អានតួអត្ថបទ
សហរដ្ឋអាមេរិក ការរើសអើងពូជសាសន៍

ផ្ទុះការតវ៉ា ក្រោយ​​ជន​ស្បែកខ្មៅ​អាេមរិកម្នាក់​ស្លាប់ ក្នុង​ហេតុការណ៍​ឃាត់ខ្លួន​​​ដោយ​​នគរបាល​ស្បែកស

ប្រជាពលរដ្ឋធ្វើបាតុកម្ម ប្រឆាំងនឹងអំពើហិង្សារបស់នគរបាលក្រុង Minneapolis  ដែលបណ្តាលឲ្យស្លាប់​បុរសស្បែកខ្មៅឈ្មោះ George Floyd។ Minneapolis ថ្ងៃទី២៦ ឧសភា ២០២០
ប្រជាពលរដ្ឋធ្វើបាតុកម្ម ប្រឆាំងនឹងអំពើហិង្សារបស់នគរបាលក្រុង Minneapolis ដែលបណ្តាលឲ្យស្លាប់​បុរសស្បែកខ្មៅឈ្មោះ George Floyd។ Minneapolis ថ្ងៃទី២៦ ឧសភា ២០២០ REUTERS - ERIC MILLER
ដោយ៖ ម៉ម ពិសី
1 នាទី

ហេតុការណ៍ឃាត់ខ្លួន​សាមញ្ញមួយ របស់នគរបាល​ក្រុង Minneapolis រដ្ឋម៉េនីសូតា សហរដ្ឋអាេមរិក បានបង្កឲ្យ​ស្លាប់ជនរងគ្រោះ ដែលជាបុរស​ជនស្បែកខ្មៅ។ ហេតុការណ៍អកុសលនេះ មានមនុស្សម្នាជាច្រើននាក់ បានថតវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គម។ ប្រជាពលរដ្ឋអាេមរិក បានផ្ទុះការតវ៉ាយ៉ាងខ្លាំង ចំពោះវិធីសាស្ត្រដ៏ហិង្សាក្នុងការឃាត់ខ្លួនរបស់នគរបាលស្បែកស ទៅលើប្រជាជនស្បែកខ្មៅ។ អភិបាលក្រុង Minneapolis បានប្រកាសថានាយនគរបាលទាំង៤នាក់​ដែលពាក់ព័ន្ធ ​ត្រូវបានបណ្តេញចេញពីការងារ។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃអង្គារទី២៦ឧសភា ដោយសមត្ថកិច្ចនគរបាលក្រុង Minneapolis ចំនួន​៤នាក់ បានចុះឃាត់ខ្លួនបុរសជនជាតិស្បែកខ្មៅម្នាក់នៅតាមផ្លូវ។ យោងតាមការអះអាងរបស់នគរបាល គឺបុរសនោះហាក់ដូចជាស្រវឹង ឬស្ថិតក្នុងអាការៈញៀនគ្រឿងញៀន។ នគរបាលបានចាប់ផ្តួលបុរសនោះ ផ្កាប់ទៅលើថ្នល់ ដាក់ខ្នោះដៃ ហើយ​នគរបាលស្បែកសម្នាក់ បានយកជង្គង់សង្កត់ពីលើ​ករបស់ជនរងគ្រោះ ក្នុងរយៈពេលជាច្រើននាទី។

នៅក្នុងវីដេអូ​ថតដោយអ្នកដំណើរថ្មើរជើង ដែលចោមមើលហេតុការណ៍នេះ គេឃើញជនរងគ្រោះ បានព្យាយាមនិយាយសុំអង្វរជាច្រើនលើក ឲ្យនគរបាល​ដកជង្គង់ ឈប់សង្កត់ករបស់ខ្លួន ព្រោះខ្លួនមិនអាច​ដកដង្ហើមបានទេ។ ប៉ុន្មាននាទីក្រោយមកបុរសរងគ្រោះ បានបាត់ស្មារតី​ឈប់កម្រើក មុននឹងរថយន្តសង្រ្គោះមកដល់។ ជនរងគ្រោះបានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ។ ដំណឹងនេះ បានបង្កឲ្យ​កំហឹងក្រេវក្រោធជាខ្លាំងពីសំណាក់ប្រជាជន ដែលចាត់ទុក​វិធីសាស្ត្រឃាត់ខ្លួនដ៏ហិង្សារបស់នគរបាលស្បែកស ធ្វើទៅលើជនស្បែកខ្មៅ ថាជាអំពើមនុស្សឃាត បែប​ប្រកាន់ពូជ​សាសន៍​។

បណ្តាញព័ត៌មានអាមេរិក បានចុះផ្សាយថា ជនរងគ្រោះជាជនស្បែកខ្មៅ មានឈ្មោះ George Floyd អាយុជាង៤០ឆ្នាំ។ ភ្លាមៗក្រោយហេតុការណ៍នេះ លោក Jacop Frey ចៅហ្វាយក្រុង Minneapolis បានធ្វើសន្និសីទកាសែត ដោយបានលើកឡើងថា ប្រជាជនស្បែកខ្មៅដែលរស់នៅលើទឹកដីអាមេរិក គឺមិនមែនមានន័យថាអ្នកនោះ ត្រូវប្រឈមនឹងការធ្វើទោសរហូតដល់ស្លាប់នោះទេ។ វាជារឿងសមហេតុផលណាស់ ដែល​ករណីអកុសលនេះ បានធ្វើឲ្យ​មនុស្សម្នាខឹង តវ៉ាចំពោះទង្វើរបស់​នគរបាល។

ប៉ុន្មានម៉ោងក្រោយមក លោកចៅហ្វាយក្រុង បានសរសេរលើទំព័រTwitter ថា នគរបាលទាំង​៤នាក់​ ដែលស្ថិតក្នុងហេតុការណ៍នេះ ត្រូវបានបណ្តេញចេញ​ពីការងារ ដែលនេះគឺជាការសម្រេចដ៏ត្រឹមត្រូវ​បំផុត។ ចំណែកលោក មេបញ្ជាការនគរបាលក្រុង Minneapolis បានបញ្ជាក់ថា ក្រុម FBI នឹងបើកការស៊ើបអង្កេតស្វែង រកការពិតជុំវិញករណីឃាត់ខ្លួន ដែលឈានទៅដល់ការស្លាប់ជន​រងគ្រោះនេះ។

សមាគមដើម្បីសិទ្ធិប្រជាពលរដ្ឋអាមេរិក ACLU បានលើកឡើងថា អំពើនេះ គឺជាការប្រើហិង្សាហួសហេតុ ដោយគ្មានហេតុផល ធ្វើទៅលើជនស្បែកខ្មៅ ទាំងដែលបច្ចេកទេសនៃការឃាត់ខ្លួន ដោយ​ការ​សង្កត់កមនុស្សបែបនេះ គឺជារឿងមួយខុសច្បាប់។

គួររំលឹកថា ករណីនគរបាលស្បែកស ប្រើអំពើហិង្សាជ្រុលហួសហេតុទៅលើជនស្បែកខ្មៅ តែងតែកើតមានជារឿយៗ នៅសហរដ្ឋអាមេរិក។​ បញ្ហានេះបានឆ្លុះបញ្ចាំង និងចិញ្ចឹមនូវ​កំដៅកំហឹងក្នុងសង្គមអាមេរិក រវាងជនស្បែកស និងស្បែកខ្មៅ។ កាលពីឆ្នាំ២០១៤ បុរសស្បែកខ្មៅម្នាក់នៅញូយ៉ក បានស្លាប់ក្នុងពេលត្រូវ​នគរបាលឃាត់ខ្លួន។ ករណីនេះបានធ្វើឲ្យ​កើតនូវចលនា « Black  Lives Matter » ដើម្បី​ប្រឆាំងនឹង​ការប្រើហិង្សារបស់សមត្ថកិច្ចស្បែកស ទៅលើជនស្បែកខ្មៅ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ