អានតួអត្ថបទ
Facebook ការរើសអើងពូជសាសន៍

រងសំពាធពេក Facebook សុខចិត្ត​រឹតបន្តឹង​គោល​នយោបាយ ប្រឆាំង​នឹង​សារ​ញុះញង់ ​ប្រកាន់​ពូជសាសន៍

Facebook បណ្តាញសង្គមដែលមាន​អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ ប្រមាណ ២៧០០លាននាក់ ទូទាំងពិភពលោក។
Facebook បណ្តាញសង្គមដែលមាន​អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ ប្រមាណ ២៧០០លាននាក់ ទូទាំងពិភពលោក។ AFP/Archivos
ដោយ៖ ម៉ម ពិសី
១៨ នាទី

បណ្តាញសង្គមបានដើរតួនាទី និងជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើមតិយល់ឃើញ​ របស់សាធរណៈជន នាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ នៅលើ​បណ្តាញសង្គម វាក៏សំបូរណាស់ដែរ នូវ​ការបញ្ចេញមតិយោបល់នានា ដែលមានលក្ខណៈរើសអើងប្រកាន់ពូជសាសន៍ ព្រមទាំងញុះញង់ឲ្យ​មនុស្ស​ស្អប់ខ្ពើមគ្នាក្នុងសង្គម។ ជាមួយនឹងចលនាបាតុកម្មប្រឆាំងនឹងការរើសអើងប្រកាន់ពូជសាសន៍នៅសហរដ្ឋអាមេរិក បណ្តាញសង្គមដូចជា Twitter និង Youtube បានរឹតបន្តឹងគោលនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយ​ ដែលមានលក្ខណៈរើសអើងឬញុះញង់។ Facebook ដែលបដិសេធមិនព្រមចាត់វិធានការរបៀបនេះ ត្រូវបាន​គេរិះគន់ជាខ្លាំង ហើយក្រុម​ហ៊ុន​ជាច្រើន បានសម្រេចធ្វើពហិការ ឈប់ផ្សាយពាណិជ្ជកម្មលើ Facebook។ ដោយរងសំពាធខ្លាំងពេក អគ្គនាយក Facebook បានប្រកាសកាលពីថ្ងៃសុក្រទី២៦​មិថុនា ថាខ្លួន​នឹងចាត់​វិធានការរឹត​បន្តឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងសារទាំងឡាយណា​ ដែលមានលក្ខណៈញុះញង់ រើសអើងប្រកាន់ពូជសាសន៍។

ផ្សាយពាណិជ្ជកម្ម

ដោយទទួលរងសំពាធពីគ្រប់ច្រកល្ហកខ្លាំងពេក​ លោក Mark Zuckerberg អគ្គនាយក Facebook បានសន្យា​ថា នឹងរៀបចំពិនិត្យ​ឲ្យបានម៉ដ្ឋចត់ នូវគោលនយោបាយ​អនុគ្រោះ ក្នុង​ប្រព័ន្ធ​គ្រប់គ្រងការផ្សព្វផ្សាយ ​ឬបង្ហោះសារតាមហ្វេសបុក ដើម្បី​ធ្វើយ៉ាងណា ប្រយុទ្ធប្រឆាំង​នូវសារ​ណា ដែលមានលក្ខណៈញុះញង់​ និងស្អប់ខ្ពើម​ប្រកាន់ពូជសាសន៍។

ចាប់ពីពេលនេះទៅ Facebook នឹងដកចេញ នូវសារផ្សព្វផ្សាយណា ដែលសរសេរក្នុងន័យថា « ជនជាតិផ្សេង ដើមកំណើត ពណ៌សំបុរផ្សេង ឬមានទំនោរផ្លូវភេទផ្សេង ថាគឺជាគ្រោះថ្នាក់សម្រាប់សង្គម ឬប្រទេសណាមួយ ឬគម្រាមដល់សុខភាពរបស់មនុស្សផ្សេងក្នុងសង្គម »។ វិធានការមួយទៀត គឺ Facebook នឹងបន្ថែមកំណត់សំគាល់ ទៅលើសារណា ដែលអាចមានខ្លឹមសារ ប្រាសចាក​ការពិត ហើយ​ដែល Facebook ចង់ឲ្យ​អ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន និងស្វែងយល់​អំពីភាពប្រត្យក្សរបស់វា។

សូមរំលឹកថា កន្លងមក​ លោក Mark Zuckerberg អគ្គនាយក Facebook តែងតែអះអាងជានិច្ច​ថា Facebook បើកសិទ្ធិទូលាយឲ្យ​អ្នកប្រើប្រាស់ ព្រោះវាជាសិទ្ធិនៃការបញ្ចេញមតិ។ គោលជំហរនេះ បានបង្កឲ្យ​មានជម្លោះផ្ទៃក្នុងផងដែរ ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកសំខាន់ៗរបស់  Facebook។ ដោយឡែក បណ្តាញសង្គមផ្សេងទៀត ដូចជាTwitter និង Youtube មិនមានគោលនយោបាយ​​ដូច Facebook ទេ។ Twitter បានដាក់កំណត់សំគាល់ នៅខាងក្រោមសាររបស់លោកដូណាល់ ត្រាំ ដែលសរសេរ​លើកឡើងថា​ ការបោះឆ្នោតដោយផ្ញើរសំបុត្រ គឺជាពោរពេញដោយការក្លែងបន្លំ ហើយសារមួយទៀតរបស់លោកដូណាល់ ត្រាំ ទាក់ទិននឹងសកម្មភាពបាតុកម្មហិង្សា ត្រូ​វបាន Twitter លប់ចោល ព្រោះវាមានលក្ខណៈញុះញង់អំពើហិង្សា។

ការមិនចាត់វិធានការរបស់ Facebook ទៅលើសារដែលមានខ្លឹមសារញុះញង់ ឬរើសអើង បានធ្វើឲ្យ​មានមតិរិះគន់ថា Facebook មានភាពកំសាក។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមហ៊ុននិងម៉ាកធំៗ ជាច្រើន ដូចជា Unilever Coca-Cola Patagonia North Face ជាដើម បាននាំគ្នាធ្វើពហិកា ឈប់ផ្សាយពាណិជ្ជកម្មលើហ្វេសបុក។

គឺដោយសារសំពាធដ៏ធ្ងន់នេះហើយ​ ទើបបានធ្វើឲ្យ​អគ្គនាយក​Facebook ប្តូរចិត្ត។ ជាងនេះទៀត ការបោះឆ្នោតប្រធានាធិបតីអាេមរិក​ កំពុងតែខិតជិតមកដល់ ហើយ Facebook  មិនចង់ខ្លួនក្លាយជាផ្ទាំងស៊ីបនៃការចោទប្រកាន់ ថាបើកដៃឲ្យ​មានការផ្សាយព័ត៌មានក្លែងក្លាយ ដូចកាលពីឆ្នាំ​២០១៦​ទេ។ លោក Mark Zuckerberg សន្យាថាបុគ្គលិក Facebook នឹងប្រឹងប្រែងប្រយុទ្ធប្រឆាំង​ នូវ​រាល់ការប៉ុនប៉ង រំខានដល់ដំណើរការបោះឆ្នោតដោយសេរី និងការសម្រេចចិត្តដោយឯករាជ្យរបស់ម្ចាស់ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ