អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ត្រាំ ប្តូរ​អ្នក​ដឹកនាំ​ការឃោសនា​​​បោះឆ្នោត ដើម្បី​​ព្យាយាម​រក​សម្លេង​គាំទ្រ​ឡើងវិញ

សំឡេង ០៨:១៥
ក្រសែភ្នែកលោកដូណាស់ត្រាំ សម្លឹងទៅលោកវិជ្ជបណ្ឌិត Anthony Fauci ក្នុងពេល​និយាយពន្យល់​អំពី​គ្រោះថ្នាក់​ នៃការឆ្លងរាលដាលជម្ងឺកូវីដ​១៩។ វ៉ាស៊ីនតោន ថ្ងៃទី​១៧ មេសា ២០២០
ក្រសែភ្នែកលោកដូណាស់ត្រាំ សម្លឹងទៅលោកវិជ្ជបណ្ឌិត Anthony Fauci ក្នុងពេល​និយាយពន្យល់​អំពី​គ្រោះថ្នាក់​ នៃការឆ្លងរាលដាលជម្ងឺកូវីដ​១៩។ វ៉ាស៊ីនតោន ថ្ងៃទី​១៧ មេសា ២០២០ REUTERS - Leah Millis
ដោយ៖ ម៉ម ពិសី

លោកដូណាល់ ត្រាំ ទើបបានប្រកាសកាលពីថ្ងៃពុធ ទី១៥កក្កដាម្សិលមិញ ដោយបានប្តូរប្រធានដឹកនាំការឃោសនាបោះឆ្នោតរបស់លោក។ ការប្តូរប្រធានឃោសនាបោះឆ្នោត នៅមុនពេល​ប្រមាណ​តែ៤ខែ មុនថ្ងៃបោះឆ្នោតនេះ ត្រូវ​បានអ្នកវិភាគមើលឃើញថា លោកដូណាល់ ត្រាំ កំពុងព្យាយាមស្វែងរកសម្លេងគាំទ្រឡើុងវិញ។ គួរកត់សំគាល់ថា ប្រមាណ​២ខែចុងក្រោយនេះ ប្រជាប្រិយភាពរបស់គាត់ បានធ្លាក់ចុះជាលំដាប់ និងត្រូវគេរិះគន់ខ្លាំងៗ ទាក់ទិនបញ្ហាជម្ងឺឆ្លងកូវីដ១៩។ ការឆ្លងរាលដាលកូវ​ីដ១៩នៅសហរដ្ឋអាមេរិក បច្ចុប្បន្ន កំពុងឡើងល្បឿនយ៉ាងរហ័ស​ទប់មិនជាប់ គួរឲ្យ​ព្រួយបារម្ភបំផុត។

ផ្សាយពាណិជ្ជកម្ម

ប្រជាប្រិយភាព​ដាំក្បាលចុះ

នៅបាំងតែប្រមាណ​៤ខែទៀតទេ គឺដល់ថ្ងៃបោះឆ្នោតប្រធានធិបតីអាណត្តិថ្មីហើយ ក៏ប៉ុន្តែប្រជាប្រិយភាព​ របស់លោកដូណាល់ ត្រាំ បានដាំក្បាលចុះយ៉ាងខ្លាំងមួយរយៈចុងក្រោយនេះ។ ហេតុដូច្នេះ បានជាលោកដូណាល់ ត្រាំ បាន​សម្រេចដកប្រធានចាត់ចែងការឃោសនាបោះឆ្នោត ឈ្មោះ Brad Parscale ហើយដាក់ជំនួសដោយ លោក Bill Stepien ដែល​ពី​មុន ​ជាអនុប្រធានក្រុមការងារឃោសនា។ តែយ៉ាងណា នៅលើទំព័រ Facebook លោកដូណាល់ ត្រាំ បានបញ្ជាក់ថា លោក Brad Parscale ដែលធ្លាប់ទទួលបន្ទុក យុទ្ធសាស្ត្រ​​បច្ចេកវិទ្យា និងស្ថិតិ នៅក្នុងក្រុម​ការងារឃោសនា តាំងតែពីឆ្នាំ២០១៦នោះ នឹងបន្តរក្សាមុខងារនេះដដែល។

បើតាមការវិភាគ គឺលោកដូណាល់ ត្រាំ មិនសប្បាយចិត្ត​ជាមួយ​លោក​Brad Parscale ទេ គឺដោយសារបរាជ័យយ៉ាងអាម៉ាស នៅក្នុងយុទ្ធនាការធ្វើមេទ្ទីញឃោសនា នៅក្រុង Tulsa រដ្ឋ Oklahoma កាលពីចុងខែមុថិនាកន្លងទៅ។ មេទ្ទីញឃោសនាដែលសឹងតែគ្មានមនុស្សទៅស្តាប់​លោកដូណាល់ ត្រាំ ដោយសារមនុស្ស​ខ្លាចឆ្លងជំងឺកូវីដ១៩។

គឺបញ្ហាកូវីដ១៩នេះហើយ ដែលជាកត្តាចំបងធ្វើឲ្យ​ប្រជាប្រិយភាព ​របស់លោកដូណាល់ ត្រាំបានធ្លាក់ចុះខ្លាំង។ ឲ្យតែមានច្រក មានពន្លឺអ្វីបន្តិច គឺលោកដូណាល់ ត្រាំ ខំយកមកនិយាយភ្លាម ដើម្បី​យកមុខ ទាក់ទាញ​ការគាំទ្រឡើងវិញ។ ជាក់ស្តែងដូចយើងឃើញកន្លងមក​ ជាមួយនឹងថ្នាំ ក្លូរ៉ូគីន​ដែលលោកដូណាល់ ត្រាំអួតសរសេើរមុនអ្នកជំនាញទៅទៀត។ នៅព្រឹកម្សិលមិញ​នេះ គ្រាន់តែដឹងដំណឹងពីការវិវិឌ្ឍន៍ឈានចូលដំណាក់កាលសាកល្បងទី​៣ នៃវ៉ាក់សាំងការពារកូវីដ១៩ របស់មន្ទីរពិសោធន៍ Moderna លោកដូណាល់ ត្រាំ បានសរសេរលើ Twitter ភ្លាមដែរថាដំណឹងល្អមកដល់ហើយ​។ មើលទៅយើងឃើញថាលោកដូណាល់ ត្រាំកំពុងប្រឹងសម្បើមណាស់ ដើម្បី​​ប្រមូល​ប្រិយភាពឡើងវិញ។

ការគ្រប់គ្រងការឆ្លងរាលដាល នូវកូវីដ១៩នៅសហរដ្ឋអាេមរិក បានក្លាយ​ចំណុចខ្សោយដ៏ធំបំផុត របស់រដ្ឋាភិបាលលោកដូណាល់ ត្រាំ។ នៅរដ្ឋប្រមាណ​ជា៤០រដ្ឋ មេរោគនេះ បានឆ្លងរាលដាលយ៉ាងលឿនបំផុត ប៉ុន្មា​នថ្ងៃចុងក្រោយនេះ ដោយសារតែគ្មានវិធានការបិទខ្ទប់ និងបង្កា ឲ្យមានប្រសិទ្ធិភាព។ ផ្ទុយទៅវិញ គេសង្កេតឃើញថា លោកដូណាល់ ត្រាំ នៅតែបង្ហាញថាមិនសូវបារម្ភ ហើយថែមទាំងបាននិយាយរិះគន់ ប្រឆាំងនឹងអនុសាសន៍ របស់លោក Anthony Fauci ដែល​ជា​អ្នកជំនាញផ្នែកជំងឺឆ្លងដ៏ល្បីថែមទៀតផង។

មិនចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាល បែរជានិយាយរិះគន់អនុសាសន៍អ្នកជំនាញ

យើងអាចចាត់ទុកថាវាជាទម្លាប់ របស់លោកដូណាល់ ត្រាំ ក៏ថាបាន។ តាំងតែពីដើម លោកដូណាល់ ត្រាំ មានទំលាប់​ចង្អុរមុខ ទំលាក់កំហុស បន្ទោសលើនរណាម្នាក់ ដើម្បី​លើក​សរសើរ​ខ្លួនគាត់ ជាជាងស្វែងរកដំណោះស្រាយ។ ជាក់ស្តែង លោកដូណាល់ ត្រាំ បានរិះគន់ចោទចិន ថាជាអ្នកធ្វើឲ្យ​មេរោគនេះ ឆ្លងរាលដាលខ្លាំងនៅអាមេរិក។ តែទន្ទឹមនឹងនេះ រដ្ឋាភិបាលលោក​ដូណាល់ ត្រាំ មិនបានចាត់វិធានការ ឆ្លើយតបទៅនឹងបញ្ហានេះទេ ឬក៏ធ្វើដែរ តែដោយភាពរញ៉េរញ៉ៃ គ្មាន​ប្រសិទ្ធិភាព។

ផ្ទុយទៅវិញ លោកវិជ្ជបណ្ឌិតAnthony Fauci គឺជាអ្នកជំនាញ​មានចំណេះពិតប្រាកដ ពេលដែលគាត់និយាយពន្យល់ ឬលើកជាអនុសាសន៍ផ្សេង ទាក់ទិនបញ្ហាជំងឺកូវីដ១៩ គឺគេស្តាប់ច្រើន នឹងធ្វើឲ្យគេទុកចិត្ត។​ ជាក់ស្តែង ថ្មីៗនេះ ដោយសង្កេតឃើញការឆ្លងរាលដាល​បានស្ទុះឡើងខ្លាំង លោកវិជ្ជ​បណ្ឌិត​Anthony Fauci បាននិយាយថា សហរដ្ឋអាេមរិកកំពុងស្ថិតនៅលើផ្លូវមួយដ៏គ្រោះថ្នាក់ ព្រោះមិនចាត់វិធានបិទខ្ទប់ទាំងស្រុង ឲ្យទាន់ពេល ឬរដ្ឋខ្លះបានប្រញ៉ាប់បើកសកម្មភាព​សេដ្ឋកិច្ច ឡើងវិញ​នោះ លឿនជ្រុលពេក។ ក៏ប៉ុន្តែអ្វីដែល​លោក Anthony Fauci លើកឡើងនេះ​ គឺវាផ្ទុយពីគំនិតរបស់​លោកដូណាល់ ត្រាំ ដែល​មិនចង់​បិទសកម្មភាពសេដ្ឋកិច្ចទេ ព្រោះថាលោកដូណាល់ ត្រាំ សង្ឃឹមលើកំណើនសេដ្ឋកិច្ចខ្លាំងណាស់ ដើម្បីឈ្នះឆ្នោត។

ដូច្នេះគេសង្កេតឃើញរដ្ឋាភិបាល​លោកដូណាល់ត្រាំ ហាក់បានបើកប្រតិបត្តិការ​ ប្រឆាំងនឹងសម្តីរបស់​លោកវិជ្ជបណ្ឌិត Anthony Fauci។ ថ្មីៗនេះ ទីប្រឹក្សាពិសេសម្នាក់របស់លោកដូណាល់ ត្រាំ ឈ្មោះPeter Navarro បាន​សរសេរផ្សាយ​អត្ថបទមួយ​ លើកឡើងបែបមើលងាយ ទៅលើសមត្ថភាព​ចំណេះដឹង និងអនុសាសន៍របស់​លោកវិជ្ជបណ្ឌិត Anthony Fauci។ ប្រការនេះបានធ្វើឲ្យ​ថ្នាក់ដឹកនាំនយោបាយ​អាមេរិក ពីគ្រប់បក្ស មាន​ការងឿងឆ្ងល់យ៉ាងខ្លាំង ថាហេតុអ្វី​ បាន​ជា​​រដ្ឋាភិបាល​លោកដូណាល់ ប្រឹង​ឆ្កិះឆ្កៀលរករឿង ដៀលត្មិះសមត្ថភាពរបស់​លោក​វិជ្ជបណ្ឌិត Anthony Fauci បែបនេះ​។ បញ្ហាពេលនេះមិនមែនត្រូវរករឿងលោក Anthony Fauciទេ គឺត្រូវ​វិធីធ្វើយ៉ាងណា ទប់ការឆ្លងរាលដាលកូវីដ​១៩​ ដែលកំពុងតែឡើងខ្លាំង ដូចទឹកបាក់ទំនប់។

លោកវិជ្ជបណ្ឌិត Anthony Fauci ជាអ្នកជំនាញ​ដែល​បានផ្តល់ប្រឹក្សាអនុសាសន៍ ​ដល់​អតីតប្រធានាធិបតីអាេមរិក​ ៥ ៦នាក់រួចទៅហើយ ដូច្នេះ​លោកដូណាល់ ត្រាំ កុំមកចង់ជំទាស់នឹងសមត្ថភាពគេ។​ លោក Lindsey Graham សមាជិកព្រឹទ្ធសភាបក្សសាធារណៈរដ្ឋ​ ដ៏មានឥទ្ធិពលម្នាក់ បានលើកឡើងថា រដ្ឋភិបាលលោកត្រាំ ល្មមឈប់រករឿងលោកវិជ្ជបណ្ឌិត Anthony Fauciទៅ ព្រោះវានឹងធ្វើឲ្យរដ្ឋាភិបាលលោកត្រាំ​ខ្លួនឯង ខ្មាសគេទៅវិញទេ។

ទីបំផុតទៅ លោកដូណាល់ ត្រាំ បានដកថយមួយជំហ៊ានមកវិញ ដោយបាន​និយាយថា លោក​Peter Navarro មិនគួរសរសេររករឿង មើលងាយសមត្ថភាព​លោកវិជ្ជបណ្ឌិត Anthony Fauciអញ្ចឹងទេ។ លោកត្រាំ អះអាងថាលោកនឹងលោក Anthony Fauci ប្រាស្រ័យទាក់ទង និយាយចុះសម្រុងគ្នាធម្មតាទេ។ តែបើផ្អែកតាមប្រភពខ្លះ គឺតាមពិត លោក​ដូណាល់ ត្រាំ មិនបានជួបពិភាក្សា ជាមួយ​លោកលោកវិជ្ជបណ្ឌិត Anthony Fauci ជាច្រើនសប្តាហ៍មកហើយ។ បញ្ហានេះ វាសរបង្ហាញថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ គ្មានយុទ្ធសាស្ត្រច្បាស់លាស់ទាល់តែសោះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលកូវីដ១៩។

លោកចូ បៃដិន សង្ឃឹមឈ្នះឆ្នោត ទោះបីនៅតាមរដ្ឋដែលធ្លាប់តែបោះឲ្យ​បក្សសាធារណៈរដ្ឋ

ជាមួយនឹងប្រជាប្រិយភាព​កាន់តែដាំក្បាលចុះរបស់ លោកដូណាល់ ត្រាំនេះ លោកចូ​ បៃដិន ឯណោះវិញ ដែលជាបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ ហាក់ដូចជាមាន​សង្ឃឹមជោគជ័យ។ យើងសង្កេតឃើញ ថាលោក ចូ បៃដិន មិនសូវចេញ ធ្វើ​ការឃោសនាធំដុំ ហ៊ឹកហ៊ាក់ដូចលោកដូណាល់ ត្រាំ មែន ព្រោះក្រុម​ឃោសនារបស់​លោកចូ បៃដិន បានផ្តល់អាទិភាព​ទៅលើ ការបង្ការការឆ្លងរាលដាលជម្ងឺកូវីដ១៩។

ទោះជាយ៉ាងនេះក្តី បើយើងផ្អែកលើការស្ទាប់ស្ទង់មតិចុងក្រោយនេះ លោក ចូ បៃដិន មានពិន្ទុនាំមុខលោកដូណាល់ ត្រាំ ដល់ទៅ​៩ពិន្ទុ នៅក្នុង​ចេតនាបោះឆ្នោតរបស់ប្រជាជន។​ នេះក៏ដោយ​​សារតែ ប្រជាជននាំគ្នាខឹងលោកដូណាល់ ត្រាំពេក។ អ្វីដែលគួរឲ្យគត់សំគាល់ខ្លាំងបំផុតនោះ គឺថា លោកចូ បៃដិន កំពុងតែប្រមូលប្រជាប្រិយភាព បានច្រើន ទាំងនៅតាមរដ្ឋ​ដែលកន្លងមក​តែងតែបោះឆ្នោត ឲ្យ​បក្សសាធារណៈរដ្ឋ។ ជាក់ស្តែង រដ្ឋតិចសាស់ ដែលបក្ស​​ប្រជាធិបតេយ្យ មិនដែលឈ្នះ​តាំងតែពីឆ្នាំ១៩៧៦មក គឺពេលនេះយោងតាមការស្ទាបស្ទង់មតិ គឺលោក​ចូ​ បៃដិន អាចបាន​សម្លេងឆ្នោត ​ស្មើនឹង​លោកដូណាល់ ត្រាំ។

ក្រុមបក្សសាធារណៈរដ្ឋ កាន់តែភ័យខ្លាំងហើយ ព្រោះថា យោងតាមការស្ទាបស្ទង់មតិ លោក ចូ បៃដិន អាចប្រហែលជានាំមុខ នៅរដ្ឋធំៗ ដូចជារដ្ឋ Arizona Florida Caroline ខាងជើង Pennsylvanie និង Wisconsin ជាដើម។ លោកចូ បៃដិន សឹងតែមិនបាច់ពិចារណារកវិធីសាស្រ្តអ្វីច្រើន ក្នុងការវាយប្រហារលោកដូណាល់ ត្រាំ ទេ គឺគ្រាន់តែបញ្ហាជំងឺកូវីដ១៩នេះមួយ គឺលោក អាចមានប្រៀបជាន់សង្កត់​លោកដូណាល់ ត្រាំបាត់ទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ