អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

George Floyd ៖ ក្រុងមីនេអាប៉ូលិសប្រកាសសន្យា​រំសាយកម្លាំងប៉ូលិស

សំឡេង ០៦:៤៧
ប៉ូលិស​ Minneapolis ចាំ​រក្សា​សណ្តាប់​ធ្នាប់​ក្នុង​ពេល​បាតុកម្ម​ដើម្បី​George Floyd ថ្ងៃទី ៧ មិថុនា ២០២០
ប៉ូលិស​ Minneapolis ចាំ​រក្សា​សណ្តាប់​ធ្នាប់​ក្នុង​ពេល​បាតុកម្ម​ដើម្បី​George Floyd ថ្ងៃទី ៧ មិថុនា ២០២០ Kerem Yucel / AFP
ដោយ៖ អៀង សុខម៉ិញ
៣៣ នាទី

ប្រឈម​នឹង​ភាព​មិន​ទុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​របស់​ប្រជាពលរដ្ឋ​អាមេរិក ចំពោះ​ប៉ូលិស ប្រឈម​នឹង​អំពើ​ហិង្សា​ ​អាជ្ញាធរក្រុង​ជា​ច្រើន​របស់​អាមេរិក​ចាប់​ពិចារណារក​វិធី​​កំរិត​អំណាច​របស់​កង​កម្លាំង​រក្សា​សន្តិសុខ (ប៉ូលិស)។ អភិបាល​​ក្រុង​ធំៗ មួយ​ចំនួន​ ដូច​យ៉ាង​ញូវយ៉ក បាន​​កាត់​ថវិកា​របស់​ប៉ូលិស។ ចំណែក​ អាជ្ញាធរ​ក្រុង​មីនេអាប៉ូលិស Minneapolis ក្រុង​ដែល​ចចហ្វឡយបាន​ស្លាប់​ក្នុង​អន្តរាគមន៍​ប៉ូលិសវិញ បាន​ប្រកាស​ចាត់​វិធានការ​ខ្លាំង​ពុំ​ធ្លាប់​មាន ​រំសាយ​កងកម្លាំង​ប៉ូលិស​បច្ចុប្បន្ន​ចោល​តែ​ម្តង​។

ផ្សាយពាណិជ្ជកម្ម

ពិត​ជា​ពុំ​ធ្លាប់​មាន​ទេ ដែល​ក្រុង​ធំ​ប៉ុន​មីនេអាប៉ូលិស សម្រេច​រំលាយ​សេវា​ប៉ូលិស​របស់​ខ្លួន​យ៉ាង​ដូច្នេះ និង​ក៏​គ្មាន​នរណា​នឹង​ស្មាន​ថា​ក្រុងហ៊ាន​សន្យា​​ចាត់​វិធានការ​ធ្ងន់​ដល់​ម្លឹង​ទេ ព្រោះ​កាលពី​ថ្ងៃ​សៅរ៍​ នៅ​ចំពោះ​មុខ​​ហ្វូង​មហាជន លោក​Jacob Frey ចៅហ្វាយក្រុង​ បានបង្ហាញ​ជំហរ​ប្រឆាំង​នឹង​ការ​រំលាយ​ប៉ូលិស​ ដោយ​ត្រូវ​បានបាតុករ​ស្រែកពេប​ជ្រាយ​ឱ្យ​យ៉ាង​ខ្លាំង​។ ​លោក Frey ​បាន​ធ្វើ​កំណែទម្រង់​ប៉ូលិស​ជា​ច្រើន ៖ គឺ​លោក​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ដាក់កាមេរ៉ា​សុវត្ថិភាព​ជាង​៨០០​កន្លែង​នៅ​ក្នុង​ក្រុង​ ព្រោះ​ក្រុង​ធ្លាប់​មាន​បញ្ហា​ហិង្សា​និង​រើសអើង​ពូជសាសន៍​ច្រើន​មក​ហើយ។

ប៉ុន្តែក្រុមប្រឹក្សា​ក្រុង ​មិន​យល់​ដូច​ចៅហ្វាយ​ក្រុង​ទេ។ នៅ​ថ្ងៃ​អាទិត្យ​ទី ៧​មិថុនា​ ម្សិលមិញ នៅ​ក្នុង​ជំនួប​ប្រជុំ​ សមាជិក​ក្រុមប្រឹក្សា​បាន​បោះឆ្នោត​សម្រេច​រំសាយ​កង​កម្លាំង​ប៉ូលិស​របស់​ក្រុង​តែ​ម្តង ក្នុង​សំឡេង​ភាគ​ច្រើន ៩​លើ​១២។ ​ក្រុមប្រឹក្សា​ក្រុង​​ចង់ គាល់កាយ​ឬ​ស​គល់​ចាស់​ឱ្យ​អស់ ទើប​ចង់​រំលាយ​សេវាប៉ូលិស​ក្រុង​សព្វថ្ងៃ ដែល​មាន​ចំនួន​ប៉ូលិស ៧២៣​នាក់ (ស្រប​តាម​សមមាត្រ​ប្រជាជន​) ហើយ​បង្កើត​ កម្លាំង​ថ្មី សម្រាប់​ការពារ​សុវត្ថិភាព​សាធារណៈ​​ដែល​ពិត​ជា​អាច​ធានា​សន្តិសុខ​ដល់​ប្រជាជនបាន​។

បើ​តាម​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ម្នាក់ ដែល​បោះឆ្នោត​គាំទ្រ​កា​ររំសាយ​ប៉ូលិស​ដែរ បាន​ពន្យល់​ថា ក្រុង​ចង់​ធ្វើ​កំណែទម្រង់​ដែរ តែ​រចនា​សម្ព័ន្ធ​ប៉ូលិស​ក្រុង​មីនេអាប៉ូលិស មិន​អាច​ធ្វើ​កំណែទម្រង់​បាន​ទេ​ ទើប​ត្រូវ​តែ​បិទ​បញ្ចប់​​ប្រព័ន្ធ​ការ​ពារ​សណ្តាប់​ចាស់​នេះ​ចោល​។

មីនេអាប៉ូលិសនឹង​​លែង​មាន​ប៉ូលិស ?

ក្នុង​ពេលភ្លាមៗ​នេះ មីនេអាប៉ូលិស ​នៅ​តែ​មាន​ប៉ូលិស​ធម្មតា ព្រោះ​ក្រុមប្រឹក្សា​ក្រុងផ្ទាល់​​ក៏​បាន​បញ្ជាក់​ដែរ​ហើយ​ថា​ពុំ​ទាន់​មាន​ដំណោះស្រាយ​អ្វី​ភ្លាមៗ សម្រាប់​មក​ជំនួស​កម្លាំង​ប៉ូលិស​ទេ។ ការ​រំសាយ​ប៉ូលិស​ត្រូវ​ប្រើ​ពេល​យូរ។

ក្រុមប្រឹក្សា​ក្រុង​​កំពុង​ពិចារណា​ នៅ​ឡើយ តែមាន​លេច​​គំនិត​ដ៏​ទំនង​មួយ គឺ​​កញ្ចប់​ថវិកា​សម្រាប់​ប៉ូលិស​ក្រុង​នឹង​ត្រូវ​ផ្ទេរ​ទៅ​ប្រើប្រាស់​ក្នុង​គម្រោង​​ផ្សេង​ៗដែល​រំពឹង​លើ​ប្រជាជាជន​ ក្រុង​នឹង​ប្រើ​​​​វិធានការ​ការពារ​ អប់រំ ឬ​ឱ្យ​ក្រុមការងារ​សង្គម​ជា​អ្នក​ទទួល​ខុស​ត្រូវ​បញ្ហា​បន្ទាន់​មួយ​ចំនួន ជំនួស​ប៉ូលិស​វិញ។

ករណីចាប់​ ​ចច ហ្វឡយ​ដែល​ចាយលុយ​​​ក្រដាស​២០​ដុល្លារ​ក្លែងក្លាយ ជា​ឧទាហរណ៍​ជាក់ស្តែងមួយ​ បញ្ជាក់ថា ករណី​ល្មើស​បែប​នេះ ឬ​ករណី​ល្មើស​​ដោយ​វិបត្តិ​​សុខភាពខួរក្បាល អំពើ​ហិង្សាក្នុង​គ្រួសារ​ ឬ​បទ​ល្មើស​ប្រើ​គ្រឿង​ញៀន គេ​​មិន​ចាំបាច់​ត្រូវ​ការ​ប្រើ​កម្លាំងប៉ូលិសពីរ​​បី​ឡានមក​ធ្វើ​អន្តរាគមន៍ដែប​​ហិង្សា​ទេ។ តែ​ចំពោះ​អំពើ​ហិង្សា​ដោយ​អាវុធ ឬ​អត់​អាវុធធ្ងន់ធ្ងរ​វិញ​វិញ​ ទើប​ចាំ​បាច់​ត្រូវ​ការ​មាន​កង​កម្លាំង​មក​ធ្វើ​អន្តរាគមន៍ ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ដោយ​ធម៌​ត្រជាក់។ តែ​អ្នក​បោះឆ្នោត​រំសាយ​ប៉ូលិស​ក្រុង​នេះ​ផ្ទាល់​ក៏​មិន​ដឹង​ដែល​ថា​ទៅ តើ​ជា​ជា​កង​កម្លាំង​អ្វី ហើយ​​ថ្ងៃ​ក្រោយទៅ​ក្រុង​ត្រូវ​មានការការពារ​​សុវត្ថិភាពក្នុង​ទម្រង់​បែប​ណា​ឱ្យ​ប្រាកដ​ឡើយ។

ក្នុង​ពេល​រង់​ចាំ​ លោក​អភិបាល​ក្រុង ដែល​ចង់​ឃើញ​ត្រឹម​ការ​ធ្វើ​កំណែទម្រង់ដ៏​​ស៊ីជម្រៅ​ប្រព័ន្ធ​ប៉ូលិស​ក្រុង​ជាង​ការ​រំសាយចោល​​ បាន​ចុះ​ហត្ថលេខា​ចេញ​បទបញ្ជា​ ជាមួយ​រដ្ឋ​មីនេសូតា ហាមឃាត់​ជា​បណ្តោះ​អាសន្ន​ និង​បង្ខំ​អោយ​ប៉ូលិស​​​ធ្វើ​កំណែទម្រង់​ ​ជា​បន្ទាន់​ភ្លាម ដូច​ជា​ចាប់​ពី​ពេល​នេះ​ទៅ ហាម​មិន​ឱ្យ​ប៉ូលិស​អនុវត្ត​សកម្មភាព​សង្កត់​ក ប៉ូលិស​មាន​កាតព្វកិច្ច​រាយការណ៍​ និង​ធ្វើ​អន្តរាគមន៍​​ភ្លាម​នៅ​ពេល​ឃើញ​ប៉ូលិស​រួម​ការងារ​ប្រើ​កម្លាំង​និង​អំពើ​ហិង្សា​​ជ្រុល​ហួសហេតុ​។

ការ​ធ្វើ​កំណែទម្រង់​ប៉ូលិល​ថ្នាក់​ជាតិ

តាមការ​ពិត​ ​រំសាយ​សេវា​ប៉ូលិស​ក្នុង​ក្រុង​មួយ​ មិនមែន​ជា​​គំនិត​ចង់​ថ្មី​ថ្មោង​ស្រឡាង​ចែស​ទេ។ គ្រាន់​តែ​ថា​ក្រុង​មីនេអាប៉ូលិស​ ជា​ក្រុង​ធំ​​ដំបូង​គេ​ដែល​ចង់​គ្មាន​ប៉ូលិស។ តាម​ពិត នៅ​ឆ្នាំ​២០១២ ក្រុង​ Camden ក៏​បាន​រំសាយ​ប៉ូលិស​របស់​ខ្លួន​ដែរ ដើម្បី​ប្រយុទ្ធ​ប្រឆាំង នឹងទង្វើ​​ឧក្រិដ្ឋកម្ម​ដ៏​រ៉ាំរ៉ៃដែល​កើត​មាន​ក្នុង​រង្វង់​ប៉ូលិស។ នៅ​ឆ្នាំ​២០០០ ក្រុង​ Campton នៅ​កាលីហ្វនីញ៉ា បាន​រំសាយ​ប៉ូលិស​ ហើយ​ដាក់​ក្រុង​ឱ្យ​ស្ថិត​នៅ ក្រោម​ការពារ​របស់​ប៉ូលិស​ឡូហ្សង់សឺឡេស។ ក្រុង​Ferguson នៅ​Missouri ធ្លាប់​លើក​គម្រោង​ចង់​រំសាយ​ប៉ូលិសរបស់​ខ្លួន​​ដែរ កាលពី​ឆ្នាំ​២០១៤ ក្រោយ​ហេតុការណ៍​ប៉ូលិស​ស្បែក​សបាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ Michael  Brown។ តែ​នៅ​ទី​បំផុត​ក្រុង​អាច​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស​របស់​ខ្លួន​បានទាំង​មូល ដោយ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អន្តរការី។

ចំណែក​ពេល​នេះ ការ​ធ្វើ​កំណែទម្រង់​ប៉ូលិស​កំពុង​រីក​សុះ​សាយ​អង្រួន​គ្រប់​ក្រុង​ទាំង​អស់ ទូទាំង​សហរដ្ឋ​អាមេរិក មិន​ថា​ក្រុង​តូច​ក្រុង​ធំ ឬ​ក្រុង​ប្រឈម​នឹង​ចលនា​បាតុកម្ម​​ប្រឆាំង​នឹង​អំពើ​ហិង្សារើសអើង​របស់​ប៉ូលិស​ទេ។

ចៅ​ហ្វាយ​ក្រុង​ញូវយ៉ក​​បាន​សម្រេច​កាត់​ថវិកាប៉ូលិស​យក​ទៅចាយ​ក្នុង​សេវាកម្ម​សង្គម និង​ជួយ​ក្មេង ព្រមទាំង​សម្រេច​រៀបចំ​ឱ្យ​មាន​តម្លាភាព​កាន់​តែ​ខ្លាំង​ក្នុង​រង្វង់​ប៉ូលិស​។ ចៅហ្វាយក្រុង​Los Angeles ក៏​កំពុង​ពិចាណា​ចាត់​វិធានការ​ដូច​គ្នា។ មេប៉ូលិស​នៅ​ Seattle​ផ្ទាល់ បាន​ប្រកាស​ហាមឃាត់​មិន​កង​កម្លាំង​ប៉ូលិស​របស់​ខ្លួ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​រយៈ​ពេល​៣០​ថ្ងៃ។ អ្នក​ប្រជាធិបតេយ្យ​ជា​​ច្រើន​ចង់ស្នើ​ទៅ​សភានៅ​ថ្ងៃ​ចន្ទ​ទី ៨ មិថុនា​នេះ ​ច្បាប់​ធ្វើ​កំណែទម្រង់​ប៉ូលិស​នៅ​ទូទាំង​ប្រទេស​តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ