អាមេរិក៖ រូបសំណាកលោកគ្រីស្តូហ្វ កូឡុមប៍ ត្រូវបាតុករវាយកម្ទេច និងបំផ្លាញ ជាច្រើនកន្លែង
ចុះផ្សាយនៅថ្ងៃ៖
ចលនាបាតុកម្មប្រឆាំងនឹងការរើសអើងប្រកាន់ពូជសាសន៍ នៅសហរដ្ឋអាេមរិក កំពុងស្ថិតក្នុងភាពក្តៅគគុកនៅឡើយ។ បន្ទាប់ពីតវ៉ា បរិហារស្តីពីអំពើហិង្សារបស់នគរបាល ធ្វើមកលើជនស្បែកខ្មៅ ពេលនេះក្រុមបាតុករបានវាយលុក ទៅលើនិម្មិតរូបទាំងឡាយណា ដែលទាក់ទងនឹងប្រវត្តិនៃការដាក់អាណានិគម និងការជួញដូរទាសករស្បែកខ្មៅ កាលពីអតីតកាល នៅលើទឹកដីអាមេរិក។ មានក្រុមបាតុករខ្លះ បានទៅវាយបំផ្លាញរូបសំណាក របស់លោក គ្រីស្តូហ្វ កូឡុមប៍ នៅតាមទីសួនសាធារណៈ។ លោក គ្រីស្តូហ្វ កូឡុមប៍ គឺជនជាតិអ៊ីតាលី ដែលបានធ្វើដំណើរតាមទូក ទៅដល់ទ្វីបអាមេរិកមុនគេ នៅចុងសតវត្សទី១៥ ហើយដែលចាប់ពីពេលនោះមក គឺប្រទេសអឺរ៉ុបបានចាប់ផ្តើម ប្រជែងគ្នាដាក់អាណានិគមនៅលើទឹកដីទ្វីបអាមេរិក។
ចលនាបាតុកម្មប្រឆាំងការរើសអើងប្រកាន់ពូជសាសន៍ បានរីកកាន់តែធំ ដោយពេលនេះ ក្រុមបាតុករ បានឈានទៅតវ៉ា ធ្វើសកម្មភាពបំផ្លាញចោល នូវរាល់និម្មិតរូបដែលពាក់ព័ន្ធនឹងការដាក់អាណានិគម ព្រមទាំងការជួញដូរទាសករស្បែកខ្មៅ កាលពីអតីតកាលរបស់សហរដ្ឋអាមេរិក។
វាយបំបាក់ក រូបសំណាកគ្រីស្តូហ្វ កូឡុមប៍
កាលពីយប់ថ្ងៃទី៩ មិថុនា ក្រុមបាតុករ បាននាំគ្នាវាយបំបាក់ក្បាលរូបសំណាករបស់លោក គ្រីស្តូហ្វ កូឡុមប៍ (Christophe Colomb) នៅទីក្រុងបូស្តុន រដ្ឋម៉ាសាជូសេត។ លោកគ្រីស្តូហ្វ កូឡុមប៍ គឺជាជនជាតិអ៊ីតាលី ដែលបានជិះទូកឆ្លងមហាសមុទ្រអាត្លង់ទិក ទៅដល់ដែនកោះតំបន់ការ៉ាអ៊ីប និងទ្វីបអាមេរិកមុនគេ នៅរវាងចុងសតវត្សទី១៥។ គឺចាប់ពីពេលនោះហើយ ដែលប្រទេសអឺរ៉ុប មានអ៊ីតាលី អេស្ប៉ាញ បារាំង អង់គ្លេស ហូឡង់ជាដើម បាននាំគ្នាសម្រុកទៅទ្វីបអាមេរិក ដែលជាដែនដីថ្មី ដើម្បីតាំងទីធ្វើអាណានិគម ទន្ទ្រានដី កាប់សម្លាប់ជនជាតិដើម ដែលរស់នៅលើទ្វីបអាេមរិកជាយូរមកហើយ។ ហើយបន្ទាប់មកទៀត គឺជនស្បែកសទៅពីអឺរ៉ុបនេះហើយ ដែលបានទៅយកជនស្បែកខ្មៅនៅទ្វីបអាហ្វ្រិក មកធ្វើជាទាសករ។ រវាងពីសតវត្សទី១៦ ដល់ សតវត្សទី១៩ ពាណិជ្ជកម្មរកស៊ីជួញដូរទាសករស្បែកខ្មៅ គឺជារបបកាក់កបណាស់ របស់ពួកស្បែកស។
ដូច្នេះ សម្រាប់ក្រុមបាតុករ ដែលកំពុងតែតវ៉ានៅពេលនេះ គឺអ្វីៗបានចាប់ផ្តើមចេញពីលោក គ្រីស្តហ្វ កូឡុមប៍។ បាតុករម្នាក់នៅបូស្តុន បានលើកឡើងថា ការកាត់ក្បាលរូបសំណាកលោក គ្រីស្តូហ្វ កូឡុមប៍ ដែលឈរនៅកណ្តាលក្រុងបូស្តុននេះ គឺជានិម្មិតរូបមួយដ៏ធំខ្លាំងណាស់ ដើម្បីថ្កោលទោសនូវអតីតកាល ដែលជនស្បែកស បានកាប់សម្លាប់ជនជាតិភាគតិច និងជិះជាន់ទាសករស្បែកខ្មៅ។
មិនមែនមាននៅតែបូស្តុនមួយទេ រូបសំណាកលោក គ្រីស្តូហ្វ កូឡុមប៍ នៅក្នុងសួនមួយក្នុងក្រុង Richmond រដ្ឋ Vigirnie ក៏ត្រូវបានក្រុមបាតុករ វាយរំលំ ហើយបានអូសយកទៅទំលាក់ចោល នៅក្នុងទឹកបឹង។ ចំណែកនៅ Miami រដ្ឋFlorida វិញ រូបសំណាករបស់លោក គ្រីស្តូហ្វ កូឡុមប៍ ត្រូវបានបាតុករ នាំគ្នាបំផ្លិចបំផ្លាញ ដោយថ្នាំពណ៌មកបាញ់គូសវាស និងសរសេរអក្សរពីលើ។
រាលដាលដល់អឺរ៉ុប
ចលនាបាតុកម្មប្រឆាំងនឹងការរើសអើងប្រកាន់ពូជសាសន៍នេះ បានលាន់ឮទៅដល់អឺរ៉ុប ព្រោះថានៅអឺរ៉ុប ក៏ប្រឈមនឹងបញ្ហានេះដែរ។ កាលពីថ្ងៃអាទិត្យ កន្លងទៅ នៅទីក្រុងBristol ភាគនិរតីប្រទេសអង់គ្លេស ក្រុមបាតុករ បាននាំគ្នាទៅផ្តួលរំលំ រូបសំណាក លោក Edward Colston ទំលាក់ចូលទឹក។ លោក Edward Colston គឺជាអ្នកជំនួញរកស៊ីដឹកទាសករស្បែកខ្មៅ ពីទ្វីបអាហ្វ្រិក យកទៅលក់នៅទ្វីបអាមេរិក។
នៅប៊ែលហ្ស៊ិកវិញ រូបសំណាករបស់ស្តេច Leopold II ក៏ត្រូវក្រុមបាតុករ បាញ់ថ្នាំពណ៌បំផ្លាញដែរ ព្រោះស្តេចបែលហ្ស៊ិកអង្គនេះហើយ ដែលបានដាក់អាណានិគមនៅទ្វីបអាហ្វ្រិក។ នៅបារាំងវិញ បាតុករបានប្រមូលផ្តុំគ្នា ទាមទារឲ្យដករូបសំណាក់ របស់លោក Colbert ចេញពីមុខវិមានសភាជាតិបារាំង។ ក្រុមបាតុករលើកឡើងថា Colbert ដែលជាអតីរដ្ឋមន្ត្រីជំនាន់ស្តេច Louis XIV បានធ្វើច្បាប់ជិះជាន់ទាសករស្បែកខ្មៅ នៅតាមដែនដីអាណានិគមរបស់បារាំងនៅអាហ្វ្រិក កាលពី សតវត្សទី១៧នោះ គឺមិនសមត្រូវយកមកតាំង នៅមុខសភាជាតិបារាំងឡើយ។ យើងឃើញថា ចលនាតវ៉ានេះ បានរីកធំទៅៗ ឈានបង្កឲ្យមានជម្លោះ ជាមួយនឹងអតីតកាលប្រវត្តិសាស្ត្រ។
រូបសំណាកអតីតទាហានភាគខាងត្បូង នៅវិមានកាពីតូល
លោកស្រី Nancy Pelosi បានចូលរួមផ្ញើសារគាំទ្រចលនាបាតុកម្មប្រឆាំងនឹងការរើសអើងពូជសាសន៍នេះ តាមរយៈការអំពាវនាវ ឲ្យដកចេញនូវរូបសំណាកចំនួន១១ ចេញពីវិមានកាពីតូល ដែលជារូបសំណាកអតីតទាហាន នៅភាគខាងត្បូង កាលពីជំនាន់កកើតសហព័ន្ធអាមេរិកដំបូងៗ។ ទាហានស្បែកស នៅភាគខាងត្បូងអាមេរិកនេះ ត្រូវគេដឹងថា បានកាប់សំលាប់ជនជាតិភាគតិច នឹងធ្វើបាបទាសករស្បែកខ្មៅខ្លាំងសម្បើមណាស់។
លោកស្រី Nancy Pelosi បានសរសេរ លើទំព័រ Twitterថា៖ រូបសំណាកទាំងនោះ មិនមែនជាបិតិកភណ្ឌរបស់អាេមរិកទេ តែវាជានិម្មិតរូប នៃការស្អប់ខ្ពើមប្រកាន់ពូជសាសន៍។ សារនេះ ក៏ជាឱកាស ឲ្យលោកស្រី អាចវាយប្រហារ ទៅលើលោកដូណាល់ ត្រាំ ដែរ ព្រោះលោកស្រីតែងតែចាត់ទុកលោកដូណាល់ ត្រាំ ថាគឺជាប្រធានាធិបតីប្រកាន់ពូជសាសន៍បំផុត។
តើត្រូវរំលាយចោល គ្រប់រូបសំណាកដែលពាក់ព័ន្ធនឹងអាណានិគម?
ការផ្តួលរំលំ និងបំផ្លាញរូបសំណាកទាំងអស់នេះ បានធ្វើឲ្យកម្រើកនូវការជជែកគ្នាតឹងសរសៃក ស្តីអំពីអតីតកាលដ៏ខ្មៅងងិតរបស់ ប្រទេសអឺរ៉ុប ដែលបានដាក់អាណានិគម ជិះជាន់នៅតាមដែនដីផ្សេង ដូចជានៅអាហ្វ្រិក អាស៊ីជាដើម។ ជាក់ស្តែង ចក្រភពអង់គ្លេស ដែលរកស៊ីមានបាន តាមរយៈការដើរដាក់អាណានិគមនៅតាមស្រុកផ្សេង កើបយកធនធានធម្មជាតិ កាប់សម្លាប់ជនជាតិដើមម្ចាស់ស្រុក និងចាប់មនុស្សយកទៅលក់ ឲ្យធ្វើជាទាសករជាដើម។
នៅអង់គ្លេសរូបសំណាក របស់Edward Colston ឈ្មួញរកស៊ីលក់ទាសករ ត្រូវបានក្រុមប្រឹក្សាក្រុង Bristol បានបញ្ជាក់ថា គេនឹងយកទៅតាំងក្នុងសារៈមន្ទីរ ដោយអមជាមួយនឹងបដាតវ៉ា ដែលគេបានរើសបាន ក្នុងពេលធ្វើបាតុកម្មចុងសប្តាហ៍នេះ។ ធ្វើបែបនេះ ដើម្បីប្រាប់ទៅក្មេងជំនាន់ក្រោយ ឬក៏អ្នកចូលមើលសារៈមន្ទីរ ឲ្យដឹងថាប្រវត្តិសាស្ត្រពីមួយជំនាន់ទៅមួយជំនាន់ វាប្រែប្រួលដូចម្តេចខ្លះ។
នៅបារាំង បញ្ហានេះ បានបង្កឲ្យមានការជជែកដេញដោលគ្នាសម្បើមណាស់ រវាងអ្នកនយោបាយ អ្នកប្រវត្តិវិទូ ថាតើ គួរតែបំផ្លាញចោលទាំងអស់ នូវរូបសំណាកជានិម្មិតរូបទាំងឡាយណា ដែលពាក់ព័ន្ធនឹងអតីតកាលអាណានិគម ឬ? អ្នកខ្លះលើកឡើងថា ចង់មិនចង់ វាគឺជាអតីតកាល ជាទំព័រប្រវត្តិសាស្ត្រ ដែលមិនអាចនរណាមកកែប្រែបានទេ។ អ្វីដែលសំខាន់ គឺត្រូវកសាងអនាគតសម្រាប់ក្មេងជំនាន់ក្រោយ ដោយគ្មានការរើសអើងប្រកាន់ពូជសាសន៍។
នៅអាេមរិកវិញ បញ្ហារើសអើងប្រកាន់ពូជសាសន៍នេះ ជាដំបៅរាប់សិបឆ្នាំមកហើយ។ ដករូបសំណាកចោលទាំងអស់ ក៏មិនអាចផ្សះផ្សារមុខរបួសឲ្យជាបានដែរ។ ថ្មីៗនេះ លោកអូបាម៉ា បានលើកឡើងថា បាតុកម្មតវ៉ាដ៏ធំនេះវាល្អហើយ តែបើចង់ធ្វើឲ្យវាមានន័យ ជាក់ស្តែងថែមទៀត គឺត្រូវតែឈានទៅបង្កើតច្បាប់ និងអនុវត្តវាក្នុងស្ថាប័នរដ្ឋ និងប្រព័ន្ធប្រជាធិបតេយ្យ។ ក្នុងន័យនេះ លោកអូបាម៉ា បានអំពាវនាវថា ត្រូវតែនាំគ្នាបោះឆ្នោត ឲ្យអ្នកណាដែលមានសេចក្តីក្លាហាន ហ៊ានធ្វើកំណែទម្រង់ រៀបចំកសាងសង្គមអាមេរិក ដែលស្មើភាពគ្នា មិនប្រកាន់ពូជសាសន៍ ដូចរដ្ឋាភិបាលលោកដូណាល់ត្រាំបច្ចុប្បន្ននេះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ