អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖មេប៉ូលិសក្រុងអាត្លង់តាលាចុះពីតំណែង បន្ទាប់ពីស្លាប់បុរសស្បែកខ្មៅម្នាក់ក្រោមគ្រាប់កាំភ្លើងប៉ូលិស

សំឡេង ០៦:៥៥
នៅសហរដ្ឋអាមេរិក មេប៉ូលិសក្រុងអាត្លង់តាលាចុះពីតំណែង បន្ទាប់ពីស្លាប់បុរសស្បែកខ្មៅម្នាក់ក្រោមគ្រាប់កាំភ្លើងប៉ូលិស
នៅសហរដ្ឋអាមេរិក មេប៉ូលិសក្រុងអាត្លង់តាលាចុះពីតំណែង បន្ទាប់ពីស្លាប់បុរសស្បែកខ្មៅម្នាក់ក្រោមគ្រាប់កាំភ្លើងប៉ូលិស Elijah Nouvelage / GETTY IMAGES NORTH AMERICA / Getty Images via
៣៧ នាទី

នៅ​សហរដ្ឋអាមេរិក ៣សប្តាហ៍​ក្រោយ​ការ​ស្លាប់​បុរស​ស្បែក​ខ្មៅ​ឈ្មោះ George Floyd ដោយ​សា្នដៃ​ប៉ូលិស​ស្បែក ស នៅ​ក្រុង​មីនេអាប៉ូលិស​មក មាន​បុរស​ស្បែក​ខ្មៅ​ម្នាក់​ទៀត​ឈ្មោះ Rayshard Brooks ត្រូវ​បាន​ប៉ូលិស​បាញ់​ឲ្យ​របួស រួច​ស្លាប់​នៅ​ក្នុង​ទីក្រុង​អាត្លង់តា​នា​យប់​ថ្ងៃ​សុក្រ ទី១២ មិថុនា។ ឧប្បត្តិហេតុ​ថ្មី​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​កាន់​តែ​ខ្លាំង​របស់​ពលរដ្ឋ​ក្រុង​អាត្លង់តា។ បន្ទាប់​មក​នៅ​យប់​ថ្ងៃ​សៅរ៍ ទី១៣ មិថុនា មេប៉ូលិស​ក្រុង​អាត្លង់តា​លោកស្រី Erika Shields បាន​ប្រកាស​លាលែង​ពី​តំណែង ហើយ​រូប​ប៉ូលិស​ដែល​បាញ់​លើ​បុរស Rayshard Brooks ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ភ្លាមៗ។ ព្រឹត្តិការណ៍​ថ្មី​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​បាតុកម្ម​ប្រឆាំង​ហិង្សា​ប៉ូលិស និង​រើសអើង​ពូជសាសន៍​ពុះកញ្រ្ជោល​កាន់​តែ​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​ស្លាប់​បុរស​ស្បែក​ខ្មៅ​ឈ្មោះ​ Rayshard Brooks បាន​កើត​មាន​ឡើង​កាល​ពី​យប់​ថ្ងៃ​សុក្រ ទី១៣ មិថុនា​នៅ​លើ​ទីលាន​ចំណត​រថយន្ត​របស់​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​អាត្លង់តា​នៃ​រដ្ឋ Georgia។ បើ​ផ្អែក​តាម​របាយការណ៍​ផ្លូវការ Rayshard Brooksមាន​អាយុ ២៧ឆ្នាំ​បាន​ដេក​លើ​ចង្កូត​ឡាន​របស់​ខ្លួន​ដែល​ឈប់​លើ​ផ្លូវ​ចូល​ភោជនីយដ្ឋាន។ ឃើញ​យ៉ាង​ដូច្នេះ ម្ចាស់​ភោជនីយដ្ឋាន​ក៏​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍​យក​ឡាន​នោះ​ចេញ។ នៅ​ពេល​ប៉ូលិស​មក​ដល់ Brooks ដែល​កំពុង​ស្រវឹង​ស្រា​ខ្លាំង​បាន​ប្រទូសរ៉ាយ​ជាមួយ​ប៉ូលិស​ដែល​ព្យាយាម​ឃាត់​ខ្លួន​រូប​គេ។ រូបភាព​វីដេអូ​ថត​ដោយ​កាំមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​នៅ​ក្នុង​ភាព​ប្រទូសរ៉ាយ​ជាមួយ​ក្រុម​ប៉ូលិស Brooks បាន​ដណ្តើម​យក​ឧបករណ៍ឆក់​ពី​ប៉ូលិស​ម្នាក់ រួច​ព្យាយាម​រត់​គេច​ខ្លួន។

នៅ​ពេល​នោះ ក្រុម​ប៉ូលិស​បាន​ដេញ​ចាប់ Brooks ហើយ​ក្នុង​ពេល​ដេញ​ចាប់ Brooks បាន​បក​ក្រោយ​ដោយ​ភ្ជុង​ឧបករណ៍​ឆក់​ដាក់​ប៉ូលិស​វិញ។ គឺ​នៅ​ពេល​នោះ​ដែល​ប៉ូលិស​ម្នាក់​បាន​ដក​កាំភ្លើង​បាញ់​លើ Brooks បណ្តាល​ឲ្យ​របួស។ តែ Brooks បាន​បាត់បង់​ជីវិត បន្ទាប់​ពី​បាន​ដឹក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។ មរណៈភាព​របស់ Brooks បាន​បំផ្ទុះ​កំហឹង និង​បង្ក​ឲ្យ​មាន​បាតុកម្ម​ថ្មី​នៅ​ក្នុង​ទីក្រុង​អាត្លង់តា ខណៈ​ដែល​បាតុកម្ម​ប្រឆាំង​នឹង​អំពើហិង្សា​របស់​ប៉ូលិស និង​ការ​រើសអើង​ពូជសាសន៍​នៅ​ក្រោយ​ការ​ស្លាប់​បុរស​ស្បែក ខ្មៅ George Floyd ក្នុង​ក្រុង​មីនេអាប៉ូលិស​កាល​ពី ៣សប្តាហ៍​មុន​កំពុង​ពុះកញ្រ្ជោល។

អ្វី​ជា​ការ​កត់សម្គាល់ មេប៉ូលិស​អាត្លង់តា​លោកស្រី Erika Shieldsដែល​កាន់​តំណែង​តាំង​ពី​ជាង ២០ឆ្នាំ​បាន​សម្រេចចិត្ត​ចុះ​ចេញ​ពី​តំណែង​នា​យប់​ថ្ងៃ​សៅរ៍ ទី១៣ មិថុនា។ ចំណែក​រូប​ប៉ូលិសដៃដល់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ ហើយ​ប៉ូលិស​ម្នាក់​ទៀត​ត្រូវ​បាន​ព្យួរ​ពី​ការងារ។ ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ចៅហ្វាយ​ក្រុង​អាត្លង់តា​លោកស្រី Keisha Lance Bottoms។

កំណែទម្រង់​លើ​ស្ថាប័ន​ប៉ូលិស​ជា​រឿង​មិន​អាច​ខ្វះ​បាន

ការ​លា​ចុះ​ពី​តំណែង​របស់​មេប៉ូលិស​ក្រុង​អាត្លង់តា និង​ការ​បណ្តេញ​ប៉ូលិស​ដៃ​ដល់​ចេញ​ពី​ការងារ​ភ្លាមៗ​អាច​រំងាប់​ភាព​ខឹងសម្បារ​របស់​ពលរដ្ឋ​ក្រុង​អាត្លង់តា។ តែ​នេះ​មិនមែន​ជា​ដំណោះស្រាយ​ទៅ​បញ្ហា​មួយ​ដែល​បាន និង​កំពុង​បន្ត​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​អាមេរិក​ទេ។ ចូរ​កុំ​ភ្លេច​ថា អំពើ​ហិង្សា​របស់​ប៉ូលិស​លើ​បុរស​ស្បែក​ខ្មៅ George Floyd ក្នុង​ក្រុង​មីនេអាប៉ូលិស​កាល​ពី ៣សប្តាហ៍​មុន និង​លើ​បុរស​ស្បែក​ខ្មៅ Rayshard Brooksក្នុង​ក្រុង​អាត្លង់តា​ពេល​នេះ គឺ​ជា​រឿង​ច្រំដែល​ប្រវត្តិសាស្រ្ត​ដែល​មាន​តាំង​ពី​យូរ​របស់​អាមេរិក។ ដូច្នេះ​ការ​លា​ចុះ​ពី​តំណែង​របស់​មេប៉ូលិស​ក្នុង​ក្រុង​នេះ ឬ​ក្រុង​នោះ​ដែល​កើត​មាន​អំពើហិង្សា និង​ការ​រើសអើង​ពូជសាសន៍​លើ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​មិនមែន​ជា​ដំណោះស្រាយ​ទេ។

ដំណោះស្រាយ​ដែល​គ្រប់​គ្នា​បាន​មើល​ឃើញ និង​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា គឺ​ការ​ធ្វើ​កំណែទម្រង់​ស៊ីជ្រៅ​លើ​ស្ថាប័ន​ប៉ូលិស។ គម្រោង​កំណែទម្រង់​នេះ​បាន​ស្នើ​ឡើង​ដោយ​ក្រុម​អ្នកតំណាងរាស្រ្ត​ជិត ២០០នាក់​របស់​គណបក្សប្រជាធិបតេយ្យ​ដែល​កំពុង​មាន​សម្លេង​ភាគ​ច្រើន។ កំណែទម្រង់​លើ​ស្ថាប័ន​ប៉ូលិស​នេះ​ត្រូវ​បាន​ប៉ូលិស​ខ្លះ​យល់​ថា ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន។ តែ​ប៉ូលិស​ខ្លះ​ទៀត​ហាក់​ពិបាក​ទទួល​យក​នូវ​ពាក្យ​ចោទ​ប្រកាន់​ដែល​ថា ប៉ូលិស​ទាំង​អស់​សុទ្ធ​តែ​ប្រើ​អំពើ​ហិង្សា និង​មាន​ការ​រើសអើង​ពូជសាសន៍។ ឆ្លើយ​នឹង​ការ​ចោទ​សួរ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ប៉ូលិស​ក្នុង​រដ្ឋ California និង Massachusettes បាន​បញ្ជាក់​ពី​ការ​មិន​សប្បាយ​ចិត្ត​លើ​ការ​ចោទ​ពួក​គេ​ជា​ឃាតករ និង​ប្រដូច​ពួក​គេ​ដូច​ជា​រូប​ប៉ូលិស Derek Chauvin

ដែល​សង្កត់ ក George Floyd រហូត​ដល់​ដាច់​ដង្ហើម​ស្លាប់។

« ខ្ញុំ​មិនមែន​ Derek Chauvin ទេ។ គាត់​សម្លាប់​មនុស្ស តែ​មិនមែន​យើង​ទេ។ ចូរ​អស់លោក​ឈប់​ចាត់​ទុក​ពួក​យើង​ជា​សត្វធាតុ​ទៀត​ទៅ »នេះ​ជា​ការ​ថ្លែង​របស់​លោក Michael O’Meara ប្រធាន​សហជីព​ប៉ូលិស​ក្នុង​ក្រុង​ញូយ៉ក។ ចំណែក​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​សហជីព​ប៉ូលិស​ក្នុង​រដ្ឋ New Mexico បាន​ថ្លែង​ថា ទង្វើ​ឧក្រិដ្ឋកម្ម​របស់​ប៉ូលិស​ Derek Chauvin បាន​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ប៉ូលិស​ទូទៅ ពិសេស​ប៉ូលិស​ក្នុង​រដ្ឋ New Mexico។

ក្រសួង​ការពារជាតិ​ជាប់ចោទ​ពី​បទ​ប្រគល់​សម្ភារៈ​យោធា និង​គ្រឿង​សព្វាវុធ​សង្រ្គាម​ឲ្យ​កម្លាំង​ប៉ូលិស

ក្នុង​ពេល​ដែល​មាន​បាតុកម្ម​ប្រឆាំង​នឹង​អំពើហិង្សា និង​ការ​រើសអើង​ពូជសាសន៍​របស់​ប៉ូលិស មាន​ការ​ចោទ​ប្រកាន់​លើ​ក្រសួង​ការពារជាតិ​អាមេរិក​ក្នុង​បទ​បំពាក់​គ្រឿងសព្វាវុធ​សង្រ្គាម​ឲ្យ​កម្លាំង​ប៉ូលិស​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ការ​បំពាក់​ឲ្យ​ប៉ូលិស​នូវ​សម្លៀកបំពាក់ទាហាន និង​គ្រឿងសព្វាវុធ​សង្រ្គាម​បាន​ធ្វើ​ឡើង​តាម​រយៈ​កម្មវិធី​មួយ​ដែល​កំពុង​បន្ត​ចម្រូងចម្រាស​រវាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ។ ដូច​គ្រប់​គ្នា​បាន​ឃើញ​ស្រាប់​ហើយ​ថា អាវុធ និង​រថយន្ត​ដែល​ប៉ូលិស​បាន​ប្រើ​ដើម្បី​ប្រឈម​ទប់​នឹង​ហ្វូង​បាតុករ​សុទ្ធសឹង​ជា​អាវុធ និង​រថយន្ត​ដែល​ទាហាន​បាន​ប្រើ​ដើម្បី​ការពារ​ប្រទេស ពោល​មិនមែន​សម្រាប់​ប្រឆាំង​នឹង​បាតុករ​ក្នុង​ស្រុក​ទេ។

ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា លោក​បាន​កម្រិត​កម្មវិធី​មួយ​នេះ​ក្នុង​ឆ្នាំ ២០១៥ តែ​លោក​ដូណាល់ ត្រាំ​បាន​យក​ទៅ​អនុវត្ត​យ៉ាង​ពេញ​ទំហឹង​វិញ​ក្នុង​ឆ្នាំ ២០១៧។ គួរ​រម្លឹក​ថា​តាំង​ពី​ឆ្នាំ ១៩៩៧ កងទ័ព​អាមេរិក​បាន​ផ្តល់​ឲ្យ​កម្លាំង​ប៉ូលិស​ជាង ៨ ០០០នាក់​នូវ​គ្រឿង​សព្វាវុធ​សង្រ្គាម​ថ្មី ឬ​ប្រើ​មួយ​ទឹក​ហើយ​ដែល​គិត​ជា​ប្រាក់​មាន ៦ ៨០០លានដុល្លារ។ គ្រាន់​តែ​ក្នុង​ឆ្នាំ ២០១៧ មាន​សម្ភារៈបរិក្ខារ​យោធា​ប្រមាណ​ជា ៥០០លាន​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​កម្លាំង​ប៉ូលិស។ យ៉ាង​ណា​ក៏​ដោយ និង​នៅ​ក្នុង​បរិបទ​សព្វថ្ងៃ កម្មវិធី​មួយ​នេះ​ក៏​ត្រូវ​បាន​គណបក្សប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆាំង​ឆ្កឹះ​យក​ទៅ​និយាយ​ឡើង​វិញ។ អ្នកតំណាងរាស្រ្ត​គណបក្សប្រជាធិបតេយ្យ​ជិត ២០០នាក់​បាន​យក​រឿង​នេះ​ទៅ​ដាក់​បញ្ចូល​នៅ​ក្នុង​គម្រោង​កំណែទម្រង់​លើ​ស្ថាប័ន​ប៉ូលិស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ