អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-បាតុកម្ម

អ.ស.ប. ៖ កូវីដនិងបាតុកម្ម ឆ្លុះបញ្ចាំងឱ្យឃើញពីភាពរ៉ាំរ៉ៃនៃការរើសអើងពូជសាសន៍នៅសហរដ្ឋអាមេរិក

លោកស្រី ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ Michelle Bachelet
លោកស្រី ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ Michelle Bachelet AFP/Archivos
ដោយ៖ អៀង សុខម៉ិញ
1 នាទី

ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី មីស្ហែល បាស្ហឺឡេ Michelle Bachelet បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​ទី ២ មិថុនា ២០២០នេះ ថា​ជំងឺ​រាតត្បាត​កូវីដ១៩ និង​បាតុកម្ម​​ផ្ទុះ​ឡើង​ក្រោយ​ការ​ស្លាប់​​របស់​ចច ហ្វឡយ បុរស​ស្បែក​ខ្មៅ​ពេល​ប៉ូលិស​ស្បែក​ស​ចាប់​ខ្លួនខ្ទប់​នឹង​ដី ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ការ​រើង​អើង​ពូជសាសន៍​ ដែលកប់ជ្រៅ​នៅក្នុង​សង្គម​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

“កូវីដ​បាន​ទម្លាយ​ឱ្យ​ឃើញ​ពី​វិសមភាព​ ក្នុង​សង្គម​អាមេរិក ដែល​គេ​ធ្វើ​មិន​ដឹងមិន​ឮ​ជាយូរ​មកហើយ” នេះ​ជា​សំណេរ​មួយ​ឃ្លា​នៃ​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដោយ​បញ្ជាក់​​ទៀត​ថា នៅ​សហរដ្ឋ​អាមេរិក អត្រាមរណៈ​របស់​​ពលរដ្ឋ​ស្បែក​ខ្មៅ​​កើត​កូវីដមាន​ចំនួន​ច្រើន​ជាង​ពលរដ្ឋ​ទូទៅ​ដល់​ទៅ​ពីរដង។

ចំណែក​បាតុកម្ម​​ហិង្សាដែល​កំពុង​រាលដាល​ស្ទើរ​ពេញ​សហរដ្ឋ​អាមេរិក តាំង​ពី​មួយ​សប្តាហ៍​កន្លងមក​នេះ មិន​ត្រឹម​តែ​បង្ហាញ​ឱ្យ​ឃើញ​អំពីទង្វើ​​ហិង្សា​របស់​ប៉ូលិស​ទៅ​ពលរដ្ឋ​ដែល​មាន​ស្បែក​ខ្មៅ​ទេ តែ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​វិសមភាព​ផ្នែកសុខភាព ផ្នែក​សិក្សា​អប់រំ ការងារ និង​អំពី​ការ​រើសអើង​ពូជសាសន៍​ដ៏​រ៉ាំរ៉ៃ​ក្នុង​សង្គម​អាមេរិក។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី បាស្ហឺឡេ​ដដែល។

សម្រាប់​លោកស្រី​ឧត្តមស្នងការ​សិទ្ធមនុស្ស បញ្ហា​រើសអើង​ពូជសាសន៍ បូក​ផ្សំនឹង​ជំងឺ​រាតត្បាត​កូវីដ១៩ បាន​រំលេច​​ឱ្យឃើញ​អំពី​វិសមភាព​ក្នុង​សហគម​ពលរដ្ឋ​ដើមកំណើត​ស្បែក​ខ្មៅ(អាហ្វ្រិក)ឬ​ជនជាតិ​ភាគតិច ​យ៉ាង​ច្បាស់ និង​ក្នុង​កំរិត​ផ្សេង​គ្នា​ពី​ប្រទេស​មួយ​ទៅប្រទេស​មួយ មាន​ជាអាទិ៍​នៅ​​ប្រេស៊ីល បារាំង អង់គ្លេស និង​ជាពិសេស​សហរដ្ឋ​អាមេរិក។

ការ​ស្លាប់​របស់​ ចន ហ្វឡយ បុរសស្បែក​ខ្មៅ​ អាយុ​៤៦​ឆ្នាំ ដោយ​​ប៉ូលិស​ស្បែក​សយក​ជង្គង់​សង្កត់ក​ជាង​៨​នាទី​រហូត​ដល់​ថប់ដង្ហើម​ស្លាប់ បានជំរុញ​ឱ្យ​ពលរដ្ឋ​អាមេរិក​រាប់​សិប​ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​ ដើម្បី​បរិហារ​ទង្វើ​ហិង្សា​របស់ប៉ូលិស បរិហារ​ការ​រើសអើងពណ៌សម្បុរ និង​វិសមភាព​សង្គម។ បាតុកម្ម​បានរាលដាល​ជា​អំពើ​ហិង្សា អនាធិបតេយ្យ និងការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស។ មិន​តែ​ប៉ុណ្ណោះ​ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ បាន​ជ្រើសរើស​ការ​គំរាមកំហែង​ប្រើ​កម្លាំង​ទ័ព​​ដើម្បី​ស្តារ​សណ្តាប់​ធ្នាប់​សង្គមឡើងវិញ។ ប្រឈម​នឹង​ទិដ្ឋភាព​បែប​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​រំលឹក​ថា បាតុកម្ម​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ចំណែក​អំពើ​ហិង្សា​របស់​ប៉ូលិស​អាមេរិក​ត្រូវ​រងការ​អង្កេត ដូច​អ្វី​ធ្លាប់​អនុវត្ត​​នៅ​គ្រប់​​ប្រទេសដទៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ