អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-បោះឆ្នោត

សហរដ្ឋ​អាមេរិក ៖ នៅ​១០០ថ្ងៃ​មុន​បោះឆ្នោត លោក ចូ បៃដិន នាំមុខ លោក ដូណាល់ ត្រាំ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​លោក ចូ ដៃដិន ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ថ្ងៃទី ៣ វិច្ឆិកា ២០២០​
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​លោក ចូ ដៃដិន ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ថ្ងៃទី ៣ វិច្ឆិកា ២០២០​ SAUL LOEB, Ronda Churchill / AFP
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

នៅ​សល់​តែ​១០០​ថ្ងៃគត់ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកនឹងចូលមក​ដល់។ ​ ពីរភាគ​បីនៃ​ពលរដ្ឋ​​មិន​ពេញ​ចិត្តនឹង​ចំណាត់ការ​របស់​លោកត្រាំ​​ទល់នឹង​វិបត្តិកូវីដ១៩ទេ។ ​គ្រប់​ការស្ទង់​មតិ សុទ្ធ​តែ​បង្ហាញថា លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ចាញ់ប្រៀបលោកចូ បៃដិន បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបេតយ្យ​ឆ្ងាយណាស់។ គម្លាតមាន​ដល់​ទៅជាង​៨% ជាមធ្យម។

ផ្សាយពាណិជ្ជកម្ម

បើ​គេជឿ​លើ​​ការ​ស្ទង់​មតិ អតីតអនុប្រធានាធិបតី ចូបៃដិន អាច​ញញឹម​សង្ឃឹមទុក​បាន។ បេក្ខជន​បក្សប្រជាធិបតេយ្យ​នាំមុខ​ប្រធានាធិបតី​ផុតអាណត្តិ ដល់​ទៅ​៨,៦%​ជា​មធ្យម និង​​ដល់​ទៅ ១៥% បើ​តាម​ការស្ទង់មតិ​របស់សាកលវិទ្យាល័យ Quinnipiac។ 

តាំង​ពី​ជាង៤០​ឆ្នាំ​កន្លងមកនេះ ពោលគឺក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​១០​លើក​ចុងក្រោយ​នេះ បេក្ខជន​ណានាំមុខ​នៅ១០០​ថ្ងៃ​មុន​ការបោះឆ្នោត​ បេក្ខជននោះ​តែងតែ​ឈ្នះបានក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​​ទាំង​អស់ លើក​លែង​តែមួយ​ករណី​គត់នៅ​ឆ្នាំ​១៩៨៨ដែល​បេក្ខជន Mikael Dukakis ​ ដោយ​ត្រូវ​ចាញ់​លោក​ប៊ូស George Bush ឪពុក។

តែ​​បរិបទឆ្នាំ​២០២០​ ពិសេស​ប្លែក។ កូរ៉ូណាវីរុសបានមក​​ប្តូរផ្លាស់​របៀប​ធ្វើ​យុទ្ធនាការ​ និងរារាំង​មិន​ឱ្យ​មាន​ការ​ធ្វើ​មិទ្ទិញ​​ មាន​មនុស្សម្នា​ចូល​រួមស្តាប់​ទេ។ វិបត្តិកូវីដអាចនឹង​ជំរុញ​ឱ្យ​ពលរដ្ឋ​កាន់តែ​ចង់​បោះឆ្នោត​ពី​ចម្ងាយ (ផ្ញើ​តាម​សំបុត្រ) ដែល​លោកដូណាល់ត្រាំ បដិសេធ​យ៉ាង​ដាច់​អហង្ការ ព្រោះ​លោក​យល់​ថា​វា​អាច​នឹងបង្ក​ឱ្យ​មាន​ការលួច​បន្លំ​ទ្រង់ទ្រាយ​ធំ។ បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ លោក ចូ បៃដិន​ វិញ​ គិត​ខ្លាច​ក្រែង​តែមាន​ការ​ជ្រៀតជ្រែក​ពី​សំណាក់បរទេសមានអាទិ៍​រុស្ស៊ី ចិន​និងអ៊ីរ៉ង់។

កំពុងប្រេះ​ឆា​ខ្លាំង ការ​បោះឆ្នោត​ប្រធានាធិបតី​ ថ្ងៃទី ៣ វិច្ឆិកា ទំនង​ជានឹង​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​តាន​តឹង​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់។ នៅ​១០០​ថ្ងៃ​មុន​ការ​បោះឆ្នោត​ អ្នក​វិភាគ​កាន់​តែច្រើនឡើងៗ លើកនិយាយ​ស្ទើរគ្រប់​មាត់ថា​ ​នឹង​អាចមាន​ការ​ប្រទាញ​ប្រទង់​តវ៉ាលទ្ធផល​ឆ្នោត។ កាលពី​សប្តាហ៍​មុន នៅក្នុង​បទសម្ភាសន៍​មួយ លោក​ដូណាល់ត្រាំ​បានបន្ត​សាបព្រោះ​ភាពមន្ទិលដោយ​ ព្រលយ​ពាក្យ​ថា “លោកចាំមើលថ្ងៃទី ៣វិច្ឆិកា​សិន​ថា​តើ​គួរ​ព្រមទទួលយក​លទ្ធផលឬ​យ៉ាងណា”។ ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិទីពីរ លោកដូណាល់ត្រាំ មិន​ចង់​ចាញ់​ឆ្នោត​នៅ​ពេលនេះទេ ព្រោះ​លោក​នឹង​ត្រូវ​​​​អាប់​មុខ អាម៉ាស់ខ្លាំង ព្រោះ​លោក​នឹង​​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី​មួយ ក្នុង​រយៈ​២៥​ឆ្នាំ​ចុងក្រោយ​នេះ​ ដែលអាច​​ដឹកនាំប្រទេស​បាន​​តែ​មួយ​អាណត្តិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ