អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​ក្រុមហ៊ុន​SpaceXនឹង​ដឹកយក​អវកាសយានិក ជា​លើក​ដំបូង ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ

សំឡេង ០៥:៥៦
នៅថ្ងៃទី ២៣​ឧសភា អវកាសយានិក​របស់​ទីភ្នាក់ងារ​ណាសា លោក Douglas Hurley (ឆ្វេង) និង​ Robert Behnken ហាត់ត្រៀម​នៅ​មជ្ឈមណ្ឌល​អវកាស​កេណេឌី ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​Demo-2 របស់​ក្រុមហ៊ុន​SpaceX ដែល​ត្រូវ​បាញ់បង្ហោះយាន​ដឹកមនុស្ស​ចេញពី​ទឹកដីអាមេរិក ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ
នៅថ្ងៃទី ២៣​ឧសភា អវកាសយានិក​របស់​ទីភ្នាក់ងារ​ណាសា លោក Douglas Hurley (ឆ្វេង) និង​ Robert Behnken ហាត់ត្រៀម​នៅ​មជ្ឈមណ្ឌល​អវកាស​កេណេឌី ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​Demo-2 របស់​ក្រុមហ៊ុន​SpaceX ដែល​ត្រូវ​បាញ់បង្ហោះយាន​ដឹកមនុស្ស​ចេញពី​ទឹកដីអាមេរិក ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ via REUTERS - NASA NASA
ដោយ៖ ឈាង បុប្ផា
៤៤ នាទី

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន ទីភ្នាក់ងារ​ណាសា ទើប​បាន​ប្រកាស​បើកភ្លើងខៀវ ឲ្យ យានអវកាស​របស់​ក្រុមហ៊ុន​អាមេរិកាំង​SpaceX អាច​ដឹកជញ្ជូន​អវកាសយានិក​អាមេរិកាំង ២រូប ទៅកាន់​ស្ថានីយ៍អវកាស។ តាមគម្រោង រ៉ុកកែត​របស់​ក្រុមហ៊ុន​SpaceX នឹង​ត្រូវ​បាញ់បង្ហោះ ចេញពី​រដ្ឋFlorida នៅ​ថ្ងៃ​ពុធ​នេះ។ បើសិន​អ្វីៗ​ប្រព្រឹត្ត​ទៅ​តាម​គម្រោងការ នេះជា​លើកទី១ នៅក្នុង​រយៈពេល​៩ឆ្នាំ​ចុងក្រោយនេះ ដែល​យានអវកាស​មាន​ដឹក​មនុស្ស ត្រូវ​បាញ់បង្ហោះ​ចេញ ពី​ទឹកដី​អាមេរិក។ 

ផ្សាយពាណិជ្ជកម្ម

ប្រសិនបើ​អាកាសធាតុ​អំណោយផល មេឃស្រឡះល្អ រ៉ុកកែត​របស់​ក្រុមហ៊ុន​ SpaceX ដែល​មាន​ភ្ជាប់​យានអវកាស ដឹក​មនុស្ស នឹង​ត្រូវ​បាញ់បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស កេណេឌី នៅ​ក្នុង​រដ្ឋ​Florida នៅ​ថ្ងៃ​ពុធ។ មាន​ឈ្មោះ​ថា Demo 2 បេសកកម្ម​របស់​ក្រុមហ៊ុន​SpaceX របស់​មហាសេដ្ឋី Elon Musk មាន​នាទី​ដឹកជញ្ជូន អវកាសយានិក​អាមេរិក​២រូប គឺ Robert Behnken និង​Douglas Hurley​ទៅ​កាន់ស្ថានីយ៍​អវកាស​អន្តរជាតិ ដែល​ស្ថិតនៅ​ចម្ងាយ ៣៧០គីឡូម៉ែត្រ​ពីផែនដី។

បេសកកម្ម​របស់​ក្រុមហ៊ុន​SpaceX នឹង​ជួយ​ស្រោចស្រង់​កិត្តិយស​របស់​អាមេរិក​ឡើងវិញ ព្រោះ​ថា ជិត ១០​ឆ្នាំមកនេះ អាមេរិក​មិនដែល​បញ្ជូន​អវកាសយានិក​ទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ​ដោយ​ខ្លួន​ឯង​នោះ​ទេ។

ចាប់តាំង​ពី​ឆ្នាំ ២០១១ ឆ្នាំ​ដែល​អាមេរិក​បិទបញ្ចប់ បេសកកម្ម​បង្ហោះ​យានអវកាស​ដឹកមនុស្ស អាមេរិក​បាន​ទៅ​ជួល​កៅអី​របស់​យានអវកាស​Soyuz របស់​រុស្ស៊ី សម្រាប់​ដឹកជញ្ជូន​ជនជាតិ​របស់ខ្លួន​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ។

ក្នុង​រយៈពេល ៣០ឆ្នាំ (១៩៨១-២០១១) អាមេរិក​ធ្លាប់​មាន​យានអវកាស​បួនគ្រឿង ដែល​មានរូបរាង​ដូចយន្តហោះ សម្រាប់​ដឹកមនុស្ស ទៅមក ស្ថានីយ៍​អវកាស​អន្តរជាតិ។ ប៉ុន្តែ ដោយសារ​តែ​ការចំណាយ​ច្រើន​ខ្ពស់ ជាង​ការរំពឹង​ទុក ដែល​មាន​ដល់ទៅ ២០០​ពាន់​លាន​ដុល្លារ សម្រាប់​ការដឹកជញ្ជូន តែ​១៣៥ ដង ក្នុង​រយៈពេល ៣០ឆ្នាំ និង រួមផ្សំ នឹង​គ្រោះថ្នាក់​ផ្ទុះយាន ដល់ទៅ​២លើក​ដែល​បាន​សម្លាប់​អវកាសយានិក សរុប ១៤នាក់ (នៅ​ឆ្នាំ ១៩៨៦ និង​ឆ្នាំ ២០០៣) រដ្ឋាភិបាល​អាមេរិក ក៏​បាន​សម្រេច​បញ្ឈប់​កម្មវិធី​ដឹកជញ្ជូន​មនុស្ស​ទៅ​ទីអវកាស នៅឆ្នាំ ២០១១។

Atlantis ជា​យាន​ចុងក្រោយ​របស់​អាមេរិក​ដែល​បាន​ដឹក​មនុស្ស​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ ត្រលប់មកផែនដីវិញ នៅឆ្នាំ ២០១១។ ចាប់តាំង​ពី​ពេល​នោះ​មក គ្រប់​យានអវកាស​ត្រូវ​បញ្ជូន​ទៅ​ដាក់តាំង​នៅសារមន្ទីរ ចំណែក​មជ្ឈមណ្ឌល អវកាស​ក៏ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​វិញ។ ចាប់តាំង​ពីពេលនោះដែរ អាមេរិក ក៏​ត្រូវទៅ​ពឹងពាក់​រុស្ស៊ី ដែលផ្តាច់មុខ ខាង​មាន​យាន​អវកាស​ដឹក​មនុស្ស​ទៅ​កាន់​ស្ថានីយ៍​អវកាស។ ក្នុង​រយៈពេល ជិត ១០ឆ្នាំ ទីភ្នាក់ងារ​ណាសា ត្រូវ​បង់ថ្លៃ ៨០​លាន​ដុល្លារ ទៅ​ឲ្យ​រុស្ស៊ី សម្រាប់​ការធ្វើដំណើរ​ទៅមក ម្តង របស់​អវកាសយានិក​អាមេរិកាំង​ម្នាក់។ មួយវិញទៀត អវកាសយានិក​អាមេរិក​ក៏​ត្រូវ​រៀន​ភាសា​រុស្ស៊ី និង​ត្រូវ​ធ្វើដំណើរ​ទៅ ទីក្រុង​ម៉ូស្គូ និង​ទៅ ប្រទេស កាហ្សាក់ស្ថាន ជាទី ដែល​រុស្ស៊ី បាញ់​បង្ហោះ យានអវកាស​Soyuz របស់ខ្លួន។

 

នៅក្នុង​រយៈពេល ជិត​១០ឆ្នាំ ទីភ្នាក់ងារ​ណាសា​ត្រូវ​ពឹងអាស្រ័យ​លើ​រុស្ស៊ី ដើម្បី ដឹកជញ្ជូន អវកាសយានិក​អាមេរិកាំង​ទៅក្នុង​ទីអវកាស។ ប៉ុន្តែ នៅក្នុង​រយៈពេលនេះ ណាសា​មិន​បាន​ឈរឱបដៃ មិន​ធ្វើ​អ្វី​នោះទេ។ នៅ​ឆ្នាំ ២០១០ នៅក្រោម​រដ្ឋបាល​លោកអូបាម៉ា ទីភ្នាក់ងារ ណាសា បាន​ចុះ​កិច្ចសន្យា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ជាមួយ ក្រុមហ៊ុន​អាមេរិកាំងពីរ គឺ​SpaceX (៣,១ពាន់លាន​ដុល្លារ) និង​ក្រុមហ៊ុន Boeing​(៤,៩ពាន់លាន​ដុល្លារ) ដើម្បី​អភិវឌ្ឍ​យាន​ដឹកមនុស្ស ទៅ​ស្ថានីយ៍​អវកាស នៅក្នុង​តម្លៃថោក។

ក្រុមហ៊ុន​SpaceX​របស់​មហាសេដ្ឋី​Elon Musk ដែល​បាន​ចុះ​កិច្ចសន្យា ទទួល​ទឹកប្រាក់ ជាង ៣ពាន់​លាន​ដុល្លារ ពី​ណាសា បាន​បោះជំហាន​លឿន ជាង​ក្រុមហ៊ុន​Boeing  ដោយ​ផលិត​បាន​សម្រេច យានអវកាស ទំនើបថ្មី និង​ធ្លាប់បាន​សាកល្បង​វា​ដោយជោគជ័យ​ម្តងហើយ កាលពី​ឆ្នាំ២០១៩។

សូមរំលឹកថា កាលពី​ខែ​មីនា ឆ្នាំមុន ក្រុមហ៊ុន​SpaceX បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ រ៉ុកកែត​សម្រាប់​បង្ហោះ​យាន ដែល​អាច​ដឹក​មនុស្ស​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ។ កាលណោះ យាន​ឈ្មោះ Dragon របស់​ក្រុមហ៊ុន​Space X មាន​ដឹក​រូប​ម៉ាណឺកាំង ​បាន​ទៅ​តភ្ជាប់​ស្ថានីយ៍​អវកាស​អន្តរជាតិ មុននឹង​វិលត្រលប់​មក ផែនដី វិញ ដោយសុវត្ថិភាព នៅក្រោម​ការសាទរ​ស្វាគម​របស់​ណាសា ដែល​និយាយ​ពី​ដំណាក់កាល​សំខាន់​នៃ​ការបើក​សករាជ​ថ្មី។ សករាជថ្មី ព្រោះ​ថា អាមេរិក​អាច​មាន​សមត្ថភាព បញ្ជូន​យាន​ដឹក​មនុស្ស ចេញ​ពី​ទឹកដី​របស់ខ្លួន​ឡើងវិញ។

បេសកកម្ម​របស់​SpaceX នឹង​ជួយ​ឲ្យ​អាមេរិក​កាត់បន្ថយ ការពឹងអាស្រ័យ​ទាំងស្រុង លើ​យានអវកាស​របស់​រុស្ស៊ី។ សម្រាប់ ប្រធាន​ទីភ្នាក់ងារ​ណាសា ភាពជាដៃគូ​ជាមួយ​រុស្ស៊ី គឺ​នៅតែ​ខ្លាំង​ដដែល ដោយគ្រាន់តែ​ថា អំណើះតទៅ អាមេរិក លែង​ចង់​ពឹងផ្អែក លើ​អ្នកដទៃ​តទៅទៀត។ តើនេះ​ជា​មោទនភាព​របស់​អាមេរិក?

ប្រធាន​ទីភ្នាក់ងារ​ណាសា ចង់​និយាយ​ពី​កិត្យានុភាព ព្រោះថា ប្រទេស​ដ៏អស្ចារ្យ​ដូចអាមេរិក គួរ​តែ​អាច​បញ្ជូន​អវកាសយានិក ទៅក្នុង​ទីអវកាស​ដោយខ្លួនឯង ដោយ​មិនចាំបាច់​ត្រូវការ​ប្រទេស​ដទៃ។ បញ្ជូន​យានអវកាស​ដឹក​មនុស្ស​ទៅក្នុង​ទីអវកាស ក៏ជា​ផ្នែកមួយ នៃ​ផែនការ អាទិភាព​របស់​លោក​ដូណាល់ ត្រាំ ដែលចង់​ឲ្យ​អាមេរិក​ពង្រីកវាតទី នៅក្នុង​ទីអវកាស។

បេសកកម្ម​របស់​SpaceX មិនត្រឹមតែ​ជួយ​ធ្វើ​ឲ្យ​អាមេរិក ឯករាជ្យ មិនពឹង​ផ្អែក​លើ​រុស្ស៊ី​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​ជួយ​ផងដែរ​ឲ្យ ​ណាសា​ចំណាយ​លុយ​តិចជាងមុន ដើម្បី បញ្ជូន អវកាសយានិក​ទៅក្នុង​ទីអវកាស។ សម្រាប់​ការដឹកជញ្ជូន​មនុស្ស​ម្នាក់ ទៅក្នុង​អវកាស ក្រុមហ៊ុន​SpaceX នឹង​គិតតម្លៃ​៦០លាន​ដុល្លារ ពោលគឺ​ថោក​ជាង​សេវា​របស់​រុស្ស៊ី ដែល​មានតម្លៃ ៨០​លាន​ដុល្លារ។ យ៉ាងណាក៏ដោយ វា​នៅតែ​ថោក​ជាង​កម្មវិធី​យានអវកាស​របស់​ណាសា  កាលពី​១០ឆ្នាំ ដែល​មានតម្លៃ ដល់​ទៅ ៤០០​លាន​ដុល្លារ សម្រាប់​បញ្ជូន​មនុស្ស​ម្នាក់​ទៅ​ស្ថានីយ៍អវកាស។

បង្កើតឡើង​នៅ​ឆ្នាំ ២០០២ ដោយ​មហាសេដ្ឋី ម្ចាស់ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla ក្រុមហ៊ុន​SpaceX ធ្លាប់​តែ​ដឹកជញ្ជូន ស្បៀងអាហារ និងគ្រឿងបរិក្ខា សម្រាប់​ក្រុមអវកាសយានិក​អាមេរិកាំង នៅ​ស្ថានីយ៍អវកាស អន្តរជាតិ។ លើកនេះ ប្រសិន​បើ​ក្រុមហ៊ុន​SpaceX អាច​បញ្ជូន​យាន​ដឹក​អវកាសយានិក​ទៅកាន់​សា្ថនីយ៍​អវកាស​ដោយជោគជ័យ ​ដូច បេសកកម្ម សាកល្បង ​កាលពី​ឆ្នាំ ២០១៩ នោះ SpaceX ជា​ក្រុមហ៊ុន​ឯកជន​ដំបូងគេ នៅក្នុង​ប្រវត្តិ​អវកាស​ពិភពលោក ដែល​អាច​ដឹកជញ្ជូន មនុស្ស​ទៅកាន់ស្ថានីយ៍​អវកាស។

សម្រាប់​ប្រធាន​ទីភ្នាក់ងារ​ណាសា សេវាកម្មដឹកជញ្ជូន​របស់​ SpaceX​និងធ្វើ​ឲ្យ​អាមេរិក ឯករាជ្យ ម្ចាស់ការ លែងពឹងផ្អែក​លើ​យាន​អវកាស​Soyuz របស់​រុស្ស៊ី ដើម្បី​ដឹកជញ្ជូន​អវកាសយានិក​អាមេរិកាំង​ទៅកាន់​សា្ថនីយ៍អវកាស​អន្តរជាតិ។ មួយវិញទៀត វា​ក៏ជា​ឱកាស​បើកផ្លូវឲ្យមាន ដំណើរកំសាន្ត​របស់​អ្នកទេសចរ និង​អ្នកជំនួញ ទៅក្នុង​ទីអវកាស​នាថ្ងៃ​អនាគត។ ប្រធាន ណាសា ស្រមៃ​ចង់​ឃើញ ក្រុមហ៊ុន​ឯកជន បង្កើត ស្ថានីយ៍​អវកាស​ជាច្រើន នៅ​ក្នុង​គន្លងតារាវិថី ដូច​ស្ថានីយ៍​អវកាស​អន្តរជាតិ​សព្វថ្ងៃនេះ។ ប្រធាន​ក្រុមហ៊ុន​អវកាស SpaceX គឺ​មហាសេដ្ឋី Elon Musk វិញ​បាន​សំឡឹងឃើញ​ឆ្ងាយជាងនេះ ព្រោះ​លោក​មាន​គម្រោង​ចង់​សង់​យានដ៏ធំ​Starship​ដើម្បី​ដឹកមនុស្ស​ទៅ​ធ្វើដំណើរ​ជុំវិញ ព្រះចន្ទ ឬ​ទៅដល់​ភពអង្គារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ