អានតួអត្ថបទ

លោកដូណាល់ ត្រាំ ចេញ​ក្រឹត្យ សំដៅ​ដក​អភ័យឯកសិទ្ធិ​ដែល​ការពារ​ក្រុមហ៊ុន​បណ្តាញ​សង្គម

លោកដូណាល់ ត្រាំ បង្ហាញ​កាសែត​New york Post នៅសេតវិមាន ជាទីដែលលោក​បាន​ចុះ​ក្រឹត្យ​ សំដៅ ដកអភ័យឯកសិទ្ធិ​ពីក្រុម​ហ៊ុន​បណ្តាញសង្គម កាលពីថ្ងៃ​ព្រហស្បតិ៍ទី ២៩ ឧសភា ២០២០
លោកដូណាល់ ត្រាំ បង្ហាញ​កាសែត​New york Post នៅសេតវិមាន ជាទីដែលលោក​បាន​ចុះ​ក្រឹត្យ​ សំដៅ ដកអភ័យឯកសិទ្ធិ​ពីក្រុម​ហ៊ុន​បណ្តាញសង្គម កាលពីថ្ងៃ​ព្រហស្បតិ៍ទី ២៩ ឧសភា ២០២០ REUTERS - JONATHAN ERNST
ដោយ៖ ឈាង បុប្ផា
1 នាទី

ខឹងក្រោធ​នឹង​ក្រុមហ៊ុន​បណ្តាញ​សង្គម​Twitter នៅក្នុង​រឿង​លូកដៃផ្ទៀងផ្ទាត់ សំណេរ​Twitter​របស់​លោក កាលពី​ថ្ងៃ​ពុធ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ មួយ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ទទួល​ខុសត្រូវ​ផ្នែកច្បាប់ លើ​ខ្លឹមសារ​សរសេរ​របស់​អ្នកប្រើប្រាស់។ ក្រឹត្យ​ប្រធានាធិបតី​សំដៅ ចង់​ដក​អភ័យឯកសិទ្ធិ ដែល​ធ្លាប់​ការពារ ក្រុមហ៊ុន​បណ្តាញ​សង្គម ដូចជា​Facebook Twitter Youtube ជាដើម​ពីការទទួល​ផ្លូវផ្នែកច្បាប់​លើ​ការសរសេរ​ចុះផ្សាយ របស់​អ្នកប្រើប្រាស់។

ផ្សាយពាណិជ្ជកម្ម

តាម​ការប្រកាស​របស់ប្រធានាធិបតី​អាមេរិក ក្រឹត្យ​ដែល​លោក​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ម្សិលមិញ មានន័យ​ថា ក្រុមហ៊ុន​បណ្តាញ​សង្គម​នឹង​លែង​ទទួល​បាន​ការការពារ​ផ្នែកច្បាប់ នៅចំពោះមុខ​ការទទួល​ខុសត្រូវ​របស់ខ្លួន ដូច​មុនទៀតហើយ។ តាម​សេតវិមាន ក្រឹត្យ​ប្រធានាធិបតី គោលដៅ សើរើ​ឡើងវិញ ចំណុច​ទី​២៣០​នៃ​ច្បាប់​ស្តីពី​ការផ្សព្វផ្សាយ​នៃ​ភាពថ្លៃថ្នូរ ដែល​ផ្តល់​អភ័យឯកសិទ្ធិ ការពារ​ក្រុមហ៊ុន​បណ្តាញ​សង្គម ដូចជា Twitter Facebook Youtube និង Google ពីការប្តឹងផ្តល់​ផ្នែកច្បាប់ និង​ការទទួលខុសត្រូវ លើ​ខ្លឹមសារ​សរសេរ​របស់​អ្នកប្រើប្រាស់។ ចំណុច​ទី​២៣០ ចែង​ផងដែរ​ពីការផ្តល់សេរីភាព ដល់​ក្រុមហ៊ុន ដើម្បី​អន្តរាគមន៍ គ្រប់គ្រង​បណ្តាញសង្គម​របស់​ខ្លួន ទៅតាម​គោល​នយោបាយ​របស់​ក្រុមហ៊ុន។

ប៉ុន្តែ តាម​លោកដូណាល់ ត្រាំ គេ​ចាំបាច់​ត្រូវ​សើរើ ឡើងវិញ ច្បាប់​ដែលផ្តល់​សិទ្ធិពិសេស​ដល់​ក្រុមហ៊ុន​បណ្តាញ​សង្គម នៅពេលណា​ដែល ក្រុមហ៊ុន​បណ្តាញ​សង្គម​លូកដៃ ហ៊ាន​ចូល​ទៅ​កែប្រែ ត្រួតពិនិត្យ​ខ្លឹមសារ​សរសេរ​របស់​អ្នកប្រើប្រាស់។ ដោយ​បាន​លូកដៃ​ផ្ទៀងផ្ទាត់​សំណេរ​របស់​លោក នៅលើ​បណ្តាញ​Twitter កាលពី​ថ្ងៃ​ពុធ លោកដូណាល់ ត្រាំ​បាន​ចោទក្រុមហ៊ុន​បណ្តាញសង្គម​Twitter ថា មាននិន្នាការ​លំអៀង និង​ធ្វើ​សកម្មភាព​នយោបាយ។ សម្រាប់​ប្រធានាធិបតី​អាមេរិក​ក្រុមហ៊ុន​បណ្តាញ​សង្គម មានអំណាច​ច្រើនជ្រុល ដើម្បី​ត្រួតពិនិត្យ លាក់ ឬ​កែប្រែ​​ខ្លឹមសារ​ផ្សព្វផ្សាយ របស់​បុគ្គល​ទៅកាន់​សាធារណជន។ សម្រាប់​លោកដូណាល់ ត្រាំ វា​ជារឿងអយុត្តិធម៌ ដែល​គេ​មិនអាច​បន្ត​ឲ្យ​អនុវត្ត​តទៅទៀត​បានទេ។

លោកប្រធានាធិបតី​អាមេរិក អះអាងរួចហើយថា រដ្ឋបាល​របស់​លោកត្រៀមរួចហើយ សម្រាប់​ការប្តឹងផ្តល់​នៅតុលាការ នៅក្រោយ ការចេញក្រឹត្យ​សំដៅ​រៀបចំ​ច្បាប់​គ្រប់គ្រង ​ក្រុមហ៊ុន​បណ្តាញសង្គមលើកនេះ។

ក្រុមហ៊ុន​Twitter វិញ នៅមិនទាន់​មាន​ប្រតិកម្ម​អ្វី​ទៅ​នឹង​ការបង្កើត​ក្រឹត្យ​ប្រធានាធិបតី ដែល​សំដៅ​រឹតបន្តឹង ក្រុមហ៊ុន​បណ្តាញ​សង្គម​នៅឡើយទេ។ ដើរផ្ទុយ​ពី​ការបន្ថយ​ភាពតានតឹង​ជាមួយ​ប្រធានាធិបតី​អាមេរិក ក្រុមហ៊ុន​Twitter បាន​ដុតកំហឹង​ម្តង ដោយ​បាន​បិទបាំង សារ​មួយ​ទៀត របស់​លោកត្រាំ នៅ​លើ​បណ្តាញ Twitterកាលពី​ថ្ងៃ​ព្រហស្បតិ៍។ ដោយធ្វើដូច្នេះ គេ​មិនអាច​ចុច Like ឬ​ចែកចាយ​បន្ត សារ Twitter របស់​លោកដូណាល់ ត្រាំ​បានទេ។

សារTwitter របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅថ្ងៃទី ២៩​ឧសភា ត្រូវ​បាន​ក្រុមហ៊ុន​Twitter បាំង មិនឲ្យ​គេ​អាច​ចុច​Like ឬ ចែកបន្តបានទេ
សារTwitter របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅថ្ងៃទី ២៩​ឧសភា ត្រូវ​បាន​ក្រុមហ៊ុន​Twitter បាំង មិនឲ្យ​គេ​អាច​ចុច​Like ឬ ចែកបន្តបានទេ via REUTERS - SOCIAL MEDIA

តាម​Twitter សារ​របស់លោកដូណាល់ ត្រាំ ដែល​និយាយ​ពី​អំពើហិង្សា ដុត ទីស្នាក់ការ​ប៉ូលិស Minneapolis នៅ​រដ្ឋ Minnesota នៅក្រោយ​​មរណភាព​របស់​ជនជាតិ​អាមេរិកាំង​ស្បែកខ្មៅ បាន​រំលោភ​ច្បាប់​របស់​Twitter ដោយសារ​វា​មាន​លក្ខណៈ ញុះញង់​ឲ្យ​មាន​ការប្រព្រឹត្ត​អំពើហិង្សា។

ប៉ុន្តែ ជាជាង​លុបចោល ឬ​ព្យួរគណនី ដូចដែល​ក្រុមហ៊ុន​Twitter តែងធ្វើ​ទៅលើ​អ្នកប្រើប្រាស់​ដទៃ​ផ្សេងទៀត ក្រុមហ៊ុន​Twitter បានត្រឹមតែ បិទបាំង មិនបង្ហាញ សារTwitter របស់លោកដូណាល់ ត្រាំ និង​បាន​ព្រមានពីខ្លឹមសារ បើសិន​គេ​ចង់​ចុចទៅ​ចូលមើល​សារ​របស់​លោកដូណាល់ត្រាំ។

ក្រឹត្យ​ប្រធានាធិបតី សំដៅ​សើរើ​ឡើងវិញ​ច្បាប់​ពិសេស​មួយ ដែល​ផ្តល់​អភ័យឯកសិទ្ធិ និង​ការពារ​ក្រុមហ៊ុន​បណ្តាញសង្គម ដូចជា​Facebook Twitter ពី ការចោទប្រកាន់​ផ្លូវច្បាប់ និង​ការទទួល​ខុសត្រូវ​ទាំងឡាយ លើ​ខ្លឹមសារ​សររសេរ​របស់​អ្នកប្រើប្រាស់។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ