លោក ត្រាំ ប្រកាសកាត់បន្ថយវត្តមានកងទ័ពអាមេរិកនៅអាល្លឺម៉ង់
ចុះផ្សាយនៅថ្ងៃ៖
លោកប្រធានាធិបតីអាមេរិក បានប្រកាសនៅថ្ងៃទី ១៥មិថុនា ២០២០ កាត់បន្ថយចំនួនកងទ័ពអាមេរិកដែលឈរជើងនៅអាល្លឺម៉ង់ ឱ្យនៅតិចមែនទែន។ មូលហេតុ គឺបណ្តាលមកពីអាល្លឺម៉ង់ មិនព្រមបង់វិភាគទានឱ្យអង្គការអូតង់ និងបានធ្វើបាបអាមេរិកក្នុងវិស័យពាណិជ្ជកម្ម។ នេះបើតាមការបញ្ជាក់របស់លោក ដូណាល់ ត្រាំ។
នៅចំពោះមុខអ្នកកាសែត លោក ដូណាល់ ត្រាំ បានអះអាងថា អាមេរិកមានកងទ័ពឈរជើងនៅអាល្លឺម៉ង់ ក្នុងក្របខ័ណ្ឌអូតង់ ចំនួនដល់ទៅ៥២០០០នាក់។ នេះជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ ដូច្នេះអាមេរិកនឹងកាត់បន្ថយទាហានចំនួនពាក់កណ្តាល ពោលគឺមកនៅត្រឹមតែ២៥០០០នាក់។
បើតាមតួលេខផ្លូវការ របស់ក្រសួងការពារជាតិ កាលពីខែមីនា កងទ័ពអាមេរិកប្រចាំការជាអចិន្ត្រៃយ៍លើទឹកដីអាល្លឺម៉ង មានចំនួនតែ៣៤៦៧៤នាក់ប៉ុណ្ណោះ។ ប៉ុន្តែចំនួនទាហានឡើងដល់ជាង៥ម៉ឺននាក់ នៅពេលត្រូវបង្វិលផ្លាស់ប្តូរក្រុមចាស់ចេញក្រុមថ្មីចូល និងនៅពេលធ្វើសមយុទ្ធ។
ក្នុងបរិបទដែលរុស្ស៊ីកំពុងបង្កើនកម្លាំងយោធា វត្តមានកងទ័ពអាមេរិកនៅអាល្លឺម៉ង់កាន់តែចាំបាច់ ប៉ុន្តែសម្រាប់លោកត្រាំការសម្រេចចិត្តកាត់បន្ថយកងទ័ព មកពីអាល្លឺម៉ង់ចូលរួមបង់វិភាគទានទ្រទ្រង់អង្គការអូតង់ តិចតួចពេក។ អាល្លឺម៉ង់ត្រូវបង់ហិរញ្ញវត្ថុឱ្យអូតង់ដល់ទៅរាប់ពាន់លាន តែប៊ែរឡាំងមិនព្រមធ្វើ។ ដូច្នេះអាមេរិកដូចជាឆោតល្ងង់ពេកដែលត្រូវចំណាយថវិកាការពារអាល្លឺម៉ង់នោះ។ នេះបើតាមប្រសាសន៍របស់លោកត្រាំ។
មូលហេតុសំខាន់មួយទៀតគឺការផ្តោះប្តូរពាណិជ្ជកម្ម។ លោកត្រាំ បានបន្ទោសអាល្លឺម៉ង់ដែលជាមហាអំណាចសេដ្ឋកិច្ចប្រចាំតំបន់អឺរ៉ុបថា បានធ្វើពាណិជ្ជកម្មមិនល្អជាមួយអាមេរិក។ អាមេរិកមិនពេញចិត្តនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាល្លឺម៉ង់បានលើកមកចរចាទេ។ បើតាមសេចក្តីប្រកាសរបស់លោកត្រាំ អាល្លឺម៉ង់ចំណេញលើអាមេរិកដល់រាប់ពាន់លានដុល្លារ ក្នុងការផ្តោះប្តូរពាណិជ្ជកម្មកន្លងមកនេះ។ ហេតុដូច្នេះហើយបានជាលោកត្រាំមិនបណ្តោយអាមេរិកចាញ់ប្រៀបអាល្លឺម៉ង់ទាំងក្នុងវិស័យពាណិជ្ជកម្មនិងយោធាទៀតទេ។
សូមបញ្ជាក់ថា ថ្វីបើចំនួនកងទ័ពអាមេរិកនៅអាល្លឺម៉ង់បានចុះថយតាំងពីសម័យសង្គ្រាមត្រជាក់មកក្តី ក៏អាល្លឺម៉ង់នៅតែស្វាគមន៍ទទួលកងទ័ពអាមេរិកច្រើនជាងគេ ច្រើនជាងសម្ព័ន្ធមិត្តអឺរ៉ុបក្នុងសម័យសង្គ្រាមលោកលើកទីពីរផ្សេងទៀតទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ