អានតួអត្ថបទ

អគ្គលេខាធិការ អ-ស-ប​៖ ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ត្រូវក្លាយជា​ទ្រព្យរួម​របស់​ពិភពលោក

បេក្ខជន​វ៉ាក់សាំង​ដែល​ថៃ​កំពុង​ស្រាវជ្រាវ​សម្រាប់​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩
បេក្ខជន​វ៉ាក់សាំង​ដែល​ថៃ​កំពុង​ស្រាវជ្រាវ​សម្រាប់​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩ AP - Sakchai Lalit
ដោយ៖ ឈាង បុប្ផា
១៦ នាទី

អនាគត​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ គួរ​តែ​ជា​ទ្រព្យរួម​របស់​ពិភពលោក ដែល​គ្រប់គ្នា​អាច​ទទួល​ប្រើប្រាស់បាន​ដោយពេញលេញ។ នេះជា​ការថ្លែង​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ នៅ​ក្នុង​សុន្ទរកថា បើក​ជំនួបកំពូល​អន្តរជាតិ ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ជំងឺកូវីដ ដែល​បើកធ្វើ តាមរយៈ​វីដេអូសន្និសីទ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤មិថុនា។ 

ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល តាមវីដអូសន្និសីទ ដែល​មាន​ចូលរួម​ពី​ប្រទេស​ជាង​៥០ និង​ថ្នាក់ដឹកនាំ ប្រមុខរដ្ឋ​ចំនួន ៣៥​មាន​គោលដៅ អំពាវនាវ​រក​ថវិកា​សម្រាប់​ទិញ និង​ផលិត​អនាគត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ ១៩។ សម្ព័ន្ធ​ដើម្បី​វ៉ាក់សាំង ហៅកាត់ថា Gavi សង្ឃឹម ថា នឹង​ប្រមូល​ឲ្យ​បាន​ថវិកា ជាង ២ពាន់លាន​ដុល្លារ សម្រាប់​គាំទ្រ ការស្រាវជ្រាវ​វ៉ាក់សាំង ប្រឆាំង​កូវីដ ដែល​កំពុង​នាំមុខគេ។

តាមអង្គការ​សុខភាព​ពិភពលោក គេកំពុង សិក្សាលើ​វ៉ាក់សាំង ជាង​១០០​មុខ សម្រាប់​ប្រឆាំង​ជំងឺ​កូវីដ ប៉ុន្តែ មាន​តែ​វ៉ាក់សាំងប្រមាណ ១០ប៉ុណ្ណោះ ដែល​ការសាកល្បង​វេជ្ជសាស្រ្ត បានផ្តល់​លទ្ធផល​វិជ្ជមាន។

ជំនួបកំពូល នៅ​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ នឹង​អនុញ្ញាត​ផងដែរ​ឲ្យ​មាន​ការអំពាវនាវ ដើម្បី គាំទ្រ​ឲ្យ​ការចែកចាយ​វ៉ាក់សាំង យ៉ាងទូលំទូលាយ នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍ។ សម្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​វ៉ាសាំង​ប្រឆាំង​ជំងឺកូវីដ ១៩​ត្រូវ​តែ​ជា​ទ្រព្យសម្បត្តិរួម​របស់​ពិភពលោក។ វ៉ាក់សាំង​សម្រាប់​ប្រជាជន​ទាំងអស់គ្នា។

ជំនួបកំពូល​ដើម្បី​ស្វែងរក​ថវិកា​សម្រាប់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវីដ ត្រូវបាន​រៀបចំឡើង នៅក្នុង​បរិបទ​ដែល​អាមេរិក កាត់ផ្តាច់​ជំនួយ ពី​អង្គការ​សុខភាព​ពិភពលោក និងនៅក្នុង​កាលៈទេសៈ​ដែល​គេ​កំពុង​ព្រួយបារម្ភខ្លាច​ថា អាមេរិកនឹង​ក្រសោប ផ្តាច់មុខ លើ​អនាគត​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺកូវីដ។

នៅក្នុង​ជំនួបកំពូល លោកដូណាល់ ត្រាំ បានលើកឡើងថា ជំងឺកូវីដ គ្មានព្រំដែន អាក្រក់ និង​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ គេអាចកម្ចាត់វា ទាំងអស់គ្នា។ នាយករដ្ឋមន្រ្តី​អង់គ្លេស ដែល​ជាអ្នករៀបចំ​ជំនួបកំពូល នៅថ្ងៃ​ម្សិលមិញ បានអំពាវនាវ​ឲ្យ​បើកសករាជថ្មី​នៃសហប្រតិបត្តិការ​ពិភពលោក​ខាងផ្នែក​សុខាភិបាល។ អង់គ្លេស​ដែល​មាន​មនុស្ស​ស្លាប់ ជាង ៤ម៉ឺននាក់ ដោយសារ​កូវីដ ១៩ ជា​ប្រទេស​ដែល​នាំមុខ​ខាងផ្តល់ហិរញ្ញវត្ថុ​សម្រាប់​សម្ព័ន្ធ​វ៉ាក់សាំង ជាមួយ​ទឹកប្រាក់​ជាង ១៨៥០​លាន​អឺរ៉ូ សម្រាប់​រយៈពេល ៥ឆ្នាំ ទៅមុខ។

អង្គការ​Oxfam វិញ បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចំណាយថវិកា​សាធារណៈ សម្រាប់​វិនិយោគ លើ​ការស្រាវជ្រាវរក​វ៉ាក់សាំង និង​ការព្យាបាល​អ្នកជំងឺ​កូវីដ។ អង្គការ​បាន​រិះគន់​ផងដែរ និន្នាការ​ក្តោបយក​ផ្តាច់មុខ​លើ​វ៉ាក់សាំង​ពី​សំណាក់​ក្រុមហ៊ុន​ផលិតឱសថ​ធំៗ​ដែលកំពុង​នាំមុខ ក្នុង​កម្មវិធី​ស្រាវជ្រាវ​រកវ៉ាក់សាំង​ប្រឆាំង​កូវីដ។ ប៉ុន្តែ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អង់គ្លេស BBC មហាសេដ្ឋី​អាមេរិកាំង លោក​Bill Gates ដែល​មាន​មូលនិធិ​សកម្មខ្លាំង​ក្នុង​ការស្រាវជ្រាវ​រកវ៉ាក់សាំង​បាន​និយាយ​ធានាថា នៅពេល​ណា​គេ​រកបាន​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធិភាព ប្រឆាំង​នឹង​ជំងឺ​កូវីដ នោះ ក្រុមហ៊ុន​ផលិត​ឱសថ នឹង​ចែករំលែក ដើម្បី​ជួយ​ប្រជាជន។ គោលដៅ​នៃ​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ផលិតឱសថ មិនមែន​ដើម្បី​ទាញផលចំណេញ​ពី​វ៉ាក់សាំង​នោះទេ។ តាម​មហាសេដ្ឋី​អាមេរិកាំង នៅពេល​គេ​ផលិតបាន​វ៉ាក់សាំង គេ​នឹង​ចែកចាយ​វ៉ាក់សាំង​ឲ្យ​ដល់​ដៃ​ប្រជាជន​ប្រមាណ ៨០ភាគរយ នៅក្នុង​ពិភពលោក ដើម្បី​បង្កើត​ឲ្យមាន​ក្រុមមនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ ប្រឆាំង​នឹង​ជំងឺកូវីដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ