អានតួអត្ថបទ
កូវីដ-អាកាសចរណ៍

កូវីដ១៩ ៖ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិចេញអនុសាសន៍ស្តីពីការធ្វើដំណើរតាមយន្តហោះ

អ្នក​ដំណើរ​ត្រូវ​ពាក់​ម៉ាស់​ ទាំង​នៅ​ក្នុង​ព្រលាន និង​ក្នុង​យន្តហោះ​ពេល​ហោះហើរ
អ្នក​ដំណើរ​ត្រូវ​ពាក់​ម៉ាស់​ ទាំង​នៅ​ក្នុង​ព្រលាន និង​ក្នុង​យន្តហោះ​ពេល​ហោះហើរ Money SHARMA / AFP
ដោយ៖ អៀង សុខម៉ិញ
1 នាទី

ក្នុង​​ពេលដែល​​ប្រទេស​កាន់​តែ​ច្រើនឡើង​ៗ ​ចាប់​លើក​បម្រាមបិទ​ខ្ទប់​ប្រទេស អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ហៅកាត់​ថា OACIបាន​ចេញ​ផ្សាយ​​អនុសាសន៍​សុវត្ថិភាព​សុខភាព​មួយ​ខ្សែ​វែង ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរ​តាម​យន្តហោះ​ទាំង​អស់នៅទូទាំង​ពិភភពលោក​​អនុវត្ត ដើម្បី​ផ្តល់សន្ទុះ​ដល់​វិស័យ​អាកាសចរណ៍ ​ឱ្យ​ចាប់ដំណើរការ​ឡើង​វិញ បន្តិចម្តងៗ​ផង និង​ជា​និរន្តរ៍​ផង។ វិស័យ​ចរាចរណ៍​ផ្លូវ​អាកាស​ ​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំបំផុត ពី​វិបត្តិ​កូរ៉ូណាវីរុសថ្មី។

ផ្សាយពាណិជ្ជកម្ម

អនុសាសន៍​នេះ​ជា​លទ្ធផល​នៃ​ការ​ព្រមព្រៀង​គ្នា​រវាង​អង្គការ​អាកាសចរណ៍​ស៊ីវិលអន្តរជាតិ​ដែល​ជា​ភ្នាក់ងារ​មួយ​របស់​អង្គការ​សហប្រជាជាតិ អង្គការ​សុខភាព​ពិភពលោក សមាគម និង​ក្រុម​ហ៊ុនអាកាសចរណ៍​ជាង​២៩០​ក្រុមហ៊ុន។

នេះ​ជាលើក​ទី​មួយ​ដែល​ពិភពលោក​បាន​សម្រេច​ព្រមព្រៀងគ្នា​ចេញ​និង​មាន​អនុសាសន៍​​ជា​លក្ខណៈ​សកល អនុវត្ត​បាន​សម្រាប់​កំរិត​ពិភពលោក ក៏​ដូច​ជា​កំរិត​តំបន់។ ជា​អនុសាសន៍​គ្រឹះ​ ដែលមាន​កម្មវុត្ថុ​ការពារ​អ្នក​ដំណើរ​ក៏​ដូច​ជាបុគ្គលិក​ធ្វើការ​ក្នុង​យន្តហោះ​។

បើ​តាមអង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ អ្នកដំណើរ​ត្រូវ​ធ្វើ​សេចក្តីប្រកាស​សុខភាព​ និង​វាស់​កម្តៅ​សីតុណ្ហភាពនៅ​ពេល​មក​ដល់​ព្រលាន​យន្តហោះ ហើយ​គួរ​តែ​ជ្រើសរើស​ការ​​ចុះ​ឈ្មោះធ្វើ​ដំណើរជាមុន​ ​​តាម​អនឡាញ។ អ្នក​ជូន​មិន​អាច​ចូល​ក្នុង​ព្រលាន​យន្តហោះ​បាន​ទេ លើក​លែង​តែ​សម្រាប់​អ្នក​ដំណើរ​ពិការ។ ត្រូវ​យក​អីវ៉ាន់​តាម​ខ្លួន ឱ្យ​តិច​តួច​បំផុត។

អ្នក​ដំណើរ​ទាំង​អស់ ត្រូវ​ពាក់​ម៉ាស់ជា​ដាច់​ខាត ឬ​រុំ​មុខ​ តាំង​ពី​​នៅ​ក្នុង​ព្រលាន​យន្តហោះ​ ដោយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យ​ឆ្ងាយ​ពីអ្នក​ដទៃ​យ៉ាង​តិច​មួយ​ម៉ែត្រ។ ពេលចូលដល់ក្នុង​យន្តហោះ និង​ក្នុង​អំឡុង​ពេល​ហោះហើរ អ្នកដំណើរ​ត្រូវបន្តពាក់ម៉ាស់​រហូត​ ហើយ​ត្រូវ​ងើប​ចេញ​​ពីកន្លែង​របស់​ខ្លួន ​យ៉ាង​តិច​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំ​ឱ្យ​មាន​ការ​តម្រង់​ជួរ​ទៅ​បង្គន់ និង​ចម្លង​ពី​ឬ​ទៅ​អ្នក​ដំណើរ​ផ្សេង​ទៀត (អ្នក​ដំណើរ​នៅ​ជិត​បង្គន់​ណា​ អាច​ប្រើ​​តែ​​បង្គន់នោះ)។

ប៉ុន្តែ​អនុសាសន៍​មិន​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទុក​​​ចន្លោះ​កៅ​អី​ទំនេរ​ទេ ព្រោះ​បើ​ធ្វើ​ដូច្នេះ​ក្រុមហ៊ុន​ពិត​ជា​មិន​អាច​រត់​រួច​ឡើយ។ អ្នក​ដំណើរ​នឹង​ត្រូវ​ដាក់​នៅ​ឃ្លាត​ពី​គ្នា ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​យន្តហោះ​ថា​មាន​អ្នកដំណើរ​ពេញ​ឬអត់។

អ្នក​បំរើ​តាមយន្តហោះ​ ក៏​ត្រូវ​ពាក់​ម៉ាស់ និង​របាំង​មុខ​ ព្រមទាំង​ពាក់​ស្រោម​ដៃ​ទៀត​។ យន្តហោះ​នឹង​ត្រូវ​សម្អាត​ដោយ​ថ្នាំ​សម្លាប់​មេរោគ​ ជា​ញឹកញយ ក្នុង​ពេល​ហោះហើរ។ អាហារ​នឹងខ្ទប់​ជា​កញ្ចប់ៗ​រួច​ជាស្រេច។

វិធានការ​ការពារ​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ មាន​លក្ខណៈ​តឹង​តែងខ្លាំងមិន​ធ្លាប់​ទេ ខ្លាំង​ជាង​វិធានការក្រោយ​មហាភេរវកម្ម​នៅ​សហរដ្ឋ​អាមេរិក​ថ្ងៃ១១កញ្ញា​២០០១ទៀត។ បើតាម​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ​កូវីដ១៩នឹង​ធ្វើ​ឱ្យ​ចំនួន​អ្នក​ដំណើរ​ថយ​ចុះ​អស់​១ពាន់​លាន​នាក់ ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ និង​​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ខាតបង់​ជា​ទឹក​ប្រាក់​ចំនួនជាង​៣១៤​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ