អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

អាម៉ាហ្សូន ហាមជាបណ្តោះអាសន្ន មិនឱ្យប៉ូលិសអាមេរិកប្រើកម្មវិធីសម្គាល់មុខមនុស្ស

Amazon ប្រកាស​ហាម​មិន​ប៉ូលិស​អាមេរិក​ប្រើ​កម្មវិធី​សម្គាល់មុខមនុស្ស​ Rekognition រយៈ​ពេលមួយ​ឆ្នាំ
Amazon ប្រកាស​ហាម​មិន​ប៉ូលិស​អាមេរិក​ប្រើ​កម្មវិធី​សម្គាល់មុខមនុស្ស​ Rekognition រយៈ​ពេលមួយ​ឆ្នាំ AFP/Archivos
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

ក្រោមសម្ពាធ​របស់​សមាគម​ការ​ពារសិទ្ធិសេរីភាព និង​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ប៉ូលិស និងការរើងអើង​ពូជសាសន៍​ អាម៉ាហ្សូន បាន​ចេញ​បម្រាម​នៅ​ថ្ងៃពុធ​ទី ១០​មិថុនា មិន​ឱ្យ​ប៉ូលិស​អាមេរិក​ប្រើ​កម្មវិធី​សម្គាល់មុខ​មនុស្ស​ Rekognition របស់​ខ្លួន ជាបណ្តោះអាសន្ន ​រយៈ​ពេលមួយ​ឆ្នាំ។ សេចក្តី​សម្រេចនេះ​ធ្វើ​ឡើង​​ក្រោយ​ពី​មានការរិះគន់​ខ្លាំង​ថា កម្មវីធីសម្គាល់មុខមនុស្ស​របស់​អាម៉ាហ្សូន អាច​ត្រូវ​បាន​គេ​ប្រើ​ក្នុង​បំណង​រើងអើង​ពូជសាសន៍​។

ផ្សាយពាណិជ្ជកម្ម

អង្គការ​ការពារ​សិទ្ធិមនុស្ស​ជា​ច្រើន ជា​ពិសេ​ស​សមាគម​ប្រយុទ្ធ​ប្រឆាំង​នឹងការ​រើសអើង​ពូជសាសន៍​ American Civil Liberties Union (ACLU) ដ៏​មាន​ឥទ្ធិពល​មួយ​របស់​សហរដ្ឋ​អាមេរិក បាន​ស្នើ​សុំ​ឱ្យ​អាម៉ាហ្សូន បញ្ឈប់​ការ​ផ្គត់​ផ្គង់​បច្ចេកវិទ្យា​សម្គាល់​មុខ​មនុស្ស​នៅ​ឱ្យ​ភ្នាក់ងារ​រក្សា​សន្តិសុខ​ តាំង​ពី​ពីរឆ្នាំ​មក​ហើយ។ ហើយ​នៅ​ថ្ងៃអង្គារ​ទី ៩​មិថុនា អង្គការ​បាន​ដាក់​សម្ពាធ​ជាថ្មី ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ឈប់​សហការ​ជាមួយ​ប៉ូលិស។​ សមាគមបាន​ថែម​ទាំងបង្ហោះ​​​ញត្តិ​តាម​អ៊ីនធ័រនែត​ចោទ ​អាម៉ាហ្សូន​ ថា​បានចិញ្ចឹម និង​បណ្តុះ​​ឱ្យ​ភាព​អយុត្តិធម៌​ជា​ប្រព័ន្ធ​ ពី​វិសមភាព​និង​ហិង្សា​ប្រឆាំង​នឹង​សហគម​ន៍​ជនជាតិ​ស្បែកខ្មៅ តាមរយៈ​កម្មវិធី​សម្គាល់មុខ​មនុស្ស Rekognition ​របស់​ខ្លួន​ និងកាមេរ៉ា​សុវត្ថិភាព Ring ទៅ​ឱ្យ​ប៉ូលិស​និង​ប៉ូលិស​អន្តោប្រវេសន៍។ កាមេរ៉ា​សុវត្ថិភាព​ជារបស់​ឯកជន​ទេ តែ​ម្ចាស់អាចភ្ជាប់​ទៅ​សេវា​ត្រួតពិនិត្យ​របស់​ប៉ូលិស​បានបើគេ​ចង់។ ហេតុ​ដូច្នេះ ហើយ​បាន​ជា​អង្គការ​ក៏​ចង់​ឃើញ​អាម៉ាហ្សូន​ឈប់​លក់​ផលិតផល​កាមេរ៉ា​ ដើម្បី​ទប់​ស្កាត់​អន្តរាគមន៍​ប៉ូលិស​ប្រឆាំង​ជន​ស្បែក​ខ្មៅ។

នៅ​ទី​បំផុត បូក​ផ្សំ​នឹង​ការ​ផ្ទុះ​បាតុកម្មហិង្សា​ប្រឆាំង​នឹង​ការរើងអើង​ពូជសាសន៍​ អាម៉ាហ្សូន ក៏​បាន​សេចក្តី​ថ្លែង​ការណ៍​​នៅ​ថ្ងៃពុធ​ទី ១០មិថុនា​២០២០ ​ប្រកាស​ហាម​ជាបណ្តោះ​អាសន្ន​ រយៈ​ពេល​មួយឆ្នាំ មិន​ឱ្យ​ប៉ូលិស​អាមេរិក​ប្រើ​កម្មវិធី​សម្គាល់មុខ​មនុស្ស។ ក្រុម​ហ៊ុន​ហាម​​មួយ​ឆ្នាំ​ដោយ​​សង្ឃឹម​ថាព្រឹទ្ធ​សភា​អាមេរិក​​នឹង​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​បង្កើត​ច្បាប់​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ប៉ូលិស។ អាម៉ាហ្សូន ធ្លាប់​បាន​ទទួល​ស្គាល់ កាលពី​ខែ​តុលា ឆ្នាំ​២០១៩ ថា បច្ចេកវិទ្យាសម្គាល់មុខ​មនុស្ស ក៏​ដូច​ជា​បច្ចេកវិទ្យា​ផ្សេង​ទៀត អាច​នឹង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ក្នុងន័យ​មិន​ល្អ។ ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​ក៏​បាន​ជួយ​សង្គ្រោះ​មនុស្ស​ពី​ការជួញដូរមនុស្ស ជួយ​រកក្មេង​បាត់​ខ្លួន​ ជាដើម។ល។

ក្រៅ​អំពីអាម៉ាហ្សូន កាលពី​ថ្ងៃ​ចន្ទ​ទី ៨​មិថុនា ក្រុមហ៊ុន​ IBM ក៏​បានប្រកាស​ផ្អាក​លក់​កម្មវិធី​សម្គាល់​មុខមនុស្ស និង​ប្រកាស​ប្រឆាំ​ងនឹង​ការប្រើប្រាស់កម្មវិធី​នេះ​ក្នុង​បំណងតាមដានមនុស្ស​ទាំង​ក្រុមៗ ឬ​ដើម្បីបម្រើ​ប្រយោជន៍​រើសអើង​ពូជសាសន៍ រំលោភសិទ្ធិ​និងសេរីភាព​ជាមូលដ្ឋាន​របស់​មនុស្ស។

តំណាងសមាគមការ​ពារ​សិទ្ធិសេរីភាព​​អាមេរិក ACLU បាន​អំពាវនាវឱ្យ​ក្រុមហ៊ុន Microsoft ​ និងក្រុមហ៊ុន​ផ្សេងៗ​ទៀតធ្វើ​តាម​ IBM Google និង​អាម៉ាហ្សូន៕

  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ