អានតួអត្ថបទ
សហរដ្ឋអាេមរិក អូស្ត្រេាលី

អូស្ត្រាលីបើកការស៊ើបអង្កេត លើ​ករណី​នគរបាល​អាមេរិក ប្រើ​ហិង្សា​លើ​អ្នកកាសែត​អូស្ត្រាលី​​២នាក់

សមត្ថកិច្ចបង្ក្រាបបាតុកម្មអាមេរិក នៅសួន Lafayette Park មិនឆ្ងាយប៉ុន្មានពីសេតវិមាន។ ក្រុងវ៉ាស៊ីនតោន ថ្ងៃទី​១ មិថុនា២០២០
សមត្ថកិច្ចបង្ក្រាបបាតុកម្មអាមេរិក នៅសួន Lafayette Park មិនឆ្ងាយប៉ុន្មានពីសេតវិមាន។ ក្រុងវ៉ាស៊ីនតោន ថ្ងៃទី​១ មិថុនា២០២០ REUTERS - STRINGER
ដោយ៖ ម៉ម ពិសី
1 នាទី

បាតុកម្មហិង្សានៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ទី១មិថុនា មានអ្នកកាសែតជនជាតិអូស្ត្រាលី២នាក់ ត្រូវបាន​នគរបាលអាមេរិក ប្រើប្រាស់អំពើហិង្សា។ សកម្មភាពនេះត្រូវបានថតដោយវីដេអូ​ ហើយផ្សព្វផ្សាយយ៉ាងព្រោងព្រាត នៅតាមបណ្តាញព័ត៌មានអូស្ត្រាលី។ ប្រឈមនឹងបញ្ហានេះ កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋាភិបាល​អូស្ត្រាលី បានសម្រេចបើកការស៊ើបអង្កេត​​ ដើម្បីស្វែងរកការពិត ជុំវិញ​ហេតុការណ៍ប្រើអំពើហិង្សាលើអ្នកកាសែតអូស្ត្រាលី ក្នុងពេលដែលពួកគេកំពុងបំពេញការងារ។

ផ្សាយពាណិជ្ជកម្ម

លោកស្រី Marise Payne រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានបញ្ជាក់ឲ្យដឹងថា ក្រសួងលោកស្រីបានប្រាប់ទៅ​ស្ថានទូតអូស្ត្រាលីប្រចាំក្រុងវ៉ាស៊ីនតោន អោយបើកការស៊ើបអង្កេត ស្វែងរកការពិតទាក់ទិននឹងករណី ដែលកងសមត្ថកិច្ចអាមេរិក បានប្រើអំពើហិង្សាមកលើ​អ្នកកាសែតអូស្ត្រាលី២នាក់ ក្នុងពេល​បំបែកបាតុកម្មកាលពីរសៀលថ្ងៃចន្ទទី១មិថុនា។ លោកស្រីបន្ថែមថា លទ្ធផលនៃការស៊ើបអង្កេតយ៉ាងណា លោកស្រីតាងនាមឲ្យ​រដ្ឋាភិបាលអូស្ត្រាលី និងអាចសម្រេចថាត្រូវធ្វើអ្វីបន្តទៀត ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចសហរដ្ឋអាមេរិក ជុំវិញរឿងនគរបាល​ប្រើអំពើហិង្សានេះ។

សូមបញ្ជាក់ថា អ្នកកាសែតអូស្ត្រាលី២នាក់​ធ្វើការឲ្យ​បណ្តាញព័ត៌មាន 7NEWS ដែលកំពុងយកការណ៍ និងថតផ្សាយ​សកម្មភាពបាតុកម្ម នៅសួនឡាហ្វាយែត ក្បែរសេតវិមាន​កាលពីថ្ងៃចន្ទ ទី១មិថុនា បានរងនូវការប្រើអំពើហិង្សា ពីសំណាក់កងសមត្ថកិច្ចអាមេរិក។ នៅក្នុងវីដេអូ ដែលគេថតបាន គេឃើញនគរបាល បាន​យក​ខែការពារខ្លួន រុញបុកពោះអ្នកកាសែតដែលជាអ្នកកាន់​កាមេរ៉ាថត ហើយបានដាល់ចំមុខមួយដៃ។ នរគបានម្នាក់ទៀត បានយកដំបងឆក់ វាលើខ្នងស្ត្រីអ្នកកាសែតម្នាក់​ទៀត។ អ្នកកាសែតអូស្ត្រាលីទាំង២នាក់ បានអះអាងថា បានរងនូងគ្រាប់បាញ់កាំភ្លើងកៅស៊ូ ព្រមទាំងឧស្ម័នបង្ហូរទឹកភ្នែកផងដែរ។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងពេលដែលសមត្ថកិច្ច កំពុងព្យាយាមបំបែកហ្វូងបាតុករ ឲ្យ​ចេញឆ្ងាយ​ពី​សេតវិមាន ដើម្បីបើកផ្លូវឲ្យ​លោកដូណាល់ ត្រាំ ធ្វើដំណើរចេញពីសេតវិមាន ឆ្ពោះទៅកាន់ ព្រះវិហារ Saint John។ វីដេអូដែលគេថតបាននូវហេតុការណ៍នេះ ត្រូវបានគេ​ផ្សព្វផ្សាយ​ វិលចុះវិលឡើង នៅតាមបណ្តាញព័ត៌មានអូស្ត្រាលី។ លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុងកង់បេរ៉ា បានសរសេរនៅតាមទំព័រ Twitter ថា ប្រទេសលោកមិនអាច​លេងសើច​ ជាមួយសកម្មភាពហិង្សារបស់​នគរបាល មកលើអ្នកកាសែតបរទេសបែបនេះ បានទេ។

គួរកត់សំគាល់ថា អូស្រ្តាលី គឺជាប្រទេសដៃគូដ៏ស្និទស្នាលជាមួយនឹងសហរដ្ឋអាមេរិក។ ថ្លែងនៅតាមវិទ្យុ ABC លោកស្រី Marise Payne រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានប្រយ័ត្នមាត់ប្រយ័ត្នក មិនហ៊ាននិយាយរិះគន់ដោយចំពោះ ទៅលើលោកដូណាល់ ត្រាំទេ។ លោកស្រី គ្រាន់តែបានលើកឡើងថា កាលៈទេសៈនេះ​ អាមេរិកកំពុងឆ្លងកាត់ការលំបាកខ្លាំង។ អូស្ត្រាលី​គាំទ្រចំពោះសិទ្ធិធ្វើបាតុកម្ម​ដោយសន្តិវិធី ហើយអូស្ត្រាលី សូមអំពាវនាវ ឲ្យ​គ្រប់ភាគីពាក់ព័ន្ធ រក្សាការអត់ធ្មត់ ចៀសឲ្យ​បាននូវការប្រើអំពើហិង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ