អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ចោទ​រុស្ស៊ី ថាបាន​សាកល្បង​អាវុធ ប្រើកំទេច​ប្រព័ន្ធ​ផ្កាយ​រណប​លើ​អាកាស

សំឡេង ០៧:២២
លោកដូណាល់ ត្រាំ​នៅថ្ងៃបើក​ដំណើរការ​ជាផ្លូវការ​ បងបញ្ជាការ​អវកាសអាមេរិក the US Space Force ​ថ្ងៃទី​១៥ ឧសភា ២០២០។
លោកដូណាល់ ត្រាំ​នៅថ្ងៃបើក​ដំណើរការ​ជាផ្លូវការ​ បងបញ្ជាការ​អវកាសអាមេរិក the US Space Force ​ថ្ងៃទី​១៥ ឧសភា ២០២០។ AFP - MANDEL NGAN
ដោយ៖ ម៉ម ពិសី
៣៥ នាទី

នៅលើលំហអាកាស សំបូរទៅដោយ​ ប្រព័ន្ធផ្កាយរណប របស់ប្រទេសជាច្រើន ហើយដែលវាចាំបាច់បំផុត សម្រាប់ដំណើរការ ​នៃបច្ចេកវិទ្យាទំនើប​បច្ចុប្បន្ន។ តើការប្រជែងគ្នា រវាងមហាអំណាចអវកាស វាអាចនឹងបង្កឲ្យ​មាន​ សង្រ្គាមនៅលើលំហអាកាសដែរឬទេ ? ជាក់ស្តែង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ​នេះ សហរដ្ឋ​អាមេរិក បានធ្វើការចោទប្រកាន់ ទៅលើរុស្ស៊ី ថាបានសាកល្បងអាវុធមួយប្រភេទ នៅលើលំហអាកាស ដែលអាចប្រើ យកទៅកំទេចប្រព័ន្ធផ្កាយរណប។​ មិនទាន់មានការឆ្លើយតបណាមួយ ពីសំណាក់រុស្ស៊ីទេ តែយ៉ាងណា នេះជាសញ្ញាបង្ហាញឲ្យ​ឃើញថា ការប្រជែងគ្នានៅលើលំហអាកាស អាចនឹងក្លាយ​ជាកម្មវត្ថុ​ វិវាទតានតឹង រវាងមហាអំណាចអវកាស។

ផ្សាយពាណិជ្ជកម្ម

អាវុធពិសេសលើលំហអាកាស ដើម្បីបំផ្លាញផ្កាយរណប

អគ្គបញ្ជាការកងទ័ពអវកាសរបស់អាមេរិក បាន​អះអាងថា គេមានភស្តុតាងយ៉ាងច្បាស់ ដែលបញ្ជាក់ថា រុស្ស៊ី​បានធ្វើការសាកល្បង កាលពី​ថ្ងៃទី​១៥កក្កដា នូវអាវុធមួយប្រភេទ ដែលអាចកម្ទេចប្រព័ន្ធផ្កាយរណប នៅលើលំហអាកាស។

លោក Jay Raymond អគ្គបញ្ជាការកងកម្លាំងអវកាសអាមេរិក បាន​លើកឡើងថា បច្ចេកវិទ្យា​ដែលរុស្ស៊ីបានប្រើ ក្នុងការសាកល្បង កាលពីសប្តាហ៍មុននេះ គឺជាបច្ចេកវិទ្យាតែមួយ​ ដែល​អគ្គបញ្ជាការកងអវកាសអាមេរិក ធ្លាប់​បានលើកឡើង និងព្រួយ​បារម្ភរួចមកហើយ តាំងតែពី​ដើមឆ្នាំនេះ។ លោកបន្ថែមថា នេះសរបង្ហាញថា រុស្ស៊ីកំពុងតែប្រឹងប្រែងយ៉ាងខ្លាំង ដើម្បី​អភិវឌ្ឍន៍ និងសាកល្បង​អាវុធលើលំហអាកាស ហើយដែលនេះវាគឺជាការគម្រាម ដល់សុវត្ថិភាព​ របស់ប្រព័ន្ធផ្កាយរណបរបស់អាមេរិក ក៏ដូចជារបស់ប្រទេស​ផ្សេងទៀត។

លោក Christopher Ford មន្ត្រីទទួលបន្ទុកការគ្រប់គ្រងអាវុធ នៅ​ក្រសួងការបរទេសអាមេរិក បានលើកឡើងថា ករណីនេះ គឺវាសរបង្ហាញ អំពីភាព​​​ពុតត្បុតរបស់រុស្ស៊ី ដែលនៅលើឆាកអន្តរជាតិ ប្រឹងប្រែងអះអាងថា ខ្លួន​សន្យា​គ្រប់គ្រងអាវុធនៅលើអវកាស តែតាមការពិត នៅពីក្រោយខ្នង គឺរុស្ស៊ីកំពុងប្រឹងសាកល្បងអាវុធ គំរាមសុវត្ថិភាព​ផ្កាយរណប របស់គេ​ទៅវិញ។

លោកដូណាល់ ត្រាំ និងលោក ពូទីន ទូរស័ព្ទ​និយាយគ្នា

បើយោងតាម​វិមានប្រធានាធិបតី​រុស្ស៊ី ក្រៅអំពីការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជម្ងឺកូវីដ​១៩ គឺមេដឹកនាំទាំង២ បាននិយាយគ្នាអំពី​សារៈសំខាន់ ក្នុងការរួមសហគ្នា ដើម្បី​រក្សា​ស្ថិរភាព សន្តិសុខសកលលោក  តាមរយៈការគ្រប់គ្រង មិនឲ្យ​អាវុធនុយក្លេអ៊ែរ រីកសាយភាពច្រើន។ មេដឹកនាំទាំង២ បាន​បង្ហាញជំហររួមគ្នា ថា នឹងធ្វើយ៉ាងណា ចៀសឲ្យ​បាន​នូវ​ការ​ប្រណាំងប្រជែងគ្នា ក្នុងវិស័យអាវុធយុទ្ធភណ្ឌនេះ។ គ្មានព័ត៌មានណាមួយ​ ដែលបញ្ជាក់ថា លោកដូណាល់ ត្រាំ និង លោកពូទីន បាននិយាយគ្នា ទៅដល់ បញ្ហាអាវុធបំផ្លាញ​ប្រព័ន្ធផ្កាយ​រណប នៅលើលំហអាកាសទេ។ អ្វីដែលមេដឹកនាំទាំង២ បាននិយាយ​គ្នា គឺផ្តោតសំខាន់ ទៅលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ខណៈដែលមហាអំណាចទាំង២នេះ កំពុងចរចាគ្នា ដើម្បីបន្តសុពលភាព​សន្ធិសញ្ញា New Start។

ដោយឡែក ខាងសេតវិមានអាមេរិកវិញ បានអះអាងថា គេមិនបាននិយាយពីសំណុំរឿងអ៊ីរ៉ង់ទេ តែលោកដូណាល់ ត្រាំ បានលើកឡើងអំពីបញ្ហាចិន។ ភាគីអាមេរិក​ចង់ឲ្យ​ចិនចូលរួម នៅក្នុង​ការចរចាសន្ធិសញ្ញាគ្រប់គ្រងអាវុធ New Start ជាមួយ​រុស្ស៊ីនិងអាមេរិក។ ចិនកន្លងមកតែងតែប្រកែក ក៏ប៉ុន្តែកាលពី​ដើមខែនេះ មន្ត្រីទូតជាន់ខ្ពស់ម្នាក់ របស់ចិន បានលើកឡើងថា ចិនអាចចូលរួមនៅក្នុងសន្ធិសញ្ញានេះបាន ល្គិកណា អាមេរិក ព្រមកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែរ ឲ្យ​មានកម្រិតប្រហាក់ប្រហែលនឹងចិន។ ដូច្នេះ មិនប្រាកដថាអាមេរិកសុខចិត្តទេ ព្រោះ​ថាទំហំអាវុធនុយក្លេអ៊ែរអាមេរិក មានលើសចិនដល់ទៅ២០ដងឯណោះ។

ដោយឡែកទាក់ទិននឹងដំណឹងដែលថា រុស្ស៊ីកំពុងសាកល្បងអាវុធប្រើលើអវកាស បំផ្លាញ​ប្រព័ន្ធផ្កាយរណបនេះ លោក Marshall Billingslea តំណាងភាគីអាមេរិក ក្នុងការចរចាសន្ធិសញ្ញា New Start បានសរសេរ លើទំព័រ Twitterថា បញ្ហានេះ គឺជារឿងសំខាន់ ហើយលោកនឹងលើកយក​បញ្ហានេះ ដាក់ក្នុង​របៀប​វារៈ​ នៃការជជែកគ្នា រវាងអាមេរិក និងរុស្ស៊ី នៅ​សប្តាហ៍ក្រោយ​នៅទីក្រុងវីយែន។

បារាំងដាក់ឈ្មោះកងទ័ពអាកាសថា “កងទ័ពអាកាស និងអវកាស”

ជាការពិត សន្តិសុខអវកាសគឺជារឿងមួយដ៏សំខាន់ណាស់ ក្នុងបរិបទសេដ្ឋកិច្ច និងជីវិតរស់នៅ របស់​មនុស្ស​សម័យទំនើប ដែលត្រូវរំពឹងជាចាំបាច់ លើ​បច្ចេកវិទ្យាផ្កាយរណប។ ជាក់ស្តែងសហរដ្ឋអាមេរិក បានបង្កើត​ អគ្គបញ្ជាការពិសេសផ្នែកអវកាស។ ចំណែកបារាំង ដែល​ជាប្រទេសមហាអំណាចមួយដែរ ទើបតែបាន​ បន្ថែមពាក្យ​ “អវកាស” ដាក់ទៅលើឈ្មោះកងទ័ព​អាកាសរបស់ខ្លួន នៅថ្ងៃទី២៤កក្កដានេះ។ ​ចាប់ពីពេលនេះទៅ កងទ័ពអាកាសបារាំង និងមានឈ្មោះថា កងទ័ពអាកាសនិងអវកាស។ នេះមាននន័យថា បារាំងបានផ្តោតសារៈសំខាន់ លើសន្តិសុខនៃលំហអាកាស ហើយដែលបារាំង ត្រូវតែមានវត្តមាន ដើម្បការពារផលប្រយោជន៍របស់បារាំង។

អគ្គបញ្ជាការពិសេសទទួលបន្ទុកអវកាសនេះ មានទីតាំងនៅក្រុង Toulouse ជាមួយមន្ត្រីជំនាញ​ប្រមាណ​២០០នាក់ មុននឹងឡើងដល់៥០០នាក់ នៅរវាងឆ្នាំ២០២៥។ ថវិកាចំណាយ​ដំបូង វិនិយោគក្នុងវិស័យនេះ គឺប្រមាណ​ជា​៣៦០០លានអឺរ៉ូ នេះបើផ្អែកទាមការលើកឡើង របស់​លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង។

លោកស្រី Florence Parly បានអះអាងថា បារាំងគ្មានចេតនា ទៅប្រកួតប្រជែង កសាងអាវុធទំនើបទំនើប ដើម្បីគំរាមគេនៅលើអវកាសឡើយ។ អ្វីដែលជាកម្មវត្ថុរបស់បារាំង គឺធ្វើយ៉ាងណា រក្សាការពារសុវត្ថិភាព របស់ប្រព័ន្ធបច្ចេកវិទ្យា​នៅលើលំហអាកាស។ សម្រាប់បារាំង លំហអាកាស គឺកម្មសិទ្ធិរួមរបស់​មនុស្ស​ទាំងអស់គ្នា។ ក៏ប៉ុន្តែអ្វីដែលបារាំងសង្កេតឃើញកន្លងមក ហើយនឹងព្រួយបារម្ភទៅថ្ងៃអនាគត គឺ សកម្មភាពមួយចំនួន​ របស់ប្រទេសខ្លះ ដែលមានលក្ខណៈ អមិត្ត បំផ្លាញគេឯង នៅលើលំហអាកាស មិនថាផ្កាយរណបទាហាន ឬស៊ីវីល។ លោកស្រីរដ្ឋមន្ត្រី​ការពារជាតិបារាំង បញ្ជាក់ថា បារាំងមិនទៅ​ប្រជែងអាវុធអីទេ តែបារាំងត្រូវ​តែ​មានលទ្ធភាពការពារខ្លួន និង​ស្វែងយល់ វែកមុខថានរណាគម្រាមគេឯង។

ក្រសួងការពារជាតិបារាំង បាន​ទំលាយឲ្យដឹងថា នៅឆ្នាំ២០១៧ មានផ្កាយរណប​ស៊ើបការណ៍មួយរបស់រុស្ស៊ី ឈ្មោះ Louch-Olympe បានហោះចូលកៀក នឹង​ផ្កាយរណប​ទាហាន បារាំងនិងអ៊ីតាលី ឈ្មោះ Athena Fidus។ បទពិសោធន៍នេះ ត្រូវបានអ្នកជំនាញ​សន្និដ្ឋានថា ផ្កាយរណបមួយអាចចូលកៀកផ្កាយរណប​មួយ​ទៀត ហើយ​ប្រើរលកសញ្ញា ដើម្បីរំខានឬបំផ្លាញ​ប្រព័ន្ធផ្កាយរណបនោះ ទាំងមូលក៏ថាបាន។

លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បញ្ជាក់ថា ក្នុងពេលដ៏ឆាប់ខាងមុខ បារាំងនិងដំឡើងប្រព័ន្ធ ផ្កាយរណបតូចៗ ដើម្បីស៊ើបព័ត៌មាន ចាប់រក និងកំណត់មុខសញ្ញា ថាឧបករណ៍លើអាកាសណាមួយ ដែលកំពុង​ធ្វើសកម្មភាព​មិនគប្បី មកលើគេឯង។ ផ្កាយរណបបារាំង នឹងបំពាក់ដោយ​កាម៉េរ៉ា ៣៦០ដឺក្រេ ព្រមទាំងកាំរស្មីឡាហ្ស៊ែរផង ដើម្បីបំភ្លឺចាំងទប់ ​កុំឲ្យ​ផ្កាយរណប​ផ្សេង ចូលកៀកបាន។ ដូច្នេះយើងឃើញថា សង្រ្គាមលើលំហអាកាស មិនទាន់កើតមានមែន តែមហាអំណាចមួយបានត្រៀមកម្លាំងទុកហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ