អានតួអត្ថបទ

កាណាដាប្រកាសព្យួរសន្ធិសញ្ញាធ្វើបត្យាប័ន និងការនាំសម្ភារៈបរិក្ខារយោធាជាមួយហុងកុង

នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau AFP
3 នាទី

នៅ​ថ្ងៃ​សៅរ៍ ទី៤ កក្កដា អ្នកទទួលខុសត្រូវជាន់ខ្ពស់​ហុងកុង​ជា​ច្រើន​រូប​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ការ​ប្រកាស​របស់​នាយករដ្ឋមន្រ្តី​កាណាដា​លោក Justin Trudeau នា​ថ្ងៃ​សុក្រ ទី៣ កក្កដា។ នៅ​ក្នុង​សេចក្តីប្រកាស​នោះ លោក Trudeau នឹង​ព្យួរ​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​ដែល​កាណាដា​មាន​ជាមួយ​ហុងកុង ព្រម​ទាំង​ផ្អាក​ការ​នាំ​សម្ភារៈ​បរិក្ខារ​យោធា​ទៅ​ឲ្យ​ហុងកុង។ កាយវិការ​របស់​ទីក្រុង​អូតាវ៉ា​នេះ​ជា​ប្រតិកម្ម​តប​នឹង​ប្រទេស​ចិន​ដែល​បាន​ទើប​បាន​អនុម័ត​ច្បាប់សន្តិសុខជាតិ​លើ​ទឹកដី​ស្វយ័ត​ហុងកុង។ ទីក្រុង​ប៉េកាំង​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​ការ​ប្រកាស​របស់​កាណាដា​ពេល​នេះ​ទេ តែ​អ្នកទទួលខុសត្រូវជាន់ខ្ពស់​ហុងកុង​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

« យើង​កំពុង​មាន​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានការណ៍​នៅ​ហុងកុង » នេះ​ជា​ការ​ថ្លែង​របស់​នាយករដ្ឋមន្រ្តី​កាណាដា​លោក Justin Trudeau នៅ​ក្នុង​សន្និសីទកាសែត​មួយ​នា​ថ្ងៃ​សុក្រ ទី៣ កក្កដា។ លោក Trudeau បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ និង​បញ្ជាក់​ច្បាស់ៗ​ពី​ជំនឿ​យ៉ាង​មុតមាំ​របស់​កាណាដា​ចំពោះ​ប្រទេស​មួយ ប្រព័ន្ធ​ពីរ។ តាម​លោក Trudeau ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ដែល​ទឹកដី​ស្វយ័ត​ហុងកុង​កំពុង​ទទួល​បាន​មិន​ត្រឹម​តែ​ធានា​ពី​សេរីភាព​ពេញលេញ​របស់​ពលរដ្ឋ​ហុងកុង​ទាំង ៧៥ ០០០ ០០០នាក់​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​ពលរដ្ឋ​កាណាដា​ទាំង ៣០០ ០០០នាក់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ហុងកុង​ដែរ។ ប្រតិកម្ម​របស់​នាយករដ្ឋមន្រ្តី​កាណាដា​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋអំណាច​ចិន​ដីគោក​ទើប​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​នូវ​ច្បាប់សន្តិសុខជាតិ​សម្រាប់​ហុងកុង។

ដើម្បី​ជា​ការ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ចិនដីគោក និង​រដ្ឋបាល​នៅ​ហុងកុង នាយករដ្ឋមន្រ្តី​កាណាដា​បាន​ប្រកាស​ឲ្យ​ដឹង​នូវ​គម្រោង​វិធានការ​មួយ​ចំនួន ដូច​យ៉ាង​ព្យួរ​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​ជាមួយ​ហុងកុង និង​ការ​នាំ​សម្ភារៈ​បរិក្ខារយោធា​ទៅ​ឲ្យ​ហុងកុង រួម​ទាំង​ចិនដីគោក។ បន្ទាប់​មក លោក Trudeau ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​សិក្សា​លើ​វិធានការ​ផ្សេង​ទៀត ក្នុង​នោះ​ទាក់ទង​នឹង​រឿង​អន្តោប្រវេសន៍​ដោយ​ជួយ​សម្រួល​ការ​សុំ​តាំងលំនៅដ្ឋាន​លើ​ទឹកដី​កាណាដា​របស់​ពលរដ្ឋ​ហុងកុង​ដែល​មាន​ក្រុមគ្រួសារ​នៅ​កាណាដា​ស្រាប់។ ចំណែក​ប្រមុខការទូត​កាណាដា​បាន​ពន្យល់​បន្ថែម​ថា ហុងកុង​ជា​ទឹកដី​ស្វ័យត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ប្រទេស​មួយ ប្រព័ន្ធ​ពីរ ហើយ​បើ​គោលការណ៍​មួយ​នេះ​ត្រូវ​បាន​រំលោភ កាណាដា​ត្រូវ​បង្ខំ​ចិត្ត​សើរើ ពិនិត្យ​មើល​ឡើង​វិញ​លើ​គ្រប់​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ដែល​ខ្លួន​មាន​ជាមួយ​រដ្ឋបាល​ហុងកុង។

នៅ​ថ្ងៃ​សៅរ៍ ទី៤ កក្កដា​នេះ ពោល​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​របស់​នាយករដ្ឋមន្រ្តី​កាណាដា អ្នកទទួលខុសត្រូវជាន់ខ្ពស់​ហុងកុង​ជា​ច្រើន​នាក់​បាន​បញ្ចេញ​ប្រតិកម្ម​សោកស្តាយ និង​ខកចិត្ត។ ប្រមុខ​សន្តិសុខ​ហុងកុង​លោក​ចន លី​បាន​ទាមទារ​ឲ្យ​កាណាដា​ពន្យល់​លើ​ការ​សម្រេចចិត្ត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​នីតិរដ្ឋ និង​ពិភពលោក។ ប្រតិកម្ម​ស្រដៀង​គ្នា​នេះ​ក៏​មាន​ពី​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ហុងកុង និង​បាន​ចាត់​ទុក​ទង្វើ​របស់​កាណាដា​ជា​ការ​បំពាន​ច្បាប់អន្តរជាតិ។ ចំណែក​នៅ​ចិនដីគោក ទីក្រុង​ប៉េកាំង​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ