អានតួអត្ថបទ
ចិន អាមេរិក

អាមេរិក​ថាការបិទ​ស្ថាន​កុងស៊ុល​ចិន​នៅ​ក្រុង​យូសតុន​ គឺ​​ដើម្បី​​​ការពារ​​កម្មសិទ្ធិបញ្ញា​​​អាមេរិក​

នរគបាលអាមេរិក នៅខាងមុខអាគារស្ថានកុងស៊ុលចិន នៅទីក្រុងHouston រដ្ឋតិចសាស់។ ថ្ងៃទី​២២កក្កដា ២០២០
នរគបាលអាមេរិក នៅខាងមុខអាគារស្ថានកុងស៊ុលចិន នៅទីក្រុងHouston រដ្ឋតិចសាស់។ ថ្ងៃទី​២២កក្កដា ២០២០ AP Photo/David J. Phillip
ដោយ៖ ម៉ម ពិសី
១៨ នាទី

កាលពីថ្ងៃពុធទី​២២កក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកកាសែត​​​ថា ​រដ្ឋាភិបាលអាមេរិក បាន​បញ្ជាឲ្យ​ចិន ​បិទស្ថាន​កុងស៊ុលចិន ប្រចាំក្រុង Houston ជាបន្ទាន់។ ជាការបញ្ជាឲ្យ​បិទយ៉ាងតក់ក្រហល់ ដែលចិនចាត់ទុកជាថាការបង្កជម្លោះការទូត។ អ្នកនាំពាក្យ​ម្នាក់ របស់​ក្រសួងការបរទេសអាមេរិក បានអះអាងថា សហរដ្ឋអាមេរិក បានសម្រេចធ្វើដូច្នេះ គឺដើម្បីការពារកម្មសិទិ្ធបញ្ញារបស់​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

ពីទីក្រុងកូប៉េនហាក លោកស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ដែលអមដំណើរ​លោក Mike Pompeo បានបញ្ជាក់ប្រាប់អ្នកកាសែតថា ហេតុផលដែលធ្វើឲ្យសហរដ្ឋអា​មេរិកសម្រេចបិទ ស្ថានកុងស៊ុលចិន នៅទីក្រុង​Houston គឺដើម្បីការពារកម្មសិទិ្ធបញ្ញា និងព័ត៌មានឯកជន របស់​ប្រជាជនអាមេរិក។ អ្នកនាំពាក្យរូបនេះបន្តថា ក្នុងនាមអង្គទូតតំណាងប្រទេសមួយ គឺត្រូវតែគោរព​ច្បា​ប់របស់ប្រទេសម្ចាស់ផ្ទះ មិនត្រូវលូកដៃចូលជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងប្រទេស​ម្ចាស់ផ្ទះឡើយ។ លោកស្រីបន្ថែមថា សហរដ្ឋអាមេរិក នឹងមិនអត់ឱនឲ្យ ​ចំពោះទង្វើរំលោភបំពាន​​ លើអធិបតេយ្យភាព ការគំរាម​កំញើញមកលើជីវិតឯកជន ​របស់​ពលរដ្ឋអាមេរិក ពីសំណាក់ចិន​ជាដាច់ខាត​​។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ទៀត បានលើកឡើងថា ជាច្រើនឆ្នាំមកហើយ ដែលចិនបានធ្វើសកម្មភាពចារកម្ម លួចប្រមូលយកទិន្នន័យ និងព័ត៌មានសំខាន់ពីសហរដ្ឋអា​មេរិក។ អ្នកនាំពាក្យដដែលបន្តថា មន្ត្រីរបស់ចិនបានចូល​ជ្រៅ​ លូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់អាមេរិក ប្រើឥទ្ធិពលលើ​សហគ្រាស​​អាមេរិក និងគំរាមដល់ក្រុមគ្រួសារពលរដ្ឋអាមេរិកដើមកំណើតចិន។

សូមបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក បានបញ្ជានៅថ្ងៃអង្គារទី​២១ កក្កដា​ ឲ្យ​ចិនបិទស្ថានកុងស៊ុលខ្លួន នៅក្រុងHouston ដោយទុកពេល​៣ថ្ងៃ។ នៅវេលាយប់ថ្ងៃដដែលនោះ បណ្តាញ​ព័ត៌មានអាមេរិក បានចុះផ្សាយថា គេសង្កេតឃើញមានភ្លើងនៅខាងក្នុងបរិវេណអាគារស្ថានកុងស៊ុល ដែលទំនងហាក់ដូចជាការដុតបំផ្លាញឯកសារចោល។ នគរបាល​ពន្លត់អគ្គីភ័យពិតជាបានសង្កេតថាមានភ្លើងមែន តែមិនអាចអន្តរាគមបានទេ ដោយសារស្ថានកុងស៊ុលចិនមិនអនុញ្ញាតឲ្យចូល។

នៅថ្ងៃពុធទី២២កក្កដា ក្រសួងការបរទេសចិន បានចេញប្រតិកម្ម ចាត់ទុកការ​បញ្ជាឲ្យ​បិទស្ថានកុងស៊ុលនេះ ថាជាការបង្កជម្លោះ រករឿងចិនដោយគ្មានហេតុផល។ ក្រសួងការបរទេសចិន បានធានាថា នឹងចាត់វិធានការតបវិញ​ឲ្យ​សមស្រប។ ដោយឡែកនៅថ្ងៃដដែល ក្រសួងការបរទេសចិន ក៏បានចេញ​លិខិតប្រកាសមួយ ដូនដំណឹងទៅ​និស្សិតចិន​ នៅសហរដ្ឋអាមេរិក ឲ្យ​មានការប្រុងប្រយ័ត្ន ព្រោះអាជ្ញាធរអាមេរិក​ កំពុងធ្វើសកម្មភាព​ ចាប់មនុស្ស​​សួរចម្លើយ និង​រឹបអូសឯកសារ  ទ្រព្យសម្បត្តិ។

គួរកត់សំគាល់ថា ប៉ុន្មានថ្ងៃចុងក្រោយ​នេះ វិវាទរវាងចិន និងសហរដ្ឋអាមេរិក បានឡើងកំដៅ​គួរឲ្យ​បារម្ភ​​។ កាលពីថ្ងៃទី២១កក្កដា ពីទីក្រុងឡុងដ៍ លោក Mike Pompeo បាននិយាយអំពាវនាវ ឲ្យ​ពិភពលោក​ត្រូវរួមកម្លាំងគ្នា ទប់ទល់ជាមួយនឹងចិន។

គួរបញ្ជាក់ដែរថា ស្ថានកុងស៊ុលចិនប្រចាំ​ក្រុងHouston រដ្ឋតិចសាស់ គឺជាកុងស៊ុលមួយដ៏សំខាន់ និង​ដែលបានបើកទ្វារ ដំណើរការមុនគេបង្អស់នៅឆ្នាំ១៩៧៩ ឆ្នាំដែលចិននឹងអាមេរិក ផ្តើមចំណងការទូតនឹងគ្នាឡើងវិញ។ បច្ចុប្បន្នមានជនជាតិចិន ប្រមាណ​៩សែននាក់ ដែលចុះឈ្មោះក្នុងបញ្ជីរនៃស្ថានកុងស៊ុលនៅ​Houston។ ក្រោយដំណឹងបិទស្ថានកុងស៊ុលនេះ កាសែត Global Times របស់ចិន បាន​សរសេរលើទំព័រ Twitter ឲ្យ​មហាជន​ជ្រើសរើស ថាតើចិន គួរបញ្ជាឲ្យ​បិទស្ថានកុងស៊ុល​អាមេរិក មួយណាទើបសក្តិសម ក្នុងចំណោមស្ថានកុងស៊ុលអាមេរិក​ ទាំង៥នៅចិនដីគោក និងមួយនៅហុងកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ