អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាជ្ញាធរអាមេរិកដាក់បម្រាមគោចរ តែបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍ នៅតែបន្តរីកធំ

សំឡេង ០៧:០៦
Manifestantes en Minneapolis, Minnesota, durante una protesta por la muerte del afroestadounidense George Floyd bajo custodia de policías blancos.
Manifestantes en Minneapolis, Minnesota, durante una protesta por la muerte del afroestadounidense George Floyd bajo custodia de policías blancos. AFP
ដោយ៖ ហេង ឧត្តម

នៅសហរដ្ឋអាមេរិក អាជ្ញាធរក្រុង ចំនួន២៥ក្រុង បានដាក់បម្រាមគោចរ ខណៈ​បាតុកម្មហិង្សា ប្រឆាំងការរើសអើងពូជសាសន៍ រីក​រាលដាលទៅកាន់ក្រុង កាន់តែច្រើនឡើងៗ។ ទោះបីជា បម្រាមគោចរចូលជាធរមានហើយក្តី តែហ្វូងបាតុករនៅតែមិនព្រមគោរព ហើយនៅតែធ្វើបាតុកម្ម សម្តែងកំហឹង រហូតដល់យប់ជ្រៅថែមទៀត ដោយមានការដុតឡាននិងហាងទំនិញខ្លះផង ហើយមានការប្រឈមមុខដាក់គ្នាមួយប៉ូលិស។

ផ្សាយពាណិជ្ជកម្ម

​តុល្យការចុងក្រោយនៃបាតុកម្ម​ក្នុង​សប្តាហ៍

នៅ​ញូវយក មនុស្ស​ជាង​២០០នាក់​ ត្រូវ​ចាប់​ឃាត់​ខ្លួន​ក្រោយ​​ប៉ះទង្គិច​ហិង្សា​ជាមួយ​ប៉ូលិស។ ប៉ូលិស​ យ៉ាងហោច ៥នាក់ នៅ​ Los Angeles ត្រូវ​របួស និង​មនុស្ស​ជាច្រើន​រយ​នាក់​ត្រូវឃាត់ខ្លួន។ ក្រុង​ Seattle នៃរដ្ឋ​ Washington​ មនុស្ស​ជិត​៣០នាក់ ត្រូវ​ឃាត់ខ្លួន។​ បណ្តា​រដ្ឋ​និងក្រុង​ផ្សេងៗទៀត មាន​ឡាន​នគរបាល​ មួយ​ចំនួន ​ត្រូវ​ភ្លើង​ឆេះ។ ឡាន​ប៉ូលិស​នៅក្រុង ​Atlanta បែកកញ្ចក់ ​ព្រោះតែ​ដប​ស្រា។ កញ្ចក់​នៃហាង​ទំនិញខ្លះ ត្រូវវាយបំ​បែក ហើយ​និងហាងខ្លះ​ត្រូវ​ដុតឆេះ​​ផង។

យប់ឈានចូល​ថ្ងៃអាទិត្យ​ ​រដ្ឋ​មួយ​ចំនួន​ដាក់​បម្រាមគោចរ ហើយ​រដ្ឋ Minnesota ចូល​ជា​ធរមាន​នៅ​ម៉ោង​៨យប់ តែ​បាតុករ​មិន​ព្រម​ស្តាប់​តាម​ឡើយ។ ទីនេះដែល​ផ្ទុះ​ឡើង​កំហឹង​តវ៉ា​មុន​គេ ព្រោះតែ​ប៉ូលិស​ស្បែកស សង្កត់ក​បុរសស្បែក​ខ្មៅម្នាក់ ដោយ​យក​ជង្គង​់ទល់ក​នឹងដី ចំនួន​៨នាទី បណ្តាល​ឱ្យ​បុរសស្បែក​ខ្មៅ​ ស្លាប់ នៅទីបំផុត។ ហេតុការណ៍​នេះ កើតពី​ថ្ងៃចន្ទ ដែល​បង្ក​ជាក្តី​ខឹងសម្បារ​រហូត​ដល់​បាតុកម្ម​ឆេះឡើង​។  ក្នុង​បាតុកម្ម​ពេញ​មួយ​សប្តាហ៍​នេះ មាន​បុរសម្នាក់​ត្រូ​វ​បាត់​បង់​ជីវិត​ដែរ។​

នៅក្រុង​ Minneapolis រដ្ឋ Minnesota  នេះ ​ គឺ​អាជ្ញាធរ​និងប៉ូលិស​ ស្ទើរតែ​ទប់​ទល់​ស្ថានការណ៍​លែង​​បានហើយ ទើប​អភិបាល​រដ្ឋ​​សុំ​ជំនួយ​យោធា​ពិសេស​​ ចំនួន​១ម៉ឺន​៣ពាន់​នាក់​បន្ថែម​ ពីក្រសួង​ការពារជាតិ។​អភិបាល​រដ្ឋ បញ្ជាក់ថា ស្ថានភាព​ពេល​នេះ វា​មិន​ពាក់​ព័ន្ធ​នឹង​ការ​ទាមទារ​យុត្តិធម៌​សម្រាប់​ ចច ហ្វឡយ នោះទេ តែ​វា​ហួស​ព្រំដែន ហើយ​ដែល​បាន​បង្កការ​ភ័យខ្លាច និងអស្ថិរភាព​នៅ​បណ្តា​ក្រុង​ជាច្រើន​ នៅអាមេរិក​។

បាតុកម្មប្រឆាំងនឹងការរើសអើងពណ៌សម្បុរ  លើកនេះ  រីកធំជាង លើកមុនៗ។ តើមូលហេតុអ្វី?

ករណី​ស្រដៀង​គ្នា​នេះ ធ្លាប់​កើត​ម្តង​ហើយ នៅ​ក្រុង ញូវយក កាល​ឆ្នាំ​២០១៤ ដែល​បុរស​ស្បែក​ខ្មៅ​ម្នាក់ បាន​ស្លាប់​ក្រោម​ដៃ​ក្រុម​ប៉ូលិស​ស្បែកស ដែល​ការ​ស្លាប់​នោះ ស្ថិត​នៅក្នុង​ពេល​ចាប់ខ្លួន​ ដូច​ករណី​បុរសស្បែក​ខ្មៅ ចច ហ្វឡយ លើកនេះដែរ។ តែលើកនេះ បាតុកម្ម​ធំជាង ច្រើន​ជាង ហើយ​ក៏​មាន​ហិង្សាច្រើន​​ជាងដែរ។ ហេតុអ្វី? គេ​មិនអាច​ផ្តល់​ហេតុ​ផល​១ ត្រឹមត្រូវគ្រប់​ជ្រុងជ្រោយ តែ​យើងអាច​សិក្សា​ពីកត្តា​ច្រើន​។​

​​អ្នក​វិភាគមួយ​ចំនួន យល់ថា ទី១ ហាក់​ទំនង​មកពី​ពួក​បាតុករ ​ធុញថប់​ខ្លាំង ដោយសារតែ​វិធាន​ការ​បិទខ្ទប់ ឱ្យ​សម្ងំ​នៅផ្ទះ​ ព្រោះតែ​មេរោគកូវីដ​១៩។ ម្នាក់​ៗ​ស្ត្រេសពេក តែមូលហេតុ​នេះ អាច​ជា​ចំណែក​មួយ តែ​មិនទាន់​ត្រូវស្នូល​នៃបញ្ហា​​នោះដែរ។​

ទី២ គឺ​សារ​​​ញុះញង់​បញ្ចេះ​កំហឹង របស់​ថ្នាក់ដឹកនាំ​​នយោបាយ។ ប្រធានាធិបតី​ស្បែក​ស លោក​ ដូណាល់ ត្រាំក៏​មិន​ជាអ្នក​និយម​ក្រុម​ស្បែកខ្មៅ​ប៉ុន្មានដែរ ហើយលោក ត្រាំ ​ធ្លាប់​ដឺដង​រិះគន់​ដាក់​ផ្លែផ្កា​សម្បើម​ណាស់​ ចំពោះលោក អូប៉ាម៉ា ជាអតីតប្រធានាធិបតី​ស្បែក​ខ្មៅ​។​ អតីត​អនុប្រធានាធិបតី​ជំនាន់ អូប៉ាម៉ា, លោក ចូ បាយដិន ​រិះគន់ថា ​មួយ​ចំណែកនៃហិង្សា​លើក​នេះ ​ដោយ​សារតែ​ការ​សរសេរ​សារ​បញ្ចេះកំហឹង​ការ​ញុះញង់​។ ជាបេក្ខជនប្រធានា​ធិបតីប្រជែងនឹងលោកត្រាំនៅឆ្នាំនេះ  លោក បាយដិន ​មិន​និយាយ​ឱ្យ​ចំ​ទេ តែគេអាច​យល់​បាន​ថា លោក​ចង់​សំដៅដល់​ការ​សរសេរសារ​លើធ្វីទ័រ​របស់​​​លោក ត្រាំ។ ពាក្យ​មួយ​ឃ្លា  យើង​គួរ​យក​មក​បង្ហាញ គឺលោក ត្រាំ ធ្លាប់​ព្រលយថា «ប្រសិន​បើ​ពួក​ក្រុម​កុបករ​ ក្រុម​បាតុករហិង្សា ផ្តើម​​កាន់តែបង្កខ្លាំង យើង(ប៉ូលិស) នឹង​ផ្តើម​បាញ់​​ដែរ។» ឃ្លា​នេះ ជាសម្តី​ចាស់​យូរឆ្នាំហើយ  គេ​និយម​ប្រើ​នៅឆ្នាំ​១៩៦០​។ ​ពាក្យ​នេះ ត្រូវ​លោក ត្រាំប្រើ ទំនងជាការ​ចង់​គំរាម​ផង ប៉ុន្តែ វា​មិន​ជាការ​ព្រមានស្រាលទេ តែបែរ​ជា​​បង្កជារ​ខឹង​សម្បារ​ទៅវិញ។​

«បាតដៃទី៣?» ជនខិលខូច​លូកដៃ?

ការ​ផ្សាយ​របស់កាសែតស៊ីអ៊ិនអ៊ិន ​បានលើក​ឡើងពីលទ្ធភាព​ ដែល​បរទេស​លូក​ដៃ​បញ្ឆេះ​កំហឹង ​នៅលើ​​បណ្តាញ​សង្គម​ ហើយ​បរទេស​ដែល​អាមេរិក​ធ្លាប់​ចោទនោះ គឺគ្មាន​នរណាក្រៅពីរុស្ស៊ី​ឡើយ​។ តែការ​ចោទនេះ គ្មានសំអាងលើ​ភស្តុតាងអ្វីទេ​។​

ភស្តុតាង​ស្តែង គឺ​មនុស្ស​ខ្លះ ក្នុង​ហ្វូង​បាតុករ បាន​លួចរបស់របរ​និង​បង្កហិង្សា។ បាតុកម្ម​លើកនេះ មាន​ហិង្សាខ្លាំង អាច​មក​ពីមានចំណែក​នៃ​​ជន​ខិលខូចខ្លះ ​លូកដៃចូល​។ បើតាម​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​, អ្នក​ដែល​ប្រើ​អំពើ​ហិង្សា​នោះ គឺជា​ពួក​យូកូម​ ពួក​ជន​ល្មើស​ មួយ​ក្រុម​តូច ដែល​មក​បំផ្លាញ​កម្ទេច​​សណ្តាប់​ធ្នាប់​ក្រុង។ លោកក៏​បានចាត់ទុកអំពើហិង្សាបាតុកម្មនៅពេលនេះ ជាការបង្អាប់បបង្អោនកិត្តិយសនៃមរណជនបុរសស្បែកខ្មៅ ចច ហ្វឡយ ទៅវិញទេ។

ទន្ទឹមនេះ អភិបាល​រដ្ឋ Minnesota, Tim Walz យល់ឃើញថា​ ក្រុមបាតុករហិង្សាគឺ មិន​មែន​ជា​អ្នក​ទាមទារសិទ្ធ​មនុស្ស​ ឬអ្នក​បាតុកម្មអហិង្សា​​ត្រឹមត្រូវ​តាម​ច្បាប់​អ្វីទេ តែអ្នកមួយ​ចំនួន​ គឺ​ជា​អ្នក​ដែលរើសអើងប្រកាន់​ស្អប់​ខ្ពើម​ជនស្បែក​សទៅវិញទេ ហើយ​អ្នក​ខ្លះ​ទៀត ជា​ក្រុមជន​អនា​ធិបតេយ្យ និងក្រុមអ្នក​ជក់និងជួញ​គ្រឿងញៀន។

ចំណុច​រួម​មួយ​ ​គេយល់​​ស្របគ្នា គឺ​ បាតុកម្ម​ហិង្សា​ដោយ​បែបនេះ មិន​មែន​ជា​គោល​គំនិត​នៃ​ទស្សនវិជ្ជា​របស់ បិតាទាមទារសិទ្ធមនុស្ស Martin Luther King មេធាវីស្បែកខ្មៅ​ ដែល​ធ្លាប់​បាន​តស៊ូ​ទាម​ទារ​ក្នុងអំឡុងទសវត្ស​១៩៦០-៧០នោះទេ។ ក៏ប៉ុន្តែ យើង​ក៏​ត្រូវ​រម្លឹកដែរ សូម្បី​តែ​លោក​ Martin Luther King ​ ខ្លួន​ឯង ក៏ត្រូវ​គេ​ធ្វើ​ឃាត​ដែរ។

ទោះយ៉ាងណាក្តី សមាជិកាព្រឹទ្ធសភា​អាមេរិក លោកស្រី Kamala Harris  បាន​គូសបង្ហាញ ថា ការ​អើសរើស​ប្រកាន់​ពូជសាសន៍ ហាក់ដៅចាក់ជាប់​ក្នុង​សង្គម​អាមេរិក​។​

ការ​ធ្វើ​ឃាត​ជន​ស្បែក​ខ្មៅ​ ដោយសារតែ​ការ​រើសអើង​ពណ៌​សម្បុរ ប្រកាន់​ពូជសាសន៍ គឺ​កើត​មាន​មិន​ដាច់​ និង​កើត​មាន​មិន​ចេះចប់ នៅសហរដ្ឋអាមេរិក​ច្រើន​ទសវត្សរ៍​មក​នេះ។ ករណី ប៉ូសិល​ស្បែកស​ សម្លាប់​ជន​ស្បែក​ខ្មៅ គឺ​ ជារឿង​​កើតមាន​ច្រំដែល ហើយ​ជា​ដំបៅ​ចាស់ ដែល​លំបាក​នឹង​ជាសះស្បើយឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ