អានតួអត្ថបទ
NGO-អ.ស.ប.

NGO ស្នើអគ្គលេខាធិការអ.ស.ប.កុំឲ្យដកអារ៉ាប៊ីសាអូឌីត និងភូមាចេញពីក្រុមប្រទេសដែលរំលោភបំពានសិទ្ធិកុមារ

លោក Kenneth Roth នាយកប្រតិបត្តិនៃអង្គការ Human Rights Watch ពេល​ធ្វើ​បទបង្ហាញ​​របាយការណ៍​ នៅី​ញូយ៉ក ​ថ្ងៃទី​​១៤មករា ​២០២០​
លោក Kenneth Roth នាយកប្រតិបត្តិនៃអង្គការ Human Rights Watch ពេល​ធ្វើ​បទបង្ហាញ​​របាយការណ៍​ នៅី​ញូយ៉ក ​ថ្ងៃទី​​១៤មករា ​២០២០​ REUTERS/Carlo Allegri
1 នាទី

នៅ​ថ្ងៃ​ចន្ទ ទី២២ មិថុនា ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​ទាមទារ​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ពិនិត្យ​ឡើង​វិញ​លើ​សេចក្តីសម្រេច​របស់​លោក​ដែល​បាន​សម្រេច​ដក​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​ភូមា​ចេញ​ពី​បញ្ជី​ខ្មៅ​នៃ​បណ្តា​ប្រទេស និង​ក្រុម​ដែល​រំលោភបំពាន​លើ​សិទ្ធិ​កុមារ។ គួរ​រម្លឹក​ថា ការ​សម្រេច​របស់​លោក Guterres បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​កុមារ​នៅ​ក្នុង​តំបន់​ជម្លោះ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ទាមទារ​របស់​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ពេល​នេះ​បាន​ធ្វើ​ឡើង ១ថ្ងៃ​មុន​ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​តាម visioconference ដើម្បី​ជជែក​លើ​របាយការណ៍​នោះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ចំហ​មួយ​ផ្ញើ​ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន ២៤អង្គការ ក្នុង​នោះ​មាន Human Rights Watch និង Amnesty International បាន​ស្នើ​លោក Guterres ឲ្យ​លុបចោល​វិញ​នូវ​ការ​សម្រេច​របស់​លោក​ដែល​ពួក​គេ​ចាត់​ទុក​ជា​ការ​សម្រេច​គួរ​ឲ្យ​អាម៉ាស់។ គឺ​ជា​ការ​សម្រេច​ដែល​លោក Antonio Guterres បាន​ដក​អារ៉ាប៊ីសាអូឌីត និង​ភូមា​ចេញ​ពី​ក្រុម​ប្រទេស​ដែល​រំលោភបំពាន​លើ​សិទ្ធិ​កុមារ។ ទាក់ទង​នឹង​អារ៉ាប៊ីសាអូឌីត ក្រុម NGO ចង់​និយាយ​ពី​ការ​សម្លាប់ និង​ការ​កាត់​អវយវៈ​កូនក្មេង​ពី​កម្លាំង​សម្ព័ន្ធអារ៉ាប់​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​ប្រទេស​យេម៉ែន។ សម្រាប់​ភូមា ក្រុម NGO ចង់​ផ្តោត​លើ​ការ​ជ្រើសរើស និង​ប្រើ​កូនក្មេង​ពី​សំណាក់​កងទ័ព​ភូមា។

ក្រុម NGO យល់​ឃើញ​ថា ការ​សម្រេច​របស់​លោក Antonio Guterres បាន​ផ្ទុយ​នឹង​តួលេខ​នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០១៩ ស្តីពី​ការ​រំលោភបំពាន​នៅ​យេម៉ែន និង​ភូមា​ដែល​លោក Antonio Guterres បាន​ផ្សព្វផ្សាយ​កាល​ពី​ពាក់កណ្តាល​ខែ​មិថុនា​កន្លង​ទៅ។ លោក Antonio Guterres បាន​ពន្យល់​នៅ​ក្នុង​របាយការណ៍​កាល​ណោះ​ថា ការ​សម្រេច​ដក​អារ៉ាប៊ីសាអូឌីត​ចេញ​ក៏​ដោយសារ​តែ​លោក​សម្គាល់​ឃើញ​ពី​ការ​ធ្លាក់​ចុះ​អំពើ​ឃាតកម្ម និង​អំពើ​កាត់អវយវៈ​ដែល​ប្រព្រឹត្តិ​ដោយ​កម្លាំងសម្ព័ន្ធអារ៉ាប់​នៅ​យេម៉ែន។ គួរ​រម្លឹក​ថា អារ៉ាប៊ីសាអូឌីត​បាន​បង្កើត​កម្លាំង​សម្ព័ន្ធមិត្ត​អារ៉ាប់​ក្នុង​ឆ្នាំ ២០១៥ ដើម្បី​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន។

ក្នុង​ឆ្នាំ ២០១៦ អង្គការ​សហប្រជាជាតិ​បាន​ដាក់​កម្លាំង​សម្ព័ន្ធមិត្ត​អារ៉ាប់​មួយ​នេះ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុមប្រទេស និង​អង្គការ​ដែល​​រំលោភបំពាន​លើ​កូនក្មេង។ តែ​ត្រូវ​បាន​ដក​ចេញ​វិញ​ក្នុង​ឆ្នាំ ២០១៧ ពោល​នៅ​ពេល​លោក Antonio Guterres ចូល​កាន់​តំណែង​ជា​អគ្គលេខាធិការ។ កាល​ណោះ​មាន​ការ​លើក​ឡើង​ថា អារ៉ាប៊ីសាអូឌីត​បាន​ដាក់​គំនាប​ដោយ​គំរាម​ផ្តាច់​វិភាគទាន​ឲ្យ​អង្គការ​សហប្រជាជាតិ។ តែ​លោក Antonio Guterres បាន​បញ្ជាក់​ពី​ការ​គ្មាន​ទទួល​គំនាប​ពី​អារ៉ាប៊ីសាអូឌីត​ទេ។ ទាក់ទង​នឹង​ភូមា​ត្រូវ​បាន​លោក Antonio Guterres ពន្យល់​នៅ​ក្នុង​របាយការណ៍​ថា លោក​បាន​សម្គាល់​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ជា​លំដាប់​នៃ​ការ​ជ្រើសរើស​កូនក្មេង​ពី​កងទ័ព និង​ការ​បន្ត​អនុវត្ត​លើ​កិច្ចព្រមព្រៀង​ដើម្បី​ដោះលែង​កូនក្មេង​ដែល​បាន​ជ្រើសរើស​ក្នុង​ឆ្នាំ​កន្លង​មក។ តែ​កងកម្លាំងប្រដាប់អាវុធ​ភូមា​នៅ​បន្ត​ស្ថិត​ក្នុង​បញ្ជីខ្មៅ​ពី​ការ​ស្លាប់ ការ​កាត់​អវយវៈ និង​ការ​រំលោភ​ផ្លូវភេទ​លើ​កុមារ។

យ៉ាង​ណា​ក៏​ដោយ អង្គការ Save the Children បាន​ស្នើ​ឲ្យ​លោក Antonio Guterres ពិនិត្យមើល​ឡើង​វិញ​លើ​សេចក្តីសម្រេច​របស់​ខ្លួន​ទាក់ទង​នឹង​ប្រទេស​ភូមា និង​ស្នើ​ឲ្យ​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​វាយតម្លៃ​ឯករាជ្យ​មួយ​ស្តីពី​របៀប​វាយតម្លៃ និង​ការ​សម្រេច​ចិត្ត​របស់​លោក Antonio Guterres៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ