កូវីដ-ថ្នាំបង្ការ

កូវីដ​១៩ ៖ អាមេរិកនឹង​ផ្តើមសាកល្បងថ្នាំបង្ការ​​ដំណាក់កាលចុង​ក្រោយ​ នៅខែ​កក្កដា

ក្រុមហ៊ុន​ Modern ប្រកាស​សាកល្បង​ថ្នាំ​បង្ការ​កូវីដ​ដំណាក់កាល​ចុងក្រោយ នៅ​ខែកក្កដា
ក្រុមហ៊ុន​ Modern ប្រកាស​សាកល្បង​ថ្នាំ​បង្ការ​កូវីដ​ដំណាក់កាល​ចុងក្រោយ នៅ​ខែកក្កដា AFP

​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន​ Moderna biotech សហការឧបត្ថម្ភ​ដោយ​​​រដ្ឋាភិបាល​អាមេរិក​បាន​ឈាន​ដល់​ដំណាក់កាលសាកល្បង​ទី​បី ដែលជា​ការ​សាកល្បង​ចុងក្រោយ​ហើយ។ ចាប់ពីខែ​កក្កដា​ទៅ ក្រុមហ៊ុន​នឹង​ផ្តើម​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​​ លើ​មនុស្សស្ម័គ្រ​ចិត្ត បីម៉ឺននាក់ ដើម្បី​ពិសោធន៍ប្រសិទ្ធភាពថ្នាំ។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ការ​សាកល្បង​ដំណាក់កាល​ចុងក្រោយ​ និង​ក្នុងទ្រង់ទ្រាយ​ធំ ដែល​នឹង​បង្ហាញ​ឱ្យ​ឃើញ​ថាតើ​​ថ្នាំ​បង្ការ​អាច​មានប្រសិទ្ធភាព​​ទប់​ស្កាត់​ជំងឺកូវីដ​១៩​​បាន​កំរិតណា​។ ពិធីសារ​សាកល្បង​នេះ​​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ភ្នាក់ងារ​ឱសថអាមេរិក សហការ​ជាមួយ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ។ ជា​មួយ​សាកលវិទ្យាល័យ​ Oxford ក្រុមហ៊ុន Moderna ​ ក៏់​​បាន​ផ្តើម​យុទ្ធនាការ​សាកល្បង​​ទ្រង់ទ្រាយ​ធំ​មួយ​ផ្សេង​ទៀត​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​មួយ​ម៉ឺន​នាក់​​ដែល​នឹង​ហុចលទ្ធផល​នៅ​ខែ​កញ្ញា​ខាង​មុខ។

ក្រុមហ៊ុន​​បាន​ប្រកាស​កាលពី​ថ្ងៃទី ១៨​ឧសភា ថា​កា​រសាកល្បង​ដំណាក់កាលទី​មួយ បាន​ទទួល​លទ្ធផល​គួរ​ជា​​ទី​សង្ឃឹម។ ការសាកល្បង​ដំណាក់កាលទី២ លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៦០០នាក់ ទើប​​ចាប់​ផ្តើម​កាលពី​​ចុង​ខែ​ឧសភាកន្លង​ទៅនេះ។

ថ្នាំ​បង្ការ​កូវីដ១៩​របស់​ក្រុមហ៊ុន Moderna ដែល​ផ្អែក​លើ​បច្ចេកវិទ្យា ARN messager មាន​ពី​រដូស​ (១០០មីល្លីក្រាមក្នុង​មួយដូស) នឹង​​ត្រូវ​ចាក់​ឃ្លាត​គ្នា​ចំនួន២៨​ថ្ងៃ។ ប្រសិន​បើ​លទ្ធផល​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ថ្នាំ នោះ​ក្រុមហ៊ុន​គ្រោង​នឹង​ផលិត​ឱ្យ​បាន​ចំនួន ៥០០​លានដូស​ក្នុង​មួយ​ឆ្នាំ​ ឬអាចដល់​១ពាន់លានដូសបើ​ចាំបាច់។

ស្ថិតក្នុង​ចំណោមក្រុមហ៊ុន​ដែល​នាំ​មុខ​គេ​ខ្លាំង​ក្នុង​ការ​ស្វែង​រកថ្នាំ​បង្ការ​កូវីដ Moderna បាន​ទទួល​ការ​គាំទ្រ និងឧបត្ថម្ភ​​​ពីរដ្ឋាភិបាល​អាមេរិក​ចំនួន​៤៨៣​លាន​ដុល្លារ​ក្នុង​ការអភិវឌ្ឍ​ថ្នាំបង្ការ។ បើ​តា​ម​កាសែត New York Times ​រដ្ឋាភិបាលលោកត្រាំ រពឹង​លើ​​ Moderna និង​ដៃគូ​​​ក្រុមហ៊ុន៤ផ្សេង​ទៀត (AstraZeneca Johnson & Johnson, Merck, និង​Pfizer) សម្រាប់​បំពេញប្រតិបត្តិការ​​​"Warp Speed" ដែល​មាន​កម្មវត្ថុ​ផលិត​ថ្នាំ​បង្ការ​ឱ្យ​បាន​៣០០​លាន​ដូស​ពី​ពេល​នេះ​ដល់​ខែ​មករា​ឆ្នាំ​២០២១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI