អានតួអត្ថបទ
អាមេរិក​​ កូវីដ១៩

លោក​ដូណាល់ ត្រាំ​​អះអាង​ថា​ លោក​និយាយ​មិន​ខុសទេ « កូវីដ​១៩​​នឹង​​រលាយ​​បាត់​​ដោយ​​ខ្លួនឯង »

លោកដូណាល់ ត្រាំ ពេលថ្លែងសន្ទរកថា នៅ the United Parcel Service (UPS) Airport Facility រដ្ឋអាត្លង់តា។ ថ្ងៃទី​១៥ កក្កដា ២០២០
លោកដូណាល់ ត្រាំ ពេលថ្លែងសន្ទរកថា នៅ the United Parcel Service (UPS) Airport Facility រដ្ឋអាត្លង់តា។ ថ្ងៃទី​១៥ កក្កដា ២០២០ REUTERS - Jonathan Ernst
ដោយ៖ ម៉ម ពិសី
១៦ នាទី

ជាថ្មីម្តងទៀត នៅតាមកញ្ចក់ទូរទស្សន៍ លោកដូណាល់ ត្រាំប្រធានធិបតីសហរដ្ឋអាមេរិក បានអះអាង​ថា ការឆ្លងរាលដាលកូវីដ១៩ នឹងច្បាស់ជា​សាបរលាប​ទៅដោយខ្លួនឯង ហើយទៅថ្ងៃមុខ គ្រប់គ្នា នឹងដឹងថាលោកនិយាយ​នេះ មិនខុសទេ។ គួរកត់សំគាល់ថា ស្របពេល​ដែល​លោកដូណាល់ ត្រាំ អះអាងដូច្នេះ បើយើងពិនិត្យលើ​តួលេខជាក់ស្តែងវិញ កូវីដ១៩កំពុងបន្តឆ្លងរាលដាល ខ្លាំងឡើងៗនៅសហរដ្ឋអាេមរិក ដោយ២៤ម៉ោងចុងក្រោយ មានអ្នកឆ្លងថ្មីបន្ថែម ជាត​៦ម៉ឺននាក់។

ផ្សាយពាណិជ្ជកម្ម

« កូវីដ១៩នឹងសាបរលាប​ ឈប់ឆ្លងរាលដាលដោយឯកឯង »។ នេះគឺជាសម្តីអះអាង របស់​លោក​ដូណាល់ ត្រាំ នៅលើកញ្ចក់ទូរទស្សន៍ Fox News កាលពីរសៀលថ្ងៃអាទិត្យ ទី​១៩កក្កដា។ លោកដូណាល់ ត្រាំ បន្ថែមថា  « ចាំតែមើលចុះ ខ្ញុំនិយាយនេះមិនខុសទេ » ។

ទាក់ទិននឹង​ចំនួន​អ្នកឆ្លងកូវីដ១៩​ ដែលបន្តកើនឡើងឥតឈប់ លោកដូណាល់ ត្រាំ បានអះអាងជាថ្មីថា គឺមកពីសហរដ្ឋអាេមរិក បានធ្វើតេស្តរកមេរោគ បានច្រើន​លើសប្រទេសណាៗអស់។ លោក​បន្ថែមថា​ ជាទូទៅភាគច្រើននៃអ្នកដែលគេប្រកាសថាឆ្លង​កូវីដ១៩ គឺសុទ្ធតែក្មេងៗ ដែល​តាមធម្មតា មួយថ្ងៃក្រោយក៏ជាសះស្បើយទៅវិញហើយ។ លោកត្រាំ លើកឡើងទៀត​ថា អ្នកខ្លះគ្រាន់តែហូរសំបោរសោះ ក៏គេរាប់ដែរ។

លោកប្រធានាធិបតីអាេមរិក បានអះអាងថា អាមេរិក​មាន​ចំនួន​អ្នកឆ្លងកូវីដ១៩​ច្រើនមែន តែបើនិយាយពីកម្រិត​គ្រោះថ្នាក់ស្លាប់បាត់បង់ជីវិត គឺមានទាបជាងប្រទេសផ្សេងៗ។ គួរកត់សំគាល់ថា ការលើកឡើងបែបនេះរបស់​លោកត្រាំ គឺមិនត្រូវបានអ្នកជំនាញយល់ស្រប​ទេ។ ទាក់ទិននឹងការពាក់ម៉ាសវិញ លោកដូណាល់ ត្រាំ បាន​និយាយថា លោក​ចង់ទុកសិទ្ធិ ឲ្យ​ប្រជាពលរដ្ឋ​ជាអ្នកសម្រេច​ ថាពាក់ឬមិនពាក់ ដោយលោក​មិនចង់ទៅដាក់កំហិត បង្ខំឡើយ។

គួរកត់សំគាល់ដែរ​ថា ប៉ុន្មានថ្ងៃចុង​ក្រោយនេះ ​ការឆ្លងរាលដាលកូវីដ១៩ មានសន្ទុះខ្លាំងបំផុតនៅសហរដ្ឋអាមេរិក ដោយ​មានអ្នកឆ្លងថ្មី ចន្លោះពី​​៦ម៉ឺន ទៅ៧ម៉ឺននាក់ សឹងតែជារៀងរាល់ថ្ងៃ។ យោងតាមតួលេខរបស់​សកលវិទ្យាល័យ John Hopkins អ្នកឆ្លងសរុបនៅសហរដ្ឋអាមេរិក មានចំនួន​ប្រមាណ​​៣លាន៧សែននាក់ ក្នុងនោះមានស្លាប់ប្រមាណ​ ១៤ម៉ឺននាក់។

កាលពីសប្តាហ៍កន្លងទៅ លោក​វិជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានផ្នែកជំងឺឆ្លងអាមេរិក បាន​លើកឡើងថា សហរដ្ឋអាេមរិក​កំពុងស្ថិតនៅមាត់ជ្រោះគ្រោះថ្នាក់ បើសិនជាពុំមានវិធានាការទប់ស្កាត់ ឲ្យ​បានដិត​ដល់នាពេលនេះទេ។ តែយ៉ាងណា អនុសាសន៍ និងសម្តីរបស់លោកវិជ្ជបណ្ឌិត Anthony Fauci ហាក់ដូចជាត្រូវបាន​រដ្ឋាភិបាល​លោកដូណាល់ ត្រាំ​ មិនយក​ត្រចៀក​ស្តាប់ទេ ហើយថែមទាំងបាន​និយាយ​ ​បែបមើលងាយ​សមត្ថភាព​​ចំណេះដឹង​ ​របស់អ្នកជំនាញ​រូបនេះ ថែមទៀតផង។

លោកចូ បៃដិន េបក្ខជន​ប្រធានាធិបតី មកពី​បក្ស​ប្រជាធិបតេយ្យ បានលើកឡើងថា ភាពល្ងង់ខ្លៅរបស់លោកត្រាំ កំពុង​តែធ្វើឲ្យ​សហរដ្ឋអាមេរិក ឈានចូលក្នុង​វិបត្តិសុខភាព​សាធារណៈ ដ៏គ្រោះថ្នាក់ និងមិនអាចទប់ជាប់។ លោកចូ បៃដិន បន្ថែមថា វាដល់ពេលហើយ ដែល​លោកដូណាល់ ត្រាំ ត្រូវ​ឈប់ស្តាប់ខ្លួន​ហើយ​ ហើយងាកមកស្តាប់​យោបល់ របស់​អ្នកជំនាញ​ពិតប្រាកដវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ