អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋ​អាមេរិក ​ប្រារព្វ​បុណ្យ​ជាតិ​យ៉ាង​ឱឡារិក មិន​ខ្វល់​នឹង​កូវីដ១៩

លោក​ដូណាល់​ត្រាំ ប្រារព្វខួបបុណ្យ​ឯករាជ្យ​ជាតិ​នៅ​ភ្នំ Mount Rushmore រដ្ឋ​Dakota ថ្ងៃទី ៣ កក្កដា ២០២០
លោក​ដូណាល់​ត្រាំ ប្រារព្វខួបបុណ្យ​ឯករាជ្យ​ជាតិ​នៅ​ភ្នំ Mount Rushmore រដ្ឋ​Dakota ថ្ងៃទី ៣ កក្កដា ២០២០ REUTERS - TOM BRENNER
ដោយ៖ អៀង សុខម៉ិញ

ទោះ​បី​ជាកំពុង​រង​ការ​​ជំងឺ​រាត​ត្បាតយ៉ាង​ខ្លាំង​ពី​​កូវីដ​១៩ និង​ការ​ប្រឆាំង​ពី​សំណាក់​អភិបាល​ក្រុង​ក៏​ដោយ ក៏​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​តែ​ជំនះ​រៀប​ចំ​ពិធី​បុណ្យ​ជាតិ​ថ្ងៃ​ទី ៤ កក្កដា នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដដែល។ ព្រឹត្តិការណ៍​បុណ្យ​ជាតិ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ឱ្យ​ថា Salute to America។ ជា​ឱកាស​ដែល​លោក​ ដូណាល់ ត្រាំ បាន​លើក​សរសើរ​តែ​អំពី​ភាព​ខ្លាំងក្លា អំពី​​មោទនភាព​ជាតិ​អាមេរិក និង​បរិហារ​ក្រុម​ដែល​ចង់​រំលាយ​មរតក​អាមេរិក​ក្រោម​ផ្លាក​បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍​ ប៉ុន្តែ​និយាយ​តិច​​បំផុត​ទាក់ទង​នឹង​វិបត្តិកូរ៉ូណាវីរុស។

ផ្សាយពាណិជ្ជកម្ម

ពិធី​បុណ្យ​ជាតិ​ថ្ងៃទី ៤ កក្កដា២០២០ ត្រូវ​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាមកញ្ចក់​ទូរទស្សន៍​ជាតិ​។ កម្មវិធីបុណ្យ ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​​ ទីលាន National Mall ​ ដោយ​មាន​ទាហាន​​ចូល​រួម​ធ្វើ​ព្យុះហយាត្រា ចំនួន​ ១៧០០​នាក់។ យន្តហោះ​យោធា​នឹង​ហោះ​បង្អួត​រាង​លើ​ផ្ទៃអាកាស​រដ្ឋ​ធានី​ និង​បញ្ចប់​ទៅ​ដោយការ​បាញ់​កាំជ្រួច​ ដ៏​អស្ចារ្យ​ផង។ បើ​តាម​ពាក្យ​លោក​ត្រាំ គឺ​ជា​ការ​បាញ់​កាំជ្រួច​​ដ៏ល្អ​ជាង​គេ​បំផុត​នៅ​វ៉ាស៊ីនតោនDC កម្រមាន​មនុស្ស​ធ្លាប់​បាន​ឃើញ​ណាស់។ កម្មវិធី​បុណ្យ​ជាតិ​នេះ ត្រូវ​ចំណាយថវិកា​យ៉ាង​តិច​អស់ ១៣​លាន​ដុល្លារ។

ប្រធានា​ធិបតី​ នឹង​ថ្លែង​សុន្ទរកថា​ ក្នុង​អត្ថន័យ​គោរព​និង​ឧទ្ទិស​ដល់​យោធា​និង​មរតក​អាមេរិក។

នេះ​ជា​លើក​ទីពីរ​ហើយដែលអាមេរិក​រៀ​ប​ចំ​ប្រារព្វ​ពិធី​បុណ្យ​ឯករាជ្យ​ដ៏​មហោឡាឫក តាម​គំរូ​ប្រទេស​បារាំង ​​យ៉ាង​ដូច្នេះ។ កាលពី​ឆ្នាំ​ទៅ​ លោក​ដូណាល់ ត្រាំ​ រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ថា​រៀបចំបុណ្យ​ជាតិ​ដើម្បី​ទាក់ទាញ​ប្រយោជន៍​នយោបាយ។ នៅ​ឆ្នាំ​នេះ មិន​មែន​ត្រឹម​តែ​ពាក្យ​រិះគន់​ទេ តែ​ថែម​ទាំង​មាន​ការ​ប្រឆាំង​ទៀត។

៧៥០០នាក់​ គ្មាន​គម្លាត​សុវត្ថិភាព

អភិបាល​ក្រុង​វ៉ាស៊ីនតោន ប្រឆាំង​នឹង​ចង់​ឱ្យ​មានការ​រៀប​ចំ​កម្មវិធី​ទេ ព្រោះ​ខ្លាច​មាន​ហានិភ័យ​កូរ៉ូណាវីរុស​។ ក្រុង​បានលុប​ចោល​រាល់​គ្រប់​ការ​ជួបជុំ​ផ្សេងៗ តែ​គ្មាន​អំណាច​​លុប​ចោល​ព្រឹត្តិការណ៍​ដែល​រៀប​ចំ​ឡើង​ដោយ​សេតវិមានទេ បើ​វិមាន​ប្រធានាធិបតី​មិន​ព្រម​ប្រកាស​លុប​ចោល​ដោយ​ខ្លួន​ឯង​នោះ។​ ក្រុង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ចេញ​​ពី​ផ្ទះ​ និង​គោរព​គម្លាត​សុវត្ថិភាព​។ ហើយ​ប្រឈម​នឹង​ការ​រិះគន់​នេះ សេតវិមាន​បាន​ប្រកាស​ថា​នឹង​មាន​ការ​ចែក​ចាយ​ម៉ាស់ ចំនួន ៣សែន​ នៅ​ល្ងាច​នេះ។

លោក ដូណាល់ ត្រាំ បាន​ចាប់​ផ្តើមពិធី​បុណ្យ​ខួប​​ឯករាជ្យ​ជាតិ​ ​តាំង​ពីម្យិល​មិញ នៅ​ភ្នំ​ Rushmore ក្នុង​រដ្ឋ​ដាកូតាខាង​ត្បូង ដោយ​គ្មាន​អ្នក​ចូលរួម​ណា​ម្នាក់ ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​សុខភាព​សោះ។​ អ្នក​រៀប​ចំ​កម្មវិធី​បានតម្រៀប​​កៅ​អី​​​សាធារណជន​ទាំង​៧៥០០​នាក់​មក​អង្គុយ​ស្តាប់​សុន្ទរកថា​ប្រធានាធិបតី​និង​មើល​កាំជ្រួច ២៥​នាទី​​ យ៉ាង​កៀកៗ​គ្នា​បំផុត។

ការពារ​មរតក​អាមេរិក តែ​រំលោភ​បូរណភាព​ជនជាតិ​ដើម​

នៅ​ជើង​ភ្នំ​ Rushmore ដែល​ចម្លាក់​រូប​ប្រធានាធិបតី​អាមេរិក​ដ៏​ល្បីៗ​ឈ្មោះ បួន​រូប គឺ​លោក Georges Washingtion លោក Thomas Jefferson, លោក Theodore Roosevelt និង​លោក Abraham Lincoln ប្រវែង​​១៨​ម៉ែត្រ​លើ​ផ្ទាំង​ថ្ម​ភ្នំ ប្រកប​ដោយ​និម្មិត្តរូប​នោះ លោក ដូណាល់ ត្រាំ បាន​ថ្លែង​សុន្ទរកថា​វាយប្រហារ​​ជា​ថ្មី​ក្រុម​ដែល​ចង់​រំលាយ​មរតក​អាមេរិក តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍ និងក្រុម​ដែល​បាន​បំផ្លិច​​រូប​ចម្លាក់ឥស្សរជន​អាមេរិក ​ថាតាម​ការ​ពិត​ទៅ​នោះ​​ជា​ក្រុម​អ្នក​ឆ្វេង​និយម​ជ្រុល មាន​មនោគមវិជ្ជា​​ចង់​បំផ្លាញ​យុត្តិធម៌ និង​សង្គម​អាមេរិក​ ​​នាំក្មេង​អាមេរិក​ជំនាន់​ក្រោយ​ធ្វើ​បដិវត្តវប្បធម៌​ ដើម្បី​ប្រែក្រឡាស់​បដិវត្ត​អាមេរិកតែ​ប៉ុណ្ណោះ។ លោក​ត្រាំ​នឹង​ការ​ពារ​អាមេរិក​មិន​បណ្តោយ​ឱ្យ​ស្នាដៃ​ប្រធានាធិបតី​មុនៗ​រលាយ​រលត់​ឬ​បំភ្លេច​ទេ។

លោក​ត្រាំ​បាន​សន្យា​ បង្កើត​ឧទ្យាន​មួយ​ដែល​មាន​តាំង​ពិព័រណ៍រូប​ចម្លាក់​ឥស្សរជន​​អាមេរិក​ទាំង​ឡាយ​គ្រប់​រូប និង​សន្យា​នាំ អាមេរិក​ឱ្យ​ឡើង​ខ្លាំងជាង​ពេល​ណាៗ​ទាំង​អស់ “អាមេរិក​នឹង​ហ៊ាន​និយាយការពិតថា​ខ្លួន​ជា​នរណា ! អាមេរិក​ជា​ប្រទេសដែល​ត្រឹមត្រូវ​ជាងគេ​បំផុត អស្ចារ្យ​ជាងគេបំផុត គ្មាន​ប្រទេសណា​ធ្វើ​ដូច​​នៅ​លើ​ផែនដី”។

ប៉ុន្តែ​ជម្រើស​ប្រារព្វ​ខួប​ឯករាជ្យ​ជាតិ​លើក​កម្តើង​មរតក​អាមេរិក​នៅ ភ្នំ Rushmore រដ្ឋ​ដាកូតាខាងត្បូង​ ត្រូវ​រង​ការ​រិះគន់​និង​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​ជនជាតិ​​ដើម​អាមេរិក​ ស្បែក​ក្រហម។ ចម្លាក់​ប្រធានាធិបតី​លើ​ផ្ទាំង​ថ្ម ជា​ការ​ឈ្លានពាន​ជ្រៀត​ចូល​ដែន​ដី​សក្តិសិទ្ធ​របស់​ពួកគេ​ទៅ​ហើយ ហើយ​ឥលូវមក​​រៀប​ចំ​​កម្មវិធី​បុណ្យ​ឯករាជ្យ ដែល​រំលោភ​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ដើមផង និង​អាច​នាំមេរោគ​មក​ដល់ក្រុមជនជាតិ​ដើម​ភាគ​តិច ទន់​ខ្សោយ​ផង។ សន្ធិសញ្ញា​ឆ្នាំ​១៨៥១ និង​១៨៦៨ ចែង​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គោរព​បូរណភាព​ដែនដី​ជនជាតិ​ដើម​នេះ ប៉ុន្តែ​ដោយ​ហេតុ​ផលប្រយោជន៍​សេដ្ឋកិច្ច​ រ៉ែមាស អាមេរិក​មិន​បាន​គោរព​ពាក្យ​សន្យា​ទេ។

ម្យ៉ាង​ទៀត តាំង​ពី​ឆ្នាំ​២០១០​មក តំបន់​ភ្នំ​Rushmore នេះ​ជាប់​បម្រាម​មិន​ឱ្យ​មាន​កា​របាញ់​កាំជ្រួច​ទេ ព្រោះ​ខ្លាច​មាន​អគ្គីភ័យ​ឆេះ​ព្រៃ ហើយ​យប់​មិញ​នេះ​ពិធី​បុណ្យ​ត្រូវ​បញ្ចប់​ទៅ​ដោយ​ការ​បាញ់​​​កាំជ្រួច ២៥​នាទី​ផង​ មាន​ក្បួន​យន្តហោះ​យោធា​ហោះពេញមេឃ​ទៀត​។

ករណី​ឆ្លង​កូវីដ​ឡើង​ខ្ពស់​បំផុត

ទាក់ទង​នឹង​​វិបត្តិកូវីដ១៩ លោក​ត្រាំ​បានលើក​ឡើង​តែ​​មួយ​ម៉ាត់​គត់។ លោកត្រាំ អួត​ថា​អាមេរិក​ចាត់​ចែង​​វិបត្តិកូរ៉ូណាវីរុស​បាន​​ហើយ សេដ្ឋកិច្ចក៏​ចាប់​ងើប​ឡើង​វិញខ្លាំង​និង​លឿន​ជាង​គម្រោងនិង​ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​បើ​តាមតួលេខ​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩ បាននិង​កំពុង​​កើន​ឡើង យ៉ាង​​​ខ្លាំងជា​ទី​​បំផុត។

​ហានិភ័យ​​​នៃ​ការ​ចម្លង​កូវីដ១៩ មាន​កាន់តែ​ខ្ពស់​ ក្នុង​ឱកាស​បុណ្យ​ជាតិ តែ​គ្មាន​សោះ​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រុងប្រយ័ត្ន​ការពារ​សុវត្ថិភាព​ពី​កូវីដ​១៩​។ ​អភិបាល​រដ្ឋ ដាកូតា​ខាង​ត្បូង ​ដែល​ជា​អ្នក​សាធារណរដ្ឋ​បានថែម​​ប្រកាស​ថា​គ្មាន​គម្លាត​សុវត្ថិភាព​ទេ ប្រជាពលរដ្ឋ​ណា​ខ្លាច​នៅ​ផ្ទះ​ចុះ។ ​ ការ​ពាក់​ម៉ាស់ការពារ​កូវីដ​១៩ ស្ទើរ​​ក្លាយ​ជា​ទៅ​និម្មិត្ត​រូប​នយោបាយ​ទៅ​ហើយ​នៅអាមេរិក ខាង​ប្រជាធិបតេយ្យ​ណែនាំ​ឱ្យ​ពាក់ ខាង​សាធារណរដ្ឋ​របស់​លោក​ត្រាំ​មិន​ពាក់។

សម្រាប់​អង្គការ​សុខភាព​ពិភពលោក ពិធី​បុណ្យ​ជាតិ​អាមេរិក​ ជា​ថ្ងៃ​ប្រកប​ទៅ​ហានិភ័យ​ខ្ពស់​ណាស់។ មាន​ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ជិត​៦ម៉ឺ​ន​នាក់​ ក្នុង​មួយ​ថ្ងៃៗ គិត​ចាប់​តាំង​ពី​មួយ​សប្តាហ៍​កន្លងមក​នេះ​។ រដ្ឋ​ចំនួន​១៤​នៅ​ភាគ​ខាង​ត្បូង និង​ខាង​លិចអាមេរិក​ បាន​វិល​មក​ដាក់​បម្រាម​ឱ្យ​ពាក់​ម៉ាស​វិញ​ជា​ដាច់​ខាត​ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង។ អង្គការ​បានអំពាវនាវ​ឱ្យ​ប្រទេស​រងគ្រោះ​ភ្ញាក់​រលឹក​ឡើង កុំ​គិត​ថា​តួលេខបញ្ជាក់​អំពី​ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​ជា​ការ​កុហក​ឱ្យ​សោះ មេរោគកូវីដ១៩ មិន​រលាយ​បាត់​ដោយ​ងាយ​ៗ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ