន្តរាយ ច្របូកច្របល់​ខ្លាំង។ នៅ​ក្នុង​សូរស័ព្ទ​សំឡេង​ដដែល និង​ក្រៅ​ពី​វាយប្រហារ​លើ​លោក​ត្រាំ​ដោយ​មិន​សំចៃ​មាត់​ក្នុង​រឿង​គ្រប់គ្រង​វិបត្តិ​កូវីដ-១៩ លោក​អូបាម៉ា​ក៏​ឆ្លៀត​ឆ្គឹះ​រឿង​អាស្រូវ​ទាក់ទង​នឹង​លោក Michael Flynn ដែល​ជា​អតីត​ទីប្រឹក្សា​របស់​លោក​ត្រាំ។ លោក​អូបាម៉ា​បាន​លើក​ឡើង​ពី​ការ​ដែល​តុលាការ​បាន​ដក​ការ​ចោទ​ប្រកាន់​លើ​លោក Flynn ក្នុង​បទ​ភូតភរ​ស្តីពី​ទំនាក់ទំនង​រវាង​លោក Flynn ជា​មួយ​មន្រ្តី​ការទូត​រុស្ស៊ី​ម្នាក់។

លោក​អូបាម៉ា​យល់​ថា គេ​មិន​ដែល​ឃើញ​មាន​ទេ​ពី​ពេល​មុន​មក​ដែល​មនុស្ស​ម្នាក់​ជាប់ចោទ​ក្នុង​បទ​បំពាន​ហើយ តែ​បែរ​ជា​បាន​រួច​ខ្លួន​ទៅ​វិញ។ « គឺ​ជា​ស្ថានការណ៍​ដែល​គេ​អាច​ចាប់​ផ្តើម​ភ័យខ្លាច​ថា នីតិរដ្ឋ​របស់​យើង​កំពុង​ទទួល​ការ​គំរាមកំហែង » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​អូបាម៉ា។ ការ​ថ្លែង​របស់​លោក​អូបាម៉ា​ពេល​នេះ​ត្រូវ​បាន​អ្នក​នំា​ពាក្យ​របស់​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ ចំណែក​លោក​ត្រាំ​ដែល​ជា​បុគ្គល​ផ្ទាំងស៊ីប​របស់​លោក​អូបាម៉ា​ហាក់​បន្ត​ស្ងៀមស្ងាត់។ តែ​បើ​តាម​មើល​ទៅ ភាព​ស្ងៀមស្ងាត់​លោក​ត្រាំ​មិន​អាច​បន្ត​គ្មាន​ចម្លើយ​បក​វិញ​ពី​លោក​នោះ​ទេ។

លោក​អូបាម៉ា​​បញ្ជាក់​ពី​ការ​ជួយ​ឃោសនា​គាំទ្រ​លោក​ចូ បៃដិន

វិបត្តិ​កូវីដ-១៩ បាន​គ្របដណ្តប់​តិច ឬ​ច្រើន​លើ​គ្រប់​ប្រទេស​ក្នុង​លោក និង​មាន​ប្រទេស​ខ្លះ​គ្រប់គ្រង​វិបត្តិ​បាន​ល្អ និង​ប្រទេស​ខ្លះ​ទៀត​គ្រប់គ្រង​មិន​បាន​ល្អ។ គ្រប់គ្រង​បាន​ល្អ ឬ​មិន​បាន​ល្អ​មិនមែន​សំដៅ​តែ​លើ​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ មួយ​ទេ តែ​ក៏​ត្រូវ​គិតគូរ​ពី​វិស័យ​ផ្សេង​ទៀត​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​អាច​បន្ត​ដំណើរការ​ទៅ​មុខ ពិសេស​វិស័យ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន។ ដើម្បី​អាច​ធ្វើ​យ៉ាង​នេះ​បាន ក៏​វា​អាស្រ័យ​លើ​សមត្ថភាព និង​លទ្ធភាព​របស់​ប្រទេស​នីមួយៗ​ដែរ។ តែ​អ្វី​ដែល​អាមេរិក​ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ចទី១ ក្នុង​លោក​កំពុង​ជួប​ប្រទះ​ដោយ​កូវីដ-១៩ ពេល​នេះ គឺ​ជា​រឿង​មួយ​ដែល​លោក​អូបាម៉ា​ពិបាក​ទទួល​យក។

គ្រាន់​តែ​ក្នុង​មួយ​ខែ​មេសា​កន្លង​ទៅ មាន​ការងារ​ជាង ២០ ០០០ ០០០ការងារ​ត្រូវ​បាន​បាត់បង់ និង​អត្រា​អ្នក​អត់​ការងារ​ធ្វើ​បាន​ស្ទុះ​ឡើង​ដល់ ១៤,៧% ដែល​ជា​អត្រា​មួយ​ខ្ពស់​ខ្លាំង​គិត​តាំង​ពី​ឆ្នាំ ១៩៣០។ បើ​ធៀប​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ក្នុង​ឆ្នាំ ២០០៩ មាន​តែ ៨ ៦០០ ០០០ការងារ​ដែល​អាមេរិក​បាន​បាត់បង់ និង​មាន​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ត្រឹម ១០,១% ក្នុង​រយៈពេល ២ឆ្នាំ​នៃ​វិបត្តិ។ បន្ទាប់​មក និង​ក្នុង​រយៈពេល​ខ្លី អាមេរិក​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​កូវីដ-១៩ ច្រើន​ជាង​គេ​ក្នុង​លោក។ គ្រាន់​តែ​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ អាមេរិក​មាន​អ្នក​ស្លាប់​ជិត ១ ៦០០នាក់ ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី៩ ឧសភា គឺ​មាន​ស្លាប់​ជិត ៧៩ ០០០នាក់ និង​អ្នក​ឈឺ ១ ៣០០ ០០០នាក់។

លោក​ត្រាំ​ហាក់​មិន​បាន​ភ្ញាក់ផ្អើល​នឹង​តួលេខ​ទាំង​នេះ​ដោយ​លោក​យល់​ថា ជា​តួលេខ​ដែល​លោក​បាន​រង់ចាំ និង​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា អាមេរិក​នឹង​ក្រោក​ឈរ​ឡើង​វិញ និង​រឹតតែ​ខ្លាំង​ជាង​មុន​នា​ពេល​ឆាប់ៗ​ខាង​មុខ។ តែ​សម្រាប់​លោក​អូបាម៉ា ស្ថានភាព​របស់​អាមេរិក​ពេល​នេះ​ជា​លទ្ធផល​នៃ​ការ​គ្រប់គ្រង​វិបត្តិ​មិន​ល្អ​របស់​លោក​ត្រាំ។ តាម​លោក​អូបាម៉ា ស្ថានភាព​សព្វថ្ងៃ​ជា​សក្ខីកម្ម​មួយ​បញ្ជាក់​ពី​ការ​ដែល​គេ​ត្រូវ​ជ្រើសរើស​មេដឹកនាំ​ល្អ។ មេដឹកនាំ​ល្អ​ដែល​លោក​អូបាម៉ា​បាន​ប្រកាស​ពី​ការ​ជួយ​ឃោសនា​គាំទ្រ​លោក​ចូ បៃដិន​ដែល​ជា​អតីត​អនុប្រធានាធិបតី​របស់​លោក និង​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​របស់​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI