អានតួអត្ថបទ
អាមេរិក

អាមេរិក៖លោកចូ បៃដិនចេញមុខវាយប្រហារលោកដូណាល់ ត្រាំក្នុងរឿងគ្រប់គ្រងវិបត្តិកូវីដ-១៩

លោកចូ បៃដិន បេក្ខជនប្រធានាធិបតី​អាមេរិក​មកពីគណបក្សប្រជាធិបតេយ្យ
លោកចូ បៃដិន បេក្ខជនប្រធានាធិបតី​អាមេរិក​មកពីគណបក្សប្រជាធិបតេយ្យ REUTERS - TOM BRENNER
1 នាទី

នៅ​អាមេរិក ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​គ្រោង​នឹង​រៀបចំ​នា​ខែ​វិច្ឆិកា​ខាង​មុខ។ តែ​នៅ​ពេល​នេះ គេ​បាន​ស្គាល់​ឈ្មោះ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក​ចូ បៃដិន​ដែល​ធ្លាប់​ធ្វើ​ជា​អនុប្រធានាធិបតី​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា។ ចំណែក​បេក្ខជន​មក​ពី​គណបក្សសាធារណរដ្ឋ គឺ​លោក​ដូណាល់ ត្រាំ​ដែល​កំពុង​កាន់​តំណែង​ប្រធានាធិបតី។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៩ កក្កដា​នា​ឱកាស​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Pennsylvanie លោក​ចូ បៃដិន​បាន​បង្ហាញ​ចេញ​នូវ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្រោយ​វិបត្តិ​កូវីដ-១៩។ នៅ​ក្នុង​ផែនការ​នោះ លោក​ចូ បៃដិន​សន្យា​ប្រើ​លុយ​ចំនួន ៧០០ ០០០លានដុល្លារ។ តែ​នា​ឱកាស​នោះ​ដែរ លោក​បៃដិន​បាន​ឆ្លៀត​វាយប្រហារ​គូរប្រជែង​លោក​ត្រាំ​ក្នុង​រឿង​គ្រប់គ្រង​វិបត្តិ​កូវីដ-១៩ និង​បាន​តាំង​ខ្លួន​ជា​អ្នក​បង្រួបបង្រួម​ប្រជាជាតិមួយ​ដែល​កំពុង​បែកបាក់​ជាងពេល​ណាៗ​ទាំងអស់។

ផ្សាយពាណិជ្ជកម្ម

« ដូណាល់ ត្រាំ​មាន​ជំនឿ​ថា ចាប់​ពលរដ្ឋ​អាមេរិក​ឲ្យ​ប្រឆាំង​គ្នា​ទៅ​វិញ ទៅ​មក​អាច​ឲ្យ​រូប​គាត់​ចំណេញ​នយោបាយ តែ​មិនមែន​សម្រាប់​ខ្ញុំ​ទេ។ យើង​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខាភិបាល វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​ប្រកាន់​ពូជសាសន៍ និង​វិបត្តិ​អាកាសធាតុ។ យើង​ត្រូវ​តែ​រួបរួមគ្នា​ដើម្បី​ដោះស្រាយ​វិបត្តិ​ទាំង​អស់​នេះ ដើម្បី​ដោះស្រាយ​វា​ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិក​ម្នាក់។ គឺ​ជា​ពេលវេលា​របស់​យើង​ដែល​ត្រូវ​គិតគូរ និង​កសាង​សេដ្ឋកិច្ច​ថ្មី​ដើម្បី​គ្រួសារ​របស់​យើង និង​ដើម្បី​សហគមន៍​របស់​យើង។

ដូណាល់ ត្រាំ​ចូលចិត្ត​និយាយ​ណាស់។ ចូលចិត្ត​និយាយ តែ បន្ទាប់​ពី​បាន​សន្យា​ដ៏​អស្ចារ្យ​អស់​រយៈ ៣ឆ្នាំ​កន្លះ​មក តើ​ពលរដ្ឋ​អាមេរិក​ម្នាក់ៗ​អាច​មើល​ឃើញ​អ្វី​ខ្លះ​ពី​សុន្ទរកថា​ទាំង​អស់​នេះ?។ ដូណាល់ ត្រាំ​បាន​សន្យា​លើ​ផែនការ​កំណែទម្រង់​ក្នុង​វិស័យ​សុខាភិបាល តែ​មិន​ដែល​បាន​បង្ហាញ​ចេញ​នូវ​ច្បាប់​របស់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ​ក្នុង​ពេល​ជាមួយ​គ្នា ដូណាល់ ត្រាំ​បន្ត​ព្យាយាម​បំផ្លាញ​ច្បាប់​អូបាម៉ា​ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​កូវីដ-១៩ យ៉ាង​ពេញ​ទំហឹង។

ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩ នេះ​ទៀត បន្ទាប់​ពី​មិន​បាន​ធ្វើ​អ្វី​អស់​ជា​ច្រើន​ខែ និង​ក្រៅ​តែ​ពី​ការ​ទស្សន៍ទាយ​ថា វីរុស​នឹង​បាត់​ទៅ​វិញ ហើយ​ការ​ផឹក​អូហ្សាវែល​អាច​នឹង​ជួយ​ការពារ​បាន​នោះ ដូណាល់ ត្រាំ​បោះបង់​ចោល​តែ​ម្តង​នៅ​ទីបំផុត។ គាត់​គ្រវី​ទង់ជ័យ ស និង​បែរ​ខ្នង។ កាយវិការ​របៀប​នេះ​បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​យ៉ាង​ច្រើន​សម្បើម និង​ខាតបង់​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ