អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មរណភាពបុរសស្បែកខ្មៅ ៖ លោកត្រាំ ចង់បញ្ចូលចលនា អ្នកឆ្វេងនិយមជ្រុល ជាក្រុមភេរវនិយម

សំឡេង ០៧:១៦
បាតុកម្ម​ប្រឆាំង​នឹងការ​រើសអើង​ពូជសាសន៍​នៅ មុខ​សេតវិមាន ថ្ងៃទី ៣១ ឧសភា ២០២០
បាតុកម្ម​ប្រឆាំង​នឹងការ​រើសអើង​ពូជសាសន៍​នៅ មុខ​សេតវិមាន ថ្ងៃទី ៣១ ឧសភា ២០២០ REUTERS/Jonathan Ernst
ដោយ៖ អៀង សុខម៉ិញ

បាតុកម្មប្រឆាំងនឹង​​អំពើរើងអើង​ពូជសាសន៍ នៅ​តែ​បន្ត​ពុះកញ្ជ្រោល​ដដែល។ រដ្ឋធានី​វ៉ាស៊ីនតោន ក៏​បាន​ចេញ​បម្រាម​គោចរ ដូចបណ្តា​ក្រុង​ធំៗ​ជាង​ម្ភៃ​ផ្សេងទៀតដែរ។ ប៉ុន្តែ​ទោះ​បី​ជាមានបម្រាមយ៉ាងណា​ក៏​ដោយ ក៏​បាតុកម្ម​នៅ​តែបន្ត មាន និងកើត​ឡើង​សាជា​ថ្មី រាលដល់​មុខ​សេតវិមានតែម្តង នៅថ្ងៃអាទិត្យទី ៣១​ឧសភា២០២០។ ដោយ​​សន្យាបញ្ចប់​​អំពើ​ហិង្សាក្នុង​ផ្ទៃប្រទេស លោក​ដូណាល់ ត្រាំ បាន​ចោទក្រុមឆ្វេងជ្រុលនិយម អង់ទីហ្វាស៊ីស ​ថា​ជា​អ្នក​បង្ក​ឱ្យ​មាន​អំពើ​​​អនាធិបតេយ្យឡើង និង​ចាត់​ទុក​ក្រុម​នេះ​ថា​ពួក​ភេរវនិយម។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​តួលេខ​របស់​កាសែត​ញូវយ៉កថែមស៍ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ត្រូវ​ជាយប់ឆ្លង​ចូលថ្ងៃទី ១មិថុនា​នេះ មានបាតុកម្មកើតឡើង​ក្នុង​ក្រុងធំៗ​របស់​​អាមេរិក​ចំនួន​៧៥ក្រុង​យ៉ាង​តិច មាន​ជាអាទិ៍​ ក្រុង ​Philadelphie, Dallas, Las Vegas, Seattle, Des Moines, Memphis, Los Angeles, Atlanta, Miami, Portland, Chicago Washington ព្រមទាំង ​ក្រុង​ញូវយ៉ក ។ល។ និង​។ល​។ ​រដ្ឋចំនួន​១៥​ រាប់​តាំង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង បាន​ទាំង​បញ្ចេញ​ឆ្មាំការពារ​ជាតិ ដែល​ជាកងកម្លាំង​យោធា​បំរុង ចេញ​មក​ជួយ​ការពារសន្តិសុខ​ផង។ នៅ​វ៉ាស៊ីនតោន ដែល​ក៏​បាន​ចេញបម្រាមគោចរ​ដែរនោះ ​បាតុកម្មមាន​ទម្រង់​ហិង្សា​និងការ​ប៉ះទង្គិច​គ្នា​ខ្លាំង​រវាង​ក្រុមប៉ូលិស​និង​បាតុករ ដោយ​មាន​ការ​បាញ់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ នៅមុខ​សេតវិមាន​តែម្តង។ បើតាមញូវយ៉ក​ថែមស៍​ដដែល បាតុកម្ម​នៅមុខ​​សេតវិមាន ​បាន​ជំរុញ​ឱ្យ​ក្រុមភ្នាក់ងារចារកិច្ច ​ជម្លៀសប្រធានាធិបតី ដូណាល់ ត្រាំ ទៅ​កាន់ជម្រក​​សុវត្ថិភាព នៅ​ក្រោម​ដី​។

បាតុកម្មបរិហារ​ការរើស​អើង​ពូជសាសន៍បាន​រីករាលដាលឆ្លងព្រំដែន​ទៅ​ដល់​កាណាដា អង់គ្លេស អាល្លឺម៉ង់ ...។​ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ នៅ​ក្រុង​ម៉ុងរ៉េអាល់ តូរ៉ង់តូ ប្រទេស​កាណាដា ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ បាតុករ​ជា​ច្រើនបានមកប្រមូល​ផ្តុំ​គ្នា​ ដោយ​សន្តិវិធី ដើម្បី​សម្តែងការគាំទ្រ​បាតុកម្ម​ប្រឆាំងនឹង​ការ​រើងអើង​ពូជសាសន៍​នៅ​អាមេរិក​។ អ្នកកី​ឡា​ជាច្រើន ក៏​បាន​ចេញ​មុខ​បរិហារ​ទង្វើ​ហិង្សា​រើងអើស​ពណ៌​សម្បុរ។

អ្នកកាសែត ក៏​ជា​ផ្ទាំង​ស៊ីប​របស់​ប៉ូលិសដែរ

មាន​ការ​បង្ហោះ​ភស្តុតាងច្រើន​តាម​​ប្រព័ន្ធ​សង្គម រូបភាពអ្នក​កាសែត​រងការ​បង្ក្រាប​ពី​ប៉ូលិស​អាមេរិក​។ អ្នកឆ្លើយ​ឆ្លងព័ត៌មាន​របស់​ទូរទស្សន៍​ជាតិ​បារាំង បានអះអាង​បាន​ប៉ូលិស​បាញ់តម្រង់​អ្នក​កាសែត​ ទោះ​បី​ជា​ពួកគាត់​បាន​ស្រែក​ថា​ “អ្នកកាសែតៗ”ក៏ដោយ។ និយាយ​ជា​រួម មាន​​អ្នក​កាសែត​ច្រើន​ណាស់​ដែល​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ពី​សំណាក់​​ប៉ូលិសនោះ តែ​រូបភាព​ដែល​អាក្រក់​ដក់​ក្នុង​អារម្មណ៍​ខ្លាំង​ជាងគេ គឺ​ទិដ្ឋភាព​អ្នកកាសែត​CNN ត្រូវ​ប៉ូលិស​អាមេរិក​ដាក់​ខ្នោះ​​ក្នុង​ពេល​កំពុង​ការ​ផ្សាយ​បន្តផ្ទាល់ កាលពី​ថ្ងៃ​សុក្រ​ នៅ​ក្រុង​មីនាប៉ូលី ក្រុង​ដែល​ជា​កន្លែងកើត​ហេតុ​សម្លាប់​បុរស​ជនជាតិ​ស្បែក​ខ្មៅ។ អ្នក​កាសែត​រូប​នោះ​ត្រូវ​បាន​ដោះ​លែង​វិញ​មួយ​ម៉ោង​ក្រោយ​មក។ ទីស្នាក់ការ​ទូរទស្សន៍​ស៊ីអ៊ិនអ៊ិន នៅ​រដ្ឋ​អាត្លង់តា រងការវាយប្រហារ​ពី​សំណាក់ហ្វូង​មនុស្ស​​មួយ​ក្រុម ដោយ​​គប់​គ្រាប់​ផ្ទុះ​ទៅកន្លែង​ដែលមាន​ប៉ូលិស​យាម។ ជាហេតុ​ធ្វើ​ឱ្យ​លោកត្រាំ​ចំអក​ថា សូម្បី​តែ​ទូរទស្សន៍​ល្បី​ក៏​រងការ​វាយប្រហារ​ពី​សំណាក់​ពួកកុប្បករ អនាធិបតេយ្យ។

លោកត្រាំ បញ្ចូលក្រុម​ឆ្វេង​ជ្រុលនិយម​ ក្នុង​បញ្ជី​ចលនា​ភេរវនិយម

នៅក្នុង​ពេលដែល​ស្ថានភាពហិង្សា​មិន​ចុះ​ថមថយ និងក្នុង​ពេល​ដែល​អ្នកវិភាគ​​​ខ្លះ​យល់​ថា​លោក​ត្រាំមាន​ចំណែកចូល​រួម​​ញុះ​ញង់​បញ្ឆេះ​កំហឹង​ តាម​រយៈ​សារទ្វីត​នោះ លោក​ប្រធានាធិបតីអាមេរិកវិញ ចោទ​ថា​មាន​មនុស្ស​មួយ​ក្រុម​ជា​ ក្រុមពួកយូកូម ឬ​ពួក​ជន​ល្មើស​មួយ​ក្តាប់​តូចដែល​ចូលលូក​ដៃ​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​​ ហើយ​នៅ​​ពេលនេះ​លោក​​បាន​ទម្លាក់​ទំនួល​ខុស​ត្រូវ​នៃ​ការ​ផ្ទុះ​អំពើ​ហិង្សា​ទៅ​​​ដោយ​ចំៗ​ក្រុម​ អង់ទីហ្វា Antifa ដោយ​ប្រកាស​ដាក់ ចលនា​នេះ ទៅ​ក្នុង​បញ្ជី​ អង្គការ​ភេរវនិយមផ្ទៃក្នុង។

ប៉ុន្តែ​រហូត​មកទល់ពេល​នេះ ពុំ​មាន​អ្វី​អាច​បញ្ជាក់​បាន​ថា ក្រុមស្និទ្ធ​នឹង​ចលនា​នេះ​បាន​មកចូល​រួម​​ធ្វើ​បាតុកម្ម​ឬ​ក៏​អត់​ទេ។ ហើយម្យ៉ាង​ទៀត ​បើ​តាម​ក្រុម​អ្នក​ច្បាប់ ក្រុមនេះគ្មាន​សមាជិក ​​​គ្មាន​រចនា​សម្ព័ន្ធ​ ជា​អង្គការ​​​អ្វីមួយ​ច្បាស់លាស់ឡើយ។ ក្រុម​ អង់ទីហ្វា ឬ​អង់ទីហ្វាស៊ីស គ្រាន់​តែ​ជា​ចលនា​មួយ​។​ ​នៅអាមេរិក ក្រុម​ អង់ទីហ្វាស៊ីស សំដៅ​លើ​ក្រុម​ដែល​មាន​និន្ននាការ​បែបឆ្វេងនិយមជ្រុល តែង​កកើត​និង​លេច​​ឡើងឱ្យ​​ឃើញ​ ដើម្បី​ប្រឆាំង​​នឹងចលនាប្រកាន់ពូជសាសន៍​​ ​ហ្វាស៊ីសបែប​ថ្មី ស្តាំ​ជ្រុលនិយម ឬជួន​គ្រាន់​តែទម្រង់ជា​ចលនា​ប្រឆាំងមួយប៉ុណ្ណោះ។

ដូច្នេះ ការ​ចាត់​បញ្ចូលចលនា​មួយ​ដែល​គ្មាន​ការ​ទទួល​ស្គាល់​តាមផ្លូវ​ច្បាប់ ​ជាក្រុម​ភេរវនិយម មិន​អាចអនុវត្ត ឬ​មានឥទ្ធិពល​អ្វី​ទេ ​ក្នុង​ស្ថានភាព​ជាក់​ស្តែង។ សេចក្តីសម្រេច​របស់លោកត្រាំ ត្រូវជាប់​ឧបសគ្គ​មួយ​ទៀត គឺ​ ច្បាប់​អាមេរិក​មាន​ចែង​អំពី​អង្គការ​ភេរវនិយមក្នុង​ស្រុក​មែន ប៉ុន្តែច្បាប់​មិន​បាន​ចែង​ដាក់​ទោស​ និង​កំណត់​បញ្ជី​ឈ្មោះ​ក្រុម​ដែល​អាច​នឹង​ត្រូវ​ដាក់​ទោស​ ឬទណ្ឌកម្ម​ទេ។ ការផ្តល់ហិរញ្ញវត្ថុ​ និង​ការ​គាំទ្រចលនា​ភេរវនិយម អាច​ទទួល​ទោស​​ ដរាបណា​ជា​អង្គការនៅក្រៅ​ប្រទេស។ ម្យ៉ាង​ទៀត​ ​អង្កេត​ភេរវកម្ម​ប្រឆាំងនឹង​ក្រុម​ឬចលនា​ក្នុងស្រុកអាច​បើកបាន ទាល់​តែ​មាន​ បទ​​ឧក្រិដ្ឋសង្ស័យ (ឃាតកម្ម)​។ រាល់​គ្រប់​សកម្មភាព​មានពាក់ព័ន្ធ​នឹង​បរទេស ត្រូវ​រាប់​ជាការ​អង្កេត​ភេរវកម្មអន្តរជាតិ​ទាំង​អស់។ ប្រសិនបើ​ ភេរវជន​ក្នុង​ស្រុក គ្មានពាក់ព័ន្ធ​នឹ​ង​បរទេស ​ប្រព្រឹត្ត​អំពើ​ធ្វើ​ឃាត​មនុស្ស​ ជន​នោះ​នឹង​ត្រូវ​ផ្តន្ទទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​មនុស្សឃាត ឬ​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​គ្នា។

សរុប​មក ការ​​កំណត់​ជាចលនា​មួយ​ជា​ក្រុម​​ភេរវនិយម​ផ្ទៃក្នុង​ មាន​តម្លៃ​នយោបាយ តែ​គ្មាន​តម្លៃ​តាម​ផ្លូវ​ច្បាប់​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ