អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​គ្របដណ្តប់​ដោយ​ជំងឺ​កូវីដ-១៩ សង្រ្គាម​ក៏​កំពុង​បន្ត​មាននៅ​ក្នុង​តំបន់ជម្លោះ

សំឡេង ០៥:០៤
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ AFP/Archivos
៣១ នាទី

កាល​ពី​ថ្ងៃ​ទី២៣ មីនា អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់បាញ់​នៅ​ក្នុង​ប្រទេស និង​តំបន់​មាន​ជម្លោះ​ដើម្បី​ផ្តោត​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ ១៩។ ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​លោក Antonio មាន​រដ្ឋ និង​ចលនា​ឧទ្ទាម​មួយ​ចំនួន​បាន​បង្ហាញ​ជំហរ​គាំទ្រ​តាម​រយៈ​សេចក្តីថ្លែងការណ៍​ប្រកប​ដោយ​ចេតនា​វិជ្ជមាន។ តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​អ្វី​ផ្លាស់ប្តូរ​ឡើយ។ សង្រ្គាម​ហាក់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សកម្មភាព​មួយ​ដែល​ចាំ​បាច់​មិន​អាច​ខ្វះ​បាន។ នៅ​ទីបំផុត អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាតិ​បាន​ទទួល​ស្គាល់​ពី​គម្លាត​ដាច់​ឆ្ងាយ​រវាង​ទ្រឹស្តី និង​ការ​អនុវត្តន៍​ជាក់ស្តែង។

ផ្សាយពាណិជ្ជកម្ម

« ទម្លាក់​អាវុធ​ចុះ បញ្ចប់​ស្នូរ​កាំភ្លើង និង​បញ្ឈប់​ការ​វាយប្រហារ​ផ្លូវអាកាស » នេះ​ជា​ការ​អំពាវនាវ​របស់​ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក​ Antonio Guterres កាល​ពី​ថ្ងៃទី២៣ មីនា។ ការ​អំពាវនាវ​នេះ​បាន​ប្រកាស​ទទួល​ស្វាគមន៍​ដោយ ៧០ប្រទេស​ក្នុង​លោក តែ​គ្មាន​ប្រទេស​ណា​មួយ​បាន​យក​ទៅ​អនុវត្ត​ជាក់ស្តែង​ឡើយ។ កុំ​ឡើយ​ថា​ក្រុម​ប្រទេស​ដែល​សកម្ម​នឹង​សង្រ្គាម​ដូច​យ៉ាង​អាមេរិក ឬ​រុស្ស៊ី សូម្បី​តែ​ចលនា​ភេរវនិយម ឬ​ជីហាតនិយម ដូច​យ៉ាង​អាល់កៃដា អង្គការដ្ឋអ៊ីស្លាម ឬ​បូកូអារ៉ាម​ក៏​មិន​ដែល​បង្វែរ​ចុង​កាំភ្លើង​របស់​ពួក​គេ​ទៅ​ដី​ដែរ។ លើស​ពី​នេះ អាមេរិក និង​រុស្ស៊ី​ថែម​ទាំង​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គំនិត​ផ្តួចផ្តើម​ណា​ដែល​អាច​រារាំង​លើ​ប្រតិបត្តិការ​ប្រឆាំង​ភេរវនិយម​របស់​ពួក​គេ។

ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​គាំទ្រ​រដ្ឋាភិបាល​នៃ​ប្រទេស​យេម៉ែន និង​ដែល​បាន​ដឹក​នាំ​កម្លាំង​សម្ព័ន្ធអារ៉ាប់​វាយប្រហារ​លើ​ចលនា​ឧទ្ទាមហ៊ូទី​នៅ​យេម៉ែន​បាន​ប្រកាស​ផ្អាក​សង្រ្គាម​ជា​លក្ខណៈ​ឯកតោភាគី​ដោយ​គ្មាន​ការ​ចូលរួម​ពី​ពួក​ឧទ្ទាម​ហ៊ូទី​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​ទេ។ បន្ទាប់​មក មាន​ចលនា​ឧទ្ទាម​ជា​ច្រើន​នៅ​តំបន់​ផ្សេង ដូច​យ៉ាង​កម្លាំងទ័ពប្រជាមានិតថ្មី​ម៉ៅនិយម​នៅ​ហ្វីលីពីន កម្លាំង​ការពារ​កាំមេរូនខាងត្បូង​ក្នុង​ប្រទេស​កាំមេរូន ឬ​មួយ​ក៏​កម្លាំង​រំដោះជាតិ​កុម្មុយនិស្ត​ក្នុង​ប្រទេស​កូឡុំប៊ី​បាន​ប្រកាស​បទឈប់បាញ់​តែ​ម្នាក់​ឯង​ដោយ​គ្មាន​ការ​ឯកភាព​ពី​រដ្ឋាភិបាល​ក្នុង​ប្រទេស​របស់​ពួក​គេ​ទេ។ ចំណែក​នៅ​ស៊ីរី គឺ​មាន​តែ​ចលនា​គាំទ្រគួដឌីស្ថាន​នៃ​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​បាន​យល់​ព្រម​ទទួល​យក​គំនិត​ឲ្យ​មាន​បទឈប់​បាញ់។

បន្ទាប់​មក​ទៀត និង​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​រាតត្បាត​ដោយ​ជំងឺ​កូវីដ-១៩ ពិសេស​នៅ​អាមេរិក គេ​សង្កេត​ឃើញ​ទ័ពអាមេរិក​បង្កើន​ការ​ទម្លាក់​គ្រាប់បែក​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ទោះ​បី​ជា​មាន​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អាមេរិក និង​ពួក​ឧទ្ទាម​តាលីបង់​ក៏​ដោយ។ ចំណែក​នៅ​លីប៊ី កម្លាំង​លោក​សេនាប្រមុខ​ហាហ្វតារ​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី និង​កម្លាំង​រដ្ឋាភិបាល​គាំទ្រ​ដោយ​ប្រទេស​តួកគី​ក៏​កំពុង​បន្ត​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​មិន​បន្ធូរ​ដៃ​ដែរ។ គួរ​រម្លឹក​ថា នេះ​មិនមែន​ជា​លើក​ទី១ ទេ​ដែល​ពិភពលោក​បាន​ស្គាល់ និង​ញាំញី​ដោយ​មេរោគ​កាចសាហាវ​មួយ​ចំនួន ដូច​ករណី​កូវីដ-១៩ ពេល​នេះ។ តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ទោះ​បី​ជា​មេរោគ​កាចសាហាវ​មួយ​ចំនួន​អាច​ឈាន​ទៅ​ប្តូរផ្លាស់​មុខមាត់​ពិភពលោក​ក៏​ដោយ ក៏​គេ​មិន​ដែល​ឃើញ​មាន​សង្រ្គាម​ណា​មួយ​ត្រូវ​បាន​បញ្ឈប់ ឬ​រាំរាំង​ដោយសារ​ហេតុផល​វិបត្តិ​សុខាភិបាល​ទេ។

វិបត្តិសុខាភិបាល​ជា​រឿង​មួយ ហើយ​សង្រ្គាម​ជា​រឿង​មួយ​ផ្សេង​ទៀត​ដែល​ហាក់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សកម្មភាព​មួយ​ចាំ​បាច់​មិន​អាច​ខ្វះ​បាន។ គេ​នោះ គឺ ២៣ប្រទេស​ក្នុង​ចំណោម​៧០ប្រទេស​ដែល​បាន​ប្រកាស​គាំទ្រ​ឲ្យ​មាន​បទ​ឈប់បាញ់​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ។ ប្រទេស​ទាំង ២៣ ដែល​មាន​ទាំង​ប្រទេស​អឺរ៉ុប​បាន​បន្ត​គាំទ្រ​កម្លាំងសម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក​នៅ​ក្នុង​សង្រ្គាម​អាហ្វហ្កានីស្ថាន។ តែ​អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​ការ​បដិសេធ និង​ភាព​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ជា​លក្ខណៈ​ពហុភាគី​របស់​អាមេរិក ចិន និង​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។ វ៉ាស៊ីនតោន ប៉េកាំង និង​មូស្គូ​ដែល​គិត​ប្រយោជន៍​ខ្លួន​ឯង​ជា​ធំ​តែង​ប្រើ​វេទិកា​សហប្រជាជាតិ និង​សិទ្ធិ​វេតូ​ដើម្បី​ខ្ទប់​សេចក្តីសម្រេច​ទាំង​ឡាយ​ណា​ដែល​គិត​ប្រយោជន៍​ពិភពលោក និង​មាន​គោលដៅ​សន្តិភាព។

ជាក់ស្តែង ភាព​ប្រទូស្រ្តាយ​នយោបាយ​រវាង​អាមេរិក និង​ចិន​ធ្វើ​ឲ្យ​ជាប់​គាំង​តាំង​ពី​ច្រើន​សប្តាហ៍​លើ​ការ​អនុម័ត​សេចក្តីសម្រេច​មួយ​ស្តីពី​វិបត្តិ​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ-១៩។ សម្រាប់​អាមេរិក​របស់​លោក​ត្រាំ គ្មាន​ថ្ងៃ​ដែល​ត្រូវ​ព្យួរ​ប្រតិបត្តិការ​ប្រឆាំង​ភេរវនិយម​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​លើ​ពិភពលោក។ សម្រាប់​រុស្ស៊ី​របស់​លោក​ពូទីន គ្មាន​រឿង​ដែល​ត្រូវ​បន្ធូរ​ដៃ​នៃ​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​ទឹកដី​ស៊ីរី បញ្ឈប់​សកម្មភាព​នៅ​លីប៊ី ឬ​មួយ​ក៏​ព្រលែង​សំណុំរឿង​អ៊ុយក្រែន​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩។ នៅ​ក្នុង​ពិភពលោក​មួយ​ដែល​កំពុង​វឹកវរ​ដោយ​ជម្លោះ​ការទូត និង​ប្រព័ន្ធ​អន្តរជាតិ​កាន់​តែ​មាន​ភាព​រអាក់រអួល​ផង អង្គការ​សហប្រជាជាតិ​បាន​ក្លាយ​ជា​ជនពិការ​ម្នាក់។ ហើយ​បើ​ទោះ​បី​ជា​មាន​សេចក្តីសម្រេច​ណា​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវ​បាន​អនុម័ត​ក្នុង​សម័យ​កូវីដ១៩ ក៏​ដោយ ក៏​មិន​ច្បាស់​ជា​សេចក្តីសម្រេច​ដែល​មាន​លក្ខណៈ​បង្ខិតបង្ខំ​សម្រាប់​សមាជិក​ទាំង ១៩៣ប្រទេស​របស់​អង្គការសហប្រជាជាតិ​ឡើយ។

គ្រប់​គ្នា​កំពុង​សង្កេត​ឃើញ​ថា ពិភពលោក​ដែល​គ្មាន​សណ្តាប់ធ្នាប់​នៅ​មុន​ពេល​ផ្ទុះ​វិបត្តិ​កូវីដ១៩ ហាក់​រញ៉េរញ៉ៃ និង​មាន​ភាព​ប្រទូស្រ្តាយ​កាន់​តែ​ខ្លាំង​ក្នុង​ពេល​ផ្ទុះ​កូវីដ១៩។ តែ​គ្រប់​គ្នា​សង្ឃឹម​ថា ពិភពលោក​នៅ​ក្រោយ​សម័យ​កូវីដ១៩ នឹង​អាច​ប្រសើរ​ឡើង​វិញ ប្រសិន​បើ​មាន​ការ​ធ្វើ​កំណែទម្រង់​លើ​រចនាសម្ព័ន្ធ​នៅ​ក្នុង​ស្ថាប័ន​មួយ​ចំនួន​របស់​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ