អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វ៉េណេស៊ុយអេឡា៖រដ្ឋអំណាចចោទពលរដ្ឋចំណាកស្រុកដែលត្រឡប់ចូលប្រទេសកំណើតជាអ្នកសាយភាយកូវីដ-១៩

សំឡេង ០៤:៣៨
FILE - In this Feb. 21, 2018 file photo, Venezuelans cross the International Simon Bolivar bridge into the Colombia. The United States Agency for International Development Administrator Mark Green announced on Monday, July 16, 2018 that the U.S. is pledging an additional $6 million in aid to help Colombia respond to the massive influx of Venezuelans fleeing their country’s economic and humanitarian crisis. (AP Photo/Fernando Vergara, File)
FILE - In this Feb. 21, 2018 file photo, Venezuelans cross the International Simon Bolivar bridge into the Colombia. The United States Agency for International Development Administrator Mark Green announced on Monday, July 16, 2018 that the U.S. is pledging an additional $6 million in aid to help Colombia respond to the massive influx of Venezuelans fleeing their country’s economic and humanitarian crisis. (AP Photo/Fernando Vergara, File) AP - Fernando Vergara
៣០ នាទី

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​កំពុង​បារម្ភ​ពី​ករណី​ជំងឺ​កូវីដ-១៩ នាំ​ចូល​ពី​ក្រៅ​តាម​រយៈ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ចំណាកស្រុក​ដែល​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ។ ប្រភព​ផ្លូវការ​បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​ថ្មី​ចំនួន ៣៣៧ករណី​ដែល​បាន​រក​ឃើញ​ក្នុង​ថ្ងៃទី១៧ កក្កដា មាន ១១៥ករណី​នាំ​ចូល​ពី​ប្រទេស​កូឡុំប៊ី និង ៣ករណី​នាំ​ចូល​ពី​ប្រទេស​ប្រេស៊ីល។ ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ថ្ងៃទី៦ កក្កដា ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌុយរ៉ូ​បាន​លើក​ឡើង​ពី​ការ​ផ្ទុះ​ករណី​នាំ​ចូល និង​បាន​ចោទ​ប្រធានាធិបតី​កូឡុំប៊ី​លោក​អ៊ីវ៉ាន់ ឌុច​ពី​បទ​នាំ​មេរោគ​ចូល​វ៉េណេស៊ុយអេឡា។ គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ ករណី​ឆ្លង និង​ស្លាប់​ដោយ​កូវីដ-១៩ នៅ​វ៉េណេស៊ុយអេឡា​មាន​អត្រា​ទាប​ខ្លាំង បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​នៅ​ក្នុង​តំបន់។ តែ​អ្វី​ដែល​អង្គការ​សហប្រជាជាតិ និង​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​បារម្ភ​ខ្លាំង​មិនមែន​មេរោគ​កូវីដ-១៩ ទេ តែ​គឺ​មេរោគ​អត់ឃ្លាន​ដែល​អាច​សម្លាប់​មនុស្ស​ច្រើន​ជាង​មេរោគ​កូវីដ-១៩ ទៅ​ទៀត។

ផ្សាយពាណិជ្ជកម្ម

ប្រសិន​បើ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ហៅ​មេរោគកូរ៉ូណាថ្មី​ជា​មេរោគ​ចិន ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌុយរ៉ូ​ហៅ​ជា​មេរោគ​កូឡុំប៊ី។ ជា​មេរោគ​កូឡុំប៊ី ព្រោះ​ប្រជាជន​វ៉េណេស៊ុយអេឡា​ដែល​បាន​ធ្វើ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​កូឡុំប៊ី​កំពុង​នាំ​គ្នា​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ​ដោយ​នាំ​ជំងឺ​កូវីដ-១៩ ទៅ​ជាមួយ។ « យើង​កំពុង​ប្រយុទ្ធ​ដើម្បី​បញ្ឈប់​វីរុស​កូឡុំប៊ី​ដែល​កំពុង​ឆ្លង​រាលដាល​ចូល​វ៉េណេស៊ុយអេឡា » នេះ​ជា​ការ​ថ្លែង​របស់​លោក​ម៉ាឌុយរ៉ូ​ក្នុង​ថ្ងៃទី៦ កក្កដា និង​បាន​ចោទ​ប្រធានាធិបតី​កូឡុំប៊ី​លោក​អ៊ីវ៉ាន់ ឌុច​ពី​បទ​មាន​ចេតនា​ចម្លង​មេរោគ​ឲ្យ​វ៉េណេស៊ុយអេឡា។ គួរ​រម្លឹក​ថា លោក​នីកូឡា ម៉ាឌុយរ៉ូ និង​លោក​អ៊ីវ៉ាន់ ឌុច​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​នឹង​គ្នា ហើយ​បើ​គេ​សំអាង​តែ​លើ​ហេតុផល​នេះ​មួយ វា​ជា​រឿង​ធម្មតា​ដែល​លោក​នីកូឡា ម៉ាឌុយរ៉ូ​មិន​ខ្លាច​អ្វី​នឹង​ចង្អុល​មុខ​លោក​អ៊ីវ៉ាន់ ឌុច​ទេ។

ពិត​ណាស់ ចំនួន​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ចំណាកស្រុក​ជា​ច្រើន​ម៉ឺននាក់​​ដែល​បាន​វិល​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ​ពិត​ជា​មាន​អ្នក​ខ្លះ​ផ្ទុក​ជំងឺ​កូវីដ-១៩ ដោយ​ចៀស​មិន​រួច ព្រោះ​មេរោគ​មួយ​នេះ​មិនមែន​ជា​មេរោគ​កូឡុំប៊ី ហើយ​ក៏​មិន​បាន​កើត​មាន​តែ​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី​មួយ​ឯណា។ តែ​សួរ​ថា តើ​វា​សមហេតុផល​ដែល​ឬ​ទេ​ដែល​រដ្ឋអំណាច​វ៉េណេស៊ុយអេឡា​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​ចំណាកស្រុក​របស់​ខ្លួន និង​ចោទ​កូឡុំប៊ី​ជា​អ្នក​ចម្លង​ជំងឺ​កូវីដ-១៩ ចូល​វ៉េណេស៊ុយអេឡា​នោះ?។ មិន​សមហេតុផល​ទាល់​តែ​សោះ នេះ​ជា​ចម្លើយ​របស់​សេដ្ឋវិទូ​លោក​ហ្យូហ្យេ តូរ៉ូ។ ដោយ​មិន​និយាយ​ដល់​ជំងឺ​កូវីដ-១៩ លោក​តូរ៉ូ​បាន​ចាប់​អារម្មណ៍​ពី​មូលហេតុ​ដែល​បាន​ជំរុញ​ឲ្យ​ប្រជាជន​វ៉េណេស៊ុយអេឡា​ធ្វើ​ចំណាកស្រុក។

« មុន​នឹង​ចោទ​ពលរដ្ឋ​ចំណាកស្រុក​ពី​បទ​វិលត្រឡប់​ចូល​ប្រទេស​កំណើត​ដោយ​នាំ​មេរោគ​ទៅ​ជាមួយ គេ​ត្រូវ​ចោទ​មុន​គេ​លើ​អ្នក​ទទួលខុសត្រូវ​នៃ​វិបត្តិ​ដែល​បាន​បង្ខំ​ពលរដ្ឋ​ឲ្យ​ធ្វើ​ចំណាកស្រុក » នេះ​ជា​ការ​ថ្លែង​របស់​លោក​តូរ៉ូ។ តាំង​ពី​ឆ្នាំ ២០១៥ និង​ក្រោម​ហេតុផល​សេដ្ឋកិច្ច មាន​ប្រជាជន​វ៉េណេស៊ុយអេឡា​ជាង ៥លាននាក់​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ប្រទេស​កំណើត​ដែល​មាន​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន នេះ​បើ​តាម​តួលេខ​របស់​អង្គការសហប្រជាជាតិ។ កូឡុំប៊ី​ជា​ប្រទេស​ដែល​មាន​ប្រជាជន​វ៉េណេស៊ុយអេឡា​ទៅ​ជ្រកកោណ​ច្រើន​ជាង​គេ។ តាម​រដ្ឋអំណាច​អន្តោប្រវេសន៍​កូឡុំប៊ី មាន​ប្រជាជន​វ៉េណេស៊ុយអេឡា​ជាង ៨០ ០០០នាក់​បាន​វិល​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ​ក្នុង​ឆមាសទី១ ឆ្នាំ ២០២០ នេះ។

« នៅ​ពេល​ដែល​ពួក​គេ​បាន​មក​ដល់​ផ្ទះ​របស់​ពួក​គេ​វិញ ពួក​គេ​មាន​សេរីភាព មាន​សេចក្តីថ្លៃថ្នូរ និង​ជា​មនុស្ស » នេះ​ជា​ការ​ថ្លែង​សាទរ​របស់​លោក​ម៉ាឌុយរ៉ូ។ តែ​អ្វី​ដែល​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​រូប​នេះ​ភ្លេច​និយាយ​នោះ​គឺ​ថា ប្រជាជន​វ៉េណេស៊ុយអេឡា​ដែល​បាន​ធ្វើ​ចំណាកស្រុក​ចេញ​ពី​ប្រទេស​កំណើត​មាន​វិបត្តិ​បាន​ត្រឡប់​ចូល​ប្រទេស​កំណើត​ដែល​កំពុង​បន្ត​មាន​វិបត្តិ។ របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក​ចេញ​ផ្សាយ​ថ្មីៗ​នេះ​បាន​បារម្ភ​ពី​កំណើន​ចំនួន​អ្នក​អត់ឃ្លាន​នៅ​ក្នុង​សម័យ​កូវីដ-១៩ ពិសេស​នៅ​វ៉េណេស៊ុយឡា​ដែល​មាន​កុមារ​ក្រោម​អាយុ ៣០ឆ្នាំ​ចំនួន ៣០% កំពុង​ជួប​កង្វះ​អាហារូបត្ថម្ភ​ជា​ប្រចាំ។ ចំណែក​អង្គការ​របស់​អង់គ្លេស​ឈ្មោះ Oxfam បាន​ទាញសញ្ញាអាសន្ន​ថា មេរោគ​អត់ឃ្លាន​អាច​នឹង​សម្លាប់​មនុស្ស​ច្រើន​ជាង​មេរោគ​កូវីដ-១៩ ទៅ​ទៀត​នា​រយៈពេល​ខ្លី​ខាង​មុខ​នៅ​វ៉េណេស៊ុយអេឡា។

តាម Oxfam មាន​ប្រជាជន​វ៉េណេស៊ុយអេឡា​ចំនួន ៩ ៣០០ ០០០នាក់​ក្នុង​ចំណោម​ប្រជាជន​សរុប​ទាំង ៣០លាននាក់​កំពុង​ជួប​គ្រោះ​អត់ឃ្លាន។ រីឯ​ការ​ស៊ើបអង្កេតជាតិ​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​កាតូលិក Andres-Bello ជា​រៀងរាល់​ឆ្នាំ​ស្តីពី​លក្ខខណ្ឌ​ជីវិត​នៅ​វ៉េណេស៊ុយអេឡា​បាន​បញ្ជាក់​ថា មាន​គ្រួសារ​វ៉េណេស៊ុយអេឡា​ចំនួន ៣៣% កំពុង​មាន​ស្ថានភាព​អសន្តិសុខ​ស្បៀងអាហារ​ធ្ងន់ធ្ងរ ហើយ​ស្ថានភាព​មួយ​នេះ​រឹត​តែ​ដុនដាប​កាន់​តែ​ខ្លាំង​ក្នុង​សម័យ​កូវីដ ពិសេស​ក្រុម​គ្រួសារ​ដែល​រំពឹង​លើ​លុយ​របស់​បងប្អូន​ផ្ញើ​ពី​បរទេស។ គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ ចំនួន​ករណី​ឆ្លង និង​ស្លាប់​ដោយ​កូវីដ-១៩ នៅ​វ៉េណេស៊ុយអេឡា​មាន​អត្រា​ទាប​ខ្លាំង បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​នៅ​ក្នុង​តំបន់។

គិត​ត្រឹម​ថ្ងៃទី១៥ កក្កដា វ៉េណេស៊ុយអេឡា​មាន​អ្នកឆ្លង​ចំនួន ១០ ០០០នាក់ និង​អ្នក​ស្លាប់​ចំនួន ១០០នាក់។ តែ​ជាមួយ​នឹង​លំហូរ​ពលរដ្ឋ​ចំណាកស្រុក​ត្រឡប់​វិញ​កំពុង​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ស្ទុះ​ឡើង​គួរ​ឲ្យ​បារម្ភ ពិសេស​អ្នក​លួច​ឆ្លងដែន​ចូល​ស្ងាត់ៗ ព្រោះ​អ្នក​ចូល​តាម​ច្រក​ព្រំដែន​ផ្លូវការ​ត្រូវ​បាន​រដ្ឋអំណាច​បញ្ជូន​ទៅ​ដាក់​កន្លែង​ដាច់​ដោយឡែក​ចំនួន ១៤ថ្ងៃ មុន​នឹង​ឲ្យ​ទៅ​កាន់​ផ្ទះសម្បែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ