អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ត្រាំ​បើក​​​យុទ្ធនាការ​ឃោសនា​បោះឆ្នោតឡើង​​វិញ តែមិន​ដូចក្តីសង្ឃឹម

សំឡេង ០៧:១៥
មិទ្ទិញ​របស់​លោក​ ដូណាល់ ត្រាំ នៅ​Tulsa រដ្ឋ​ Oklahoma ថ្ងៃទី ២០ មិថុនា ២០២០
មិទ្ទិញ​របស់​លោក​ ដូណាល់ ត្រាំ នៅ​Tulsa រដ្ឋ​ Oklahoma ថ្ងៃទី ២០ មិថុនា ២០២០ © Screenshot France24 video
ដោយ៖ អៀង សុខម៉ិញ
៣៣ នាទី

បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​ពី​គ្រោះ​កូវីដ១៩​យ៉ាងណា​ក្តី ក៏​លោក​ដូណាល់ ត្រាំ នៅតែ​ជម្នះចុះទៅ​​​ធ្វើ​មិទ្ទិញ​​ ជួប​ហ្វូង​មនុស្ស ដើម្បី​ផ្តល់​សន្ទុះ​ដល់​​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ ដែលអាក់ខាន​អស់​ជាង​បី​ខែ​មក​ហើយ។ ​ ប៉ុន្តែ​ខុស​ពី​ការ​សង្ឃឹម​ទុក​ មិទ្ទិញ​នៅ​ Tulsa នា​រសៀល​ថ្ងៃ​សៅរ៍​ទី ២០​មិថុនា​ម្សិលមិញ មាន​អ្នក​ចូល​រួម​ស្តាប់​តិច​ជាង​គម្រោង​ដល់​ពាក់​កណ្តាល។ សុន្ទរកថា​នៅ​ហាលវាល​មុនកម្មវិធី​ផ្លូវការ​ ក៏​ត្រូវ​លុប​ចេញ​វិញ​នៅនាទី​ចុងក្រោយ។

ផ្សាយពាណិជ្ជកម្ម

លោក​ត្រាំ​សង្ឃឹម​លើ​ការ​បើក​យុទ្ធនាការ​ជា​ថ្មី​ឡើង​វិញ​នៅ​ថ្ងៃសៅរ៍ទី​២០​មិថុនា​នេះ ក្នុង​ការ​ផ្តល់​សន្ទុះ​យុទ្ធនាការ​ ដើម្បីឈាន​ដល់​ការ​ជាប់​ឆ្នោតប្រធានាធិបតី​​ជា​លើក​ទីពីរ​។ កាលពី​ថ្ងៃចន្ទ លោក ត្រាំ បាន​បង្ហោះ​សារ​ទ្វីត​ថា នឹង​មាន​មនុស្ស​ជិត​មួយ​លាន​នាក់​ ចង់ចូល​ស្តាប់​មិទ្ទិញ​របស់​លោក។ ប៉ុន្តែនៅ​ទីបំផុត​ ពុំ​មាន​ហ្វូង​មនុស្ស​​ដូច​ការ​គិតទេ។ ​នៅ​មួយ​ម៉ោង​មុនការ​ចាប់​ផ្តើម​សុន្ទរកថា របស់​ប្រធានាធិបតី សាល​នៅ​កន្លះ​ក្រហែត។ កៅអី​ជិត​ពាក់​កណ្តាល​នៅ​សល់​ទំនេរ​ចោល។ នៅ​ផ្នែក​ខា​ង​មុខ ជាប់​ឆាក​លោក​ត្រាំ ដែល​ធ្លាប់​​ជា​កន្លែង​ប្រមូល​ផ្តុំ​​​សកម្មជន​​ ស្មោះស្ម័គ្រ​ខ្លាំង ក៏​នៅ​សល់​កន្លែង​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ដែរ។ នេះ​បើ​តា​ម​ការ​បញ្ជាក់​របស់​អ្នកយកការណ៍​ពិសេស​​របស់​វិទ្យុ​RFI​ ​នៅ​Tulsa ផ្ទាល់។

ដោយ​ហេតុ​តែ​គ្មាន​មនុស្ស​ច្រើន​ កម្មវិធី​ខ្លះ ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ផ្នែក​ខាង​ក្រៅ ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ នៅ​នាទី​ចុង​ក្រោយ​តែ​ម្តង។ នាយក​គ្រប់គ្រង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​លោក Brad Parscale បាន​ទទួល​ស្គាល់​ថា​ ចំនួន​អ្នក​ចូល​រួម​មិទ្ទិញ​យប់​មិញ ពិត​ជា​តិច​​ជា​ង​ការ​សង្ឃឹម​ទុក​ឆ្ងាយ​ណាស់​។

ខ្លាចកូវីដ១៩ រីករាលដាល ?

បើ​តាម​នាយក​គ្រប់គ្រង​យុទ្ធនាការ​ឃោសនា​របស់​លោក​ត្រាំ និង​បើ​តាម​លោក​ត្រាំ ផ្ទាល់​តែ​ម្តង ចំនួន​អ្នក​ចូល​រួម​តិច​ គឺ​បណ្តាល​មក​ពី​ មូលហេតុ​ច្បាស់​ពីរយ៉ាង​ គឺ​ បាតុកម្ម​របស់​ក្រុមជ្រុល​និយម​ និងការ​ផ្សព្វផ្សាយរបស់​​​​​ប្រព័ន្ធ​សារព័ត៌មាន​ មិនមែនមក​ពីគេ​ខ្លាច​កូវីដ​ទេ។ អាកប្បកិរិយាហិង្សា​​របស់​បាតុករ​ឆ្វេង​ជ្រុលនិយម និង​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​​ជាង​មួយ​សប្តាហ៍​កន្លង​មក​នេះ បាន​ធ្វើ​ឱ្យ​សកម្មជន​​អ្នក​សាធារណរដ្ឋ​ខ្លាច​ មិនហ៊ាន​មក​ចូល​រួម​មិទ្ទិញ។ នេះ​ជា​ប្រសាសន៍​របស់លោកត្រាំ ពី​លើវេទិកា។

ប៉ុន្តែតាំង​ពី​ទទួល​ដំណឹង​ស្តី​ពី​ការ​​រៀប​ចំ​ធ្វើ​មិទ្ទិញ​ជា​លើក​ដំបូង​នៅ​ថ្ងៃសៅរ៍​ទី ២០​មិថុនាម្សិលមិញ​មក​ ​រឿង​អាស្រូវ​បាន​ផុសផុល​ឡើង​​ខ្លាំង​ណាស់ មនុស្ស​ជាច្រើន​​ព្រួយ​បារម្ភ ខ្លាចការ​ប្រមូល​ផ្តុំ​និង​ជួប​ជុំ​គ្នា​ច្រើន​មក​ពី​គ្រប់​ទិស​នៃ​ប្រទេស​បន្សល់​ទុក​ជា​​ផលវិបាក​សុខភាព​។ ​ អ្នក ​ចូល​រួម​ក្នុង​មិទ្ទិញ​ទាំង​អស់ ត្រូវ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​សន្យា​ថា​មិន​ប្តឹង​ផ្តល់​​រក​រឿង​តាម​ផ្លូវ​ច្បាប់​ទេ ប្រសិន​បើ​ពួកគេ​បែរ​ជា​ត្រូវ​ឆ្លង​វីរុស​កូរ៉ូណាថ្មី នៅ​ពេល​មក​ស្តាប់​សុន្ទរកថា​លោក​ត្រាំ​នេះ។

ថ្វី​បើ​អ្នក​រៀប​ចំ​មិទ្ទិញបាន​អះអាង​ថា​​គោរព​តាម​វិធានការ​សុវត្ថិភាព​ វាស់​កម្តៅ​សីតុណ្ហភាពសាធារណជន​នៅ​ច្រក​ចូល ដាក់​ជែល​ឬ​អាល់កុល​លាង​ដៃ​ និង​ពាក់​ម៉ាស​មែន​ ប៉ុន្តែ​ដោយ​ជាក់​ស្តែង​ក្រុមការងារ​លោក​គ្មាន​ពាក់​ម៉ាសម្នាក់​សោះ អ្នក​ចូល​ស្តាប់​វិញ គ្មាន​ទាំង​ម៉ាស​ហើយ​គ្មាន​រក្សាគម្លាត​សុវត្ថិភាព​ទៀត។

គិត​រហូត​មក​ទល់​នឹង​ពេល​នេះ​អុក្លាអូម៉ា មិន​រងការ​រាតត្បាត​ពី​កូរ៉ូណាវីរុស​ខ្លាំង​ដូចរដ្ឋ​ផ្សេង​ទៀត​ទេ ប៉ុន្តែ​ពេល​នេះ​រដ្ឋ​កំពុង​វែក​រក​ឃើញ​អ្នក​មាន​កូវីដ​១៩​កើន​ឡើង​យ៉ាង​ខ្លាំង ហើយ​មាន​មិទ្ទិញ​ត្រាំ​ផង បាតុកម្ម​ប្រឆាំង​នឹង​​ការ​ប្រកាន់​ពូជសាសន៍​ទៀត ក្នុង​ថ្ងៃ​សៅរ៍​តែ​មួយ។ ការ​ព្រួយ​បារម្ភ​ខ្លាច​ផ្ទុះ​ករណី​កូវីដ​មាន​កាន់​តែ​ខ្លាំង រហូត​ដល់​ថ្នាក់​ក្រុង​ដាក់​ពង្រាយ​ប៉ូលិស​និង​បញ្ចេញ​ទាហាន​ឆ្មាំ​ជាតិ​មក​ជួយ​ផង។ សមាជិកក្នុង​​ក្រុមឃោសនា​របស់​លោកត្រាំ ចំនួន​៦​នាក់ វិជ្ជមាន​នឹង​កូវីដ​១៩ និង​ទើប​ត្រូវ​យក​ទៅ​ដាក់​បង្ឃាំង​ចត្តាឡីស័ក​ ប៉ុន្មាន​ម៉ោង​មុន​បើក​មិទ្ទិញប៉ុណ្ណោះ​។​

ត្រាំ​ឬ​ភាព​វឹកវរ  ?

ទោះ​មិន​សូវ​មាន​មនុស្ស​ ក៏លោក​ត្រាំ​នៅ​តែអាច​បញ្ចេញ​​ភាព​ប៉ិន​ប្រសព្វ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​កាន់​មីក្រូ​ ឱ្យ​សាធារណជន​​ទះដៃ​អបអរ​បាន​ដដែល។ ដូច​ទម្លាប់​ លោក​វាយប្រហារ​ សារព័ត៌មាន​មុន​គេ។ លោក​​បាន​បង្ហាញ​ជា​ភាព​មេដឹកនាំ​ដែល​ធានា​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​តាម​ច្បាប់ ដោយ​ប្រកាស​ថា​នឹង​​បង្កើត​ច្បាប់​ដាក់​ទោស​ជន​ណា​ដែល​បំផ្លាញ​សម្បត្តិ​វប្បធម៌​ជាតិ​ ដុត​ទង់ជាតិ​ ឬ​រូប​សំណាក់​វីរបុរស​អាមេរិក។ លោក​ត្រាំ​បាន​វាយប្រហារ​គូប្រជែង​យ៉ាង​ខ្លាំងៗ ដោយ​ឱ្យ​អាមេរិក​ជ្រើសរើស​រវាង​លោក​និង​ភាព​វឹកវរ។ អាមេរិក​នឹង​ធ្លាក់​ក្នុង​ភាព​វឹក​វរ​ ប្រសិន​បើ​លោក​ត្រាំ​ចាញ់ ហើយ​លោក ចូ បៃដិន​ ជាប់​ឆ្នោត​ ព្រោះ​បើ​តាម​លោក​ត្រាំ លោក​ចូ បៃដិន​ មិន​មែន​ជា​ប្រធាន​បក្ស ជា​អាយ៉ង​របស់បក្ស​នយោបាយ​​ឆ្វេង​និយម​ជ្រុល។

កាត់​បន្ថយ​ការ​ធ្វើ​តេស្តរក​កូវីដ

ចាញ់​ប្រៀប​លោក​ចូបៃដិន ក្នុងកា​រស្ទង់​មតិ​ លោក​ត្រាំ​ (៧៤ឆ្នាំ) បាន​ធានាអះអាង​ថា​លោក​មាន​សុខភាព​ល្អ មិន​ដូច​គូប្រជែង​ដែល​មាន​វ័យ​៧៧​ឆ្នាំទេ និង​បាន​ការ​ពារ​យ៉ាង​មុតមាំ​ចំណាត់ការ​ទប់​ទល់​​នឹង​កូវីដ​១៩ ថារដ្ឋាភិបាល​​បាន​ជួយ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​អាមេរិក​រាប់​ម៉ឺននាក់ តែ​គ្មាន​នរណា​អបអរ​សោះ។ នៅចំពោះ​មុខ​សកម្ម​ជន​ដែល​ស្ទើរ​គ្មាន​នរណាម្នាក់​ពាក់​ម៉ាស់​នោះ លោក​បាន​ពន្យល់​ថា ការ​ធ្វើ​តេស្ត​ ជា​អាវុធ​មុខ​ពីរ។ កាន់​តែ​ធ្វើ​កាន់​កើន​ចំនួន ករណី​អ្នក​ឆ្លង​កូវីដ១៩​ក៏​កាន់ច្រើន បើ​ដូច្នេះមាន​តែ "​អាមេរិក​ត្រូវ​តែ​បន្ថ​យ​ល្បឿន​ធ្វើ​តេស្តរក​កូវីដ”។ ជា​សំដី​បែប​ចំអក​លេង​ដែល​អ្នក​ទទួល​ខុស​ត្រូវ​នៅ​សេតវិមាន សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ជា​ភាសា​ដើម្បី​វាយប្រហារ​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ