អានតួអត្ថបទ
សហរដ្ឋអាមេរិក

ប៉ូលិស និង​អ្នកធ្វើបាតុកម្ម​ប្រឆាំង​ការរើសអើង​ពូជសាសន៍ ប្រឈមគ្នា​កាន់តែហិង្សា

បាតុករ​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ប្រកាន់ពូជសាសន៍ និង​អំពើហិង្សា​របស់​ប៉ូលិស និង​ចុងក្រោយ​គឺ​ប្រឆាំង​នឹង​វត្តមាន​របស់​ប៉ូលិស​សហព័ន្ធ​ដែលលោកដូណាល់ ត្រាំ​បាន​បញ្ជូន​ឲ្យ​ទៅ​ស្ថារសណ្តាប់ធ្នាប់​នៅ​ទីក្រុង​Portland
បាតុករ​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ប្រកាន់ពូជសាសន៍ និង​អំពើហិង្សា​របស់​ប៉ូលិស និង​ចុងក្រោយ​គឺ​ប្រឆាំង​នឹង​វត្តមាន​របស់​ប៉ូលិស​សហព័ន្ធ​ដែលលោកដូណាល់ ត្រាំ​បាន​បញ្ជូន​ឲ្យ​ទៅ​ស្ថារសណ្តាប់ធ្នាប់​នៅ​ទីក្រុង​Portland REUTERS - CAITLIN OCHS
ដោយ៖ ឈាង បុប្ផា
១៥ នាទី

នៅអាមេរិក បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ប្រកាន់ពូជសាសន៍ និង​អំពើហិង្សា​របស់​ប៉ូលិស នៅក្រោយ​បុរស​ស្បែកខ្មៅ George Floyd ស្លាប់​ក្នុងពេល​ឃាត់ខ្លួន​របស់​ប៉ូលិស នៅ​តែ​មិនទាន់​ស្ងប់ស្រាកស្រាន្ត ទេ នៅរយៈពេល​២ខែមកនេះ។ នៅ​ថ្ងៃ បាតុកម្ម ប្រឆាំង​នឹង​ការរើសអើងពូជសាសន៍ ហើយ​និង​អំពើហិង្សា​របស់​ប៉ូលិស បាន​ផ្ទុះ​ឡើង​នៅតាម​ទីក្រុង​ជាច្រើន តាំង​ពី​New York Austin Oakland Los Angeles ឬ Seattle ក្នុង​រដ្ឋ​វ៉ាស៊ីនតោន។ នៅ​ទីក្រុង​Portland ក្នុង​រដ្ឋ អូរ៉េហ្កិន នៅភាគខាង​ពាយ័ព្យ អាមេរិក ការប៉ះទង្គិចគ្នា រវាង​ប៉ូលិស និង​បាតុករ មាន​លក្ខណៈ​ហិង្សា និង​ខ្លាំងក្លា​ជាងគេ។

ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង​Portland ការប្រឈមមុខគ្នា នៅតាម​ផ្លូវ និង​ជម្លោះសង្គម​មិនមែន​ជា​រឿង​ថ្មី​នោះទេ។ ទីក្រុង​របស់​រដ្ឋ​អូរ៉េហ្កិន មួយនេះ ដែល​គ្រប់គ្រង​ដោយ​អភិបាលរដ្ឋ​មក​ពីគណបក្ស​ប្រជាធិបតេយ្យ មាន​ប្រវត្តិ​ដ៏វែងអន្លាយ​ទាក់ទង​នឹង​វប្បធម៌​ប្រឆាំង​នឹង​ក្រុមហ្វាស៊ីស ក្រុមស្តាំនិយមជ្រុល និង​មិនទុកចិត្ត​អាជ្ញាធរ។

ដូច្នេះ គេ​មិន​ត្រូវ​ភ្ញាក់ផ្អើល​នោះទេ ដែល​បាតុកម្ម​ប្រឆាំង​ការរើសអើស​ប្រកាន់ពូជសាសន៍ ប្រឆាំង​នឹង​អំពើហិង្សា​របស់​ប៉ូលិស នៅ​បន្ត​ត្រាំត្រែង ជាង​២ខែ​មកនេះ។ បាតុកម្ម​ដែល​ដំបូងឡើយ ផ្ទុះឡើង ដោយសារ​តែបុរស​ស្បែកខ្មៅ George Floyd ស្លាប់​នៅក្នុង​ពេល​ឃាត់ខ្លួន​របស់​ប៉ូលិស​ស្បែកស បាន​ប្រែក្លាយ ជា​បន្តបន្ទាប់ ទៅ​ជា​បាតុកម្ម ប្រឆាំង​នឹង​អំពើហិង្សា​របស់​ប៉ូលិស ទៅលើ​ប្រជាជន​ស្បែកខ្មៅ និង​ចុងក្រោយមកនេះ បាតុករ កាន់តែ​ក្រពុលមុខ ខឹងខ្លាំង និង​ធ្វើបាតុកម្ម ជា​រៀងរាល់​យប់ ដើម្បី ប្រឆាំង​នឹង​វត្តមាន​របស់​ភ្នាក់ងារ​សហព័ន្ធ ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បញ្ជូន​ឲ្យ​ទៅបិទបញ្ចប់ បាតុកម្ម នៅ​ទីក្រុង Portland តាំង​ពី​ពាក់កណ្តាល​ខែ​កក្កដានេះ។

នៅថ្ងៃ​ពុធ​សប្តាហ៍មុន លោកដូណាល់ ត្រាំ ដែលតាំង​ខ្លួន​ជា​ប្រធានាធិបតី ធានា​សណ្តាប់ធ្នាប់ និង​ការអនុវត្ត​ច្បាប់ ​ប្រកាស​បញ្ជូន​ភ្នាក់ងារ​សហព័ន្ធ ឲ្យ​ទៅ​ពង្រឹង​កម្លាំង​រក្សា​សន្តិសុខ នៅ​តាម​ទីក្រុង​របស់​រដ្ឋ ដែល​ភាគច្រើន​គ្រប់គ្រង​ដោយ​អភិបាលរដ្ឋ មកពីគណបក្ស​ប្រជាធិបតេយ្យ នៅបន្ទាប់​ពី​ឧក្រិដ្ឋកម្ម និង​ការបាញ់បោះ កើតមាន​ឡើង កាន់តែច្រើន។

សម្រាប់​ក្រុមបាតុករ នៅ​ទីក្រុង​Portland វិធានការ​ប្រើ​កម្លាំងបាយ របស់​ប្រធានាធិបតី ស្តែង​ឲ្យ​ឃើញ​ពី នយោបាយ ផ្តាច់ការ ដែល​ពួកគេ​តែង​មាន​ទម្លាប់​ប្រឆាំង នៅ​៣០​ឆ្នាំ​ចុងក្រោយនេះ។

នៅថ្ងៃ សៅរ៍ បាតុកម្ម​អហិង្សា ដែល​មាន​អម​ដោយ​អ្នកគោះស្គរ លេងតន្រ្តី នៅ​ក្បាលព្រលប់ បាន​ប្រែរូប​ទៅ​ជា​បាតុកម្ម ហិង្សា និង​ការប៉ះទង្គិចគ្នា នៅបន្ទាប់ពី​ប៉ូលិស បាញ់​គ្រាប់បែកផ្សែង បាញ់​សារធាតុ​គីមី ដើម្បី​ចាប់បង្ខំ បំបែក​ក្រុមបាតុករ ដែល​ព្យាយាម សម្រុក​ចូល​ទៅក្បែរ​អគារ​តុលាការ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​យុត្តិធម៌​អាមេរិក បាន​បើកការស៊ើបអង្កេត លើ​សកម្មភាព​របស់​ប៉ូលិស​សហព័ន្ធ នៅបន្ទាប់​ពី​វីដេអូ​នៅលើ​បណ្តាញ​សង្គម ជាច្រើន​បង្ហាញ ភ្នាក់ងារ​សហព័ន្ធ ក្នុង​សំលៀកបំពាក់​ប៉ារ៉ា គ្មាន​ស្លាកឈ្មោះ​ច្បាស់លាស់ បាន​ចាប់បាតុករ ញាត់​ចូល​ក្នុង​ឡាន​ស៊ីវិល ដោយ​កំរោល ដែល​បង្ក​ឲ្យ​កំហឹងតវ៉ាកាន់តែ​ខ្លាំង​របស់​ក្រុមបាតុករ។

នៅ​ទីក្រុង​Seattle ប៉ូលិស​សហព័ន្ធ​អះអាងថា គេ​បាន​ចាប់ឃាត់មនុស្ស​៤៥នាក់ ដែល​សុទ្ធសឹង​ជា​កុប្បករ បង្ក​អំពើហិង្សា បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ