អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋអាមេរិកបន្តធ្វើបាតុកម្ម មិនខ្វល់នឹងពាក្យគំរាមប្រើកម្លាំងទ័ពរបស់ប្រធានាធិបតី

សំឡេង ០៦:៤៨
បាតុកម្ម​ប្រឆាំង​នឹង​សកម្មភាព​ហិង្សា​របស់​ប៉ូលិស និង​ការរើសអើង​ពូជសាសន៍​ នៅ​ប៉ារីស ថ្ងៃទី ២ មិថុនា ២០២០
បាតុកម្ម​ប្រឆាំង​នឹង​សកម្មភាព​ហិង្សា​របស់​ប៉ូលិស និង​ការរើសអើង​ពូជសាសន៍​ នៅ​ប៉ារីស ថ្ងៃទី ២ មិថុនា ២០២០ REUTERS - GONZALO FUENTES
ដោយ៖ អៀង សុខម៉ិញ

៩​ថ្ងៃ​ក្រោយ​ការស្លាប់ពលរដ្ឋ​អាមេរិកស្បែក​ខ្មៅ​ក្នុង​ដៃប៉ូលិស​ស្បែក​ស រលក​ប្រឆាំង​នឹង​ភាពកំណាច​​​របស់​ប៉ូលិស រលក​កំហឹង​ប្រឆាំងនឹង​ការរើងអើង​ពូជសាសន៍ នៅ​តែមាន​សន្ទុះ​ខ្លាំង​ក្លាដដែល។ បើ​ទោះ​បី​ជា​លោក​ប្រធានាធិបតី​ បាន​គំរាម​ប្រើ​កម្លាំង​ទ័ព​ក្តី ក៏​ពលរដ្ឋ​អាមេរិក​ជា​ច្រើន​ម៉ឺន​នាក់​ បន្តប្រមូលផ្តុំគ្នា​ធ្វើ​បាតុកម្ម​ទៀត​នៅ​ថ្ងៃអង្គារ​ទី ២​មិថុនា​ម្សិលមិញ។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃអង្គារទី ២ មិថុនា មានបាតុករយ៉ាងហោច​៦​ម៉ឺន​នាក់បានមកប្រមូល​ផ្តុំ​គ្នា​ ដោយ​ស្ងប់​ស្ងៀម នៅ​ ក្រុង​ហ៊ូស្តុន រដ្ឋ​តិចសាស់ ដើម្បី​ឧទ្ធិស​ដល់​វិញ្ញាណក្ខន្ធ​​ សព ចច ហ្វឡយ។ នៅ​ឡូហ្សង់សឺឡេស ចៅហ្វាយក្រុង និងប៉ូលិស​ បាន​នាំ​គ្នា​លត់​ជង្គង់​កណ្តាល​ផ្លូវ ជា​មួយ​បាតុករ។ តាំង​ពី​ឆ្នាំ​២០១៦ ការលត់​ជង្គង់ ​ បាន​ក្លាយ​ជា​និម្មិត្តរូប​​នៃ​ការ​បរិហារ​អំពើ​ហិង្សា​របស់​ប៉ូលិស​ទៅ​លើពលរដ្ឋ​ស្បែក​ខ្មៅ។ ឯបាតុករមួយ​ក្រុម​ទៀត នាំ​គ្នា​ដើរ​ដង្ហែ​តាម​បណ្តោយ​ផ្លូវ​ហូវីហ្វូត។ ជាសរុប​ មាន​ចាប់ខ្លួន​បាតុករ​ជាង​២៧០០នាក់ ពីបទ​រំលោភ​បម្រាមគោចរ។

នៅ​រដ្ឋធានី ​យប់​ជ្រៅ​ទៅ​ហើយ និង​បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​បម្រាមគោចរ​ក្តី ក៏​ពលរដ្ឋ​អាមេរិកជា​ច្រើន​ពាន់​នាក់ ព្រមទាំង​​លោកស្រី​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យម្នាក់​ផង បាន​នាំ​គ្នា​ជំនះ​ធ្វើ​បាតុកម្ម​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​។ ប៉ុន្តែ​ពួកគេ​មិន​អាចចូល​ទៅជិត​សេតវិមានបាន​ទេ ព្រោះ​មាន​របាំង​ដែក​យ៉ាង​មាំ រារាំង​មិន​ឱ្យ​បាតុករ​បាន​ខិត​ឬ​ជួប​កៀក​នឹង​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់។

ក្រោយ​ពី​រងការ​បំផ្លិចបំផ្លាញ លួច​កម្ទេច និង​ជាប់បម្រាម​គោចរ រហូត​ដល់​ថ្ងៃ​អាទិត្យ​ក៏​ដោយ ក៏​បាតុករ​​ញូវយ៉ក​ជា​ច្រើន​រយ​នាក់ ខ្មៅ​សចម្រុះ​គ្នា បានទៅ​ប្រមូលផ្តុំ​គ្នា​ នៅ​មុខទីស្នាក់ការ​ប៉ូលិសក្រុងញូវយ៉ក ស្រែក​បរិហារ​ទង្វើ​ហិង្សា​ប៉ូលិសដែល​បាន​​បណ្តាល​ឱ្យ​ចចហ្វឡយ​ស្លាប់។ បើ​តាម​ទូរទស្សន៍​ABC មានស្នូរ​​បាញ់​រះ​មួយ​ប្រាវក្នុង​បាតុកម្មនេះ​ដែល​បង្ក​ឱ្យ​មាន​របួស​៥​នាក់​ ក្នុងនោះ​២​នាក់​ជាប៉ូលិស។

តែ​ជា​ទូទៅ​ បាតុកម្ម​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​ទាំងអស់។

ពង្រាយ​ទ័ព ១៦០០នាក់

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​មន្ទី​រ​បញ្ចកោណ មាន​ទាហាន​ប្រមាណ​ជាង​១៦០០​នាក់​ ត្រូវបាន​ដាក់​ពង្រាយ​នៅ​តំបន់​ជុំវិញ​ក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​ពុំ​មានដាក់​នៅ​ក្នុង​រដ្ឋធានី​ផ្ទាល់​ទេ។ ចៅហ្វាយ​ក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​ មិន​បញ្ជូន​ទាហាន​អាមេរិកឱ្យ​ទៅ​បង្ក្រាប​ពលរដ្ឋ​អាមេរិក​ខ្លួនឯងឡើយ។ អភិបាល​រដ្ឋ​ញូវយ៉ក ក៏​មិន​ព្រម​ប្រើ​កម្លាំង​យោធា​ តាម​ការណែនាំ​របស់​ប្រធានាធិបតី​អាមេរិកដែរ។

ជាប់​ចោទ​ប្រើ​ទាហាន​ដើម្បី​នយោបាយ

ជម្រើស​ប្រើ​ទ័ពដើម្បី​ស្តារ​សណ្តាប់​ធ្នាប់​សង្គម​កំពុង​ក្លាយ​ជា​ការ​ប្រទាញ​ប្រទង់​និង​ចោទ​ប្រកាន់​គ្នា​បែប​​នយោបាយ។​ បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃដិន បាន​ចោទ​​​លោក​ត្រាំ ថា​ចង់​ប្រែក្លាយ​ប្រទេស​ទៅ​សមរភូមិ​ប្រយុទ្ធ​ ដែល​បង្កប់​ទៅដោយ​គ្រាប់មីន​នៃការស្អប់ខ្ពើ​មគ្នា និង​ភ័យ​ខ្លាច។ លោក​បៃដិនបាន​​សន្យា​ព្យាបាល​ជំងឺ​រើសអើង​រ៉ាំរ៉ៃ។ ពាក្យ​ចោទ​ប្រកាន់​នេះ​គ្មានអ្វី​ប្លែក​ទេ ព្រោះ​លោក​ជា​គូប្រជែង​នឹង​លោក​ត្រាំ​ ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកនៅ​ថ្ងៃទី ៣​វិច្ឆិកា​ខាងមុខ។ ប៉ុន្តែ​ពាក្យ​រិះគន់​និង​ចោទ​ប្រកាន់​ដែល​សំខាន់ គឺការ​ចោទ​​​លោក​ត្រាំ ​ថា​កំពុង​យក​​បញ្ហា​ពង្រាយ​ទ័ព​ មកបំរើ​នយោបាយ។

កាលពីថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ពេល​ដើរ​ទៅ​​វិហារ សាំងចន ដែលរង​ការបំផ្លិច​បំផ្លាញរបស់​បាតុករ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​អគ្គមេបញ្ជាការ​កងទ័ព​បានអម​ដំណើរ​ប្រធានាធិបតី ហើយ​ថតរូប​ជាមួយគ្នា​ ត្រង់​កន្លែងកង​សន្តិសុខ​ទើប​ប្រើកម្លាំង​ហិង្សា​បំបែក​ហ្វូងបាតុករ។ រូបភាព​មេបញ្ជាការដើរ​ពី​​ក្រោយ​លោក​ត្រាំ ត្រូវ​បាន​សេតវិមានយក​ទៅ​ប្រើ​ប្រាស់​ក្នុង​អត្ថន័យ​ឃោសនា​បោះឆ្នោតទៀត។ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​ក្បែរ​ប្រធានាធិបតី​មិន​សូវ​ជា​អ្វី​ប៉ុន្មានទេ ព្រោះ​លោកមានតួនាទី​រដ្ឋបាល ប៉ុន្តែវត្តមាន​អគ្គមេបញ្ជាការ​កងទ័ព​នៅ​ពីក្រោយ​ប្រធានាធិបតី ពិត​ជាអាច​បង្កប់​​ន័យ​​នយោបាយ បើ​ទោះ​បី​ជា​ធ្វើ​ដោយ​អចេតនាក៏​ដោយ។

នៅ​អាមេរិក​ តួនាទី​យោធា​​ទទួលបានការគោរពខ្លាំងណាស់។ ​តាមធម្មតា នៅ​ពេលមាន​វិបត្តិ ក្នុង​ទម្រង់​ជា​អសន្តិសុខ អសណ្តាប់ធ្នាប់​ស៊ីវិល ច្បាប់​ហាមទាហានឱ្យ​​លូកដៃ​ទេ ព្រោះ​ជា​ភារៈរបស់​កងកម្លាំង​ឆ្មាំការពារជាតិ​។ ទាល់​តែ​មាន​ការ​ប៉ះបោរ​ផ្ទៃក្នុងទើប​អាចបញ្ចេញ​ទាហាន​មក​ប្រើ​បាន​។ តែ​នៅ​លើក​នេះ រដ្ឋមន្ត្រីការពារជាតិ​ផ្ទាល់​ក៏​បាន​និយាយ​អំពី​ការ​ពង្រាយ​ទ័ព​បង្ក្រាប​បាតុកម្ម ហើយបញ្ចេញមុខ​ក្បែរប្រធានាធិបតី​ទៀត ទើប​បាន​ជា​មាន​លេច​ពាក្យ​ចោទ​ប្រកាន់​ថា​ប្រធានាធិបតី​ប្រើឥទ្ធិពល​​លើ​​យោធា​ដើម្បី​ប្រយោជន៍​នយោបាយ។

បាតុកម្ម​ បរិហារ​ទង្វើ​ហិង្សា​របស់​ប៉ូលិស​បារាំង

​មរណភាព​របស់​ចច ហ្វឡយ បាន​អង្រួន​ពិភពលោកខ្លាំងណាស់។ ការស្លាប់​នេះ​ បាន​ដាស់​កំហឹង​របស់​ប្រជាពលរដ្ឋបារាំង ជាង​២​ម៉ឺន​នាក់ ឱ្យ​នាំ​គ្នា​មកប្រមូលផ្តុំ​ធ្វើ​បាតុកម្មជា​ថ្មី ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​ប៉ូលិស ដែល​កាលពី​បួន​ឆ្នាំ (១៩​កក្កដា២០១៦) អាដាម៉ា ត្រាអូរ៉េ ​ពលរដ្ឋ​បារាំង​ស្បែក​ខ្មៅ​ អាយុ​២៤​ឆ្នាំ បាន​ស្លាប់​នៅ​ពេលប៉ូលិសបារាំង​ចាប់​ខ្លួន។ សម្រាប់ពួកគេធ្វើ​បាតុកម្មដើម្បី​ ចច ក៏​ដូច​ជា​ដើម្បី​ អាដាម៉ា ពោល​គឺជា​បាតុកម្ម​ប្រឆាំងនឹងទង្វើ​ហិង្សា​ប៉ូលិស និងការរើសអើង​ពូជសាសន៍។ ប៉ុន្តែ​បាតុកម្ម​ក៏​បាន​បិទ​បញ្ចប់​ទៅ​ដោយ​អំពើ​ហិង្សា​និង​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​រវាងបាតុករ​និង​ប៉ូលិស។ មាន​ការគប់ជាតិ​ផ្ទុះ​ និង​គ្រប់​គ្រាប់​បែក​ផ្សែង​ ព្រមទាំង​រាល​ដាល​ដល់​ការបិទ​ខ្ទប់​ផ្លូវក្រវ៉ាត់​ក្រុង​ និងការ​បំផ្លាញបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈមួយ​ចំនួន។ បើ​តាម​ប៉ូលិស អាជ្ញាធរ​ត្រូវ​បំបែកបាតុកម្ម​ព្រោះ​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​សុខភាព​ មិន​អនុញ្ញាត​ឱ្យ​មានការ​ប្រមូល​ផ្តុំគ្នា​ លើស​ពី​១០​នាក់​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ