អានតួអត្ថបទ

អាមេរិក​បង្ហាញ​យុទ្ធសាស្រ្ត​​ការពារ​ផ្កាយរណប​ពីការវាយប្រហារ​របស់​ចិន និង​រុស្ស៊ី

រូបភាព​របស់​ទីភ្នាក់ងារណាសា បង្ហាញ​ផ្កាយរណប​ដែលតាមដាន​ភព​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ
រូបភាព​របស់​ទីភ្នាក់ងារណាសា បង្ហាញ​ផ្កាយរណប​ដែលតាមដាន​ភព​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ AP
ដោយ៖ ឈាង បុប្ផា
1 នាទី

ភាពតានតឹង​រវាង​អាមេរិក និង​ចិន មិនមែន​មានតែ​នៅលើ​ដី​ប៉ុណ្ណោះទេ សូម្បី​នៅក្នុង​អវកាស ក៏​ភាគីជម្លោះ​ទាំងពីរ​មិនបន្ធូរ​ដៃ ឲ្យ​គ្នាដែរ។ នៅ​ក្នុង​សន្និសីទ​កាសែត ដើម្បី បង្ហាញ​ពី​យុទ្ធសាស្រ្ត​របស់​កម្លាំងទ័ព​អវកាស​អាមេរិក កាលពី​ថ្ងៃ​ពុធ ប្រធាន​កិច្ចការ​អវកាស​របស់​ក្រសួងការពារ​ជាតិ អាមេរិក​អំពាវនាវ​ស្វែងរក​កិច្ចសហការ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត ដើម្បី ការពារ​ផ្កាយរណប​ពី​ការវាយប្រហារ​របស់​ចិន និង​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

២ឆ្នាំ​ក្រោយ ប្រធានាធិបតី​អាមេរិក ប្រកាស​បង្កើត​កងទ័ព​អវកាស ក្រសួងការពារ​ជាតិ​អាមេរិក​បាន​បង្ហាញ​ជាលើក​ដំបូង ឯកសារ​និយាយ​ពី​យុទ្ធសាស្រ្ត​របស់​កងទ័ព​អាមេរិក នៅក្នុង​ទីអវកាស។ នៅក្នុង​នោះ ក្រសួងការពារ​ជាតិ បាន​បញ្ជាក់​សាជាថ្មី​ពី​គោលដៅ​សំខាន់​របស់​ក្រសួង គឺ​ការរក្សា ឧត្តមភាព​របស់​អាមេរិក ទាំងក្នុង​ផ្នែក​ស៊ីវិល និង​យោធា នៅក្នុង​ទីអវកាស ជាពិសេស​គឺ​ការពារ​សុវត្ថិភាព​ផ្កាយរណប​កំណត់ទីតាំង ដែល​ជា​តម្រូវការ​ប្រើចាំបាច់ សម្រាប់ វិស័យ​យោធា វិស័យ​ហិរញ្ញវត្ថុ និង​ការដឹកជញ្ជូន។

សុវត្ថិភាព​ផ្កាយ​រណប បាន​ក្លាយ​ជា​វិញ្ញាសា​ចោទ​ខ្លាំង សម្រាប់​អាមេរិក នៅខណៈ ដែល​ចិន​និង​រុស្ស៊ី​​ កំពុងទំនង​ចង់​រករឿង​ចាញ់ឈ្នះ​ជាមួយ អាមេរិក​ក្នុង​វិស័យ​អវកាស។ តាម​ប្រធាន​កិច្ចការ​អវកាស​របស់​មន្ទីរបញ្ចកោន លោក Stephen Kitay រុស្ស៊ី និង​ចិន​បាន​ចាត់ទុក ការគ្រប់គ្រង​ទីអវកាស ថា ជា​រឿង​អាទិភាព នៅក្នុង​យុទ្ធសាស្រ្ត​កងទ័ព​ជាតិ​របស់ខ្លួន។

ជាក់ស្តែង នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ចិន​និង​រុស្ស៊ី បាន​អភិវឌ្ឍ​សមត្ថភាព​ដើម្បី រំខាន​ប្រព័ន្ធ​ផ្កាយរណប វាយប្រហារ​តាមអ៊ីនធ័រនែត ក៏ដូចជា​បង្កើត​ផ្កាយរណប ឃាតករ ឬ មីស៊ីល​ប្រឆាំង​ផ្កាយរណប ជាដើម ដើម្បី​គំរាមកំហែង​ផ្កាយរណប​របស់​អាមេរិក។

នៅ​ឆ្នាំ ២០០៧ ប៉េកាំង​បានធ្វើតេស្ត ​សាកល្បង ដោយ​ជោគជ័យ​មីស៊ីល​បាញ់ចេញពីដី សំដៅ​បំផ្លាញ​ផ្កាយរណប របស់ខ្លួន។ ការណ៍នេះ​បង្ហាញថា ចិន​គឺ មាន​សមត្ថភាព វាយប្រហារ​ផ្កាយរណប​របស់​ប្រទេស​ដទៃ។

ក្រសួងការពារ​រុស្ស៊ី វិញ នៅ​ឆ្នាំ ២០១៧ បាន​បាញ់បង្ហោះ​ផ្កាយរណប ដែល​រុស្ស៊ី​អះអាងថា មាន​សមត្ថភាព ចាប់រក ផ្កាយរណប​រុស្ស៊ី ដែល​មាន​បញ្ហា នៅក្នុង​គន្លងតារាវិថី។ ប៉ុន្តែ តាម​មន្រ្តី​អាមេរិក ​ខាងលើ ផ្កាយរណប​រុស្ស៊ី មិនដែល​ហោះ​ទៅណា​ឆ្ងាយទេ។ គេ​ឃើញវា​នៅមួយកន្លែង មិនឆ្ងាយប៉ុន្មាន​ពី​ផ្កាយរណប​របស់​អាមេរិក។

សម្រាប់​មន្រ្តី​ទទួលបន្ទុក​អវកាស​អាមេរិក កងទ័ព​ចិន និង​រុស្ស៊ី មាន​មនោគមវិជ្ជា ចាត់ទុក អវកាស​ជា​សមរភូមិ​សំខាន់​សម្រាប់​សង្រ្គាម​សម័យទំនើប។ ប្រទេស​ទាំងពីរ បានបង្កើន​សមត្ថភាព​ក្នុង​ទីអវកាស​ដើម្បី​បំផ្លាញ សមត្ថភាព​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក ក្នុង​គោលដៅ ឈ្នះសង្រ្គាម នៅ​ថ្ងៃ​អនាគត។

នៅចំពោះមុខ​ការគំរាមកំហែង​របស់​រុស្ស៊ី និង​ចិន អាមេរិក​មានយុទ្ធសាស្រ្ត​ថ្មី ចង់​បង្កើន​កិច្ចសហការ​មិនថា ជាមួយ​ក្រុមហ៊ុន​ឯកជន ដូចជា​Space X ឬ​ក៏​ក្រុមប្រទេស​សម្ព័ន្ធមិត្ត ដើម្បី​ការពារ​ផ្កាយរណប​យុទ្ធសាស្រ្ត​ពីការវាយប្រហារ​ណាមួយ​របស់​ចិន និង​រុស្ស៊ី។ គួរបញ្ជាក់ថា សម្ព័ន្ធមិត្ត​របស់​អាមេរិក ដែល​ស្ថិតក្នុងក្រុមប្រទេស​ចែកចាយ​ការណ៍សម្ងាត់ជាមួយ​អាមេរិក បាន​សហការ​ជាមួយ​អាមេរិក តាំង​ពី​ឆ្នាំ ២០១៤ សម្រាប់​ប្រតិបត្តិការ​អវកាស​រួមគ្នា។ បារាំង និងអាល្លឺម៉ង់​ទើបតែ​បានចូលរួម​នឹងគេដែរ នៅ​ខែ​កុម្ភៈ​ដើមឆ្នាំ២០២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ