អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋអាមេរិក៖លោកចន បុលតុនចោទលោកដូណាល់ ត្រាំពីបទស្វែងរកជំនួយពីចិនដើម្បីជាប់ឆ្នោតអាណត្តិថ្មី

នៅ​សហរដ្ឋអាមេរិក លោកចន បុលតុនចោទលោកដូណាល់ ត្រាំពីបទស្វែងរកជំនួយពីចិនដើម្បីជាប់ឆ្នោតអាណត្តិថ្មី
នៅ​សហរដ្ឋអាមេរិក លោកចន បុលតុនចោទលោកដូណាល់ ត្រាំពីបទស្វែងរកជំនួយពីចិនដើម្បីជាប់ឆ្នោតអាណត្តិថ្មី AFP/Archivos
៣១ នាទី

នៅ​សហរដ្ឋអាមេរិក អតីត​ទីប្រឹក្សាសន្តិសុខជាតិ​លោក​ចន បុលតុន​បាន​អះអាង​នៅ​ក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណងជើង « The Room Wherre It Happened, A White House Memoir » ថា ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​អនុវត្ត​នយោបាយ​ការបរទេស​ដោយ​ច្របូលច្របល់​រវាង​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រយោជន៍ជាតិ។ សៀវភៅ​របស់​លោក​បុលតុន​គ្រោង​នឹង​ចេញ​លើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៣ មិថុនា​ខាង​មុខ តែ​ខ្លឹមសារ​មួយ​ចំនួន​ត្រូវ​បាន​ទម្លាយ​ដោយ​កាសែតអាមេរិក New York Times Washington Post និង Wall Street Journal នា​ថ្ងៃ​ពុធ ទី១៧ មិថុនា។ ចំណែក​សេតវិមាន​កំពុង​ព្យាយាម​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​សៀវភៅ​របស់​លោក​បុលតុន។

ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៧១ឆ្នាំ លោក​ចន បុលតុន​បាន​ធ្វើ​ការ​ជាមួយ​លោក​ដូណាល់ ត្រាំ​ក្នុង​នាម​ជា​ទីប្រឹក្សាសន្តិសុខជាតិ​អស់​រយៈពេល​ជាង ១ឆ្នាំ ពោល​ពី​ខែ​មីនា ឆ្នាំ ២០១៨​ដល់​ខែ​កញ្ញា ឆ្នាំ ២០១៩។ តែ​មុន​នឹង​ទទួល​តំណែង​ជា​ទីប្រឹក្សាសន្តិសុខជាតិ លោក​បុលតុន​ធ្លាប់​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ជា​ច្រើន​ឆ្នាំ។ គេ​បាន​សង្កេត​ឃើញ​វត្តមាន​លោក​បុលតុន​ថត​រូប​ជាមួយ​លោក​ត្រាំ​យ៉ាង​ច្រើន ពិសេស​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ត្រាំ​ដោយ​មាន​កាន់​សៀវភៅ​កត់ត្រា​ក្នុង​ដៃ​ជា​ប្រចាំ។ តែ​ភាព​ប្រទាំងប្រទើស និង​ការ​មិន​ចុះ​សម្រុង​គ្នា​ខ្លះ​រវាង​ឥស្សរជន​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​លោក​ត្រាំ​បញ្ចប់​តំណែង​លោក​បុលតុន​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៩។

តាម​រយៈ​សៀវភៅ​ដែល​សេតវិមាន​កំពុង​ព្យាយាម​រារាំង​កុំ​ឲ្យ​ចេញ​លក់​បាន​វិញ មាន​រឿង​ជា​ច្រើន​ដែល​លោក​បុលតុន​បាន​ឆ្កឹះ​កកាយ ពិសេស​រឿង​ជាមួយ​ចិន កូរ៉េខាងជើង និង​អ៊ុយក្រែន។ បន្ទាប់​មក លោក​បុលតុន​បាន​និយាយ​ពី​គ្រួសារនិយម​ដោយ​ផ្តោត​លើ​កូនស្រី និង​កូនប្រសារ​របស់​លោក​ត្រាំ​ដែល​មាន​ឋានៈ​ជា​ទីប្រឹក្សាផ្ទាល់។ បន្ទាប់​មក​ទៀត លោក​បុលតុន​បាន​លើក​ឡើង​ពី​អកប្បកិរិយា​របស់​លោក​ត្រាំ​ជាមួយ​អ្នក​ធ្វើ​ការ​ជាមួយ​លោក​ដែល​អ្នក​ខ្លះ​ពិបាក​ទ្រាំទ្រ និង​តែង​ចង់​លា​ឈប់​ពី​តំណែង។ នៅ​ក្នុង​រឿង​នេះ លោក​បុលតុន​បាន​លើក​ឡើង​ពី​ករណី​រូបលោក​ផ្ទាល់ និង​ករណី​ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុមប៉េអូ។ តាម​លោក​បុលតុន លោក​ប៉ុមប៉េអូ​ដែល​តែង​បង្ហាញ​ភាព​ស្មោះត្រង់​ជាមួយ​លោក​ត្រាំ​ក៏​បាន​រិះគន់​លោក​ត្រាំ​ពី​ក្រោយ​ខ្នង ដូច​ជា​ថា​លោក​ត្រាំ​និយាយ​ផ្តេសផ្តាស់​ច្រើន​អត់​បាន​ការ។

តាម​ខ្លឹមសារ​ដែល​កាសែត​អាមេរិក​បាន​ទម្លាម​ចេញ​ពី​សៀវភៅ​ដដែល​នេះ លោក​បុលតុន​បាន​ចោទ​លោក​ត្រាំ​ពេញ​មាត់​ពី​បទ​ច្រឡូកច្រឡំ​រវាង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​ប្រទេស​ជាតិ។ ភាព​ច្រឡូកច្រឡំ​របៀប​នេះ​មិនមែន​មាន​តែ​នៅ​លើ​វិស័យ​ពាណិជ្ជកម្ម​មួយ​ទេ តែ​ក៏​មាន​នៅ​ក្នុង​វិស័យ​សន្តិសុខជាតិ។ ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​លោក​បុលតុន​បាន​មើល​ឃើញ​នោះ​គឺ​ថា រាល់​ការ​គិត និង​សេចក្តីសម្រេច​របស់​លោក​ត្រាំ​មាន​កម្មវត្ថុ​តែ​មួយ​គត់ គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​លោក​អាច​បន្ត​អង្គុយ​កៅអី​ប្រធានាធិបតី​អាណត្តិ​ថ្មី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

លោក​ដូណាល់ ត្រាំ​សុំ​ឲ្យ​លោក​ស៊ី ជីនពីង​ជួយ

ពិត​ជា​រឿង​ចំឡែក និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​លោក​ត្រាំ​បាន​សុំ​ឲ្យ​ចិន​ជួយ ខណៈ​ដែល​គ្រប់​គ្នា​ដឹង​ថា លោក​ត្រាំ​កំពុង​បន្ត​ប្រើ​សង្រ្គាម​ប្រឆាំង​ចិន ពិសេស​សង្រ្គាម​ពាណិជ្ជកម្ម។ បើ​គេ​ជឿ​លើ​សំណេរ​របស់​លោក​ចន បុលតុន​នៅ​ក្នុង​សៀវភៅ​របស់​លោក អតីត​ទីប្រឹក្សាសន្តិសុខជាតិ​រូប​នេះ​បាន​រៀបរាប់​ពី​ជំនួប​ទ្វេភាគី​រវាង​លោក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​ជំនួបកំពូល G២០ ដែល​បាន​រៀបចំ​ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៩។ តាម​លោក​បុលតុន នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​នឹង​វត្តមាន​អ្នក​បកប្រែ លោក​ត្រាំ​បាន​បង្វែរ​កិច្ចសន្ទនា​ដោយ​ទាញ​លោក​ស៊ី​ឲ្យ​ជួយ​គិតគូរ​រឿង​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នា​ខែ​វិច្ឆិកា ឆ្នាំ ២០២០។

លោក​ត្រាំ​មិន​បាន​សុំ​លុយ​លោក​ស៊ី​ទេ តែ​គ្រាន់​បញ្ជាក់​ថា សមត្ថភាព​សេដ្ឋកិច្ច​របស់​ចិន​អាច​ផ្តល់​ទម្ងន់​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក និង​អាច​ធានា​ឲ្យ​លោក​ជាប់​ឆ្នោត​អាណត្តិ​ថ្មី។ តាម​លោក​បុលតុន លោក​ត្រាំ​បាន​គូសបញ្ជាក់​ប្រាប់​លោក​ស៊ី​ពី​សារៈសំខាន់​របស់​ប្រជាកសិករ​អាមេរិក និង​ការ​បង្កើន​ទិញ​គ្រាប់សណ្តែកសៀង និង​ស្រូវ​សាឡី​របស់​អាមេរិក​ពី​ចិន។ គួរ​បញ្ជាក់ថា ផលិផល​កសិកម្ម​អាមេរិក​នេះ​ជា​ចំណាប់ខ្មាំង​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ហើយ​លោក​ត្រាំ​កំពុង​ត្រូវ​ការ​សន្លឹកឆ្នោត​ពី​ប្រជាកសិករ​អាមេរិក​ដោយ​មិន​អាច​ខ្វះ​បាន។ ដើម្បី​លើក​ទឹក​ចិត្ត​ចិន​ឲ្យ​បង្កើន​ការ​ទិញ​ផលិតផល​កសិកម្ម​អាមេរិក លោក​ត្រាំ​បាន​សរសើរ​ចិន​ពី​ចំណាត់​លើ​ពលរដ្ឋ​អ៊ុយហ្គួរ​ដែល​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​រស់​ក្នុង​ខេត្ត​ស៊ីនជាំង។ តាម​លោក​បុលតុន លោក​ត្រាំ​បាន​ប្រាប់​លោក​ស៊ី​ឲ្យ​បន្ត​សង់​ជំរំ​ដើម្បី​ដាក់​ពួក​អ៊ុយហ្គួរ​ដែល​លោក​ត្រាំ​គិត​ថា ពិត​ជា​រឿង​ល្អ​ដែល​ត្រូវ​ធ្វើ។

លោក​ត្រាំ​ថា សៀវភៅ​របស់​លោក​បុលតុន​ចងក្រង​ដោយ​រឿង​កុហក និង​ច្នៃប្រឌិត

អ្វី​ជា​ការ​កត់សម្គាល់ ការ​បែក​ធ្លាយ​ខឹ្លមសារ​ក្នុង​សៀវភៅ​របស់​លោក​បុលតុន​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​ដែល​លោក​ត្រាំ​បាន​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​​ច្បាប់​ដាក់​ទ័ណ្ឌកម្ម​លើ​អ្នក​ទទួល​ខុសត្រូវ​ចិន​ក្នុង​សំណុំរឿង​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ និង​ក្នុង​ពេល​ដែល​ប្រមុខ​ការទូតអាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ និង​មន្រ្តីការទូតជាន់ខ្ពស់​ចិន​លោក​ចាង ជីឈឺក​ជួប​គ្នា​ក្នុង​រដ្ឋហាវ៉ៃ ទឹកដី​អាមេរិក។ អ្វី​ជា​ការ​កត់សម្គាល់ ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​អ្នកទទួល​ខុសត្រូវ​ចិន​ក្នុង​សំណុំរឿង​ជនជាតិ​អ៊ុយហ្គួរ​ត្រូវ​បាន​សភា​អាមេរិក​អនុម័ត​តាំង​ពី​ថ្ងៃទី២៧ ឧសភា។ លោក​ត្រាំ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ច្បាប់​នេះ​សំដៅ​ដាក់​ទណ្ឌកម្ម​លើ​រូប​អ្នក​ទទួល​ខុស​ត្រូវ​ចិន​ដែល​រំលោភ​សិទ្ធិ​លើ​ពួក​អ៊ុយហ្គួរ និង​ជនជាតិ​ភាគចតិច​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ចិន។

ក្នុង​ថ្ងៃ​ពុធ ទី១៧ មិថុនា លោក​ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​តាម​ទូរសទស្សន៍ Fox News ដោយ​យល់​ឃើញ​ថា ព័ត៌មាន​ផ្សព្វផ្សាយ​នៅ​ក្នុង​សៀវភៅ​របស់​លោក​បុលតុន​ជា​ព័ត៌មាន​សម្ងាត់ ហើយ​អ្វី​ដែល​លោក​បុលតុន​បាន​ធ្វើ​នេះ​ជា​ការ​រំលោភ​ច្បាប់។ បន្ទាប់​មក​លោក​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ មិថុនា​ថា សៀវភៅ​របស់​លោក​បុលតុន​បាន​ចងក្រង​ដោយ​រឿង​កុហក និង​ច្នៃប្រឌិត។ ដោយឡែក​នៅ​ក្នុង​ជំនួប​រវាង​ប្រមុខ​ការទូតអាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ និង​មន្រ្តីការទូតជាន់ខ្ពស់ចិន​លោក​ចាង ជីឈឺក​ក្នុង​រដ្ឋហាវ៉ៃ ទឹកដី​អាមេរិក​ក្នុង​ថ្ងៃ​ពុធ ទី១៧ មិថុនា ភាគី​ទាំង​ពីរ​មិន​បាន​និយាយ​ពី​ខ្លឹមសារ​ក្នុង​សៀវភៅ​លោក​បុលតុន​ទេ តែ​បាន​និយាយ​ពី​ការ​ពង្រឹង​ទំនាក់ទំនង និង​ការ​គោរព​គ្នា​ទៅ​វិញ ទៅ​មក។

ចិន​បាន​ស្នើ​ឲ្យ​អាមេរិក​ឈប់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ដូច​ជា​រឿង​នៅ​ហុងកុង តៃវ៉ាន់ រួម​ទាំង​រឿង​នៅ​ខេត្ត​ស៊ីនជាំង។ ពី​អាមេរិក​វិញ លោក​ប៉ុមប៉េអូ​បាន​គូសបញ្ជាក់​ពី​ភាព​ចាំ​បាច់​នៃ​ទំនាក់ទំនាក់​ពេញលេញ​រវាង​គ្នា​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សន្តិសុខ រួម​ទាំង​តម្លាភាព និង​ការ​ចែកចាយ​ព័ត៌មាន​ស្តីពី​ជំងឺ​កូវីដ-១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ