អ៊ីរ៉ង់-សហរដ្ឋ​អាមេរិក

អ៊ីរ៉ង់អំពាវនាវឱ្យអង់គ្លេស បារាំង ចិននិងរុស្ស៊ី កុំតាមអាមេរិករឿងបន្ត​ទណ្ឌកម្មអាវុធ

ប្រធានាធិបតីអ៊ីរ៉ង់ លោក  Hasan Rohani
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hasan Rohani Presidencia de Irán/AFP/Archivos

នៅ​ថ្ងៃ​ពុធ​ទី ១០ មិថុនា​នេះ ក្រុង​តេហេរ៉ង់ បាន​អំពាវនាវ​សុំឱ្យ​ប្រទេស​​ជា​សមាជិក​អចិន្ត្រៃយ៍​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ចិន​ បារាំង អង់គ្លេស និង​រុស្ស៊ី ផ្ចាញ់​គម្រោង​របស់​សហរដ្ឋ​អាមេរិក ដែល​ចង់​បន្ត​ការទណ្ឌកម្មអាវុធ​លើ​អ៊ីរ៉ង់។ ទណ្ឌកម្មអង្គការ​សហប្រជាជាតិ​​ដែលតាមធម្មតា ​នឹងត្រូវ​អស់​សុពលភាព​នៅ​ថ្ងៃទី ១៣​ខែ​តុលាខាង​មុខ​។

ផ្សាយពាណិជ្ជកម្ម

“បើ​តាមសេចក្តី​សម្រេចចិត្ត​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ ២២៣១ អ៊ីរ៉ង់​នឹង​ត្រូវរួច​ផុត​ពី​​ទណ្ឌកម្មអាវុធទាំង​អស់ ​​នៅ​ខែ​តុលា។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ កំហូច​កំពុង​រក​វិធី​​​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​បន្ត​ទៀត។” នេះ​បើ​តាមកា​រគូសបញ្ជាក់​របស់​លោក រ៉ូហានី ប្រធានាធិបតី​អ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក​បានអះអាង​កាលពី​សប្តាហ៍មុន ថា​បានបង្ហើប​គម្រោង​សេចក្តី​សម្រេច​ចិត្ត​ថ្មីទៅ​​​រុស្ស៊ី​សំដៅ​បន្ត​ដាក់ទណ្ឌកម្ម​លើ​ប្រព័ន្ធសព្វាវុធ​អ៊ីរ៉ង់​ទៀត។

“យើង​សង្ឃឹម​ថា សមាជិក​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​ទាំង​បួនផ្សេង​ទៀត​អាចផ្ចាញ់​​ផែនការ​ប្រឆាំង​នឹង​ប្រយោជន៍​ភព​ផែនដីនិង​ស្ថិរភាព​ពិភពលោក របស់សហរដ្ឋ​អាមេរិកបាន តាម​រយៈ​ការ​ប្រើ​សិទ្ធ​វេតូ​ប្រឆាំង” នេះជា​ប្រសាសន៍​របស់​លោក រ៉ូហានី ប្រធានាធិបតី​អ៊ីរ៉ង់​នៅ​ក្នុង​សន្ទរកថា​តាមកញ្ចក់ទូរទស្សន៍ ដោយ​អះអាង​ទៀត​ថា “​​អ៊ីរ៉ង់​អាច​សង្ឃឹមជាពិសេស​ទៅ​​លើ​ប្រទេសពីរ​ជា​មិត្ត គឺ ចិន និង​រុស្ស៊ី”។ ម៉ូស្គូ​ បាន​ប្រាប់​ជំហរ​រួច​ហើយ​ថា​មិន​គាំទ្រ​​ការ​ពន្យារ​ពេលដាក់​ទណ្ឌកម្មទៀត​ទេ។ ក្រុមហ៊ុន​រុស្ស៊ី​ជា​ច្រើន ទំនង​កំពុង​ចាប់​ផ្តើម​រៀប​ចំ​គម្រោង​លក់​អាវុធ​យុទ្ធភ័ណ្ឌ​ទៅ​ឱ្យ​តេហេរ៉ង់​ទៅ​ហើយផង។

សូម​បញ្ជាក់​ថា ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិបូក​និង​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​​​ជាមួយ​នឹងសាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​នៅ​ឆ្នាំ​២០១៥។ កិច្ចព្រមព្រៀង​ត្រូវ​រង្គោះ​រង្គើ​យ៉ាង​ខ្លាំង​ ក្រោយ​ពី​ប៉ុន្តែ​ សហរដ្ឋ​អាមេរិកបានសម្រេច​ជា​ឯកតោភាគី​ដក​ខ្លួន​​ចេញនៅ​ឆ្នាំ​២០១៨ ​ពីកិច្ចព្រមព្រៀង​នេះ​។ ដើម្បី​សង​សឹកនឹង​ទណ្ឌកម្មសេដ្ឋកិច្ច​​អាមេរិក តាំង​ពី​ខែឧសភា​២០១៩​មក អ៊ីរ៉ង់ក៏​​បាន​រំលោភ​កិច្ចព្រមព្រៀង​ជា​ច្រើន​ចំណុច។

តាម​រយៈ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ និង​ក្នុង​ក្របខ័ណ្ឌ​នៃ​សេចក្តី​សម្រេច​ចិត្ត​ក្រុមប្រឹក្សា​សន្តិសុខ​​​​អង្គការ​សហប្រជាជាតិ​ ​ទណ្ឌកម្ម​ខ្លះ​​ត្រូវ​បាន​លើក​ចេញ​ពី អ៊ីរ៉ង់ និង​ជា​បន្ត​បន្ទាប់​ ជា​ថ្នូរ​នឹង​ការ​ធានា​មិន​អភិវឌ្ឍ​កម្ម​វិធី​នុយក្លេអ៊ែរ​យោធា។ ​ ​ទណ្ឌកម្ម​ហាម​ឃាត់​ការ​លក់​អាវុធ​យុទ្ធភ័ណ្ឌ​ធុន​ធ្ងន់ ដូច​ជាការ​លក់​​យន្តហោះ​ចម្បាំង នាវាសង្គ្រាម ឬ​ប្រព័ន្ធ​មីស៊ីល​ជា​ដើម​ នឹង​ត្រូវ​អស់​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី​១៣​តុលា​២០២០ទៅ។ តែ​បើ​តាម​សេចក្តី​សម្រេច​ចិត្ត​អង្គការ​សហប្រជាជាតិ​ដដែល អ៊ីរ៉ង់​ត្រូវ​បន្ត​ជាប់​ទណ្ឌកម្មទាក់ទង​នឹង​ការ​ផ្ទេរ​ឬ​លក់​បច្ចេកវិទ្យាបរិក្ខា​សម្រាប់​កម្មវិធី​បាលីស្ទិក​ ព្រមទាំង​ទណ្ឌកម្ម​អាវុធ​មួយ​ទៀត ដែល​ដាក់​ដោយ​សហភាព​អឺរ៉ុប៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI