អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​ច្នៃប្រឌិត​ពិភពលោកឡើង​វិញ

សំឡេង ០៦:៥១
លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិអំពាវនាវ​ឱ្យ​កែលម្អ​ពិភពលោក
លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិអំពាវនាវ​ឱ្យ​កែលម្អ​ពិភពលោក POOL/AFP/File
ដោយ៖ អៀង សុខម៉ិញ

ថ្ងៃ​​នេះ​ជា​ខួប​៧៥​ឆ្នាំ​នៃ​ការ​អនុម័ត​ធម្មនុញ្ញ​អង្គការ​​​សហប្រជាជាតិ​។ ​នា​ឱកាស​នេះលោក​ Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​​ពិភពលោក​ ចេះ​ច្នៃប្រឌិត​ កែ​លម្អ​ថ្មី ឱ្យ​កាន់​តែ​មាន​លក្ខណៈ​ពហុជាតិ​និយម​​ទូលំទូលាយ​ឡើង។ លោក​សង្ឃឹម​ថាមហាអំណាច​ទាំង​៥ ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​អាច​ជួបប្រជុំ​គ្នា​ដោយ​ផ្ទាល់​ ដើម្បី​ជិត​ដិត​នឹង​គ្នា​ឡើង​វិញ នៅមុន​​ជំនួបកំពូល​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ។

ផ្សាយពាណិជ្ជកម្ម

ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​សាន់ហ្វាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក ថ្ងៃ​ទី ២៦​មិថុនា ឆ្នាំ​១៩៤៥ និង​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ២៤​តុលា​ឆ្នាំ​១៩៤៥​ដដែល។ ហើយ​គឺ​ក្នុង​ឱកាស​រំលឹក​ខួប​៧៥​ឆ្នាំ​នៃ​ការ​អនុម័ត​ធម្មនុញ្ញ​​នេះ ហើយ​ដែល​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បានធ្វើ​សេចក្តី​អំពាវនាវ​ ឱ្យ​មាន​ការ​ច្នៃ​ប្រឌិត​ពិភពលោក​ឡើងវិញ។ គឺ​ជា​ការ​​​កែលម្អ​ថ្មី​​​ពិភពលោក ឱ្យកាន់​តែ មាន​លក្ខណៈ​ពហុជាតិនិយម​ដែល​មាន​ប្រសិទ្ធភាព​ និង​ជាទម្រ​​សម្រាប់​ដឹកនាំ​គ្រប់គ្រង​ពិភពលោក នៅ​ពេល​ចាំបាច់ ឱ្យ​ចំពេល​ចំកន្លែង​។

ផែនការ​កែលម្អ​ពិភពលោក

លោក​អគ្គលេខាធិការ​បាន​គូសបញ្ជាក់​អំពី​អ្វី​ដែល​ត្រូវ​កែលម្អ​ តាម​រយៈ​កូន​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា « សង្គ្រោះ​ជីវិត ការពារ​សង្គម ...” ក្នុង​សកម្មភាព​ទប់ស្កាត់​ជំងឺ​រាតត្បាត​និង​បង្ហាញ​ផែនការ​គោល​ចង្អុល​ផ្លូវ​សម្រាប់​អនាគត។ ពិភពលោក​មិន​អាច​ត្រលប់​ទៅ​រក​ស្ថានភាព​មុន​និង​ដោយ​គ្រាន់​តែ​បង្កើត​ឡើង​វិញ​នូវ​ប្រព័ន្ធ​ដែល​ខូច​ខាត​ដោយ​វិបត្តិ​កូវីដ​ទេ តែ​ពិភពលោក​ត្រូវ​ស្ថាបនា​សង្គម​ជា​ថ្មី​​ឱ្យ​ប្រសើរ​ឡើង​ សេដ្ឋកិច្ចឱ្យ​កាន់​មាន​និរន្តភាព និង​ស្មើភាព​​គ្មាន​ប្រកាន់​ភេទ។

លើ​ផ្នែក​ថាមពល​វិញ លោក​អគ្គលេខាធិការ​យល់​ថា​ ពិភពលោក​គ្មាន​ហេតុ​ផល​​អ្វី​​ត្រូវ​បញ្ចូល​ធ្យូងថ្ម​ទៅ​ក្នុង​ផែន​​ការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដល់​ប្រទេស​ទេ។ ដល់​វេលា​ដែល​ប្រទេស​នីមួយ​ៗ​ត្រូវ​ធ្វើ​វិនិយោគលើ​ប្រភព​​ថាមពល​ស្អាត ដែល​មិន​បញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស (ឧស្ម័ន​ផ្ទះកញ្ចក់) ដែល​បង្កើន​ការងារ​និង​សន្សំ​សំចៃ​ថវិកា។

អាទិភាព​ចំបង​​សម្រាប់​​ពេល​​អនាគត ​គឺ​ពលរដ្ឋ​គ្រប់​រូបនឹង​​ទទួល​បាន​សេវា​សុខាភិបាល​សាកល​ មាន​សាមគ្គីភាពរឹងមាំ​រវាង​ពលរដ្ឋ​និង​ជាតិ និង​​សេដ្ឋកិច្ច​ពិភពលោក​ប្រឆាំង​នឹង​វិសមភាព។ សម្រាប់​លោក​ហ្គូទែរក៍ យើង​ត្រូវ​តែ​គិត​គូរ​ឡើង​វិញ​អំពី​វិធី​សាស្ត្រ​សហការ​គ្នា​រវាង​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ។

​លោក ហ្គូទែរក៍​បាន​ទទួល​ស្គាល់​ ​អំពីការ​លំបាក​នៃ​ការ​កែ​លម្អ​ពិភពលោក ពិបាក​នឹង​ជំរុញ​ឱ្យ​យន្តការ​ដឹកនាំ​ពិភពលោក​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់​ច្បាស់​លាស់​ណាស់​ បើ​គ្មាន​ការ​ចូល​រួម​យ៉ាង​សកម្មភាព​ពីសំណាក់​មហា​អំណាច​​ពិភពលោក​នោះ។ ប៉ុន្តែ​លោក​សង្ឃឹម​លើ​ការ​ភ្ញាក់​រលឹក​របស់​ពិភពលោក ព្រម​ទទួល​ស្គាល់​​ចំណុច​ខ្សោយរួម ​ និងគិត​ថា​បន្ទាប់​ពី​​បាន​ឃើញ​ កត្តា​នាំ​ឱ្យ​មាន​​ភាព​ប្រេះ​ឆា​នាបច្ចុប្បន្ន​មក ពិភពលោក​ចាប់​យល់​ថា ការបែក​បាក់​ជា​គ្រោះ​ថ្នាក់​សម្រាប់​គ្រប់​គ្នា។ លោកសង្ឃឹម​ទៀត មហាអំណាច​ទាំង​៥ ដែល​ជា​សមាជិកអចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ ទល់​មុខ​គ្នា មុន​ការ​បើក​សន្និសីទ​ប្រចាំ​ឆ្នាំ​។

៧៥​ឆ្នាំ​របស់​​អង្គការ​សហប្រជាជាតិ

តាំង​ពី​៧៥​ឆ្នាំ​កន្លង​មក​នេះ អង្គការ​សហប្រជាជាតិ​​បានបង្ហាញ​ឱ្យ​ឃើញ​អំពី​សមត្ថភាព​​​ជួយ​ប្រទេស​ជា​ច្រើនប្រឈម​នឹង​បញ្ហា។ សព្វថ្ងៃ​អង្គការ​អាច​ពាំនាំ​ស្បៀង​អាហារ​ចិញ្ចឹម​ពលរដ្ឋ​ជាង​៨៧​លាននាក់​រស់​នៅ​ក្នុង​៨៣​ប្រទេស ផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ​កន្លះ​​ផែន​ដី​​ និង​សង្គ្រោះ​ជីវិត​មនុស្ស​បាន​៣លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

អង្គការ​ទទួល​បន្ទុក​មើល​ជនភៀសខ្លួន និង​ជន​ធ្វើ​បម្លាស់​ទី​​ជាង​៨០លាន​នាក់​។ ជួយ​ស្ត្រី​និង​ក្មេង​ស្រី​បាន​ជាង​២លាន​នាក់​ឱ្យរួច​ពី​គ្រោះ​មាន​ផ្ទៃពោះ​និង​រំលូត​កូន​ និង​ប្រឹងប្រែង​ជួយ​រក្សា​សន្តិភាព តាមរយៈ​បេសកកម្ម​នយោបាយ​និង​ប្រតិបត្តិការ​មួកខៀវ​ចំនួន​ជាង​៤០​ នៅ​លើ​ពិភលោក។

ក្នុង​ពេល​កូវីដ អង្គការ​សហប្រជាជាតិ​មិន​អាចចេញ​សេចក្តី​សម្រេច​ចិត្តមែន ប៉ុន្តែ​បាន​ចេញ​​ សេចក្តី​​អំពាវនាវ នៅ​ថ្ងៃទី ២៣​មីនា ឱ្យ​មាន​ការ​ឈប់​បាញ់​​ក្នុង​គ្រប់​ជម្លោះ​ប្រដាប់អាវុធ ​នៅ​ទូទាំង​ពិភពលោក​ ដើម្បី​ងាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​របស់​កូវីដ១៩។ សេចក្តី​អំពាវនា​វនោះ​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចំនួន​ជិត​១៨០ ក្នុង​ចំណោម​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​១៩៣ប្រទេស និង​បាន​ទទួល​ការ​គាំទ្រ​ពី ក្រុមប្រដាប់​អាវុធ ជាង​២០​ក្រុមផ្សេងៗ​គ្នា ពី​ប្រមុខ​សាសនា និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល​រាប់​លាន​នាក់។ តែ​ក្នុង​ស្ថានភាព​ជាក់​ស្តែង​វា​មិន​ល្អ​ដូច​ថា​ពេក​ទេ ព្រោះ​អំពើ​ហិង្សា​បាន​កើន​ទ្វេ​ដង​នៅ​យេម៉ែន​និង​លីប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ