អានតួអត្ថបទ
សហរដ្ឋអាេមរិក បណ្តាញសង្គម

Facebook ទាស់គ្នា​ផ្ទៃក្នុង ទាក់ទិន​នឹង​អន្តរាគមន៍​លុបឬ​មិនលុប​ ​សារ​​របស់​លោក​ដូណាល់ ត្រាំ

លោក Mark Zuckerberg ស្ថាបនិក និងអគ្គនាយក Facebook
លោក Mark Zuckerberg ស្ថាបនិក និងអគ្គនាយក Facebook Reuters/Leah Millis/File Photo
ដោយ៖ ម៉ម ពិសី
១៩ នាទី

ប៉ុន្មានថ្ងៃចុងក្រោយនេះ សាររបស់លោកដូណាល់ត្រាំ ​នៅលើបណ្តាញសង្គម បានបង្កឲ្យមានភាព​ចម្រូងចម្រាសជាខ្លាំង។ បន្ទាប់ពីបាន​ចាត់ទុកសារចំនួន២ របស់លោកដូណាល់ ត្រាំ ថា​អាច​ប្រាសចាក​​ពីការពិត ប្រព័ន្ធTwitter បានធ្វើ​អន្តរាគមន៍ថ្មីមួយទៀត ដោយបានបិទ​មិនឲ្យសារមួយ​ របស់​លោក​ដូណាល់ត្រាំ លោត​ចេញឲ្យគេឃើញ ព្រោះ​Twitter​​ចាត់​ទុក​ថា សារនោះ​ ថា​មានខ្លឹមសារពន្យុះអំពើហិង្សា។ ប៉ុន្តែ​​Facebookវិញ​ មិនបានធ្វើដូច្នេះទេ ដោយលោក Mark Zuckerberg បានចាត់ទុកថា ​បណ្តាញសង្គមគ្មានតួនាទី​វិនិច្ឆ័យទេ។ គោលជំហរនេះ បានបង្កឲ្យមានការប្រឆាំងតវ៉ាជាខ្លាំង នៅក្នុងផ្ទៃក្នុង របស់ក្រុមហ៊ុន​Facebook។​​​​​​

ផ្សាយពាណិជ្ជកម្ម

តើបណ្តាញសង្គម មានតួនាទីវិនិច្ឆ័យ ហើយអាចមានសិទ្ធិលុបចោល នូវសារណាមួយរបស់អ្នកប្រើប្រាស់ដែរឬទេ? សំណួរនេះកំពុងតែត្រូវគេចោទសួរ បន្ទាប់ពីមានអន្តរាគមន៍ជាច្រើនលើក របស់ បណ្តាញ Twtter​ ដែលបាន​បន្ថែមកំណត់សំគាល់ ពីក្រោមសំណេររបស់លោកដូណាល់ត្រាំ ដើម្បី​ពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្សេងទៀត ថាឲ្យប្រុងប្រយ័ត្ន ព្រោះ​សំណេរនោះ អាចប្រាសចាកពីការពិត។

ការស្លាប់របស់បុរសស្បែកខ្មៅ George Floyd បានបង្កឲ្យ​មានភាព​ចលាចល បាតុកម្មហិង្សា នៅសហរដ្ឋអាមេរិក។ ជនឆក់ឱកាស បានធ្វើ​សកម្មភាពលួច ប្រមូល​​ទំនិញ យ៉ាងអាណាធិបតេយ្យ។ កាលពីថ្ងៃសុក្រទី​២៩ឧសភា លោកដូណាល់ ត្រាំ បានសរសេរសារមួយលើបណ្តាញសង្គម ដែលមានខ្លឹមសារថា « គ្រាប់កាំភ្លើង កំពុងរងចាំស្វាគមន៍មនុស្សណា ដែលហ៊ានចូលទៅលួចប្រមូលទំនិញតាមហាង »។

សារមួយឃ្លារបស់​លោកដូណាល់ ត្រាំនេះ ត្រូវបានបណ្តាញ​Twitter ប​ិទមិនឲ្យ​លោតចេញមកទេ ដោយបណ្តាញសង្គនេះចាត់ទុកថា វាមានខ្លឹមសារពន្យុះអំពើហិង្សា ដាក់ទោសមនុស្សក្រៅប្រព័ន្ធ​តុលាការ ហើយដែលវាផ្ទុយពី​លក្ខខណ្ឌ ​នៃការប្រើប្រាស់ប្រកបដោយ​​ក្រមសិលធម៌ របស់បណ្តាញ​Twitter។

ផ្ទុយទៅវិញ បន្ទាប់ពីរារែកអស់ជាច្រើនម៉ោង បណ្តាញFacebook ឯនោះ បានសម្រេចចិត្ត មិនលុបសាររបស់លោកដូណាល់ ត្រាំទេ ដោយទុកឲ្យវាលោតចេញតាមធម្មតា។ លោក Mark Zuckerberg អគ្គនាយក Facebook គ្រាន់តែបានសរសេរសារមួយ ថ្កោលទោសជាលក្ខណៈផ្ទាល់ខ្លួន ចំពោះសារដែលមានន័យពន្យុះហិង្សា និងកំហឹង។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ Fox News លោក Mark Zuckerberg បានលើកឡើងថា៖ វាមិនមែនជាតួនាទីរបស់​បណ្តាញសង្គមទេ ដែលត្រូវវិនិច្ឆ័យថាគួរលុប ឬមិនលុបសាររបស់អ្នកប្រើប្រាស់ណាម្នាក់។ ព្រោះបើធ្វើដូច្នោះ​ គឺមានន័យថា បណ្តាញសង្គមរំលោភបំពានសិទ្ធិសេរីភាព​បញ្ចេញមតិ។ លោកបន្ថែមថា​៖ បណ្តាញសង្គមត្រូវធ្វើខ្លួនឲ្យនៅកណ្តាល អព្យាក្រិត្យ មិនត្រូវវិនិច្ឆ័យ​ដោយលំអៀងទៅខាងណានោះទេ

គួរកត់សំគាល់ថា គោលជំហររបស់លោកអគ្គនាយកFacebook នេះបានបង្កឲ្យមានបញ្ហារកាំរកូស​ផ្ទៃក្នុង​។ បុគ្គលិកសំខាន់ជាច្រើននាក់របស់ Facebook បានចេញមុខតវ៉ា រិះគន់ ដោយបានលើកឡើងថា វាជារឿងមិនអាចទទួលយកបានទេ ដែលបណ្តាញសង្គមដ៏ធំជាងគេមួយនេះ បិទភ្នែកមិនធ្វើអ្វីសោះ បណ្តោយឲ្យលោកដូណាល់ត្រាំ ​សរសេរសារ​ដែលមានខ្លឹមសារញុះញង់អំពើហិង្សា និងរើសអើងប្រកាន់ពូជសាសន៍បែបនេះ។ លោក Ryan Freitas នាយកផ្នែក Design News Feed របស់ Facebook បានលើកឡើងថា៖ លោក Mark Zuckerberg គិតនេះខុសហើយ ហើយលោកព្រមទាំងបុគ្គលិកធំៗ ចំនួន​ជាង​៥០នាក់ទៀត នឹងត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីឲ្យ​លោកអគ្គនាយក​ Facebook ប្តូរចិត្ត

ដោយឡែក បណ្តាញព័ត៌មាន​ Axios និងទូរទស្សន៍ CNBC បានផ្សាយថា​លោក Mark Zuckerberg និងលោក​ដូណាល់ ត្រាំ បានទូរស័ព្ទនិយាយជាមួយគ្នា កាលពីថ្ងៃសុក្រ។ រហូតមកទល់​ពេល​នេះ ដំណឹងនេះ មិនត្រូវបាន​ភាគីទាំង២ បដិសេធនោះទេ។ លោកស្រី Evelyn Douek អ្នក​ស្រាវជ្រាវម្នាក់នៅសកវិទ្យាល័យ Harvard Law School បានលើកឡើងថា៖ ការទូរស័ព្ទរកគ្នារបស់អគ្គនាយក Facebook និងលោកដូណាល់ ត្រាំ គឺវា​បានបំផ្លាញ​ភាពអាព្យាក្រិត្យ ដែល​Facebookខំប្រឹងអះអាង បាត់ទៅហើយ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ