អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មហាសេដ្ឋី អ៊ីឡុន ម៉ាសក៍  ប្រធានស្ថាបនិក SpaceX   មានក្តីស្រមៃខ្ពស់ និងវែង​ឆ្ងាយ

Elon Musk après le lancement réussi de la capsule de SpaceX, le 30 mai 2020.
Elon Musk après le lancement réussi de la capsule de SpaceX, le 30 mai 2020. Saul MARTINEZ / GETTY IMAGES NORTH AMERICA / Getty Images via AF

លោក អ៊ីឡុន ម៉ាសក៍ (Elon Musk)  ជា​ប្រធានស្ថាបនិក ក្រុម​ហ៊ុន SpaceX  ដែល​ទើប​តែ​បាន​បាញ់​បង្ហោះ​​យានអវកាស​ ទៅ​​តភ្ជាប់នឹង​ ស្ថានីយ៍​អវកាស អន្តរជាតិ ដោយ​ជោគជ័យ​ កាលពីថ្ងៃ​អាទិត្យ​។ នេះ​គឺជាទី​មួយ នៃ​​ប្រវត្តិ​សាស្ត្រ​អវកាស ​ដែល​​​ក្រុម​ហ៊ុនឯកជន ជាអ្នក​​បាញ់​បង្ហោះ​យាន​ ដឹក​អវកាសយានិកអាមេរិកាំងពីររូបផង។​​ មហាសេដ្ឋី អ៊ីឡុន ម៉ាសក៍ ជាមនុស្ស​ដែល​មាន​ក្តី​សុបិនខ្ពស់​និង​ស្រមៃ​វែង​ឆ្ងាយ។ លោក​ចង់​ទៅ​រស់​នៅ​ភព​ព្រះចន្ទ ហើយ​ទៅឱ្យ​ដល់​ភព​ព្រះ​អង្គារ។ ក្នុង​គ្រានេះ ក្រុម​ហ៊ុន​របស់​លោក​កំពុងរៀបចំ​ធ្វើ​គម្រោង​​ដំណើរ​ទេសចរណ៍​នៅទី​អវកាស។​ 

ផ្សាយពាណិជ្ជកម្ម

មានក្តីស្រមៃខ្ពស់ និងឆ្ងាយ

​វ័យ​៤៩ឆ្នាំ​ មហាសេដ្ឋី អ៊ីឡុន ម៉ាសក៍ ជាមនុស្ស​ដែល​មាន​ទស្សនៈ​និង​ការ​ប្រព្រឹត្ត​ប្លែក​​ពីគេ។ មានចក្ខុនិម្មិត​វែង​​ឆ្ងាយ ហើយ​ជាមនុស្ស​មាន​ឆន្ទៈលុះ​នឹងការងារ ព្យាយាម​ធ្វើការដើម្បីសម្រេច​គោលដៅ ដោយ​មិនសូវ​គិត​ម៉ោង​ពេល។ ក្រៅពី​​ជា​ប្រធាន​ក្រុមហ៊ុនស្រាវជ្រាវ​អវកាស​ SpaceX, លោក​​ជា​ប្រធាន​គ្រប់​គ្រង​ក្រុមហ៊ុន​អេឡិចត្រូនិចតេស្លា​ដ៏ល្បី ដែល​ពេល​នេះ ​កំពុង​ផលិត​ឡាន​ដើរដោយ​ថាមពល​អគ្គិសនី ហើយលោកក៏ជាថ្នាក់​ដឹកនាំក្រុមហ៊ុន​ជាច្រើន ទាក់ទង​នឹង​បច្ចេកវិជ្ជា​ អេឡិចត្រូនិក និង​ហរិញ្ញវត្ថុ​​។ 

ជាអ្នក​ជំនួយ​ ដែល​យក​ចំណេះ​ជាដើមទុន។ ចំណេះដឹង​ផ្នែក​បច្ចេកវិជ្ជា សេដ្ឋកិច្ច និងរូប​វិជ្ជា ដែល​លោក​សិក្សា​នៅ​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក។ តាមពិតទៅ លោក អ៊ីឡុន ម៉ាសក៍ ​កើត​នៅ​អាហ្វ្រិក​ខាងត្បូងទេ តែ​ពេល​វ័យ​ជំទង់ គឺ​បាន​រត់​គេច​ពី​ច្បាប់​កាតព្វកិច្ច​យោធា។ ​ការ​ចាកចេញ​នេះ​​​ដើម្បីសម្រេច​ក្តីស្រមៃ​វ័យ​ឆ្ងាយ​ និងប្លែកៗ​។​

ក្តី​ស្រមៃ​ធំជាងទី​១របស់​លោក​ គឺ​ចង់​ទៅ​ដល់​ភព​ព្រះ​អង្គារ ធ្វើ​អាណានិគមកិច្ច​នៅទីនោះ​តែម្តង ដើម្បីផ្លាស់ប្តូរ​ពិភពលោក និងកសាង​អនាគត​​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ​។ ដើម្បីទៅដល់​ទីនោះបាន លោកអាច​​ត្រូវទៅ​ឈប់​ចត​នៅ​ភព​ព្រះ​ចន្ទសិន។ ដូច្នេះត្រូវ​ស្រាវជ្រាវ​មើល​ពី​ការ​តាំងទី​លំនៅ​នៃជីវិត នៅលើ​ភព​ព្រះ​ចន្ទ​ ជាមុន​សិន។​  លោក​​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ ​ដូណាល់ ត្រាំ ក៏​បាន​គាំទ្រ​គម្រោង​និង​ក្តីស្រមៃនេះ​ដែរ​។​

សហគ្រិន​ផ្នែក​បច្ចេកវិជ្ជា

លោក អ៊ីឡុន ម៉ាសក៍បានបង្កើត​Space X នៅ​ឆ្នាំ​២០០២ ហើយ​ធ្វើ​ការ​ជាច្រើន​  ជា​សហគ្រិន​ផ្នែក​បច្ចេកវិជ្ជា។

ដើម្បីសម្រួល​ដល់​បណ្តាញ​ទូរ​គមនាគមន៍​និងប្រព័ន្ធអ៊ីនធ័រនែត  ​លោក​មាន​គម្រោង​នឹង​បន្ត​បាញ់​បង្ហោះ​ផ្សាយ​រណព​ជាច្រើន​រយបន្ថែម​ទៀត ដើម្បី​ឱ្យ​មាន​ប្រព័ន្ធអ៊ីនធ័រនែត ប្រើប្រាស់​ពេញ​មួយ​ផែន​ដី​ ឱ្យ​មាន​​ល្បឿន​លឿន​ និង​បន្ថយ​ចំណាយ​ឱ្យ​តិច​។​

ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរនិងដោះស្រាយ​ការកក់ស្ទះចរាចរណ៍​  ​លោក​បាន​ផ្តើម​គំនិត​អភិវឌ្ឍ​ផ្លូវរូង​​ក្រោម​ដីល្បឿនលឿន ដែល​អាច​នឹង​ឱ្យ​គេ​ធ្វើ​ដំណើរ​បាន ​១ ២០០ គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង។ និយាយ​បែប​ផ្សេង គេ​នឹង​អាច​ធ្វើ​ដំណើរ​ពី Los Angeles ទៅ San francisco ចម្ងាយ​ជាង​៥៥០គីឡូម៉ែត្រ ដែលត្រូវ​ចាយពេល​ តែ​ជិត​កន្លះ​ម៉ោង​ប៉ុណ្ណោះ។ គម្រោង​នេះ កំពុង​ដំណើរការ​ ជិត​សម្រេច​ហើយ។​

​បច្ចុប្បន្ន​នេះ Neuralink ក្រុម​ហ៊ុន​របស់​លោក ​កំពុង​ពិសោធ​គម្រោងបំពាក់​ ​ឧបករណ៍​អេឡិចត្រូនិចបញ្ចូល​ទៅក្នុង​ខួរក្បាលមនុស្ស​ ដើម្បី​បង្កើន​ភាពវៃឆ្លាតនិងការចងចាំជាដើម។ គេ​បាន​​សាក​ល្បង​ពិសោធ​នឹងសត្វ​ស្វារួចហើយ​ និង​កំពុង​រង់ចាំច្បាប់​អនុញ្ញាត ដើម្បី​​​ពិសោធ​លើមនុស្សខ្វិនម្នាក់ នៅ​​ចុង​ឆ្នាំនេះ​។  លោកប៉ង់​ឱ្យ​​មនុស្ស​ខ្វិន ពិការជើង​ ទាំងឡាយ​ ឱ្យ​អាច​ដើរ​បាន។​

ជីវិត​ឯកជន

​កើតឆ្នាំ​១៩៧១ ​នៅ Pretoria ​រដ្ឋធានី​អាហ្វ្រិក​ខាង​ត្បូង ក្នុងត្រកូលគ្រួសារ​​ដែល​ ឪពុកជា​វិស្វករ ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង ហើយ​ម្តាយជា​តិ​កាណាដា ជាតារា​បង្ហាញម៉ូត។  ក្រោយ​ពេល​ឪពុក​ម្តាយ​លែង​លះគ្នា កុមារ  Elon Musk បន្ត​រស់​នៅស្រុក​កំណើត​ជាមួយ​ឪពុក​ ដែល​លោកធ្លាប់​ចាត់ទុកថាជា​«បិតា​មិន​សូវ​ល្អ»។  កាល​ពី​កុមារភាព  Elon Musk ប្រឹង​រៀន​ខ្លាំងណាស់​ ក្បាល​ជ្រមុជ​តែ​ក្នុង​សៀវភៅ ហើយ​មានពេល​ខ្លះដោយសារតែ​ប្រឹង​រៀន​ពេក ដល់ថ្នាក់​ធ្លាក់​ខ្លួន​ឈឺ​ និង​ត្រូវដេក​​សម្រាក​នៅមន្ទីរពេទ្យ​ជាច្រើន​ថ្ងៃផង​។​

អាយុ១៧ឆ្នាំ យុវជននេះ  ចេះ​ច្នៃលេខ​​កូដ​សម្រាប់​លេងល្បែង​ហ្គែម​កុំព្យូទ័រ ហើយ​គាត់​​បាន​លក់​យក​លុយ​ បាន​ប្រមាណ​៥០០ដុល្លារ។ ជាមួយ​នឹង​ប្រាក់ ​ប៉ុន្មាន​រយដុល្លារ ដែលសល់​​តិចតួចក្នុងហោប៉ៅនោះហើយ ដែល​ Elon Musk បានសម្រេច​ចិត្ត​ធ្វើដំណើរ ទៅរកក្តីស្រមៃតាំងពីតូច​របស់ខ្លួន​។

លោក​​ឆ្ពោះ​ដំណើរ​ឆ្លងកាត់ប្រទេស​កាណា​ដា ហើយ​តម្រង់ទៅសហរដ្ឋអាមេរិក ជាទីដែល Elon Musk ស្រមៃ និង​ចាត់ទុកថា ជាទឹកដី​នៃសេរីភាព ជា​កន្លែងដែលពោរពេញដោយឱកាសសព្វបែបយ៉ាង។ ពិត​ជា​មិនខុសមែន ទីនេះហើយ ដែល​លោក ​ក្លាយ​ជា​ មហា​​សេដ្ឋី​ប្រាក់​ពាន់​លាន និងបាន​កសាង​កេរ្តិ៍​ល្បីល្បាញ​លើ​ពិភពលោក ហើយ​ពេល​នេះ​ មិនត្រឹមតែ​ទ្វីបលោកទេ តែ​ល្បីរន្ទឺ​ដល់​ទី​អវកាស​ទៀតផង។​

ប្រពន្ធ​ច្រើន កូន​ច្រើន​

មានប្រពន្ធ​ច្រើន  លែងលះគ្នា​ច្រើន​ដង លោក​សេដ្ឋីប្រាក់​វាល់​លាន Elon Musk រូបនេះ មាន​កូន​ច្រើន យ៉ាងហោច​ ៧នាក់។ សព្វថ្ងៃ​នេះ លោក​រួមរស់​ ជាមួយសិល្បការិនីម្នាក់ (​តារា​ចម្រៀង និងតន្ត្រីការិនី) និងបាន​ផ្តល់​កំណើត​កូន​ប្រុសមួយ​ ដែល​ទើបតែ​ប្រសូត្រ​ ក្នុង​ខែ​ឧសភា​ថ្មីៗ​នេះ។ ​អ្នក​ទាំងពីរ​​សម្រេច​ដាក់ឈ្មោះកូន​យ៉ាង​ចម្លែក ដោយ​មាន​អក្ខរក្រម​ឡាតាំង​ផង  អាល់ហ្វា​ផង និង​លេខ​ថែមទៀត​ ថា​ X Æ A-12 ឬ​Xii ។​

មាន​សញ្ជាតិ​ដល់​ទៅបី​

សព្វថ្ងៃ លោក​​មាន​សញ្ជាតិ​បី អាមេរិក​ កាណាដា និង​អាហ្វ្រិកខាងត្បូ​ង។ ​អាហ្វ្រិកខាងត្បូង ជាស្រុក​កំណើត តែ​តាំងតែ​ពីពេល​ចាកចោល​ស្រុក​កំណើត​នៅអាយុ​១៧ឆ្នាំ​មក លោក​ទំនង​ជា​មិន​បាន​ត្រឡប់​ទៅស្រុក​កំណើត​វិញឡើយ។ ក៏ប៉ុន្តែ តាមរយៈ​គម្រោង​អភិវឌ្ឈ​ឡាន​ដើរដោយ​អគ្គិសនី​អេឡេត្រូនិច​ លោក អ៊ីឡុន ម៉ាសក៍ ​ទំនង​ជា​អាចត្រឡប់​​ចូល​ទៅជាន់ដី​ប្រទេស​កំណើត​វិញ​ នៅ​ថ្ងៃណា​មួយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ