អានតួអត្ថបទ

យានអវកាស​របស់​SpaceX បានទៅតភ្ជាប់ ដោយជោគជ័យ​ស្ថានីយ៍​អវកាស​អន្តរជាតិ

យានដឹកអវកាសយានិកអាមេរិកាំង បានទៅតភ្ចាប់ស្ថានីយ៍អវកាស​អន្តរជាតិកាលពីថ្ងៃ​អាទិត្យ ទី​៣១ ឧសភា
យានដឹកអវកាសយានិកអាមេរិកាំង បានទៅតភ្ចាប់ស្ថានីយ៍អវកាស​អន្តរជាតិកាលពីថ្ងៃ​អាទិត្យ ទី​៣១ ឧសភា © REUTERS - STEVE N
ដោយ៖ ឈាង បុប្ផា
១០ នាទី

បន្ទាប់​ពី​ចាកចេញពីផែនដី កាលពី​ថ្ងៃ​សៅរ៍ យានអវកាស​របស់​ក្រុមហ៊ុន​អវកាស​អាមេរិក SpaceX ដែល​មាន​ដឹកអវកាសយានិក ពីររូប បាន​ទៅតភ្ជាប់ ដោយ​ជោគជ័យ ស្ថានីយ៍ អវកាស​អន្តរជាតិ មុនកាលកំណត់ កាលពី​ថ្ងៃ​អាទិត្យ។

ផ្សាយពាណិជ្ជកម្ម

យានអវកាស​ដឹក​អវកាសយានិក អាមេរិកាំង ទាំងពីររូប Douglas Hurley និង​Robert Behnken បាន​តភ្ជាប់ ស្ថានីយ៍​អវកាស អន្តរជាតិ នៅ​ម៉ោង ២ និង​១៦​នាទី​រសៀល នៅ​កំពស់​៤២២​គីឡូម៉ែត្រ​ពីផែនដី នៅលើ​ចន្លោះ រវាង​ភាគខាងជើង ប្រទេស​ចិន និង​ប្រទេស​ម៉ុងហ្គោលី។

នៅថ្ងៃ​អាទិត្យ អវកាសយានិក​អាមេរិកាំង​ទាំងពីររូប​ដែល​មាន​ពេលសម្រាក ៩ម៉ោង នៅក្នុងយាន​នឹង​អាច​ធ្វើការ នៅថ្ងៃ​អាទិត្យ ជាមួយ អវកាសយានិក​រុស្ស៊ី ២រូប និង​អាមេរិកាំង​១រូប ដែល​ចាំទទួល​ពួកគេ នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ។ នៅក្នុង​ស្ថានីយ៍​អវកាសអន្តរជាតិ អវកាសយានិក​អាមេរិកាំង​ទាំងពីររូប ទាមទារ​យក​ទង់ជាតិ​អាមេរិក ដែល​ក្រុមអវកាសយានិក​អាមេរិក បានទុកចោល នៅស្ថានីយ៍ កាលពីឆ្នាំ២០១១ គឺ​នៅពេល​អាមេរិក​បញ្ជូនយាន ដឹក​អវកាសយានិក​របស់ខ្លួន ជាលើកចុងក្រោយ ទៅកាន់ស្ថានីយ៍​អវកាស។

នេះជា​លើកទី ១ នៅក្នុង​ប្រវត្តិ​អវកាស​អន្តរជាតិ ដែល​យានអវកាស​ដឹក​មនុស្ស​ទៅក្នុង​ទីអវកាស​ផលិត កសាង​ដោយ​ក្រុមហ៊ុន​ឯកជន។ បេសកកម្ម​បាញ់បង្ហោះ កាលពី​ថ្ងៃ​សៅរ៍ គឺ​ជា​ការសាកល្បង ធ្វើតេស្ត ម៉ាស៊ីន​របស់​SpaceX។ អវកាសយានិក​អាមេរិកាំង​ទាំងពីររូប នឹង​រាយការណ៍​ប្រាប់​ទីភ្នាក់ងារណាសា និង​វិស្វករ របស់​ក្រុមហ៊ុន​SpaceX ពីអ្វីដែលដំណើរការ និង​អ្វី​ដែល​មិន​ដំណើរការ​នៅក្នុង​យាន​របស់​ SpaceX។ នៅក្នុង​ដំណើរ​ទៅកាន់​ស្ថានីយ៍​អវកាស​កាលពី​ថ្ងៃ​អាទិត្យ រាល់ការបញ្ជា​ម៉ាស៊ីន កុំព្យូទ័រ ត្រូវ​ធ្វើឡើង​ដោយ​ស្វួ័យប្រវត្តិ។ អវកាសយានិក គ្រាន់តែ​ត្រូវ​អន្តរាគមន៍ ម្តងម្កាល ក្នុងករណី​មាន​បញ្ហា​តែប៉ុណ្ណោះ។

ក្នុង​ករណី​ការបាញ់សាកល្បង លើកនេះ បានទទួលជោគជ័យ ទីភ្នាក់ងារ ណាសា ដែល​ចុះ​កិច្ចសន្យា ជាមួយ ក្រុមហ៊ុន SpaceX កាលពី ៩ឆ្នាំមុន នឹង​បោះជំហាន​ទៅដំណាក់កាល​ទី ២ នៃ​កិច្ចសន្យា ដែល​មានទឹកប្រាក់ ២៦០០​លាន​ដុល្លារ ដែលនៅក្នុង​នោះ ណាសា នឹង​ជួល​យានអវកាស​របស់​ SpaceX​ធ្វើ​ជា​យានតាក់ស៊ី ដឹក​អវកាសយានិក​អាមេរិកាំង ពីទឹកដី​អាមេរិក ទៅកាន់ ស្ថានីយ៍អវកាស​អន្តរជាតិ ជាថ្មីម្តងទៀត ដែល​នឹង​អាច​កើតឡើង នៅ​ខែ​សីហា​ខាងមុខ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ