អានតួអត្ថបទ

Twitter របស់អ្នកនយោបាយធំៗនិងសេដ្ឋី​អាមេរិកច្រើន​នាក់​ រងការវាយប្រហារព័ត៌មានវិទ្យា

Twitter suspendió las cuentas por violar su política contra organizaciones terroristas o extremistas violentos que se afilian o promueven sus "actividades ilícitas", según la compañía
Twitter suspendió las cuentas por violar su política contra organizaciones terroristas o extremistas violentos que se afilian o promueven sus "actividades ilícitas", según la compañía AFP
ដោយ៖ ហេង ឧត្តម
1 នាទី

គណនី Twitter អ្នកនយោបាយ ឥស្សរជនធំៗ និងមហាសេដ្ឋីគ្រាក់ៗរបស់អាមេរិក ជាច្រើននាក់ បាន​ត្រូវរងការ​វាយ​ប្រហារ​ព័ត៌មានវិទ្យា ដោយ​ក្រុម​ចោរ​បាន​ចូលលួចទិដ្ឋន័យ ចូលគ្រប់គ្រង​កាន់កាប់និងប្រើប្រាស់ បានមួយរយៈខ្លី កាលពី​រសៀលថ្ងៃទី​១៥កក្កដា។​ គណនី Twitter រងគ្រោះទាំង​នោះ មាន Twitter ​របស់លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ, អតីតប្រធានាធិបតី​ អូបាម៉ា, បេក្ខជន​ប្រធានាធិបតី​ ចូ បាយ​ដិន, មហាសេដ្ឋី Bill Gates, មហាសេដ្ឋី Elon Musk ជាដើម ហើយ​សូម្បីតែ​ Twitter របស់​ក្រុម​ហ៊ុន​យក្ស Apple និងក្រុមហ៊ុន​ Uber ក៏​បានទទួល​រងការ​វាយ​ប្រហារ​ព័ត៌មានវិទ្យានេះដែរ​។

ផ្សាយពាណិជ្ជកម្ម

គណនីបណ្តាញ​សង្គម​ Twitter របស់អស់លោកអ្នក​នយោបាយនិងមហា​​សេដ្ឋីធំៗ​អាមេរិក​ទាំងនោះ ត្រូវ​ចោរ​ព័ត៌មាន​វិទ្យា ចូល​ប្រើប្រាស់ ដោយបាន​​សរសេរ​បង្ហោះ​សារ​ផ្សេងៗ ដូច​ជា​ ផ្សាយ​សារ​ឱ្យ​គេ​បង់លុយ ឬ​ផ្ញើ​លុយ​ឱ្យ​ចំនួន​១ពាន់ដុល្លារ ជាលុយ​កាក់​ bitcoins ហើយ​អាច​នឹង​ចំណេញ​មកវិញ ទ្វេដង ជាដើម។

គណនីរងគ្រោះទាំងនោះ ក៏​បញ្ចេញសារ​ប្លែកៗ ទាក់ទង​រឿង​លុយកាក់​ ដែល​ម្ចាស់​សាមីខ្លួន បាន​បដិសេធ​ថាមិនមែនខ្លួន​ជា​អ្ន​កសរសេរ​បង្ហោះឡើយ។ បើតាម​ Blockchain.com ​ជំនាញ​ខាង​ចរាចរណ៍​ហិរញ្ញវត្ថុ​តាមបច្ចេកវិទ្យាទំនើប គឺ​គេ​បាន​ដឹង​ត្រួសៗថា គ្រាន់តែ​មួយ​ពព្រិចភ្នែក​សោះ ប្រមាណ​ជា​៣០នាទី មាន​ចរន្ត​​ផ្ទេរលុយកាក់​​ bitcoins ចំនួន​ ១២,៥៨ ប្រហែល​១១ម៉ឺន​៦ពាន់​ដុល្លារ បាន​ត្រូវ​ផ្ទេរ​ចូល​គណនី​របស់ចោរ​លួច​​បន្លំ។ តែចំនួន​លុយ​ពិត ទំនង​ជាអាច​ច្រើន​ជាងនេះ។

ក្រុមហ៊ុន Twitter បាន​សង្ស័យថា ទំនង​ជាក្រុម​ចោរព័ត៌មាន​វិទ្យា​ ចូល​លួច​ ឬចូល​គ្រប់គ្រងទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​នេះ តាម​រយៈ​កុំព្យូទ័រ​នៃ​បុគ្គលិក​របស់ខ្លួន។ ទោះយ៉ាងណាក្តី Twitter កំពុងតែ​ស៊ើបអង្កេត​ស្វែង​ការពិត​នៅឡើយ។ Twitter ក៏បញ្ជាក់ដែរ ថា​ក្នុង​ដំណាក់​កាល​នេះ អ្ន​កប្រើប្រាស់​ខ្លះ អាច​នឹង​ប្តូរ​លេខ​សម្ងាត់​មិនកើត ឬប្រើ​មិន​បាន ក៏ប៉ុន្តែ គណនីដែល​រងគ្រោះ​ខ្លះទៀត​ បាន​វិល​មក​ដំណើរការ​​ធម្មតា​វិញហើយ។ ជាក់ស្តែង Twitter របស់​ប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ អាច​ប្រើប្រាស់​ បាន​ឡើងវិញ ជា​ប្រក្រតី។

មហា​សេដ្ឋី​វ័យ​ក្មេងអាមេរិក Justin Sun អគ្គនាយកគ្រប់គ្រងទូទៅ​នៃក្រុមហ៊ុន​ BitTorrent ​ទំនង​ជា​ខាត​បង់​ធ្ងន់​នៃអំពើ​វាយប្រហារ​បច្ចេកវិទ្យា​នេះ បា​នប្រកាស​ថា នឹងផ្តល់​​ឱ្យ​ប្រាក់​១លាន​ដុល្លារ​អាមេរិក ចំពោះ​ជន​ណា​ក៏ដោយ ដែល​អាច​ជួយ​ចាប់​ពួក​ចោរ​ព័ត៌មាន​វិទ្យា​ ទៅ​ប្រឈម​មុខ​នឹង​តុលាការ​។​

នៅមីនា ឆ្នាំ​២០១៧ គណនី​ Twitter របស់ក្រសួង​សេដ្ឋកិច្ច​បារាំង ​​អង្គការ​ Amnesty International គណនី​របស់​ទូរទស្សន៍​ BBC ប្រចាំ​នៅ​អាមេរិក​ខាងជើង ជាដើម ក៏​ធ្លាប់​​ត្រូវ​ចោរ​ចូល​លួច​និងគ្រប់គ្រង​ម្តង​ដែរ​។ ​កាល​នោះ គេគិត​ថា ក្រុម​ចោរ​នោះ​ជា​ក្រុម​ដែល​ស្និទ​នឹង​ប្រធានាធិបតី​តួកគី​ Recep Tayyip Erdogan។ ក៏ប៉ុន្តែ ក្នុង​ការ​វាយ​ប្រហារព័ត៌មាន​វិទ្យា​នា​លើកនេះ គេ​នៅមិនទាន់​ដឹង​ថា វាមាន​​គោល​បំណង​នយោបាយ ឬ​ដើម្បី​តែ​លួច​លុយ​នោះ នៅឡើយទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ