សេតវិមាន ផ្ទេរការគ្រប់គ្រង ទិន្នន័យស្តីពីកូវីដ១៩ ឱ្យមកនៅក្រោមបង្គាប់ខ្លួនផ្ទាល់
ចុះផ្សាយនៅថ្ងៃ៖
ចាប់ពីពេលនេះតទៅ មន្ទីរពេទ្យត្រូវមានកាតព្វកិច្ចបញ្ជូន ព័ត៌មាននិងទិន្នន័យទាំងឡាយទាក់ទងនឹងជំងឺកូវីដ១៩ ទៅឱ្យសេតវិមានដោយផ្ទាល់តែម្តង។ កាលមុននិងរហូតមកទល់ថ្ងៃទី ១៤កក្កដា រាល់គ្រប់ទិន្នន័យស្តីពីកូវីដ១៩ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺ។ មតិជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាច បាត់តម្លាភាព ព្រោះសេតវិមានកំពុងរងការរិះគន់អំពីចំណាត់ការដោះស្រាយវិបត្តិកូវីដ១៩ស្រាប់ផង។
តាំងពីថ្ងៃទី ១៥កក្កដា ២០២០មក រាល់គ្រប់ទិន្នន័យទាក់ទងនឹងជំងឺកូវីដ១៩ ដូចជាចំនួនពលរដ្ឋអាមេរិកបានធ្វើតេស្តរកកូវីដ១៩ ចំនួនអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យ ចំនួនអ្នកទទួលការដោតបំពង់ខ្យល់ បំពាក់ម៉ាស៊ីនអុកស៊ីហ្សែន អ្នកត្រូវការការព្យាបាលដោយម៉ាស៊ីនជំនួយខ្យល់ និងដោយការប្រើថ្នាំ ។ល។ និង។ល។ ត្រូវបញ្ជូនដោយផ្ទាល់ទៅឱ្យភ្នាក់ងារសុខាភិបាលរបស់សេតវិមាន។ សម្រាប់រដ្ឋាបាលអាមេរិក នេះជាប្រព័ន្ធគ្រប់គ្រងដែលមានប្រសិទ្ធភាពជាងការគ្រប់គ្រងពីមុន ដែលធ្វើឡើងដោយមជ្ឈមណ្ឌលជាតិបង្ការនិងការត្រួតពិនិត្យជំងឺ។
ប៉ុន្តែពិភពអ្នកវេជ្ជសាស្ត្រមិនយល់អំពីការប្តូរផ្លាស់យុទ្ធសាស្ត្រដឹកនាំភ្លាមភ្លែតនេះទេ។ នេះបើតាមប្រតិកម្មរបស់តំណាងសមាគមសុខភាពសាធារណៈអាមេរិក លោកវេជ្ជបណ្ឌិត Georges Benjamin ជាមួយនឹងអះអាងបញ្ជាក់ទៀតថា “មិនមែនជាពេលវេលាដែលត្រូវមកប្តូរផ្លាស់ទាំងស្រុងប្រព័ន្ធប្រមូលទិន្និន័យ កណ្តាលទីកំពុងពេញវិបត្តិដូច្នេះទេ។ តាំងពី៤៨ម៉ោងមកនេះ មានតែការវិលវល់ច្របូកច្របល់”។
ថ្វីបើប្រធានមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺ បានធានាអះអាងថានឹងបន្តធ្វើការ ក្នុងនាមជាដៃគូរបស់សេតវិមានក្តី ក៏មតិភាគច្រើនយល់ថាការប្តូរផ្លាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ ថាជាទង្វើនយោបាយ ដើម្បីទម្លាក់បន្ទាបតួនាទីរបស់់មជ្ឈមណ្ឌល។ ហើយជាពិសេសទៅទៀត សេតវិមានមិនប្រាកដថាបើកទូលាយឱ្យសាធារណជនអាចទទួលបានទិន្នន័យនេះដោយសេរី ដូចមជ្ឈមណ្ឌលជាតិឡើយ។ រាល់គ្រប់ព័ត៌មានដែលមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យប្រមូលបាន ជារបស់សាធារណៈ។ នេះការពន្យល់ របស់លោកវេជ្ជបណ្ឌិត Georges Benjamin ដោយបង្ហាញការព្រួយបារម្ភទៀតថា “ចាប់ពេលនេះទៅ គ្មានអ្វីធានាបានថាពលរដ្ឋអាចចូលមើលទិន្នន័យនោះបានទេ ដូច្នេះយើងត្រូវប្រឹងតវាធ្វើយ៉ាងណាដើម្បីរដ្ឋាបាលរក្សាតម្លាភាពឱ្យបានដូចពីមុន”។
អ្នកវិភាគខ្លះទៀត បានវាយប្រហារដោយចំៗតែម្តងថា ផ្ទេរការគ្រប់គ្រងទិន្នន័យនៅពេលនេះ គឺមកពីសេតវិមានចង់ក្តោបព័ត៌មាន។ រងការរិះគន់ពីគ្រប់មជ្ឈដ្ឋានចំពោះចំណាត់ការប្រឈមនឹងវិបត្តិកូវីដ សេតវិមានពេលនេះមានតួលេខនៅក្នុងដៃ និងអាចចាត់ចែងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងរោគរាតត្បាតកូវីដ១៩ ដោយផ្ទាល់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ