អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​មិនគាំទ្រ ឲ្យ​ប្រើ​ច្បាប់​ប្រឆាំង​ការបះបោរ ដើម្បី​ស្តារសណ្តាប់ធ្នាប់

សំឡេង ០៧:៣១
រក្សា​សន្តិសុខ​ដោយ​កងកម្លាំង​ប៉ូលិស​ទាហាន​ប្រឆាំង​កុបកម្ម និងលោកដូណាល់ ត្រាំ ធ្វើដំណើរ​នៅ​សួន Lafayette Park បន្ទាប់​ពី​ប៉ូលិស​បង្រ្កាប​បាតុករ ដើម្បី​បើកផ្លូវ​ឲ្យ​លោក​ដូណាល់ ត្រាំ​ចេញ​ទៅនៅក្រៅ​សេតវិមាន​ សំដៅ​វិហារ​នៅមុខ​សេតវិមាន នៅថ្ងៃ​ចន្ទទី ១មិថុនា​២០២០
រក្សា​សន្តិសុខ​ដោយ​កងកម្លាំង​ប៉ូលិស​ទាហាន​ប្រឆាំង​កុបកម្ម និងលោកដូណាល់ ត្រាំ ធ្វើដំណើរ​នៅ​សួន Lafayette Park បន្ទាប់​ពី​ប៉ូលិស​បង្រ្កាប​បាតុករ ដើម្បី​បើកផ្លូវ​ឲ្យ​លោក​ដូណាល់ ត្រាំ​ចេញ​ទៅនៅក្រៅ​សេតវិមាន​ សំដៅ​វិហារ​នៅមុខ​សេតវិមាន នៅថ្ងៃ​ចន្ទទី ១មិថុនា​២០២០ REUTERS - Tom Brenner
ដោយ៖ ឈាង បុប្ផា
៤៥ នាទី

ការចាប់ខ្លួន ប៉ូលិសដៃដល់ ដែលធ្វើបុរស​អាមេរិកាំង​ស្បែកខ្មៅ​George Floyd ស្លាប់ កាលពី​សប្តាហ៍មុន មិនបាន​ធ្វើ​ឲ្យ​បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើងពូជសាសន៍ និង​អំពើហិង្សា​របស់​ប៉ូលិស នៅអាមេរិក ចុះ ថមថយនោះទេ។ កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ បាន​គំរាម​ប្រើច្បាប់​ប្រឆាំង ការងើបបះបោរ ដើម្បី​ស្តារ​សណ្តាប់ធ្នាប់ នៅអាមេរិក។ ប៉ុន្តែ នៅថ្ងៃ​ពុធ​​រដ្ឋមន្រ្តីការពារជាតិ លោក​Mark Esper និង​អតីតរដ្ឋមន្រ្តី ការពារ​ជាតិ​អាមេរិក បានចេញមុខ ប្រឆាំង នឹង​ការណ៍ដែលលោកដូណាល់ ត្រាំ ចង់​ពង្រាយទ័ព​ដើម្បី​ទប់ទល់​បាតុកម្ម។

ផ្សាយពាណិជ្ជកម្ម

នៅអាមេរិក ប៉ូលិស​៣រូប ដែល​ចូលរួម ក្នុង​ហេតុការណ៍ចាប់ខ្លួន​ដ៏ហិង្សា ទៅលើ​George Floyd ត្រូវ​បាន​តុលាការ ក្នុង​រដ្ឋ​មេនីសូតា ចោទប្រកាន់​ពីបទ​ផ្សំគំនិត ចំណែក ប៉ូលិស​ដែល​ប្រើជង្គង់ សង្កត់ ក George Floyd រហូតដល់​ដាច់ខ្យល់ស្លាប់ រង​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​ចេតនា។ បទឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នឹងអាច​ធ្វើ​ឲ្យ​ជនល្មើស​ប្រឈម​នឹង​ការកាត់ទោស ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤០ឆ្នាំ។ នៅក្រោយ​ការចាប់ខ្លួន ប៉ូលិសដៃដល់ បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍ នៅតែបន្តមាន ប៉ុន្តែ អំពើហិង្សា​បាន​ថយចុះ​ចំនួន។

នៅអាមេរិក ជាទី​ដែល​បាតុកម្ម​ប្រឆាំង​នឹងការរើសអើងពូជសាសន៍ នៅតែ​បន្ត ៩ថ្ងៃ​មកហើយនោះ ជម្រើស​ប្រើ​កងទ័ព​ដើម្បី​ស្តារ​សណ្តាប់​ធ្នាប់​សង្គម កំពុង​ក្លាយ​ជា​រឿងប្រទាញ​ប្រទង់ គ្នា​រវាង ប្រធានាធិបតី និង​រដ្ឋមន្រ្តីការពារ​ការពារជាតិ។

នៅ​ប៉ុន្មានថ្ងៃ​មកនេះ មាន​ការចោទប្រកាន់ថា លោកដូណាល់ ត្រាំ បាន​ប្រើឥទ្ធិពល​លើ​យោធា ដើម្បី​ផលប្រយោជន៍​នយោបាយ។ កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្រ្តីការពារ​ជាតិ និង​អគ្គមេបញ្ជាការ​កងទ័ព​បាន​អមដំណើរ ប្រធានាធិបតី និង​មានរូបថត​ជាមួយគ្នា នៅត្រង់​កន្លែង ដែល​ប៉ូលិស ទើប​ប្រើ​កម្លាំងហិង្សា បំបែក​ក្រុមបាតុករ នៅខាងក្រៅ​របង​សេតវិមាន។ នៅថ្ងៃ​ចន្ទដដែល លោក​ដូណាល់ ត្រាំ បាន​គំរាម​ប្រើ​ច្បាប់ប្រឆាំង​ការបះបោរ ដើម្បី បិទបញ្ចប់​អំពើហិង្សា​ឲ្យ​បាន​លឿនបំផុត។

ប៉ុន្តែ នៅក្នុង​សន្និសីទ​កាសែត នៅ​មន្ទីរបញ្ចកោន កាលពីថ្ងៃ​ពុធ រដ្ឋមន្រ្តីការពារ​អាមេរិក លោក​Mark Esper បាន​ចេញមុខ​បកស្រាយ ថា លោក​នឹង​ធ្វើ​អ្វីគ្រប់យ៉ាង ដើម្បី​ឲ្យ​កងទ័ព​ស្ថិតនៅ​ក្រៅ​សៃង្វៀន នយោបាយ។ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក នៅ​បាន​ដកខ្លួន ឃ្លាតឆ្ងាយ​ពី​ប្រធានាធិបតី ដោយបាន​អះអាង​ថា លោក​មិនគាំទ្រ ឲ្យ​ប្រើ​ច្បាប់​ប្រឆាំង​នឹងការបះបោរ ដើម្បី​ឆ្លើយតប​នឹង​អំពើហិង្សា ដែល​កើតឡើង​នៅក្នុង​អំឡុង​បាតុកម្ម ប៉ុន្មាន​ថ្ងៃ នេះមកទេ។

តាម​ប្រមុខការពារ​ជាតិ​អាមេរិក ការពង្រាយ​កងទ័ព នៅ​ទឹកដីអាមេរិក ដើម្បី ស្តារសណ្តាប់ធ្នាប់​សង្គម គួរតែជា​ជម្រើសចុងក្រោយ និង​នៅក្នុង​កាលៈទេសៈ​ដែល​បន្ទាន់ និង​អស់សង្ឃឹម​បំផុត។ ប៉ុន្តែ ក្នុង​កាលៈទេសៈ​សព្វថ្ងៃ គេ​អាច​ត្រឹម ប្រើ​កងកម្លាំង ឆ្មាំ​ការពារ​ជាតិ តែប៉ុណ្ណោះ ដើម្បី​ជួយ កម្លាំង​ប៉ូលិស​រដ្ឋ ក្នុងការបង្រ្កាប ការលួច ឆក់ប្លន់ និង​អំពើ​ហិង្សា។ នេះបើតាម​ប្រសាសន៍​របស់​រដ្ឋមន្រ្តីការពារ​អាមេរិក។ នៅ​អាមេរិក​ តួនាទី​របស់​យោធា​​ទទួល​បាន​ការគោរព​ខ្លាំង​ណាស់។ ​តាមធម្មតា នៅ​ពេលមាន​វិបត្តិ ក្នុង​ទម្រង់​ជា​អសន្តិសុខ អសណ្តាប់ធ្នាប់​ស៊ីវិល ទាហាន​មិនដែល​លូកដៃ​ទេ ព្រោះ​ជា​ភារៈរបស់​កងកម្លាំង​ឆ្មាំការពារជាតិ។ ទាល់​តែ​មាន​ការ​ប៉ះបោរ​ផ្ទៃក្នុង​ទើប រដ្ឋាភិបាល​អាច​បញ្ចេញ​ទាហាន​មក​ប្រើ​បាន ដោយ​យោង​ទៅ​តាម​ច្បាប់​ប្រឆាំង​នឹង​ការបះបោរ​ក្នុង​ស្រុក។

នៅក្នុង​រយៈពេល ២០០​ឆ្នាំ ដែល​អាមេរិក មាន​ច្បាប់​ប្រឆាំង​នឹង​ការបះបោរ រដ្ឋាភិបាល​អាមេរិក​ធ្លាប់​បាន​ប្រើ​ច្បាប់​នេះ ជាច្រើន​ដង ដោយ​បាន​ពង្រាយ​កងទ័ព ដើម្បី​ប្រឆាំង​នឹង​ចលនា​បះបោរ​របស់​ក្រុមទាសករ ស្តារសណ្តាប់ធ្នាប់ ទប់ស្កាត់​ការលួចប្លន់ របស់​ជនឆក់ឱកាស នៅក្នុង​ពេល​មាន​គ្រោះមហន្តរាយធម្មជាតិ។ ចុងក្រោយ​បំផុត​ដែល​អាមេរិក​ប្រើច្បាប់ប្រឆាំង ការបះបោរ គឺ​នៅ​ឆ្នាំ១៩៩២ នៅពេល រដ្ឋបាល​ប៊ូស បញ្ជូន​កងទ័ព ទៅ​បង្រ្កាប សកម្មភាព​ឆក់ប្លន់ ហាងទំនិញ ដែល​កើតឡើង នៅក្នុង​ឱកាស​បាតុកម្ម​ប្រឆាំង នឹង​ការរើសអើង​លើ​ជនជាតិ​ស្បែកខ្មៅ នៅទីក្រុង​Los Angeles។ ប៉ុន្តែ ការពង្រាយទ័ព​អាមេរិក​លើកនោះ បាន​រងការរិះគន់ ថា ធ្វើហួសហេតុ បើប្រៀបធៀប​នឹង​អំពើហិង្សា ឆក់ប្លន់ របស់​ជនឆក់ឱកាស។

អតីតរដ្ឋមន្រ្តីការពារ​ជាតិ​ចេញមុខ​រិះគន់​ខ្លាំងៗ លោកដូណាល់ ត្រាំ

លោក​Mattis ​ធ្លាប់​ជា​មេទ័ព មាន​ស្នាដៃ នៅក្នុង​សង្រ្គាម​អាហ្វហ្កានីស្ថាន និង​ទទួល​បាន​ការគោរព​សរសើរ​ពី​ឥស្សរជន​កងទ័ព​មិនថា នៅអាមេរិក ឬ​នៅបរទេស។ ប៉ុន្តែ លោក​បានសុំ​លាលែង​ចេញពីតំណែង ដោយសារ​តែ​លោក​មិន​យល់ស្រប​ជាមួយ​លោកដូណាល់ ត្រាំ ដែល​បាន​សម្រេច​ឯកតោភាគី​ដកកងទ័ព​អាមេរិក​ចេញពី​ទឹកដី​ស៊ីរី។

ចាប់តាំង​ពី​លាលែង​ពីតំណែង រដ្ឋមន្រ្តី​ការពារ​ជាតិ លោក​James Mattis បាន​ដកខ្លួន​ឆ្ងាយ​ពីនយោបាយ និង​តែងតែ​បដិសេធ​មិន​ធ្វើអត្ថាប្បាយ​លើ​នយោបាយ​របស់​លោកដូណាល់​ត្រាំ​នោះ​ទេ។ ប៉ុន្តែ នៅថ្ងៃ​ពុធ នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល ​ត្រូវ​ចុះផ្សាយ​ដោយ​បណ្តាញព័ត៌មាន​អាមេរិក និង​បរទេស អតីត រដ្ឋមន្រ្តីការពារ​ជាតិ អាមេរិក បាន​រិះគន់ ចាស់ដៃ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ។

លោកMattis និយាយ​ថា នៅក្នុងមួយ​ជីវិត​របស់​លោក លោកដូណាល់​ជា​ប្រធានាធិបតី​អាមេរិក ទី១ ដែល​មិនធ្លាប់​សាកល្បង ឬ​ធ្វើជា សាកល្បង ដើម្បី​បង្រួបបង្រួម​ប្រជាជន​អាមេរិក។ សម្រាប់​អតីតមេទ័ពអាមេរិក ជាជាង​បង្រួបបង្រួម​ប្រជាជន​អាមេរិកាំង លោកដូណាល់ ត្រាំ កំពុង​ព្យាយាម​បំបែកបំបាក់​ប្រជាជនអាមេរិក។ បើតាម​លោក​James Mattis ចាប់តាំង​ពីកើតមាន​បាតុកម្ម ប្រឆាំង ការរើសអើង​ពូជសាសន៍ ប៉ុន្មាន​ថ្ងៃ​មកនេះ លោកដូណាល់​ត្រាំ មិន​បាន​ផ្តោតសំខាន់​ទៅលើ​ឬសគល់​នៃ​បញ្ហា​នោះទេ ប៉ុន្តែ គិត​តែ​ពីចង់​ប្រើកម្លាំង​បាយ កងទ័ព ដើម្បី បង្រ្កាប​លើ​ក្រុមជនខិលខូច ដែល​មាន​ចំនួន​តែ​មួយក្តាប់តូចប៉ុណ្ណោះ ដែល​បាន​ឆ្លៀតឱកាស​ពីបាតុកម្ម​លើកនេះ។

ចាប់តាំង​ពី​កើតមាន​បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍ នៅក្រោយ​បុរស​ស្បែកខ្មៅ George Floyd ស្លាប់​ដោយសារ​អំពើហិង្សា​របស់​ប៉ូលិស លោកដូណាល់ ត្រាំ មិន​បាន​ផ្តោតយក​ចិត្តទុកដាក់​លើ​ការទាមទារ​របស់​បាតុករ​នោះទេ។ ផ្ទុយទៅវិញ លោក​ផ្តោតសំខាន់​តែ​ទៅលើ​ការគាស់លួចហាងទំនិញ និង​អំពើហិង្សា​របស់​ជនខិលខូច​មួយក្តាប់តូច។

សម្រាប់​អតីតប្រមុខការពារ​ជាតិ​អាមេរិក គេ​មិនត្រូវ​អនុគ្រោះ ដល់អ្នករំលោភច្បាប់ ប៉ុន្តែ ជាមួយ​គ្នា កម្លាំងរក្សា​សន្តិសុខ​អាមេរិក ក៏គ្មាន​សិទ្ធិអ្វី​ដែល​ត្រូវ​រំលោភបំពាន​សិទ្ធិសេរីភាព​របស់​អ្នកដែល​ចង់​ធ្វើបាតុកម្ម​ដែរ។

ប្រតិកម្ម​នឹង​សេចក្តីថ្លែងការណ៍រិះគន់​របស់​អតីតរដ្ឋមន្រ្តីការពារ​ជាតិ លោកដូណាល់ ត្រាំ​បាន​សរសេរ​សារ​Twitter វាយបក​វិញថា លោក​សប្បាយចិត្ត​ដែល​លោក​James Mattis ដើរចេញ​ពី​រដ្ឋាភិបាល​របស់លោក។

លោកJames Mattis នៅ​បាន​បន្ថែមថា នៅក្នុង​ពេល​លោក​បាន​ចូល​បម្រើកងទ័ព​កាលពី​៥០ឆ្នាំ លោក​បាន​ស្បថ​ថា និង​គាំទ្រ ការពារ រដ្ឋធម្មនុញ្ញអាមេរិក។ ប៉ុន្តែ លោកមិនដែល​នឹកស្មានទេ​ថា កងទ័ព​ត្រូវ​ទទួល​បញ្ជា ដើម្បី​រំលោភសិទ្ធិពលរដ្ឋ ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញដែរ។ ហើយ​រឹតតែ​មិនជឿ​ទៅទៀត គឺ​នៅពេល ប្រធានាធិបតី​ឈរ ថតរូប ដោយ​មោទនភាព ជាមួយ មេបញ្ជាការកងទ័ព។ នៅត្រង់​ចំនុចនេះ លោកJames ចង់​សំដៅ​ដល់​រូបភាព​ដែល​លោក​ដូណាល់ ត្រាំ ឈរអម​ដោយ​មេបញ្ជាការ​កងទ័ព និង​រដ្ឋមន្រ្តីការពារ​ជាតិ នៅពេល​លោក​គំរាម​ពង្រាយ​កងទ័ព ដើម្បី​បង្រ្កាប​អំពើហិង្សា នៅអាមេរិក។

តើ​លោកដូណាល់ ត្រាំ នៅតែ​ចង់​ប្រើច្បាប់​នេះ ដើម្បី​អាច​ពង្រាយ​កងទ័ព ទៅគ្រប់គ្រង​បាតុកម្ម?

នៅពេល​រដ្ឋមន្រ្តីការពារ​ជាតិ មានជំហរផ្ទុយពី​លោក​យ៉ាងដូច្នេះ ពោល​គឺ​មិនចង់​ពង្រាយ​កងទ័ព នៅទឹកដី​អាមេរិក គេ​ជឿថា លោកដូណាល់ ត្រាំ ប្រហែល​ជា​ប្រកាន់ជំហរ ទន់ភ្លន់ជាងនេះ ដោយលែង​ចង់​ប្រើ​កម្លាំងទ័ព​តទៅទៀត។ ម្យ៉ាងទៀត បើសិន​លោក​នៅតែអាង​អំណាចប្រធានាធិបតី ដើម្បី​ប្រើច្បាប់ ប្រឆាំង​ការបះបោរ លោក​ដូណាល់ ត្រាំ គួរតែ​បាន​ការអនុញ្ញាត បើកភ្លើងខៀវ ពីសំណាក់ អភិបាល​រដ្ឋដែរ។ រហូតមកដល់ពេលនេះ អភិបាល​រដ្ឋ និង​ចៅហ្វាយក្រុង​ជាច្រើន ដូចជា នៅ​វ៉ាស៊ីនតោន ឬ​ញូវយ៉ក​ជាដើម​បាន​បដិសេធ​មិន​ទទួល​យក​កងទ័ព​រដ្ឋាភិបាល ដើម្បី​បង្រ្កាប​ពលរដ្ឋ​អាមេរិក​ខ្លួនឯង ​តាម​ការណែនាំចង់បាន​របស់​លោកដូណាល់ ត្រាំ​នោះទេ។ ចង់ ឬ​មិនចង់ ការប្រើ​កម្លាំង​ទ័ព ណាមួយ នៅក្នុងបាតុកម្ម​លើកនេះ នឹង​ធ្វើ​ឲ្យ​កងទ័ព​មាន​រូបភាពមិនល្អ​នោះទេ នៅក្នុងក្រសែភ្នែក​របស់​ប្រជាជន​អាមេរិកាំង ដែល​តែងគិតថា តួនាទី​របស់​កងទ័ព​គឺ​ប្រយុទ្ធ​ក្នុង​សមរភូមិ នៅ​ទឹកដី​បរទេស ប៉ុន្តែ​មិនមែន​នៅក្នុង​ទឹកដី​អាមេរិកខ្លួន​ឯងនោះទេ។

មួយវិញទៀត ក្រៅតែ​ពីបញ្ហាមុខមាត់ កងទ័ព​អាមេរិក​ដែល​ត្រូវ​ពង្រាយ​ ដើម្បី​បង្រ្កាប​បាតុកម្ម​លើកនេះ នឹង​អាច​ប្រឈម​ផងដែរ នឹង​បញ្ហា​សុខភាព គឺ​ការឆ្លង ជំងឺកូវីដ។ ដោយសារ​តែ​ឧបសគ្គមានច្រើន លោកដូណាល់ ត្រាំ ប្រហែល​ជា​នឹងផ្លាស់ប្តូរ​គំនិត មិន​ប្រើ​អំណាច ដើម្បីពង្រាយ​យោធា នៅទឹកដី អាមេរិក ​តទៅទៀត នោះទេ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ