អានតួអត្ថបទ
ប្រេស៊ីល

ប្រេស៊ីល៖ ហិង្សា​ប៉ះទង្គិចគ្នា រវាង​បាតុករ​គាំទ្រ និង​បាតុករ​​ប្រឆាំង​​លោក​បុលសូណារ៉ូ នៅក្រុង​សាវប៉ូឡូ​

បាតុករ និងជាអ្នកគាំទ្រកីឡាបាល់ទាត់ ដែលមកចូលរួមបាតុកម្ម​ប្រឆាំងនឹងលោក​ប្រធានាធិបតី​បុលសូណារ៉ូ។ ក្រុងសាវប៉ូឡូ ថ្ងៃទី​៣១ឧសភា ២០២០
បាតុករ និងជាអ្នកគាំទ្រកីឡាបាល់ទាត់ ដែលមកចូលរួមបាតុកម្ម​ប្រឆាំងនឹងលោក​ប្រធានាធិបតី​បុលសូណារ៉ូ។ ក្រុងសាវប៉ូឡូ ថ្ងៃទី​៣១ឧសភា ២០២០ AFP
ដោយ៖ ម៉ម ពិសី
1 នាទី

នៅទីក្រុងសាវប៉ូឡូ កាលពីថ្ងៃអាទិត្យទី​៣១ ឧសភា មានការប៉ះទង្គិចគ្នាដោយហិង្សា រវាងបាតុករ២ក្រុម ដែលម្ខាងជាក្រុមគាំទ្រលោកបុលសូណារ៉ូ និងម្ខាងទៀត​គឺជាក្រុមបាតុករ ប្រឆាំងនឹងការដឹកនាំបែបស្តាំនិយមជ្រុលរបស់លោកបុលសូណារ៉ូ។ ការដឹកនាំរបស់លោកបុលសូណារ៉ូ ជាពិសេស ទាក់ទិននឹងបញ្ហា​ប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ១៩ បានធ្វើឲ្យ​សង្គមប្រេស៊ីល មាន ភាពចម្រូសចម្រាស បាក់បែកគ្នាយ៉ាងខ្លាំង។ គិតមកត្រឹមពេលនេះ ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណ​៥សែននាក់ ហើយជាប្រទេសទី៤​ ដែលមានអ្នកស្លាប់ច្រើនជាងគេ ពោលគឺប្រមាណ​ ជាង២​ម៉ឺន ៨ពាន់ ៨០០នាក់។

ផ្សាយពាណិជ្ជកម្ម

រនាំងបំរាស់ ដែលនគរបាល​ប្រេស៊ីល បានដាក់រារាំង មិនអាចឃាត់កំហឹងក្រេវក្រោធ របស់ហ្វូងបាតុករ ពីរក្រុម ដែលមានគោលជំហរប្រឆាំងគ្នា។ កាលពីថ្ងៃអាទិត្យទី​៣១ឧសភា បាតុកម្មមួយ​ត្រូវបាន​រៀបចំ​ឡើង នៅកណ្តាល​ក្រុងសាវប៉ូឡូ ដោយមានមនុស្សចូលរួមប្រមាណ​៥០០នាក់ ពាក់អាវខ្មៅនិងមានពាក់ម៉ាសការពារ ដើម្បី​បរិហារអំពីការដឹកនាំ បែប​Fascisme របស់លោកប្រធានាធិបតី​​បុលសូណារ៉ូ។ ក្នុងពេលជាមួយគ្នានេះដែរ នៅមិនឆ្ងាយប៉ុន្មាន មានបាតុកម្មមួយទៀត របស់ក្រុម​គាំទ្រលោកបុលសូណារ៉ូ ដែលពួកគេ​ចេញធ្វើបាតុកម្ម ដើម្បីប្រឆាំងនឹងវិធានការបិទខ្ទប់ប្រទេស សម្រេចដោយអភិបាល​រដ្ឋមួយចំនួន​ ផ្ទុយទៅនឹងគំនិតរបស់​លោកបុលសូណារ៉ូ។

ក្រុមបាតុករទាំង២បានប៉ះទង្វិចគ្នា បង្កជាចលាចលហិង្សានៅកណ្តាលទីក្រុង។ បាតុករខ្លះ បានដុតធុងសម្រាម និងបានចោលដុំថ្មទៅលើនគរបាល។ សមត្ថកិច្ចនគរបាលបានប្រើគ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ។ មនុស្សយ៉ាងហោច៣នាក់ ត្រូវបានឃាត់ខ្លួន។

សូមបញ្ជាក់ថា បាតុកម្មប្រឆាំងនឹងលោកបុលសូណារ៉ូ ត្រូវបានកោះហៅប្រមូលគ្នាដោយ ក្លឹបកីឡាបាល់ទាត់ធំៗនៅសាវប៉ូឡូ ខណៈដែលលោកបុលសូណារ៉ូ បានអំពាវនាវ ឲ្យ​បើកការប្រកួតបាល់ទាត់ឡើងវិញ។ ការអំពាវនាវនេះ ត្រូវបានក្លឹបកីឡានានារិះគន់ថាគ្មានទំនួលខុសត្រូវ និងមិនខ្វល់ពីអាយុជីវិតរបស់កីឡាករ ក៏ដូចជាអ្នកទៅមើល។ លោកប្រធានសហព័ន្ធកីឡា​បាល់ទាត់​ ក្រុងសាវប៉ូឡូ បានថែមទាំងហៅឲ្យ​លោកបុលសូណារ៉ូ ចុះចេញពីតំណែងថែមទៀតផង។ ដោយឡែកក្រុមគាំទ្រលោក​បុលសូណារ៉ូវិញ បានប្រើប្រាស់បណ្តាញសង្គម ចោទប្រកាន់ថាគឺក្រុមបក្សប្រឆាំង ដែលរួមគ្នា ធ្វើសកម្មភាព​ចង់ទាញលោក​បុលសូណារ៉ូ ឲ្យធ្លាក់ពីកៅអីប្រធានាធិបតី។

នៅឯក្រុង​ប្រេស៊ីលីយ៉ាឯនោះវិញ នៅខាងមុខ​វិមានប្រធានាធិបតី មានបាតុរគាំទ្រលោកបុលសូណារ៉ូ ជាច្រើនពាន់នាក់បានមកជួបជុំគ្នា។ លោកបុលសូណារ៉ូ បានលេចមុខចូលរួម ជាមួយអ្នកគាំទ្រខ្លួន យ៉ាងចង្អៀតណែន ដោយមិនខ្វល់បារម្ភពីការរក្សាគំលាតគ្នា ដើម្បីបង្ការការឆ្លងរាលដាលជម្ងឺកូវីដ១៩ឡើយ។

គួរបញ្ជាក់ថា ប្រេស៊ីលជាប្រទេសអាមេរិកឡាទីន ដែលមានអ្នកឆ្លងមេរោគកូរ៉ូណាថ្មី ច្រើនជាងគេបង្អស់។ ជាមួយនឹងការឆ្លងរាលដាលយ៉ាងលឿន នូវជំងឺកូវីដ១៩នេះ សម្តេចប៉ាប ប្រមុខសង្ឃកាតូលិក បាន​ថ្លែងកាលពីថ្ងៃអាទិត្យទី៣១ឧសភា ថាព្រះអង្គមាន​ការព្រួយបារម្ភ ចំពោះអាយុជីវិតរបស់ប្រជាជននៅតំបន់អាមេរិកឡាទីនខ្លាំងណាស់ ជាពិសេសគឺជនជាតិភាគតិចនៅក្នុងតំបន់អាម៉ាហ្សូន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ