សហរដ្ឋ​អាមេរិក

ញូវយ៉កលើកបម្រាមគោចរ និងចាប់បើកសេដ្ឋកិច្ចឡើងវិញដំណាក់កាលទីមួយ

បាតុកម្ម​ប្រឆាំងនឹងការ​រើសអើង​ពូជសាសន៍ នៅ​ Washington ថ្ងៃទី ៦ មិថុនា ២០២០
បាតុកម្ម​ប្រឆាំងនឹងការ​រើសអើង​ពូជសាសន៍ នៅ​ Washington ថ្ងៃទី ៦ មិថុនា ២០២០ REUTERS/Jim Bourg

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បានចេញ​បញ្ជា​​នៅ​ថ្ងៃ​អាទិត្យ​ទី ៧ មិថុនា ដក​ទាហាន​ដែល​ជា​ទ័ព​ឆ្មាំ​ជាតិ ចេញ​ពី​រដ្ឋ​ធានីវិញ​ហើយ ព្រោះ​ស្ថានភាព​បាន​ប្រសើរ​ឡើង និង​អាច​គ្រប់​គ្រង​បាន​វិញ។ ប៉ុន្តែ​យោធា​នឹង​ត្រលប់​មក​វិញ​ប្រសិន​ស្ថានភាព​បែរ​ជា​ត្រូវ​ធ្លាក់​ចុះ​ដុនដាប​វិញ។ ចំណែកអភិបាលក្រុង​ញូវយ៉ក លោក Bill de Blasio បាន​ប្រកាស​លើក​បម្រាមគោចរ ដែល​បានចូល​ជា​ធរមាន​​តាំង​ពី​មួយ​សប្តាហ៍​កន្លងមក ក្រោយ​ពី​មាន​បាតុកម្មហិង្សា​ប្រឆាំង​នឹងការរើស​អើង​ពូជសាសន៍​។

ផ្សាយពាណិជ្ជកម្ម

“ម្សិលមិញ និង​យប់​មិញ ស្ថានភាព​នៅ​ក្រុង​ញូវយ៉កបាន​ប្រសើរ​ឡើង ដូច្នេះ​បម្រាមគោចរ​ពីម៉ោង​៨យប់​ដល់​ម៉ោង​៥ភ្លឺ ត្រូវ​លើក​ចេញ​​​ភ្លាម នា​ថ្ងៃអាទិត្យ​នេះ”​។ នេះ​ជា​សារ​ទ្វីត​​របស់​លោកអភិបាល​ក្រុង​ញូវយ៉ក។ នៅថ្ងៃ​ទី ២មិថុនា លោក​អភិបាល​ក្រុង​បានប្រកាស​ពន្យារបម្រាមគោចររហូត​ដល់​ថ្ងៃ​ទី ៧​មិថុនា ក្រោយ​ពី​ហាង​ទំនិញ​ដ៏​ប្រណិតៗ​ នៅ​សង្កាត់​ម៉ាណាតាន់ដ៏​ល្បីល្បាញ រង​ការ​វាយ​បំផ្លិច​បំផ្លាញ និង​លួច​ប្លន់ ក្នុង​ពេល​ផ្ទុះ​បាតុកម្ម​ហិង្សា​បរិហារ​ទង្វើ​ឃោរឃៅ​របស់​ប៉ូលិស ​និង​ ប្រកាន់ពូជសាសន៍ ក្រោយ​ការ​ស្លាប់​របស់​ជន​ស្បែកខ្មៅ​ចច ហ្វឡយ។ តែ​នៅ​ចុង​សប្តាហ៍​នេះ ​បើ​ទោះ​បី​ជា​ប្រធានាធិបតី​គំរាមប្រើ​កម្លាំង​យោធា​ ក៏ពលរដ្ឋ​អាមេរិក​នៅ​បន្ត​ចុះ​ថ្នល់​ធ្វើ​​បាតុកម្មដដែល។ ជាបាតុកម្មដែល​ ​​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​ ជា​ទូទៅ​ ព្រោះ​ប៉ូលិស​មិន​បង្ក្រាប និង​រារាំង​ទេ បើ​ទោះ​បីពួកគេ​​ល្មើស​នឹង​បម្រាមគោចរ​ក៏​ដោយ ពោលគឺ​ខុស​កាលពី​ប៉ុន្មានថ្ងៃ​ដែល​ប៉ូលិស​បាន​ប្រើ​វិធី​បង្ក្រាប​ជួន​ដោយវិធី​ហិង្សា​បំផុត។

ការលើកបម្រាមគោចរ​នេះ ក៏​ប្រព្រឹត្ត​ទៅ​ជួនចំពេល​ដែលញូវយ៉ក​ ត្រូ​វលើកបម្រាម​​​បិទ​ខ្ទប់​​ដើម្បី​ទប់ស្កាត់​កូវីដ​១៩។  រដ្ឋធានី​សេដ្ឋកិច្ច​​ដែលមានប្រជាជនរស់​នៅ​ច្រើនជាង​គេរបស់សហរដ្ឋ​អាមេរិក​ និង​រងគ្រោះកូវីដ​​ខ្លាំង​ជាង​បំផុត ដោយ​មានស្លាប់​ជាង​២១០០០​នាក់ ញូវយ៉ក​នឹង​ចាប់​បើកសកម្មភាព​សេដ្ឋកិច្ច​​ឡើង​វិញ ដំណាក់កាល​ទី​មួយ ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ៨​មិថុនា​ទៅ។ ក្រុមហ៊ុន ​សាងសង់ រោងចក្រ​សហគ្រាស បាន​ទទួលការអនុញ្ញាត​ឱ្យ​បើក​ទ្វារ​ធ្វើការ​ឡើង​វិញ។ ក្នុង​ដំណាក់កាល​ទីមួយ​នេះ ហាងទំនិញ​តូច​ធំ ក៏​អាច​បើក​លក់​វិញ​បាន​ដែរ តែ​មានកំរិត​បំផុត។

ដើម្បីផ្តល់សន្ទុះដល់​សេដ្ឋកិច្ច រដ្ឋ​និង​តំបន់​ផ្សេងៗ​ទៀត​របស់​សហរដ្ឋ​អាមេរិកបាន​ចាប់​បើកសកម្មភាពសេដ្ឋកិច្ចវិញ​ ជា​បណ្តើរៗ និង​ដោយ​សន្សឹមៗ តាំងពី​ថ្ងៃ​ទី ១១​ឧសភា​មក លើក​លែង​តែ​ក្រុង​ញូវយ៉ក​ ដែលទើប​ចាប់​បើក​ក្រោយ​គេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI