អានតួអត្ថបទ
កូវីដ១៩

កូរ៉ូណាវីរុស​បច្ចុប្បន្ន ទំនង​ជាបាន​វិវឌ្ឍន៍​មាន​កម្លាំង​ឆ្លងរាលដាល រហ័ស​ជាង​ពេល​ផ្ទុះចេញ​ដំបូង​នៅ​វូហាន

មេរោគកូរ៉ូណាវីរុសថ្មី (SRAS-CoV-2) ដែលបង្កជម្ងឺកូវីដ១៩
មេរោគកូរ៉ូណាវីរុសថ្មី (SRAS-CoV-2) ដែលបង្កជម្ងឺកូវីដ១៩ POOL/AFP/Archivos
ដោយ៖ ម៉ម ពិសី
1 នាទី

យោងតាមការស្រាវជ្រាវមួយ ចុះផ្សាយ​ក្នុងទស្សនាវត្តីវិទ្យាសាស្ត្រ Cell កាលពីថ្ងៃព្រហស្បតិ៍ទី២​កក្កដា បានឲ្យដឹងថា មេរោគកូរ៉ូណាវ​ីរុស ដែលបានផ្ទុះចេញពីទីក្រុងវូហាននោះ បាន​បំលែង វិវឌ្ឍន៍ខ្លួន ធ្វើឲ្យ​មានកម្លាំង អាចឆ្លងរាលដាល ទៅមនុស្សបានយ៉ាងរហ័សជាងមុន។ ទោះជាយ៉ាងនេះក្តី វាមិនមែនមានន័យថា មេរោគកូរ៉ូណាវីរុសបច្ចុប្បន្ននេះ មានភាពសាហាវ បង្កញគ្រោះថ្នាក់លើអ្នកជំងឺនីមួយខ្លាំងជាងមុននោះទេ។ អ្នកជំនាញលើកឡើងថា គេកំពុងតាមដានពិនិត្យ​​អង្កេត ដើម្បី​ស្វែងយល់ឲ្យ​កាន់តែច្បាស់។

ផ្សាយពាណិជ្ជកម្ម

មេរោគកូរ៉ូណាវីរុសដែលកំពុងឆ្លងរាលដាលខ្លាំង នាពេល​បច្ចុប្បន្ននេះ មិនមានសណ្ឋានដូចទាំងស្រុង ទៅនឹងមេរោគដំបូង ដែលបាន​ផ្ទុះចេញពីទីក្រុងវូហាន ប្រទេសចិន នោះឡើយ។ យោងតាមការចុះផ្សាយរបស់ទស្សនាវត្តី Cell ដែលបានស្រង់ និងវិភាគនូវលទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញអាមេរិក បានឲ្យដឹងថា កូរ៉ូណាវីរុស ដែលផ្ទុះចេញពី​វូហាន ទំនងជាបានបំលែង និងវិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំង នៅពេលទៅដល់ទ្វីប​​អឺរ៉ុប។ សណ្ឋានកោសិកាមេរោគ​ថ្មីនេះ​​ ត្រូវបានគេដាក់ឈ្មោះហៅថា D614G។

កាលពីខែមេសា អ្នកជំនាញនៃសកលវិទ្យាល័យ Sheffield សកលវិទ្យាល័យ Duke និងមន្ទីរពិសោធន៍ Los Alamos  បានអះអាងថា គឺមេរោគសណ្ឋានថ្មីនេះហើយ ដែលកំពុងតែវាយលុកខ្លាំង នៅទ្វីបអាមេរិក។ មេរោគកូរូណាទម្រង់​ថ្មីនេះ ទំនងជាអាចមានកម្លាំងខ្លាំង​ ចូលវាយលុុក ក្នុង​កោសិកាមនុស្ស ដែលវាមានន័យថា មេរោគនេះមាន​លទ្ធភាព ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ បានយ៉ាងរហ័ស និងបានច្រើនជាមុន។

ការសិក្សាថ្មីមួយទៀត ធ្វើទៅលើអ្នកជំងឺនៅអង់គ្លេសប្រមាណ​៩៩៩នាក់ បានបង្ហាញថា ក្នុងចំណោមអ្នកជំងឺដែលមានផ្ទុកមេរោគកូរ៉ូណាទំរង់ថ្មីនេះ គឺមានកម្រិតកោសិកាមេរោគ ខ្ពស់ខ្លាំង។តែមិនមែនមានន័យថា អ្នកជំងឺ​​មានស្ថានភាពជម្ងឺធ្ងន់ធ្ងរខ្លាំងជាងអ្នកផ្សេងឡើយ។ ហើយបើតាមការពិនិត្យ​នៅក្នុងបន្ទប់ពិសោធន៍ កូរ៉ូណាវីរុសទំរង់ថ្មី D614G មានកម្លាំងវាយលុក ចូលកោសិកាមនុស្ស ខ្ពស់ជាងកូរ៉ូណាវីរុស​ដំបូង ចន្លោះ​ពី​៣ ទៅ៥ដងឯងណោះ។ លោកស្រី Erica Ollman Saphire អ្នកស្រាវជ្រាវ នៅ​ Jolla Institute for Immunology ដែលបានចូលរួមធ្វើការពិសោធន៍នេះ បានអះអាងថា កូរ៉ូណាវីរុសទម្រង់ថ្មីនេះ ទំនងប្រហែលជាមានកម្លាំងឆ្លងបានច្រើន និងលឿនរហ័សជាងកូរ៉ូណាវីរុសដើម ដែលចេញពីវូហានដំបូង។

ទោះជាយ៉ាងនេះក្តី លោក Nathan Grubaugh អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Yale បានទទួលស្គាល់ថា បច្ចុប្បន្នកូរ៉ូណាវីរុសទម្រង់ D614G នេះបានរីកសាយភាព​វាយលុក គ្រប់ដណ្តប់លើសគេមែន​ តែគេមិនច្បាស់ប្រាកដទេ ថាទម្រង់ថ្មីនេះ មានកម្លាំងឆ្លង​រាលដាលលឿនរហ័ស ឬបានច្រើន ហើយមួយទៀត​​ក៏មិនច្បាស់ដែរ ថាកោសិកាមេរោគទម្រង់នេះ អាចបង្កគ្រោះថ្នាក់ខ្លាំងដល់អ្នកជំងឺនីមួយៗ។ គ្រប់អ្នកជំនាញទទួលស្គាល់ថា គេទើប​តែ​ស្គាល់​មេរោគ​នេះ ជាង​៦ខែប៉ុណ្ណោះ ដូច្នេះគេត្រូវតាមដានបន្តទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ