អានតួអត្ថបទ

លោក ដូណាល់ ត្រាំ គំរាមបិទបណ្តាញសង្គម ក្រោយពី ធ្វីតធ័រ បញ្ជាក់​សារពីររបស់លោកថា «មានព័ត៌មានមិនពិត»

ប្រធានាធិបតី លោក ដូណាល់ ត្រាំ គំរាមបិទបណ្តាញសង្គម ហើយគ្រោងចុះហត្ថលេខាលើក្រឹត្យមួយ នៅថ្ងៃព្រហស្បតិ៍នេះ។
ប្រធានាធិបតី លោក ដូណាល់ ត្រាំ គំរាមបិទបណ្តាញសង្គម ហើយគ្រោងចុះហត្ថលេខាលើក្រឹត្យមួយ នៅថ្ងៃព្រហស្បតិ៍នេះ។ REUTERS/Tom Brenner
ដោយ៖ ហេង ឧត្តម
២០ នាទី

នៅ​​សហរដ្ឋអាមេរិក​  ប្រធានាធិបតី​ លោក​ ដូណាល់ ​ត្រាំ បាន​​គំរាម​បិទ​បណ្តាញ​សង្គម ហើយ​គ្រោង​ចុះហត្ថលេខា​លើ​ក្រឹត្យមួយ ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយពីបណ្តាញសង្គម​ ​ធ្វីតធ័រ​ (Twitter)  បាន​ដៅ​សារ​ពីរ​របស់​លោក​ថា​ «មាន​ព័ត៌មាន​មិនពិត»។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងសប្តាហ៍​នេះ ប្រធានាធិបតីសហរដ្ឋ​អាមេរិក បានសរសេរសារចំនួន​២ នៅលើទំព័រ Twitter ទាក់ទិនទៅនឹង​ការបោះឆ្នោតពីចម្ងា​យ តាមរយៈការផ្ញើសំបុត្រ ដែល​លោក ដូណាល់ ត្រាំ​ បានចាត់ទុកការបោះឆ្នោតរបៀបនេះ ថា«ពោរពេញដោយការក្លែងបន្លំ» ។ ភ្លាមៗ​ ប្រព័ន្ធ Twitter បានប្រតិកម្ម​ដោយ​ចាត់ទុកសារចំនួន​រ​បស់ប្រមុខរដ្ឋអាមេរិក​ថា «អាចមានន័យ​ប្រាសចាកការពិត» ព្រមទាំង​បានដាក់ដំណភ្ជាប់ពីក្រោម ឱ្យ​​អ្នកប្រើប្រាស់អាចចុចដើម្បីផ្ទៀងផ្ទាត់រកការពិតទៀត​។​ 

នេះ​ជាលើកទី​មួយ​ហើយ ដែលគេ​ឃើញ​បណ្តាញ​សង្គម Twitter ហ៊ាន​ខ្លាំង​ ហ៊ាន​លូក​ដៃ​ផ្ទៀង​ផ្ទាត់​ចំពោះ​ខ្លឹម​សារ​នៃ​សំណេរ​​របស់ប្រមុខរដ្ឋអាមេរិក​ ដោយ​បាន​ចាត់ទុកសារចំនួនពីររបស់លោក ដូណាល់ ត្រាំ ថា «អាចមានន័យប្រាសចាកការពិត»​​។ ប្រធានាធិបតីអាមេរិក​​ក្តៅក្រហាយ ហើយ​លោកវាយ​បកយ៉ាងចាស់ដៃ និង​ចោទប្រកាន់​ទាំង​កំរោល​លើ​ ប្រព័ន្ធ Twitter ថា ​ជ្រែតជ្រែត​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ ​លោក ត្រាំ ក៏​បាន​ព្រមាន​គំរាម​ចាត់​វិធានការ​តឹងតែង​ចំពោះ​ Twitter ឬអាច​បិទ​ចោល​តែ​ម្តង​។

Twitter នៅតែ​អះអាងរក្សា​ជំហរ​របស់ខ្លួនដដែល។  អគ្គ​នាយកគ្រប់​គ្រង​ប្រព័ន្ធ Twitter លោក Jack Dorsey  បញ្ជាក់​​បកស្រាយ​ប្រាប់​ភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP នៅថ្ងៃ​ព្រហស្បតិ៍ ទី​២៨ឧសភាថា «សារ​​របស់​លោក ដូណាល់​ ត្រាំ ចំពោះ​ការ​បោះឆ្នោត​ពីចម្ងាយតាម​សំបុត្រ​​នោះ  គឺ​អាច​នឹង​បង្កការភ័ន្តច្រឡំដល់ម្ចាស់ឆ្នោត ហើយ​បណ្តាល​ឱ្យ​ពួក​គេជឿ​​យល់​ច្រឡំ​ ហើយ ​មិន​ចាំបាច់​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត​​ទៀត​ផង។»

ផ្ទុយ​ទៅវិញ លោក ដូណាល់ ត្រាំ ដែល​មាន​មហិច្ឆតា​ចង់​ឈ្នះ​ឆ្នោតប្រធានាធិបតី​​ជាថ្មី បាន​ចង្អុរ​មុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​បណ្តាញ​សង្គម ជា​ច្រើន ថា​មា​ននិន្នាការ​លម្អៀង និង​មិនចង់​​ឱ្យ​លោកជាប់​ឆ្នោត​អាណត្តិ​ទីពីរ។ ហេតុ​នេះ បើ​តាម​លោក ត្រាំ ដើម្បីជៀស​វែង​ការ​ក្លែង​បន្លំ​ព័ត៌មាន​នៅ​រដូវ​កាល​យុទ្ធធនាការ​បោះឆ្នោត និងនៅពេល​​បោះឆ្នោត​ គឺ​លោក​មាន​វិធានការ​ចេញ​ក្រឹត្យ​ប្រធានាធិបតី ដើម្បី​ត្រួត​ពិនិត្យ​​លើ​ការ​ផ្សាយ​ព័ត៌មាន​សារព័ត៌មានក្លែង​បន្លំ ក្នុងរដូវកាល​បោះឆ្នោត​។​  ​ខ្លឹម​សារ​នៃ​ក្រឹត្យ​ដែល​ត្រូវ​ចុះ​ហត្ថលេខា ​ថ្ងៃ​ព្រហស្បតិ៍ មិន​បាន​ត្រូវ​ទម្លាយ​ឱ្យ​ដឹង​នៅឡើយទេ។​

​ការ​ចង់​​ត្រួត​ពិនិត្យ​​លើ​បណ្តាញ​សារព័ត៌មាន​  អគ្គនាយក​ក្រុម​ហ៊ុន​ហ្វេសបុក លោក​​ Mark Zuckerberg យល់ថា មិនមែន​ជាការ​សម្រេចចិត្ត​ត្រឹមត្រូវ​ល្អនោះទេ។ ក៏ប៉ុន្តែ ​លោកក៏​អះអាង​ដែរ ថា ហ្វេសបុក ​គ្មានតួ​នាទី​ ជាអាជ្ញាកណ្តាល​​ផ្ទៀង​ផ្ទាត់​ខ្លឹម​សារ​ដែល​អ្នក​ប្រើប្រាស់​ សរសេរ​ចុះផ្សាយ​ ថាពិត​ឬ​មិន​ពិត​ដែរ។ ចំណុច​នេះហើយ ដែលជា​ដើម​ជម្លោះ​រវាង Twitter និង លោក ដូណាល់ ត្រាំ ព្រោះ​ Twitter បាន​សម្រេច​ផ្ទៀងផ្ទាត់​សារ​លោកប្រធានាធិបតី ហើយ​ហ៊ាន​គូស​បង្ហាញ​ប្រាប់​អ្ន​កប្រើ​ប្រាស់​របស់ខ្លួនថា សារនោះ​មាន​ន័យ​ប្រាសចាកការពិត។

ជុំវិញ​រឿងនេះ សាស្ត្រាចារ្យ​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅសកលវិទ្យាល័យ​ Boston លោកស្រី Michelle Amazeen បានលើកឡើងថា Twitter ធ្វើ​នោះ​ត្រឹមត្រូវ ដើម្បី​ជួយ​លុប​បំបាត់​ព័ត៌មាន​ក្លែង​ក្លាយ។ ទោះយ៉ាងណាក្តី សាស្ត្រាចារ្យរូបនេះ បញ្ជាក់ដែរ ថា​ រាល់​បណ្តាញ​សង្គម គឺនៅតែ​មិនមែន​ជាប្រភព​ព័ត៌មាន​ ដែល​អាច​ជឿទុក​ចិត្តទាំងស្រុង​នោះទេ និងថា ការ​សិក្សា​ជាច្រើន​បង្ហាញថា ការ​ទទួល​ព័ត៌មាន​តាម​បណ្តាញ​សង្គមតែមួយ​មុខ​ គឺ​នាំ​ឱ្យ​អ្នកប្រើប្រាស់ អាច​នឹង​ទទួល​​ព័ត៌មាន​មិន​បាន​ត្រឹមត្រូវ និង​ គ្រប់​ជ្រុងជ្រោយ នោះឡើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ