អានតួអត្ថបទ
អាមេរិក-កូវីដ-១៩

សហរដ្ឋអាមេរិក៖ករណីឆ្លងថ្មីនៃកូវីដ-១៩ កំពុងមានសន្ទុះខ្លាំងនៅតំបន់ប៉ែកខាងត្បូង និងខាងលិច

នៅសហរដ្ឋអាមេរិក ករណីឆ្លងថ្មីនៃកូវីដ-១៩ កំពុងមានសន្ទុះខ្លាំងនៅតំបន់ប៉ែកខាងត្បូង និងខាងលិច
នៅសហរដ្ឋអាមេរិក ករណីឆ្លងថ្មីនៃកូវីដ-១៩ កំពុងមានសន្ទុះខ្លាំងនៅតំបន់ប៉ែកខាងត្បូង និងខាងលិច REUTERS/Jonathan Ernst
1 នាទី

នៅ​សហរដ្ឋអាមេរិក ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ-១៩ កំពុង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​រដ្ឋ​ចំនួន ៣០ នៃ​រដ្ឋ​ទាំង ៥០ ពិសេស​ក្នុង​រដ្ឋ​ដែល​មាន​ចំនួន​ពលរដ្ឋ​រស់នៅ​ច្រើន​ស្ថិត​ប៉ែក​ខាង​ត្បូង និង​ខាង​លិច ដូច​យ៉ាង California Texas និង​រដ្ឋ Florida។ គ្រាន់​តែ​ក្នុង​រយៈ​ពេល ២៤ម៉ោង​ចុង​ក្រោយ អាមេរិក​បាន​ស្គាល់​ករណី​ឆ្លង​ថ្មី​ជាង ៤០ ០០០ករណី។ កំណើន​ករណី​ឆ្លង​ថ្មី​បាន​បង្ខំ​ឲ្យ​រដ្ឋ​មួយ​ចំនួន​ដែល​ទើប​បើក​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​បាន​សម្រេច​បិទ​ជា​ថ្មី។ ជាក់ស្តែង​ក្នុង​ថ្ងៃ​សុក្រ ទី២៦ មិថុនា រដ្ឋ Texas បាន​សម្រេច​បិទទ្វារ​ហាង​លក់​ភេសជ្ជៈ ហើយ​រដ្ឋ Florida បាន​ហាម​ការ​លក់​គ្រឿងស្រវឹង​នៅ​ក្នុង​ហាង​លក់​ភេសជ្ជៈ។ តែ​ប្រឈម​នឹង​កំណើន​តួលេខ​ឆ្លង​ថ្មី​នេះ អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​ព្យាយាម​និយាយ​ធានា និង​រំងាប់​ភាព​ក្តីបារម្ភ​តាម​រយៈ​សន្និសីទកាសែត​មួយ​ជាមួយ​វេជ្ជបណ្ឌិត Anthony Fauci នា​ថ្ងៃ​សុក្រ ទី២៦ មិថុនា។

ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​វត្តមាន​ក្រុម​អ្នកកាសែត អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence ដែល​មាន​ទឹក​មុខ​ញញឹម និង​មាន​ភាព​ជឿជាក់​បាន​ធានា​ថា គេ​មិន​ត្រូវ​ភ័យ​ស្លន់ស្លោ​ខ្លាំង​នឹង​តួលេខ​នៃ​កំណើន​ករណី​ឆ្លង​ថ្មី​ឡើយ។ « នៅ​ពេលដែល​យើង​ឃើញ​មាន​ករណី​ថ្មីៗ​កំពុង​តែ​កើន​ឡើង ពលរដ្ឋ​អាមេរិក​អាច​នឹងគិត​ថា យើង​កំពុង​ត្រឡប់​ទៅ​រក​ស្ថានភាព​ដែល​យើង​បាន​ស្គាល់​កាល​ពី ២ខែ​មុន។ តែ​តាម​ពិត​ទៅ អ្វីៗ​កំពុង​ប្រសើរ​ជាង​មុន។ យើង​បាន​បន្ថយ​ល្បឿន​នៃ​ការ​ឆ្លង​រាលដាល និង​យើង​បាន​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស »។ លោក Mike Pence បាន​ធានា​ថា តួលេខ​នៃ​អ្នក​ឆ្លង​បាន​កើន​ឡើង​ក៏​ដោយសារ​តែ​មាន​ការ​បង្កើន​យុទ្ធនាការ​ធ្វើ​តេស្តិ៍​រក​មេរោគ​កូវីដ-១៩។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Mike Pence មិន​ភ្លេច​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក​បន្ត​អនុវត្ត​វិធានការ​បង្ការ​របស់​ខ្លួន​ទេ។ នៅ​ម្ខាង លោក Mike Pence បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក​បន្ត​អនុវត្ត​វិធានការ​បង្ការ និង​នៅ​ម្ខាង​ទៀត លោក​ដូណាល់ ត្រាំ​បាន​រៀបចំ​យុទ្ធនាការឃោសនា​បោះឆ្នោត​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី។ តើ​នេះ​មិនមែន​ជា​គោលការណ៍​ពីរ​ផ្ទុយ​គ្នា​ទេ ឬ​យ៉ាង​ណា ? នេះ​ជា​ការ​ចោទ​សួរ​របស់​អ្នក​កាសែត។ តែ​លោក Mike Pence បាន​ឆ្លើយ​ការពារ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ចូលរួម​នៅ​ក្នុង​នីតិវិធី​បោះឆ្នោត​ដែល​ធានា​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ។ ផ្ទុយ​ពី​លោក Mike Pence វេជ្ជបណ្ឌិត Anthony Fauci ហាក់​មាន​ក្តីបារម្ភ​ជាង​លោក Mike Pence ដោយ​ទទួល​ស្គាល់​ពី​ស្ថានភាព​កូវីដ-១៩ ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់​មួយ​ចំនួន។

« យើង​កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់​មួយ​ចំនួន។ យើង​នឹង​មិន​ព្យាយាម​ស្តីបន្ទោស ឬ​ធ្វើ​ការ​វិភាគ​អ្វី​ទេ។ តែ​បើ​យើង​មិន​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នេះ​ទេ យូរ ឬ​ឆាប់ ហើយ​អ្នក​ដែល​មាន​សុខភាព​ល្អ​ក៏​នឹង​ងាយ​រងគ្រោះ​ដែរ។ វិធីសាស្រ្ត​តែ​មួយ​គត់​ដើម្បី​ឈ្នះ​គឺ​ត្រូវ​រួម​កម្លាំង​យក​ឈ្នះ​ទាំង​អស់​គ្នា »។ នៅ​សប្តាហ៍​ក្រោយ ក្រុម​អ្នកជំនាញ​ដឹក​នាំ​ដោយ​លោក Mike Pence នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Texas Arizona និង​រដ្ឋ Florida ដែល​សុទ្ធសឹង​ជា​រដ្ឋ​កំពុង​រងគ្រោះ​ដោយ​កូវីដ-១៩ ខ្លាំង​ជាង​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ