អានតួអត្ថបទ
អ៊ីរ៉ង់-អាមេរិក

អ៊ីរ៉ង់​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក​ដូណាល់ត្រាំ ពី​បទ​ឃាតកម្ម

អ៊ីរ៉ង់​ចេញ​ដីកា​តាម​ចាប់​លោក​ដូណាល់ ត្រាំ ពី​បទ​ធ្វើ​ឃាត​សម្លាប់​ឧត្តមសេនីយ៍ កាសឹម សូឡីម៉ានី
អ៊ីរ៉ង់​ចេញ​ដីកា​តាម​ចាប់​លោក​ដូណាល់ ត្រាំ ពី​បទ​ធ្វើ​ឃាត​សម្លាប់​ឧត្តមសេនីយ៍ កាសឹម សូឡីម៉ានី REUTERS/Tom Brenner
ដោយ៖ អៀង សុខម៉ិញ
1 នាទី

នៅ​ថ្ងៃចន្ទ​ទី ២៩ មិថុនា ២០២០​នេះ តុលាការ​អ៊ីរ៉ង់​បាន​ចេញ​ដីកា តាមចាប់​ខ្លួន លោកប្រធានាធិបតី​​ ដូណាល់ ត្រាំ ព្រមទាំង​ទាហាន​ និង​ អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ជា​ច្រើន​នាក់ ពី​បទ​បាន​បាញ់​សម្លាប់​ឧត្តមសេនីយ៍​អ៊ីរ៉ង់ កាសឹម សូឡីម៉ានី Qassem Soleimani នៅ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​នៅ​ទីក្រុង​បាកដាដ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី ៣​មករា ២០២០។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​​​ដីកា តុលាការ​អ៊ីរ៉ង​​ ចង់​តាម​ចាប់​ខ្លួន​លោកដូណាល់ ត្រាំ ព្រមទាំង​ទាហាន​ជាន់​ខ្ពស់​ និង​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​អាមេរិក ចំនួន​៣៥​នាក់ ផ្សេង​ទៀត។ អ៊ីរ៉ង់​បានចោទ​ប្រកាន់​លោក​ប្រធានាធិបតី​អាមេរិក​ថាប្រព្រឹត្ត​អំពើ​ឃាតកម្ម និង​មាន​​សកម្មភាព​ភេរវកម្ម​ ដោយ​បាន​ប្រើ​យន្តហោះ​ដ្រូន​ទៅ​វាយ​ប្រហារ​លើទឹក​ដី​​អ៊ីរ៉ាក់​សម្លាប់​លោក​ឧត្តមសេនីយ៍​ កាសឹម សូឡីម៉ានី។ ​នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​អ៊ីរ៉ង់ Fars។

សារព័ត៌មាន​ផ្លូវការ​អ៊ីរ៉ង់​ដដែល​ បាន​អះអាង​ទៀតថា អ៊ីរ៉ង់​បាន​ស្នើ​សុំ​ជំនួយ​ និង​បញ្ជូន​កំណត់​ហេតុ​ក្រហម​ទៅ​ឱ្យ​​អាំងទែប៉ូល​ (ប៉ូលិស​អន្តរជាតិ) ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​សំណុំ​រឿង​នេះ ​ ដូច​ជា​ផ្តល់​សញ្ញា​​ប្រាប់​ទីតាំងឬ​ចាប់​ខ្លួន​ជន​ដែល​ជាប់​ឈ្មោះ​ក្នុង​ដីកា ពោល​គឺ​លោក​​ ​ដូណាល់​ត្រាំ ព្រមទាំង​អ្នក​ទទួល​ត្រូវ​​ផ្សេង​ទៀត ដែល​អ៊ីរ៉ង់​យល់​ថា​មាន​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ឧត្តមសេនីយ៍​ កាសឹម សូឡីម៉ានី។ ​អាំង​ទែរប៉ូលមិន​ទាន់​​ផ្តល់​ចម្លើយតប​ទៅ​នឹង​សំណើ​របស់​អ៊ីរ៉ង់​ទេ ប៉ុន្តែ​អាំងទែរប៉ូល​មាន​សិទ្ធិ​និង​អំណាច​គ្រប់​យ៉ាង​នឹង​ឆ្លើយ​បដិសេធ​។ យោង​ទៅ​តាម​ស្ថានភាព​នៃ​សំណុំ​រឿង អាំងទែរប៉ូល​ប្រាកដ​ជា​មិន​ទទួល​សំណើ​របស់​អ៊ីរ៉ង់​ទេ ក្រោម​ហេតុ​ផល​ថា​សំណុំ​រឿង​នេះ​​មាន​លាយ​លំ ទៅ​ដោយ​បញ្ហា​នយោបាយ​ច្រើន​។

សូម​បញ្ជាក់​ថា ឧត្តម​សេនីយ៍​ កាសឹម​ សូឡីម៉ានី ជា​មេបញ្ជាការ​កងទ័ព Al Qods ​ ដែល​ជា​កង​​ជើង​ឆើត​របស់​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់។ ជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​របស់​តេហេរ៉ង់ និង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​អ៊ីរ៉ង់ លោក កាសឹម​ សូឡីម៉ានី ត្រូវ​បាន​កងទ័ពអាមេរិកសម្លាប់​ក្នុង​ប្រតិបត្តិការ​ ​វាយប្រហារ​លើ​ក្បួនរថយន្ត​មួយ​នៅ​អាកាសយានដ្ឋាន​ក្រុង​បាកដាដ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី ៣​មករា ២០២០។ ប៉ុន្តែ​​ សម្រាប់​អាមេរិក ឧត្តមសេនីយ៍​កាសឹម សូឡីម៉ានី ជា​អ្នក​ដឹកនាំ​ធ្វើ​ការ​វាយប្រហារ​លើ​មូលដ្ឋានទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់ ទើប​អាមេរិក​ត្រូវ​តែកម្ចាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ