អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ច្បាប់សន្តិសុខជាតិ​នៅ​ហុងកុង៖ លោកដូណាល់ ត្រាំ​ដាក់ទណ្ឌកម្ម​​ថ្មីប្រឆាំង​ចិន

សំឡេង ០៧:៣៧
ឈរ​អម​ដោយ​ប្រមុខការប្រទេស និង​រដ្ឋមន្រ្តី​សេដ្ឋកិច្ច លោកប្រធានាធិបតី​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​​ថ្មី​លើ​ចិន ដោយសារ​ច្បាប់​សន្តិសុខ​ជាតិ​ដ៏ចម្រូងចម្រាស​ដែល​ចិនគ្រោង​អនុវត្ត​នៅទីក្រុង​ហុងកុង
ឈរ​អម​ដោយ​ប្រមុខការប្រទេស និង​រដ្ឋមន្រ្តី​សេដ្ឋកិច្ច លោកប្រធានាធិបតី​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​​ថ្មី​លើ​ចិន ដោយសារ​ច្បាប់​សន្តិសុខ​ជាតិ​ដ៏ចម្រូងចម្រាស​ដែល​ចិនគ្រោង​អនុវត្ត​នៅទីក្រុង​ហុងកុង © REUTERS - JONATHAN ERNST摄影
ដោយ៖ ឈាង បុប្ផា

ប្រធានាធិបតី​អាមេរិក នៅថ្ងៃ​សុក្រទី​២៩ ឧសភា បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ចិន ដែល​អាមេរិក ចោទ​ប្រកាន់​ថា បាន​រំលោភ​កិច្ចព្រមព្រៀង​ស្តីពី​តំបន់ស្វយ័ត​ហុងកុង តាមរយៈ ការអនុម័ត​ច្បាប់​ដ៏ចម្រូងចម្រាស​ស្តីពី​សន្តិសុខ​ជាតិ។ ដោយ​លែង​ចាត់ទុក​ហុងកុង​ជា​ដែនដី​ស្វយ័ត ដូចមុន ប៉ុន្តែ ស្ថិតក្រោម​ការគ្រប់គ្រង​ផ្តាច់មុខ​របស់​ចិន រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​សម្រេច​ដកហូត ​ឋានៈ​ជា​ដែនដី​ពិសេស​ពី​ទីក្រុងហុងកុង និង​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី ចិន និងមន្រ្តី​ហុងកុង ដែលវ៉ាស៊ីនតោន​វាយតម្លៃថា បាន​ចូលរួម បំផ្លិចបំផ្លាញ ស្វ័យភាព​របស់ហុងកុង។

ផ្សាយពាណិជ្ជកម្ម

ដូច​ការប្រកាស​ទុកមុន លោកដូណាល់ ត្រាំ នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​សម្រេច​ដក​ឋានៈ​ដែនដី​ពិសេស ​ពីទីក្រុង​ហុងកុង នៅ​បន្ទាប់ពី​ចិន​បាន​អនុម័ត​ច្បាប់​ពី​សន្តិសុខ​ជាតិ។ ច្បាប់​សន្តិសុខជាតិ​ដែល​អាមេរិក​វាយតម្លៃថា នឹង​អាច​ចិន​យកទៅប្រើ​ដើម្បី បំផ្លាញ សិទ្ធិសេរីភាព បញ្ចេញមតិ នៅហុងកុង។ ដោយសារ​តែ​រឿង​ហុងកុង ប្រធានាធិបតី​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​ជាច្រើន ប្រឆាំង​នឹង​ចិន។

នៅក្នុង​សន្និសីទកាសែត នៅសេតវិមាន កាលពីថ្ងៃសុក្រ លោកដូណាល់ ត្រាំ បាន​វាយប្រហារ​ចិន តាំង​ពីរឿង ចារកម្ម ការលួច​បច្ចេកវិទ្យាអាមេរិក រហូត ដល់ ការអនុម័តច្បាប់​សន្តិសុខជាតិ ដែល​អាមេរិក​ចាត់ទុក​ជា​ឧបករណ៍​សម្លាប់​សេរីភាព​របស់​ទីក្រុង​ហុងកុង ជា​សោកនាដកម្ម​មួយ​សម្រាប់​ប្រជាជន​ហុងកុង ប្រជាជន​ចិន។

ទីក្រុង​ប៉េកាំង​នៅមិនទាន់​មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ការសម្រេច​របស់​លោកដូណាល់ ត្រាំ​នៅឡើយទេ ប៉ុន្តែ កាលពីថ្ងៃ​សុក្រ នៅ​ប៉ុន្មានម៉ោង​មុន​ការប្រកាស​របស់​លោកដូណាល់ ត្រាំ អ្នកតំណាងចិន នៅអង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ប្រាប់​អាមេរិក និង​អង់គ្លេស កុំ​ឲ្យ​លូកដៃ ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។

នៅក្នុង​សន្និសីទវីដេអូ នៅក្រុមប្រឹក្សា​សន្តិសុខ កាលពី​ថ្ងៃ​សុក្រ អង់គ្លេស និង​អាមេរិក បាន​អំពាវនាវ​ឲ្យ​ចិន ពិចារណា ឡើង​វិញ ពីក្តីបារម្ភ​របស់អន្តរជាតិ ទាក់ទង​នឹង​អនាគត​តំបន់ស្វយ័ត​ហុងកុង នៅក្រោយ ការអនុម័តច្បាប់​ស្តី​ពី​សន្តិសុខជាតិ។

លោកដូណាល់ ត្រាំ ដកហុងកុង​ចេញពី​ឋានៈដែនដីពិសេស

សម្រាប់​ប្រធានាធិបតី​អាមេរិក នៅពេល​ចិន ចូល​លូកដៃ​ក្នុង​កិច្ចការសន្តិសុខ​ហុងកុង​យ៉ាងដូច្នេះ ហុងកុង លែង​ឯករាជ្យ ស្វយ័ត ដើម្បី​អាច​រក្សា​ឋានៈ​ជាដែនដី​ពិសេស ដែល​អាមេរិក​ធ្លាប់​ផ្តល់​ឲ្យ​ទៀត​ហើយ។

ជាលទ្ធផល លោកដូណាល់ ត្រាំ បាន​អះអាងថា លោក​បាន​បញ្ជា​ឲ្យ​មន្រ្តី​របស់​លោក ចាប់ផ្តើម​ដំណើរការ​ដកហុងកុង​ពី​ឋានៈ​ដែនដី​ពិសេស និងបញ្ឈប់​រាល់​គោលនយោបាយ​ពិសេស​ដែល​អាមេរិក​ធ្លាប់មាន​សម្រាប់​ហុងកុង។ តាម​លោកដូណាល់ ត្រាំ វិធានការ​របស់​លោក​នឹង​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ដែល​អាមេរិក​មាន កន្លងមក ជាមួយ​ហុងកុង ដែល​មាន​តាំង​ពី​កិច្ចព្រមព្រៀង​ស្តីពី​ការធ្វើបត្យាប័ន ការដោះដូរ ពាណិជ្ជកម្ម ការគ្រប់គ្រង​ការនាំចេញ ដោយ​ដោយ​ប្រើ​បច្ចេកវិទ្យារួមគ្នា ហុងកុង អាមេរិក ហើយ​និង​ការធ្វើដំណើរ ជាដើម។

អាមេរិក​ផ្អាក​ឈប់ផ្តល់​ទិដ្ឋាការ​និស្សិត អ្នកស្រាវជ្រាវចិន ដែល​គ្រោះថ្នាក់​សម្រាប់​សន្តិសុខជាតិ​អាមេរិក

ក្រៅពី​ដក​សិទ្ធិ​ពិសេស​ពីហុងកុង ដើម្បី​ដាក់សម្ពាធ​លើ​ទីក្រុង​ប៉េកាំង រដ្ឋបាល​លោកដូណាល់ ត្រាំ នៅបាន​ប្រកាស​ទណ្ឌកម្ម​ផ្សេងទៀត លើ​ទីក្រុង​ប៉េកាំង ដូចជា​ការដាក់​ទណ្ឌកម្ម​លើ​មន្រ្តីចិន និង​មន្រ្តី​ហុងកុង ណា​ដែល​អាមេរិក​វាយតម្លៃថា បាន​ចូលរួម​បំផ្លាញ​សិទិ្ធសេរីភាព និងស្វ័យភាព​របស់​ទីក្រុង​ហុងកុង។

នៅថ្ងៃ​សុក្រម្សិលមិញ លោកដូណាល់ ត្រាំ បាន​សម្រេចផងដែរ បិទព្រំដែន​សម្រាប់​ជនជាតិ​ចិន ដែល​អាមេរិក​ចាត់ទុក​ជា គ្រោះថ្នាក់ សម្រាប់​សន្តិសុខ​ជាតិ​អាមេរិក។ នៅ​ក្រោយ ការប្រកាស​របស់​លោកដូណាល់ ត្រាំ សេតវិមាន​បាន​ចេញ​សេចក្តីថ្លែងការណ៍ ហាម​មិន​ឲ្យ​និស្សិត បណ្ឌិត និង​អ្នកស្រាវជ្រាវ​ចិន​ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក ចាប់ពីថ្ងៃ​ចន្ទ ដើមសប្តាហ៍​ក្រោយនេះ។ វិធានការ​នេះ​នឹង​អាច​ប៉ះពាល់​ទៅដល់​និស្សិត និង​អ្នកស្រាវជ្រាវ​ចិន ​៣៥០ ០០០​នាក់ ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​សិក្សា​នៅអាមេរិក​រៀងរាល់​រាល់ឆ្នាំ។ នៅក្នុងសេចក្តីប្រកាស​របស់​សេតវិមាន គេ​បាន​សរសេរ​ថា អនុញ្ញាត​ឲ្យ​សិស្ស​ចិន ទៅ​សិក្សា និង​ស្រាវជ្រាវ នៅអាមេរិក​នឹង​អាច​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​អាមេរិក។

នៅថ្ងៃ​សុក្រ លោកដូណាល់ ត្រាំ នៅបាន​ចោទខ្លាំងៗ​ថា និស្សិត​ចិន ដែល​អាច​ជា​ចារកិច្ច​របស់​បក្សកុម្មុយនិស្ត​ចិន បាន​ចូលទៅ​រៀន លួច​យក​បច្ចេកវិទ្យា​របស់​អាមេរិក។ ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញា និង​បច្ចេកវិទ្យា អាមេរិក តាំង​ពី​ឆ្នាំ ២០១៨ បាន​រឹតត្បឹត ក្នុងការផ្តល់​ទិដ្ឋាការ​ដល់​សិស្ស​ចិន ដែល​ចង់ទៅ​នៅផ្នែក​អាកាសចរណ៍ មនុស្ស​យន្ត និង​ឧស្សាហកម្ម​ឈានមុខ ដែល​សុទ្ធសឹង​ជា​វិស័យ សំខាន់​ទាក់ទង​នឹង​សន្តិសុខជាតិ​អាមេរិក។

ដំណោះស្រាយ របស់​លោកដូណាល់ ត្រាំ នឹង​ជួយ ឬ​រុញច្រាន​ហុងកុង ទៅក្នុង​វិបត្តិ

ដោយ​ដកឋានៈដែនដីពិសេស​ពីហុងកុង អាមេរិក​នឹង​ឈប់​ផ្តល់​អនុគ្រោះពន្ធ ឬ​ការធ្វើដំណើរ ដែល​អាមេរិក​ធ្លាប់​តែ​អនុវត្ត​កន្លងមក​ជាមួយ​ប្រជាជន​ហុងកុង។ ដូច្នេះ នេះ​មិនមែន​ជាដំណោះស្រាយ​ល្អ សម្រាប់​ហុងកុង​នោះទេ។ ជាពិសេស សម្រាប់​ប្រជាជន​ហុងកុង​តែម្តង ដែល​នឹង​ត្រូវប្រឈម​នឹង​វិធានការ​រឹតត្បិត របស់​អាមេរិក ទៅលើ​អ្នកដំណើរ​ចេញពីទីក្រុង​ហុងកុង។

អាមេរិក​ឈប់​ផ្តល់​សិទ្ធិពិសេស​ដល់​ទីក្រុង​ហុងកុង នៅក្នុង​ការអនុគ្រោះពន្ធ ឈប់​អនុវត្ត​កិច្ចព្រមព្រៀង ស្តីពីធ្វើ​បត្យាប័ន។ វិធានការ​ទាំងនេះ នឹង​មិនជួយ​ដោះស្រាយ​បញ្ហា​របស់​ហុងកុង នោះទេ។ ផ្ទុយទៅវិញ គឺមាន រុញច្រាន ហុងកុងឲ្យ​កាន់តែ​ធ្លាក់​ជ្រៅ ទៅក្នុង​ដៃ​របស់​ចិន។ គេ​វាយតម្លៃ​ហើយថា វិធានការ​របស់​អាមេរិក​ទៅលើ​ហុងកុង នឹង​ធ្វើ​លក្ខន្តិកៈ​របស់ហុងកុង កាន់តែ​ធ្លាក់ចុះ​អាក្រក់ ព្រោះ​វា​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅលើ​សេដ្ឋកិច្ច របស់ហុងកុង​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ នៅក្នុង​តំបន់។

ហុងកុង ដែល​កំពុង​ប្រឈម​រួចហើយ​នឹង​ការដាក់សម្ពាធ​ពី​ទីក្រុង​ប៉េកាំង គួរ​តែ​បាន​ការជួយជ្រោមជ្រែង ពីអន្តរជាតិ ពីអាមេរិក ប៉ុន្តែ មិនមែន​ត្រូវ​អាមេរិក​បោះបង់ចោល តាមរយៈ​ការដកសិទ្ធិពិសេស ដែល​ធ្លាប់​ជួយ ចំរុងចំរើន ធ្វើ​ឲ្យ​ហុងកុង​ក្លាយ​ជា​តំបន់សេដ្ឋកិច្ច ដ៏សំខាន់ ទី​៣នៅក្នុង​ពិភពលោក បែបនេះទេ។ គេ​វាយតម្លៃហើយថា ប្រសិន​បើ​ក្រុមហ៊ុន​សហគ្រាស​និង​អាជីវកម្ម​ ផ្លាស់ទី​ស្នាក់ការ​កណ្តាល ដោយសារ​តែ ទណ្ឌកម្ម​​របស់​អាមេរិក​ទៅលើ​ហុងកុង នោះ អ្នកដែល​ទទួល​បាន​ផលចំណេញ​ពីរឿងនេះ អាចជា​ប្រទេស​សិង្ហបុរី ចំណែក​ប្រជាជន​ហុងកុង ផ្ទាល់​គឺ​មានតែ​ខាតបង់​ប្រយោជន៍ សេដ្ឋកិច្ច នៅពេល​ឃើញ ក្រុមហ៊ុន​បរទេស រើ​ចេញ​ពីទឹកដី​ហុងកុង។

ទណ្ឌកម្ម​លើ​ចិន ​នឹង​មិន​ធ្វើ​ឲ្យ​ចិន​ផ្លាស់ប្តូរជំហរ​លើ​ហុងកុង

ពិតណាស់ថា ហុងកុង​ ជា​ច្រក​សេដ្ឋកិច្ច​សំខាន់ ដែល​ជួយ​ឲ្យ​ចិន​អាច​ចូលប្រលូក​ក្នុង​ទីផ្សារ​សេដ្ឋកិច្ចពិភពលោក។ ចិន​តែងប្រើប្រាស់​ហុងកុង ជាឈ្មួញកណ្តាល​សម្រាប់​ធ្វើជំនួញ​ជាមួយ​ក្រុមហ៊ុន បរទេស ធនាគារ​បរទេស ចូលប្រើ​រូបិយបណ្ណអន្តរជាតិ។ ប៉ុន្តែ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ហុងកុង មិនមែន​ជា​ផ្លូវដើរ​ផ្តាច់មុខ តែមួយ ដែល​ចិន​ ទៀតនោះទេ។ ការពឹងផ្អែក​របស់​ចិន​ទៅលើ​ហុងកុង​បាន​ថយចុះ ពី ៤៥ភាគរយ នៅ​ឆ្នាំ ១៩៩២ មក​នៅ​ត្រឹម​ជាង ១០ភាគរយ ប៉ុណ្ណោះ នៅ​ឆ្នាំមុន។ ចិន​សព្វថ្ងៃ ដែល​បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី២ បាន​ពង្រីក​ទីក្រុង​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់ខ្លួន ដូចជា សៀងហៃ ជាដើម។

ទណ្ឌកម្ម​របស់​លោកដូណាល់ ត្រាំ ទៅលើ​ចិន លើកនេះ ទំនង​មិនធ្វើ​ឲ្យ​ចិន ផ្លាស់ប្តូរជំហរ​របស់​ប្រធានាធិបតី​ចិន នោះទេ។ ផ្ទុយទៅវិញ វិធានការ​របស់​លោកដូណាល់ ត្រាំ នឹង​អាច​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​វាយបក វិញ តាមរយៈ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដែរ ដែលនឹង​ប៉ះពាល់​ដោយផ្ទាល់ ដល់​ក្រុមហ៊ុន​អាមេរិក ដែល​ធ្វើ​ជំនួញ ជាមួយ​ហុងកុង ជាដើម។ អាមេរិក​នាំចូលទំនិញ ទៅហុងកុង ដល់​ទៅ​៣០ពាន់លាន​ដុល្លារ ចំណែក​ហុងកុង នាំចេញ​ទំនិញទៅអាមេរិក​តែ ៥ពាន់លានដុល្លារ​ប៉ុណ្ណោះ។ ប្រសិន​បើ​ចិន ចូល​គ្រប់គ្រង​ហុងកុង នឹង​ចង់​សងសឹក​អាមេរិក នោះចិន​នឹង​អាច​ដំឡើងពន្ធ លើទំនិញ​អាមេរិក​នាំចូលទៅហុងកុង ដែល​នឹង​ធ្វើ​ឲ្យ​អាមេរិក​ខាតធ្ងន់តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ